អានតួអត្ថបទ
កម្ពុជា

រឿង​អេដស៍​នៅ​បាត់ដំបង៖ លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​នឹងត្រូវ​​ប្រកាស ក្នុង​សប្តាហ៍​នេះ

ការ​ស្រាវ​ជ្រាវ​រក​មូល​ហេតុ​នៃ​ការ​ឆ្លង​រាលដាល​មេរោគ​អេដស៍​ដល់​អ្នកភូមិ​ជិត ២០០ នាក់ នៅ​ឃុំ​រកា ស្រុក​សង្កែ ខេត្តបាត់ដំបង បាន​បិទ​បញ្ចប់ កាលពី​សប្តាហ៍​មុន។ នៅពេលនេះ ក្រុមគ្រូពេទ្យ កំពុង​វិភាគ និង​ជជែក​លើ​ព័ត៌មាន ដែល​ប្រមូលបាន ហើយ​លទ្ធផល​នៃ​ការស្រាវជ្រាវ​លើ​មូលហេតុ ក្នុង​ការឆ្លង​រាលដាល​មេរោគ​អេដស៍ ដល់​អ្នកភូមិ​ទាំងនោះ នឹងត្រូវ​ប្រកាស​នៅក្នុង​សប្តាហ៍​នេះ។ នេះ​បើតាម​លោក វឿង ប៊ុន​រ៉េត ប្រធាន​មន្ទីរ​សុខាភិបាល ខេត្ត​បាត់ដំបង។

រូបភាព​របស់​អាជ្ញាធរ​ជាតិ​ប្រឆាំង​មេរោគអេដស៍​បង្ហាញ​លោក​ស ខេង​ចុះ​សួរសុខទុក្ខ​ប្រជាជន​ដែល​រកឃើញថា មាន​ឆ្លងមេរោគអេដស៍​នៅ​ឃុំ​រកា ខេត្ត​បាត់ដំបង
រូបភាព​របស់​អាជ្ញាធរ​ជាតិ​ប្រឆាំង​មេរោគអេដស៍​បង្ហាញ​លោក​ស ខេង​ចុះ​សួរសុខទុក្ខ​ប្រជាជន​ដែល​រកឃើញថា មាន​ឆ្លងមេរោគអេដស៍​នៅ​ឃុំ​រកា ខេត្ត​បាត់ដំបង ©AAC
ផ្សាយពាណិជ្ជកម្ម

ក្រុម​គ្រូពេទ្យ បាន​បញ្ចប់​ការ​ស្រាវ​ជ្រាវ ប្រមូល​ព័ត៌មាន​រួចរាល់​ហើយ កាលពី​សប្តាហ៍​មុន ជុំវិញ​ករណី​អ្នកភូមិ​រកា ខេត្តបាត់ដំបង ឆ្លង​រាលដាល​មេរោគ​អេដស៍។ រហូត​ដល់​ថ្ងៃ​ចន្ទ​នេះ ក្រុម​គ្រូ​ពេទ្យ ក្រោម​ការដឹកនាំ​របស់​លោក មាន ឈីវ​វុន ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​អេដស៍ សើ​ស្បែក និង​កាមរោគ កំពុង​ជជែក សិក្សា និង​វិភាគ​លើ​ព័ត៌មាន ដែល​ប្រមូល​បាន ដើម្បី​រក​មូលហេតុ​នៃ​ការ​ឆ្លង​រាលដាល​មេរោគ​អេដស៍ ដល់​អ្នក​ភូមិ​រកា។

លោក វឿង ប៊ុនរ៉េត ប្រធាន​មន្ទីរ​សុខាភិបាល ខេត្ត​បាត់ដំបង បាន​ឲ្យ​ដឹង​ថា លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​រក​មូលហេតុ​នៃ​ការឆ្លង​រាលដាល​មេរោគ​អេដស៍ ដល់​អ្នកភូមិ​រកា នឹងត្រូវ​លោក​វេជ្ជបណ្ឌិត មាន ឈីវវុន ប្រកាស​ក្នុង​សន្និសីទ​កាសែត នៅ​ក្នុង​អាទិត្យ​នេះ។

យ៉ាង​ណា​ក៏​ដោយ លោក​ប៊ុន​រ៉េត មិន​ទាន់​ហ៊ាន​អះអាង ដូច​ការ​សង្ស័យ​របស់​អ្នក​ភូមិ លើ​គ្រូពេទ្យ​ភូមិ លោក យឹម ជ្រិន ថា​ជា​អ្នក​ចំលង​មេរោគ​អេដស៍​នោះ​ទេ ដោយ​រង់ចាំ​លទ្ធផល​ផ្នែក​វិទ្យាសាស្ត្រ​។

រហូតដល់​ថ្ងៃ​ចន្ទ​នេះ លោក​ប្រធាន​មន្ទីរ​សុខាភិបាល បាន​ឲ្យ​ដឹង​ថា អ្នកភូមិ​រកា នៅតែ​បន្ត​ទៅ​កាន់​មណ្ឌល​សុខភាព ឃុំ​រកា ដើម្បី​ធ្វើ​តេស្ត​ឈាម រក​មេរោគ​អេដស៍ ដែល​មាន​ចំនួន​សរុប​ជាង ១៦០០ នាក់។ លោក​ប្រធាន​មន្ទីរ មិន​បាន​បង្ហាញ​តួ​លេខ​អ្នកភូមិ​រកា មាន​ផ្ទុក​មេរោគ​អេដស៍​ទេ តែ​គ្រូ​ពេទ្យ​នៅ​មណ្ឌល​សុខភាព​ឃុំ​រកា និង​អាជ្ញាធរ​ឃុំ បាន​ឲ្យ​ដឹង​ថា អ្នក​ភូមិ​រកា មាន​ផ្ទុក​មេរោគ​អេដស៍ បាន​កើន​ដល់ ១៩០ នាក់​ហើយ។

នៅ​ថ្ងៃ​ចន្ទ​នេះ កុមារ​ជាង ២០ នាក់ នៅ​ឃុំ​រកា ត្រូវបាន​ដឹក​មកកាន់​មន្ទីរពេទ្យ​ខេត្ត​បាត់ដំបង ដើម្បី​អប់រំ និង​ទទួល​ថ្នាំ​ព្យាបាល​មេរោគ​អេដស៍។ ចំណែក​មនុស្សពេញវ័យ ត្រូវបាន​លោក ប៊ុនរ៉េត ឲ្យ​ដឹង​ថា ក្រុម​គ្រូពេទ្យ បាន​ចុះទៅ​កាន់​មណ្ឌល​សុខភាព​ឃុំ​រកា ដើម្បី​អប់រំ ផ្តល់​ប្រឹក្សា និង​ថ្នាំ​ពន្យារ​ជីវិត​។ គ្រូពេទ្យ​បន្ត​នៅ​មណ្ឌល​សុខភាព​នោះ ក្នុង​រយៈ​ពេល ៦ ខែ​។

ដោយ​រង់​ចាំ​លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​រក​មូលហេតុ​ក្នុង​ការឆ្លង​មេរោគ​អេដស៍ នៅ​ឃុំ​រកា យូរ​ពេក ក្រុម​អ្នកភូមិ ដែល​ធ្វើ​តេស​ឈាម មាន​ផ្ទុក​មេរោគ​អេដស៍ បាន​ព្រមាន​ថា នឹងធ្វើ​បាតុកម្ម​តវ៉ា បើ​សិន​ជា​ពួកគេ នៅតែ​មិន​បានដឹង​ច្បាស់​ពី​មូលហេតុ​នៃ​ការឆ្លង​មេរោគ​អេដស៍​នោះ​។ តែ​ជំទប់​ឃុំ​រកា ដែល​ឆ្លង​មេរោគ​អេដស៍ អះអាង​ថា អ្នក​ភូមិ នៅតែ​សង្ស័យ លើ​គ្រូ​ពេទ្យ​ភូមិ យឹម ជ្រិន ថា​ជា​អ្នក​ចម្លង តាម​រយៈ​ការ​ចាក់​ថ្នាំ​ព្យាបាល​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ