អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

បណ្ឌិតសេដ្ឋកិច្ច ហង់ ជួនណារ៉ុន នៅ​លើ​វិថីកំណែ​ទម្រង់​ការ​អប់រំរយៈ​ពេល​៣​ឆ្នាំ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចាប់​តាំង​ពី​ឡើង​កាន់​តំណែង​នៅ​ឆ្នាំ​២០១៣ លោក​រដ្ឋ​មន្ដ្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ហង់ ជួនណារ៉ុន មាន​មហិច្ឆតា​ធ្វើកំណែ​ទម្រង់​ការ​អប់រំ​ដ៏​ពុក​ផុយ​នៅ​កម្ពុជា ឲ្យ​មាន​សក្ដានុភាព​​ឡើង​វិញ​។ ពង្រឹង​គុណភាព​អប់រំ រឹតបន្តឹង​ការ​ប្រឡង ដំឡើង​ប្រាក់​បៀវត្សរ៍​ឲ្យ​គ្រូ​បង្រៀន សុទ្ធ​សឹង​ជា​អ្វី​ដែល​លោក​រដ្ឋ​មន្ដ្រី​រូប​នេះ​បាន​ធ្វើ​រួច​ហើយ បើ​ទោះ​បី​ជា​ត្រូវ​រង​ការ​សង្ស័យ​ចំពោះ​សមត្ថភាព​ពី​ដំបូង​ក៏​ដោយ​ចុះ​។ វិទ្យុបារាំងសូម​ឆ្លៀត​ឱកាស​នេះ ពិនិត្យ​មើល​ឡើង​វិញ​នូវ​ការងារ​របស់​រដ្ឋមន្ដ្រី​ក្រសួង​អប់រំ​ ហង់ ជួនណារ៉ុន នៅ​លើ​វិថី​កំណែ​ទម្រង់​ការ​អប់រំ​តាំង​​ពី​ឆ្នាំ​២០១៣​មក​។

លោកហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និង​កីឡា។
លោកហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និង​កីឡា។ សហការី
ផ្សាយពាណិជ្ជកម្ម

គេ​នៅ​ចាំ​បាន​ថា នៅ​ពេល​លោក ហង់ ជួនណារ៉ុន ចូល​កាន់​តំណែង​ជា​រដ្ឋ​មន្ដ្រី​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ខែ​កញ្ញា​ឆ្នាំ​២០១៣ វិស័យ​អប់រំ​កម្ពុជា​ត្រូវ​បាន​ញាំញី​ដោយ​បញ្ហា​សំខាន់​ៗ​ជា​ច្រើន។ ក្នុង​នោះ​មាន​ដូច​ជា ការ​ធ្លាក់​ចុះ​នៃ​សេវា​អប់រំ គុណភាព​អន់​ខ្សោយ​នៃ​យុវជន​ដែល​បាន​បញ្ចប់​ការ​សិក្សា ប្រាក់​ខែ​គ្រូ​បង្រៀន​ទាប អំពើ​ពុក​រលួយ​​​នៅ​ក្នុង​ស្ថាប័ន​អប់រំ​និង​ការ​ប្រឡង ព្រម​ទាំង​វិសមភាព​នៃ​បរិមាណ​គ្រូ​បង្រៀន​នៅ​ទី​ប្រជុំ​ជន និង​ទី​ជនបទ​ដាច់​ស្រយាល​ជា​ដើម​។

ប្រវត្តិ​ការ​សិក្សា​និង​ការងារ​ចេញ​ពី​វិស័យ​សេដ្ឋកិច្ច ធ្វើ​ឲ្យ​សង្គម​ចោទ​សួរ​ជា​រឿយ​ៗ​អំពីសមត្ថភាព​របស់​លោក​រដ្ឋ​មន្ដ្រី​ថ្មី ហង់ ជួនណារ៉ុន​។ ប៉ុន្តែ​ភាព​សង្ស័យ​អស់​ទាំង​នេះ​មិន​បាន​បង្អាក់​ការ​តាំង​ចិត្ត​របស់​បណ្ឌិត​​មក​ពី​រុស្ស៊ីរូប​នេះ នៅ​ក្នុង​ការងារ​កែ​ទម្រង់​ការ​អប់រំ​នៅ​កម្ពុជា​ឡើយ​។

ភ្លាម​ៗ​បន្ទាប់​ពី​ឡើង​កាន់​ដំណែង លោក​បណ្ឌិត ហង់ ជួនណារ៉ុន បាន​ដាក់​ចេញ​នូវផែនការ​សកម្មភាព​អប់រំ​​​អាទិភាព​ចំនួន​៨​ចំណុច​។ ទី​១៖ បង្កើន​គុណភាព​និង​ប្រសិទ្ធភាព​នៃ​សេវាអប់រំ។ ​ទី​២៖ ពង្រឹង​ការ​គ្រប់​គ្រង​បុគ្គលិក។ ​ទី​៣៖ ពង្រឹង​ការ​ប្រឡង​គ្រប់​ប្រភេទ។ ទី​៤៖ កែទម្រង់​ឧត្តម​សិក្សា​។ ទី​៥៖ អភិវឌ្ឍ​សម្រាប់​យុវជន​នូវ​ជំនាញ​បច្ចេកទេស​និង​ជំនាញ​ទន់​។ ​ទី​៦៖ អនុវត្ត​កំណែ​ទម្រង់​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​។ ​ទី​៧៖ បង្កើត​ធនាគារ​ខួរ​ក្បាល​វិស័យ​អប់រំ​។ និង​អាទិភាព​ទី​៨៖ កែ​ទម្រង់​ការ​អប់រំ​កាយ​និង​កីឡា​។

មួយ​ឆ្នាំ​បន្ទាប់​ពី​ឡើង​កាន់​ដំណែង កំណែ​ទម្រង់​ការ​អប់រំ​របស់​លោក ហង់ ជួនណារ៉ុន ឈានជំហាន​ដំបូង តាម​រយៈ​​យន្តការ​រឹត​បន្តឹង​ការ​ប្រឡង​បាក់ឌុប​។ ការ​ប្រឡង​បាក់ឌុប​ក្នុង​ខែ​សីហា​ឆ្នាំ​២០១៤ ដែល​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​សូក​លុយ​ជា​ដាច់​ខាត​ក្នុង​ដំណើរការ​ប្រឡង ក៏​ដូច​ជា​ហាម​ឃាត់​​​ការ​បើក​ចម្លង​និង​លួច​ចម្លង​គ្នា​។ ក្រសួង​ក៏​បាន​អនុញ្ញាត​ឲ្យ​​មាន​ការ​សង្កេតការណ៍​ពី​សំណាក់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​និង​ស្ថាប័ន​ពាក់ព័ន្ធ នៅ​ក្នុង​ដំណើរការ​ប្រឡង​ផង​ដែរ​​។

ជា​ការ​ពិត ការ​រឹត​បន្តឹង​ការ​ប្រឡង​ដូច្នេះ ទទួល​បាន​​ការ​គាំទ្រ ច្រើន​ជាង​​ការ​រិះ​គន់​ ប៉ុន្តែ​មាន​តិច​តួច​ណាស់​ដែល​ជឿ​ជាក់​ថា អាច​ធ្វើ​ទៅ​បាន​។ ជឿ​ជាក់​តិច​តួច​ព្រោះ​ថា កន្លង​មក ការ​ប្រឡង​បាក់ឌុប​នៅ​កម្ពុជា​ ត្រូវ​គ្រប​ដណ្ដប់​ដោយ​ឥទ្ធិពល​នៃ​អំពើ​ពុក​រលួយ​។ សិស្ស សូក​ប៉ាន់​គ្រូ​ដើម្បី​លួច​ចម្លង​ចម្លើយ​។ អាណាព្យាបាល​សិស្ស ក៏​សូក​ប៉ាន់​គ្រូ​ដើម្បី​ធានា​ថា កូនក្មួយ​របស់​ខ្លួន​ប្រាកដ​ជា​ជាប់​បាក់ឌុប បើ​ទោះ​បី​ជា​មិន​បាន​សរសេរ​ចម្លើយ​ត្រឹម​ត្រូវ​នៅ​ក្នុង​ការ​ប្រឡង​ក៏​ដោយ។

​ទោះ​បី​ជា​សាធារណៈជន​មិន​សូវ​ជឿ​ជាក់ ប៉ុន្តែ​ការ​ប្រឡង​បាក់ឌុប​នៅ​ឆ្នាំ​២០១៤​នោះ ប្រព្រឹត្ត​ទៅ​យ៉ាង​តឹង​តែង​ជាទី​បំផុត។ ជា​លទ្ធផល សិស្ស​ជាង​៧៥​ភាគ​រយ ឬ​ស្មើ​នឹង​ប្រមាណ​៦​ម៉ឺន​នាក់ ប្រឡង​ធ្លាក់​បាក់ឌុប​។ យ៉ាង​ណា​ក៏​ដោយ ​ក្រសួង​បាន​សម្រេច​រៀបចំ​ការ​ប្រឡង​ជា​លើក​ទី​២ ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​បេក្ខជន​ដែល​ប្រឡង​ធ្លាក់ ហើយ​ការ​សម្រេច​នេះ បាន​ទទួល​ការ​ស្វាគមន៍គាំទ្រ​​យ៉ាង​កក់​ក្ដៅ​ពី​សំណាក់​សាធារណៈ​មតិ​ទូទៅ ជាពិសេស​ប្រធាន​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា មក​ពី​គណបក្ស​ប្រឆាំង​។ នៅ​ឆ្នាំ​២០១៥ ការ​រឹត​បន្តឹង​ការ​ប្រឡង​បាក់ឌុប​នៅ​តែ​បន្ត​ធ្វើ ប៉ុន្តែ​គ្មាន​ទៀត​ឡើយ ការ​ប្រឡង​ឡើង​វិញ​ជា​លើក​ទី​២​។ បេក្ខជន​ដែល​ប្រឡង​ជាប់​បាក់​ឌុប​នៅ​ឆ្នាំ​២០១៥ កើន​ឡើង​ជាង​ឆ្នាំ​២០១៤ ចំនួន​១៥​ភាគ​រយ​ ដែល​លទ្ធផល​នេះ​ត្រូវ​បាន​អ្នក​ជំនាញ​ផ្នែក​អប់រំ​ពន្យល់​ថា អាច​បណ្ដាល​មក​ពី​កត្តា​ពីរ​៖ ទី​១ សិស្ស​ប្រឹង​ប្រែង​រៀន​ជាង​មុន និង​ទី​២ គុណភាព​អប់រំ​ប្រសើរ​ជាង​មុន​។

ទន្ទឹម​នឹង​ធ្វើ​កំណែ​ទម្រង់ រឹត​បន្តឹង​នៅ​ពេល​ប្រឡង ក្រសួង​អប់រំ​ក៏​បាន​ធ្វើ​ការងារ​ផ្សេង​ទៀត ផ្អែក​តាម​ផែនការ​សកម្មភាព​អប់រំ​៨​ចំណុច​ដែល​បាន​ដាក់​ចេញ​ផង​ដែរ​។ តាំង​ពី​ឆ្នាំ​២០១៣ ក្រសួង​បានពង្រឹង​គុណភាព​គ្រូ និង​​ជ្រើស​រើស​គ្រូ​បន្ថែម​ដើម្បី​បំពេញ​សេចក្ដី​ត្រូវ​ការ​ ជា​ពិសេស​នៅ​តាម​តំបន់​ជនបទ​ដាច់​ស្រយាល​។ ប្រាក់​ខែ​គ្រូ​បង្រៀន​បាន​ឡើង​ស្រឺត​ៗ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។ ក្នុង​ឆ្នាំ​២០១៦​នេះ ប្រាក់​បៀវត្សរ៍​គ្រូ​បង្រៀន​បាន​ឡើង​ដល់​៨០​ម៉ឺន​រៀល ហើយ​នឹង​បន្ត​ឡើង​ឲ្យ​បាន​យ៉ាង​ហោច​ណាស់​១លាន​រៀល​នៅ​ឆ្នាំ​២០១៨​ខាង​មុខ​។

ក្រសួង​អប់រំ ក៏​បាន​ដាក់​បញ្ចូល​ការ​អប់រំ​អំពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ទៅ​ក្នុង​កម្មវិធី​សិក្សា​ផង​ដែរ ដោយ​សង្ឃឹម​ថា អាច​បំបាត់​បញ្ហា​ពុក​រលួយ​នៅ​ក្នុង​ប្រព័ន្ធ​សិក្សា​បាន​។ សាលា​រៀន​ជំនាន់​ថ្មី កំពុង​តែ​រៀបចំ​បង្កើត​​ឲ្យ​មាន​នៅ​កម្ពុជា តាម​រយៈ​កិច្ច​សហការ​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​។ គម្រោង​សាលា​រៀន​ជំនាន់​ថ្មី​នេះ នឹង​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ដ៏​សម​ស្រប​មួយ​សម្រាប់​គ្រូ​ ជា​ថ្នូរ​មក​វិញ គ្រូ​ត្រូវ​ធានា​ឲ្យ​បាន​នូវ​​ការ​អប់រំ​ដ៏​ប្រសើរ​សម្រាប់​សិស្ស​។

តាម​រយៈ​សមិទ្ធផល​ជា​វិជ្ជមាន​ទាំង​នេះ ភាព​សង្ស័យ​លើ​ឆន្ទៈ​និង​សមត្ថភាព​របស់​លោក​រដ្ឋ​មន្ដ្រី ហង់ ជួនណារ៉ុន នៅ​ក្នុង​ការងារ​កែ​ទម្រង់​ការ​អប់រំ ទំនង​ជា​លែង​មាន​ច្រើន​ដូច​មុន​​ទៀត​ហើយ​។ ប៉ុន្តែ​ការងារ​កន្លង​មក​នេះ នៅ​មិន​ទាន់​ឆ្លើយ​តប​ទៅ​នឹង​ផែនការ​សកម្មភាព​អប់រំ​អាទិភាព​​៨​ចំណុច ដែល​រដ្ឋ​មន្ដ្រី​រូប​នេះ​ដាក់​ចេញ​កាល​ពី​ដើម​អាណត្តិ​នៅ​ឡើយ​ទេ​។ ការ​កែ​ទម្រង់​ឧត្តម​សិក្សា អភិវឌ្ឍ​ជំនាញ​បច្ចេកទេស​និង​ជំនាញ​ទន់​សម្រាប់​យុវជន ព្រម​ទាំង​ការ​កែ​ទម្រង់​ការ​អប់រំ​កាយ​និង​កីឡា គឺ​ជា​វិញ្ញាសា​បន្ទាប់​សម្រាប់​បណ្ឌិត​ផ្នែក​សេដ្ឋកិច្ច​មក​ពី​រុស្ស៊ី​​រូប​នេះ​។ តើ​វិស័យ​អប់រំ យុវជន និង​កីឡា អាច​ស្ដារ​មុខ​មាត់​បាន​ឡើង​វិញ​កម្រិត​ណា ​ក្រោម​ការ​ដឹកនាំ​​របស់​លោក ហង់ ជួនណារ៉ុន? គេ​ត្រូវ​ការ​ពេល​វេលា​បន្តិច​ទៀត ទើប​អាច​ឆ្លើយ​នឹង​សំណួរ​នេះ​បាន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ