អានតួអត្ថបទ
កម្ពុជា

ក្រសួង​សុខាភិបាល​សន្យា​ជួយ​ដល់​អ្នកភូមិ​រកា​ដែល​ផ្ទុកមេរោគ​អេដស៍​ដោយ​យកចិត្ត​ទុកដាក់

អាជ្ញាធរ​មាន​សមត្ថកិច្ច​នៃ​ក្រសួង​សុខាភិបាល​ បាន​បញ្ជាក់ថា​ ការងារ​ថែទាំ​និង​ព្យាបាល​ប្រជាជន​នៅ​ភូមិ​រកា​ ជា​កន្លែង​ដែល​អ្នកភូមិ​ជាង​ ២០០នាក់​បាន​ឆ្លង​មេរោគ​អេដស៍​ ត្រូវ​បាន​យកចិត្ត​ទុកដាក់​មិន​បោះបង់​ចោល​ឡើង។ ​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជម្ងឺអេដស៍​ សើ​ស្បែក​និង​កាមរោគ​ លោក ​វេជ្ជបណ្ឌិត ​មាន ឈីវុន​ បាន​បញ្ជាក់ថា​ ក្រុម​គ្រូពេទ្យ​ជំនាញ​ របស់​ក្រសួង​រួម​នឹង​អង្គការ​ជំនួយ​ផ្នែក​សេវា​ព្យាបាល​និង​ថែទាំ​ជំងឺអេដស៍​នៅ​ភ្នំពេញ​ បាន​ដាក់​វេន​គ្នា​ទៅ​ភូមិ​រការ​ជា​រៀងរាល់​សប្តាហ៍​ ដើម្បី​ផ្តល់​ការ​ព្យាបាល​ដល់​អ្នកភូមិ​យ៉ាង​យកចិត្ត​ទុកដាក់។

រូបភាព​របស់​អាជ្ញាធរ​ជាតិ​ប្រឆាំង​មេរោគអេដស៍​ចុះ​សួរសុខទុក្ខ​ប្រជាជន​ដែល​រកឃើញថា មាន​ឆ្លងមេរោគអេដស៍​នៅ​ឃុំ​រកា ខេត្ត​បាត់ដំបង។
រូបភាព​របស់​អាជ្ញាធរ​ជាតិ​ប្រឆាំង​មេរោគអេដស៍​ចុះ​សួរសុខទុក្ខ​ប្រជាជន​ដែល​រកឃើញថា មាន​ឆ្លងមេរោគអេដស៍​នៅ​ឃុំ​រកា ខេត្ត​បាត់ដំបង។ ©AAC
ផ្សាយពាណិជ្ជកម្ម

ប្រជាពលរដ្ឋ​នៅ​ភូមិ​រកា​ខេត្ត​បាត់ដំបង​ដែល​រកឃើញថា ​បាន​ឆ្លង​មេរោគ​អេដស៍​ជាង​២០០​នាក់​ នៅ​ពេល​នេះ​ត្រូវ​បាន​មន្ត្រី​សុខាភិបាល​អះអាងថា​ កំពុង​តែ​ទទួល​បាន​ការ​យកចិត្ត​ទុកដាក់​យ៉ាង​កក់ក្តៅ​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច។

លោក​ វេជ្ជបណ្ឌិត​ មាន ឈីវុន​ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជម្ងឺអេដស៍​ សើស្បែក​និង​កាមរោគ​ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ RFI​ នៅ​ថ្ងៃ​សៅរ៍​នេះ​ថា​ ក្រសួងសុខាភិបាល​បាន​ដាក់​មណ្ឌល​សុខភាព​ភូមិរកា​ទៅជា​សេវា​សុខភាព​រណប​ផ្ទាល់​ពី​មន្ទីរពេទ្យ​បង្អែក​ខេត្តបាត់ដំបង​មួយ​ទៀត​បន្ថែម​ពីលើ​សេវា​ព្យាបាល​មេរោគ​អេដស៍​ចំនួន​៥កន្លែង​នៅ​ខេត្តបាត់ដំបង។

ការ​រៀបចំ​សេវា​សុខភាព​រណប​នៅ​មណ្ឌល​សុខភាព​ទួលរកា​នេះ​ បាន​ធ្វើឡើង​បន្ទាប់ពី​ការ​រកឃើញ​ថា​មានការ​ឆ្លង​ជម្ងឺអេដស៍ ​ដ៏​រាលដាល​ ហើយ​គ្រូពេទ្យ​ភូមិ​មួយរូប​បាន​ជាប់ឃុំ​ដោយ
សារ​ជាដើម​ហេតុ​នៃ​ការ​ឆ្លង​នេះ កាល​ពី​ខែធ្នូ​កន្លង​ទៅ​នេះ។

លោក​វេជ្ជបណ្ឌិត​ មាន​ ឈីវុន ​បន្តថា​ក្រុម​គ្រូពេទ្យ​នៃ​មូលនិធិ​ថែទាំ​ជម្ងឺអេដស៍​សហរដ្ឋអាមេរិក​ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ​មន្ទីរពេទ្យ​ព្រះសីហនុ​ មណ្ឌល​នៃ​ក្តីសង្ឃឹម​ ត្រូវ​ផ្លាស់ប្តូរ​វេន​គ្នា​ជា​រៀងរាល់​សប្តាហ៍​រយៈពេល៦ខែ​ ទៅកាន់​មណ្ឌល​សុខភាព​រកា ​ដើម្បី​ជួយ​ថែ​ទាំង​និង​ព្យាបាល​សុខភាព​អ្នក​ជម្ងឺ និង​បង្ហាត់​បង្រៀន​បុគ្គលិក​ពេទ្យ​បាត់ដំបង​ផង​ដែរ។  

លើសពីនេះ​ក្រសួងសុខាភិបាល​បាន​សង់​អាគារ​កម្ពស់២ជាន់​នៅ​ភូមិ​រកា​ផងដែរ​ ដើម្បី​ជា​កន្លែង​ទទួល​ការព្យាបាល​ និង​ជា​កន្លែង​ស្នាក់​នៅ​របស់​ក្រុមគ្រូពេទ្យ​ដែល​ចុះទៅ​ធ្វើការ​ផ្ទាល់​ជាមួយ​ប្រជាជន​នៅ​ទីនោះ។

សូម​បញ្ជាក់ថា​ប្រជាពលរដ្ឋ​នៅ​ឃុំ​រកា​ភូមិ​រកា​នៃ​ខេត្តបាត់ដំបង​ បាន​ឆ្លង​មេរោគ​អេដស៍​កាល​ពី​ចុងឆ្នាំ២០១៤ ​កន្លង​ទៅ​នេះ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ជាទូទៅ។ហេតុការណ៍​នេះ​ធ្វើ​ឲ្យ​គ្រូពេទ្យ​ភូមិម្នាក់​រង​ការ​ចោទប្រកាន់ថា​ បាន​ព្យាបាល​អ្នកភូមិ​ដោយ​ការចាក់​ម្ជុល​និង​ប្រើ​ទុយោ​​សេរ៉ូម​រួមគ្នា។

ទោះជា​យ៉ាង​នេះ​ក្តី​សំណាក​ឈាម​អ្នកភូមិ​ ដែល​បាន​បញ្ជូន​ទៅ​ធ្វើ​តេស្ត​នៅ​ក្រៅ​ប្រទេស​នៅ​មិន​ទាន់​បង្ហាញ​ពី​លទ្ធផល​ចុងក្រោយ​យ៉ាង​ណា​នៅ​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ