អានតួអត្ថបទ
កម្ពុជា

សង្គម​ស៊ីវិល ចង់​ឲ្យ​មាន​តម្លាភាព​ក្នុង​ការ​ទប់​ស្កាត់​សកម្មភាព​នយោបាយ​នៅ​គ្រឹះស្ថាន​សិក្សា

ជា​ថ្មី​ម្តង​ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ស្តីពី​ការ​ទប់​ស្កាត់ សកម្មភាព​រៀបចំ​វេទិកា ការ​ចែកចាយ​សម្ភារៈ សម្លៀក​បំពាក់ ឬ​វត្ថុ​ផ្សេង​ៗ​ដែល បម្រើ​ឲ្យ​សកម្មភាព​នយោបាយ ឬ​ឃោសនា​នយោបាយ ​នៅ​តាម​គ្រឹះស្ថាន​អប់រំ​ ទាំង​រដ្ឋ​និង​ឯកជន។ យ៉ាងណា​ក៏​ដោយ ប្រធានស្តីទី​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ មើល​ឃើញ​ថា វិធាន​ការ​នេះ​មិន​មាន​តម្លាភាព​នោះ​ទេ ព្រោះ​ថា កន្លង​មក មាន​តែ​សកម្មជន​គណបក្ស​គណបក្ស​អំណាច​តែ​ប៉ុណ្ណោះ​ ដែល​តែងតែ​ធ្វើ​ការ​ឃោសនា តាម​បណ្តា​គ្រឹះស្ថាន​សិក្សា ចំណែក​អ្នក​ដែល​មិន​គាំទ្រ​គណបក្ស​កាន់​អំណាច​នឹង​ត្រូវ​បាន​លាបពណ៌។

RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

ការ​ដាក់​ចេញ​វិធានការណ៍​របស់​ក្រសួង​អប់រំ នៅ​ពេល​នេះ គឺ​ដើម្បី​ឆ្លើយ​តប​នឹង​ស្ថានភាព​នា​ពេល​បច្ចុប្បន្ន និង​ពេល​ខាង​មុខ ដែល​គណបក្ស​នយោបាយ ត្រូវ​ការ​ឃោសនា និង​ផ្សព្វ​ផ្សាយ​​កម្មវិធី​នយោបាយ។

នៅ​ក្នុង​លិខិត ចុះ​ថ្ងៃ​ទី ២៩ ខែ​មិថុនា ក្រសួង​អប់​រំ ចាត់​ទុក​ថា សកម្មភាព​នយោបាយ​ ដែល​ជ្រៀត​ចូល​ទៅ​ក្នុង​គ្រឹះស្ថាន​សិក្សា ឬ​អង្គភាព​នានា គឺ​ផ្ទុយ​នឹង​ច្បាប់​ស្តីពី​ការ​អប់រំ និង​ច្បាប់​ស្តី​ពី​សហ​លក្ខន្តិកៈ​មន្រ្តី​រាជការ​ស៊ីវិល។

ជុំវិញ​វិធានការ​នេះ លោក​ស្រី អ៊ុក ឆាយ៉ាវី ប្រធាន​ស្តីទី​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ​បញ្ជាក់​ថា សមាគម​នឹង​គាំទ្រ​និង​សាទរ បើ​សិន​ជា​ក្រសួង​អប់រំ​យុវជន និង​កីឡា មិន​ពាក់​ព័ន្ធ​នឹង​គណបក្ស​កាន់​អំណាច មិន​ពាក់​ព័ន្ធ​នឹង​នយោបាយ​នោះ។

ប្រធាន​ស្តីទី​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯក​រាជ្យ បាន​សង្កត់​ធ្ងន់ ថា​កន្លង​មក​មាន សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា តែង​តែ​ផ្សព្វ​ផ្សាយ​គោល​នយោបាយ​របស់​ខ្លួន នៅ​តាម​បណា្ត​គ្រឹះស្ថាន​អប់​រំ ប៉ុន្តែ​មិន​មាន​ចំណាត់​ការ​ណាមួយ​នោះ​ទេ។

ដោយ​ឡែក លោក សន ជ័យ នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា បាន​រៀប​រាប់​ថា ​បើ​មើល​ទៅ​លើ​ទិដ្ឋភាព​ជារួម សកម្មភាព​នយោបាយ​ចែក​ជា​ពីរ សកម្មភាព ដែល​គណបក្ស​នយោបាយ​ណា​មួយ ព្យាយាម​ឃោសនា​ពី​សមិទ្ធិផល​ឬ​គោល​នយោបាយ​ ដើម្បី​ទាក់​ទាញ​ការ​គាំទ្រ។ សកម្មភាព​បែប​នយោបាយ​នេះ ត្រូវ​បាន លោក សន ជ័យ ចាត់​ទុក​ថា មិន​គួរ​ត្រូវ​បាន​អនុញ្ញាត​នៅ​ក្នុង​គ្រឹះស្ថាន​សិក្សា​នោះ​ទេ។ ក៏​ប៉ុន្តែ​សម្រាប់​ការ​ជជែក​ពិភាក្សា ពី​ចំណុច​ខ្វះ​ខាត​នៃ​ការ​អនុវត្ត​គោល​នយោបាយ​របស់​ថ្នាក់​ដឹក​នាំ ឬ​អភិបាល​កិច្ច ដែល​ទាក់​ទង​នឹង​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ​ប្រចាំ​ថ្ងៃ​នោះ គួរ​តែ​ត្រូវ​បាន​លើក​ទឹក​ចិត្ត។

យ៉ាងណា​ក៏​ដោយ នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា មិន​បាន​បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​វិធានការ​របស់​ក្រសួង​អប់រំ​នោះ​ទេ។ លោក បញ្ជាក់​ថា ក្រសួង​អប់រំ​ ហាក់​មិន​បាន​កំណត់​ខ្លឹមសារ​សកម្មភាព​នយោបាយ ឲ្យ​បាន​ច្បាស់​លាស់ ថា​តើ​សកម្មភាព​អ្វី​ខ្លះ​ដែល​ត្រូវ​បាន​ហាម​ឃាត់​នោះ​ទេ។

ជា​ការ​កត់​សម្គាល់ ការ​ចេញ​វិធានការ​ទប់​ស្កាត់​ការ​ធ្វើ​សកម្មភាព​នយោបាយ ឬ​ឃោសនា​ នយោបាយ​នៅ​ក្នុង​ស្ថាប័ន​អប់រំ រដ្ឋ​និង​ឯកជន​ នៅ​ខណៈ​ពេល​នេះ គឺ​នៅ​ចំ​ពេល​ដែល កម្តៅ​នយោបាយ​នៅ​កម្ពុជា ត្រូវ​បាន​គេ​មើល​ឃើញ​ថា កំពុង​តែ​ឡើង​កម្តៅ​ខ្លាំង​រវាង​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ