អានតួអត្ថបទ
កម្ពុជា

រដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​ផាក​ពិន័យ​ចំពោះ​ការ​គ្រប់គ្រង​សំរាម​មិន​បាន​ត្រឹមត្រូវ

កាល​ពី​ថ្ងៃ​ទី​២៧​សីហា ឆ្នាំ​២០១៥ រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​ស្តីពី​ការ​គ្រប់គ្រង​សំរាម សំណល់​រឹង​ក្នុង​ទីប្រជុំជន ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ។ អនុក្រឹត្យ​នេះ​មាន​គោល​បំណង​ចង់​ឲ្យ​ម្ចាស់​សម្រាម​អនុវត្ត​ការ​បែងចែក​សំរាម និង​វេចខ្ចប់​ឲ្យ​បាន​ត្រឹមត្រូវ​តាម​សំណល់​រឹង​ដែល​អាច​ប្រើប្រាស់​ឡើង​វិញ ឬ កែច្នៃ​បាន​ខុស​ពី​សំរាម​សំណល់​រឹង​ដែល​ត្រូវ​បោះ​ចោល តាម​ការ​ណែនាំ​ពី ​រដ្ឋបាល ក្រុង ស្រុក ខណ្ឌ។

កាក​​សំណល់​​សំរាម ​ក្នុង​រាជធានី​ភ្នំពេញ។​
កាក​​សំណល់​​សំរាម ​ក្នុង​រាជធានី​ភ្នំពេញ។​ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​មួយ​ស្តី​ពី​ការ​គ្រប់គ្រង​កាក​សំណល់​រឹង​ទី​ប្រជុំជន។ អនុក្រឹត្យ​នេះ​ធ្វើ​ឡើង ដើម្បី​ទប់ស្កាត់​ការ​កើន​ឡើង​នៃ​សំរាម​រឹង​ក្នុង​ទីប្រជុំជន និង​ដើម្បី​ធានា​បាន​នូវ​សោភ័ណភាព កិច្ច​គាំពារ​សុខភាព​សារធារណៈ ព្រម​ទាំង​ចាត់​វិធាន​ការ​ចំពោះ​ម្ចាស់​ផ្ទះ និង​អាជីករ ឬ​សហគ្រាស​ផ្សេង​ៗ​ដែល​គ្រប់គ្រង​សំរាម​មិន​បាន​ត្រឹមត្រូវ​តាម​ការ​ណែនាំ​របស់​រដ្ឋបាល ក្រុង ស្រុក ខណ្ឌ។

ក្នុង​អនុក្រឹត្យ​ដែល​បាន​ចុះ​កាល​ពី​ថ្ងៃ​ទី​២៧ សីហា ឆ្នាំ​២០១៥ នោះ​ក៏​បាន​ជម្រុញ​ឲ្យ​សហគ្រាស ក្រុមហ៊ុន​ រោងចក្រ និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់​មាន​ការ​អនុវត្ត​និង​ទទួល​ខុស​ត្រូវ​លើ​ការ​វេចខ្ចប់​សំរាម​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ ដោយ​មិន​ត្រូវ​ដាក់​លាយឡំ​គ្នា រវាង​សំណល់​រឹង​ដែល​អាច​យក​មក​កែ​ច្នៃ​ឡើយ។ មិន​តែ​ប៉ុណ្ណោះ​ហាម​ដាច់​ខាត​មិន​ត្រូវ​ដុត ឬ​បោះចោល​សំរាម​ទាំង​នោះ​ពាស​វាល​ពាស​កាល​ដោយ​គ្មាន​ការ​វេច​ខ្ចប់​ត្រឹម​ត្រូវ​ឡើយ។

គួរ​ជម្រាប​ជូន​ផងដែរ​ថា​សម្រាប់​បុគ្គល និង សហគ្រាស រោងចក្រ ក្រុមហ៊ុន​ផ្សេង​ៗ​ ដែល​បោះចោល​សំរាម សំណល់​រឹង​ទី​ប្រជុំជន​នៅ​លើ​ទី​សាធារណៈ និង​តាម​ដង​ផ្លូវ​ ឬ ទី​កន្លែង​ដែល​រដ្ឋបាល​រាជធានី ក្រុង ស្រុក ខណ្ឌ​ហាម​ឃាត់ នឹង​ត្រូវ​ទទួល​ការ​ផាក​ពិន័យ​ចន្លោះ​ពី ២​ម៉ឺន​រៀល ទៅ ៤សែន​រៀល។

លោក ​សេង សាវី ប្រធាន​ក្រុមហ៊ុន​ស៊ីនទ្រី​បាន​ឲ្យ​ដឹង​ថា លោក រងចាំ​អនុក្រឹត្យ​នេះ​យូរ​ហើយ ព្រោះ​ថា​វា​អាច​ជួយ​សម្រួល​ដល់​ការងារ​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន​ច្រើន។ ដោយ​ហេតុ​ថា វា​ជា​ច្បាប់​ដែល​អាច​ធ្វើ​ការ​ផាក​ពិន័យ​ដល់​បុគ្គល​ដែល​ចោល​សំរាម​គ្មាន​សណ្តាប់​ធ្នាប់ ពោល​គឺ​អនុក្រឹត្យ​នេះ​អាច​ឲ្យ​ការ​ពួក​គេ​អនុវត្ត​ការ​គ្រប់គ្រង​សំរាម​ប្រកប​ដោយ​ប្រសិទ្ធភាព។

ជា​ការ​កត់​សម្គាល់​កន្លង​ទៅ​សាលា​ក្រុង​រាជធានី​ភ្នំពេញ​ក៏​បាន​ចេញ​ច្បាប់​ផាក​ពិន័យ​ពី ១០​ម៉ឺន​រៀល​ឡើង​ទៅ ចំពោះ​បុគ្គល​ណា​ដែល​បោះ​ចោល​កាក​សំណល់ សំរាម​ខុស​ច្បាប់​តាម​ទីសាធារណៈ​ផង​ដែរ។ ក៏​ប៉ុន្តែ ការ​អនុវត្ត​នោះ ហាក់​ដូចជា​មិន​មាន​ប្រសិទ្ធ​ភាព។

សូម​បញ្ជាក់​ជូន​ថា បច្ចុប្បន្ន​សំរាម​នៅ​ក្រុង​ភ្នំពេញ​បាន​កើន​ឡើង​ប្រមាណ​ជាង​ ២ពាន់​តោន​ក្នុង​មួយ​ថ្ងៃ។ ហើយ​កំណើន​នៃ​សំរាម​នេះ​ក៏​ជា​ការ​ប្រឈម​មួយ​ដល់​អាជ្ញាធរ ទាក់ទង​ទៅ​នឹង​អនាម័យ សោភ័ណ្ឌភាព​ និង​ជា​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​ស្ទះ​លូ​ផង​ដែរ៕​
 
 
​​អត្តបទដោយ៖ ចាន់ ជីវ៉ា

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ