អានតួអត្ថបទ
កម្ពុជា

កម្ពុជា​​សង់​​មជ្ឈមណ្ឌល​​តម្លៃ​​ជាង​២​លាន​​ដុល្លារ​​សម្រាប់​​រក្សាទុក​​ឯក​សារ​​កាត់​ទោស​​មេដឹក​នាំ​​ខ្មែរ​ក្រហម​

នៅ​ព្រឹក​មិញ​នេះ លោក​ប៊ិន ឈិន រដ្ឋមន្ត្រី​ស្តីទី​ទទួលបន្ទុក​ទីស្តីកា​រត​គណៈរដ្ឋមន្ត្រី​កម្ពុជា​ជាមួយ​តំណាង​ទូត​នានា​និង​ចៅក្រម ព្រះរាជអាជ្ញា​នៃ​សាលាក្តី​ខ្មែរក្រហម​ផង បាន​បើកសម្ពោធ​មជ្ឈមណ្ឌល​តម្កល់​ឯកសារ​ច្បាប់​ពាក់ព័ន្ធ​នឹង​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា។ ម​ជ្ឃ​មណ្ឌល​នេះ​ត្រូវបាន​សាងសង់ឡើង​ដោយ​ចំណាយ​ទឹកប្រាក់​ជាង២លាន​ដុល្លារ​ក្នុង​គោលបំណង​សំខាន់​រក្សាទុក​នូវ​ឯក​សារ​ផ្លូវច្បាប់​ក៏ដូចជា​សាលដីការ​កាត់ទោស​លើ​បណ្តា​មេដឹកនាំ​ខ្មែរក្រហម។

ភ្ញៀវ​កំពុង​ទស្សនា​រូបភាព​ស្តីពី​ខ្មែរ​ក្រហម​ដែល​តាំង​នៅក្នុង​មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ពាក់ព័ន្ធនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។
ភ្ញៀវ​កំពុង​ទស្សនា​រូបភាព​ស្តីពី​ខ្មែរ​ក្រហម​ដែល​តាំង​នៅក្នុង​មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ពាក់ព័ន្ធនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។ RFI
ផ្សាយពាណិជ្ជកម្ម

បើទោះបីជា​ទើបបាន​បើកសម្ពោធ​នៅពេលនេះ​ក្តី ក៏ប៉ុន្តែ​មជ្ឈមណ្ឌល​តម្កល់​ឯកសារ​ច្បាប់​ពាក់ព័ន្ធ​នឹង​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​បាន​ផ្ទុក​នូវ​ឯកសារ​ពាក់ព័ន្ធ​នឹង​សំណុំរឿង០០១របស់លោក​កាំ​ង ហ្គេ​ច​អ៊ា​វ​ហៅ​ឌុ​ច អតីត​ប្រធាន​គុក​ទួលស្លែង​ទាំង​ឯកសារ​បោះ​ពុ​ម្ភ​ជា​ក្រដាស(Hard Copy) និង​ជា​ទម្រង់​អេ​ឡិច​ត្រូ​និ​ច(Soft Copy) ចំនួន៧ម៉ឺន៧រយ២៥ទំព័រ(៧០.៧២៥)ហើយ។ ឯកសារ​ទាំងនេះ មាន​បី​ភាសា គឺ​ភាសា​ខ្មែរ បារាំង និង​អង់គ្លេស។ នេះ​បើតាម​ការបង្ហាញ​ឲ្យ​ដឹង​របស់​លោកស្រី​ជា សា​វ៉ុ​ន ដែលជា​ប្រធាន​មជ្ឈមណ្ឌល​តម្កល់​ឯកសារ​ច្បាប់​នេះ។ បន្ថែម​លើ​នេះ មជ្ឈមណ្ឌល​ក៏មាន​ឯកសារ​ជា​ប្រភេទ​សៀវភៅ ទស្សនា​វ​ដ្តី អត្ថបទ​សារព័ត៌មាន និង​ជា​វីដេអូ​ដែល​និយាយ​ពាក់ព័ន្ធ​នឹង​សាលាក្តី​និង​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ។

ក្រៅពី​សំណុំរឿង០០១ មជ្ឈមណ្ឌល​តម្កល់​ឯកសារ​ច្បាប់​នេះ​ក៏​នឹងដាក់​តម្កល់ទុក​នូវឯ​ក​សារ​ពាកព័ន្ធ​នឹង​សំណុំរឿង០០២,០០៣ និង០០៤ទៀត​ដែល​សាលាក្តី​ខ្មែរក្រហម​កំពុង និង​គ្រោង​បើក​ការជំនុំជម្រះ​ផងដែរ។ ទាំងនេះ គឺជា​សក្ខីភាព​ក្នុងការ​ផ្តល់កំណើត​បង្កើត​ចេញ​ជា​មជ្ឈមណ្ឌល​នេះ​ឡើង។ បើតាម​លោក​ប៊ិន ឈិន ដែលជា​រដ្ឋមន្ត្រី​ស្តីទី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​កម្ពុជា ការបង្កើត​មជ្ឈមណ្ឌល​នេះ​ឡើង​ក៏​ដើម្បី​ត្រៀម​ការ​រលាយ​ដោយ​ខ្លួនឯង​របស់​សាលាក្តី​ខ្មែរក្រហម បន្ទាប់ពី​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​ចប់។ លោក​ប៊ិន ឈិន អះអាង​ដូច្នេះ​ដោយ​ផ្អែកទៅលើ​ច្បាប់​ស្តីពី​ការបង្កើត​ឲ្យ​មាន​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ដែល​បាន​ចែងថា អង្គជំនុំជម្រះ​នេះ​ត្រូវ​រលាយខ្លួន​ជា​ស្វ័យប្រវត្តិ​ក្រោយ​ពេលដែល​ការវិនិច្ឆ័យ​ទោស​ក្នុង​រឿងក្តី​នេះ​បាន​ចប់​ជា​ស្ថាពរ។

យ៉ាងណា​ក៏ដោយចុះ មជ្ឈមណ្ឌល​តម្កល់​ឯកសារ​ថ្មី​នេះ នឹង​ក្លាយជា​បណ្ណាល័យ​ដ៏​មានតម្លៃ​មួយ​សម្រាប់​សាធារណជន​ក៏ដូចជា​អ្នកសិក្សា​ស្រាវជ្រាវ​ជាតិ និង​អន្តរជាតិ​មក​សិក្សា​ស្វែងយល់​អំពី​ការ​ការងារ​ពាក់ព័ន្ធ​នឹង​ការ​កាត់សេចក្តី​អតីត​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម។ មជ្ឈមណ្ឌល​តម្កល់​ឯកសារ​ច្បាប់​ពាក់ព័ន្ធ​នឹង​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ត្រូវបាន​សាងសង់​ឡើងលើ​ផ្ទៃដី​ទំហំ៣.៩១៥ម៉ែត្រការ៉េ និង​មាន​កម្ពស់​បួន​ជាន់​បូករួម​ទាំង​ជាន់​ផ្ទាល់​ដី។ មជ្ឈមណ្ឌល​តម្កល់​ឯកសារ​ច្បាប់​នេះ ស្ថិតនៅ​ជិត​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ