អានតួអត្ថបទ
កម្ពុជា

របាយការណ៍ Human Right Watch៖ មាន​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ខ្លាំង​នៅ​កម្ពុជា ពី​សំណាក់​បក្ស​កាន់​អំណាច ក្នុង​ឆ្នាំ​២០១៦

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​កាល​ពី​ម្សិល​មិញ បាន​ចេញ​របាយការណ៍​ប្រចាំឆ្នាំ​២០១៦ របស់​ខ្លួន​ស្តីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ Human Right Watch បាន​រិះ​គន់​គណបក្ស​កាន់​អំណាច​ថា​បាន​បង្កើន​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទៅ​លើ សកម្មជន​បក្ស​ប្រឆាំង ក្នុង​គោល​បំណង​រារាំង គណបក្ស​នេះ​មិន​ឱ្យ​ឈ្នះ​ឆ្នោត ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់ និង​ការ​បោះឆ្នោត​ជាតិ​ ដែល​គ្រោង​ធ្វើ​នៅ​ឆ្នាំ ២០១៧ និង​ឆ្នាំ ២០១៨។ ហើយ​ក្នុង​នោះ​ក៏​រួម​មាន​ទាំង​ការ​ដោះស្រាយ​ក្នុង​ករណី​ឃាត​កម្ម​លើ​លោក កែម ឡី ផង​ដែរ។ ប៉ុន្តែ​ជុំវិញ​របាយការណ៍​នេះ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​បាន​ទាត់​ចោល។

ផ្សាយពាណិជ្ជកម្ម

Human Right Watch បាន​ចេញ​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ខ្លួន ស្តីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​ជាង ៩០​នៅ​លើ​ពិភព​លោក។ ក្នុង​នោះ​ក៏​រួម​មាន​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ផង​ដែរ។ អង្គការ​អន្តរជាតិ​មួយ​នេះ បាន​លើក​ឡើង​ថា​ឆ្នាំ​ ២០១៦ គឺ​ជា​ឆ្នាំ​ ដែល​ប្រទេស​កម្ពុជា​នៅ​តែ​មាន ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្សជា​ថ្មី​ម្តង​ទៀត។ ពិសេស​ការ​ធ្វើ​ទុក​បុកម្នេញ​ពី សំណាក់​គណបក្ស​កាន់​អំណាច។ ហើយ​រយៈ​ពេល​បី​ទសវត្សរ៍​ក្នុង​របប​គ្រប់​គ្រង​របស់​លោក នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ជាប់​ក្នុង​កំណត់​ត្រា​មិន​ល្អ។

របាយការណ៍​បាន​សង្កត់​ធ្ងន់​ទៅ​លើ ករណី​ឃាតកម្ម​លើ​លោក កែម ឡី ដែល​ប្រព្រឹត្ត​នៅ កណ្តាល​ថ្ងៃ កាល​ពី​ខែ​កក្កដា ដោយ​ជន​ឈ្មោះ ជួប សម្លាប់ ថា​ជា​ការ​ខ្វះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​ដោះស្រាយ​ករណី​នេះ។ បើ​ទោះ​បី​ជា​ខ្មាន់​កាំ​ភ្លើង​ម្នាក់​នោះ​បាន​អះអាង​ថា ការ​បាញ់​សម្លាប់ លោក កែម ឡី ដោយសារ​តែ​រឿង​ជំពាក់​លុយ​មិន​សង​ក៏​ដោយ ក៏​មនុស្ស​ជា​ច្រើន​ជឿ​ថា​ការ​សម្លាប់​នេះ​ គឺ​ជា​ការ​រៀបចំ​ទុក​ជា​មុន។ ហើយ​រហូត​មក​ទល់​ពេល​នេះ ការ​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​លើ​អ្នក​វិភាគ​សង្គម​រូប​នេះ ស្ថិត​ក្នុង​ភាព​អាថ៌​កំបាំង​នៅ​ឡើយ។

ករណី​ដែល​ត្រូវ​បាន​រិះ​គន់​ផង​ដែរ​នោះ គឺ​កា​រប្រឆាំង​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី និង​លោក កឹម សុខា តំណាងរាស្រ្ត និង​សមាជិក​គណបក្ស​ប្រឆាំង​មន្រ្តី​សិទ្ធិ​មនុស្ស សកម្មជន​ដីធ្លី និង​មន្រ្តី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត។ ដោយហេតុ បោះឆ្នោត​ឃុំ​សង្កាត់ និង​ការ​បោះឆ្នោត​ជាតិ គ្រោង​ធ្វើ​នៅ​ឆ្នាំ ២០១៧ និង​ឆ្នាំ ២០១៨ ដូច្នេះ​ហើយ​គណៈ បក្ស​កាន់​អំណាច​ខ្លាច​ចាញ់​ឆ្នោត។

អំពើ​ពុក​រលួយ​នៅ​តែ​ជា​បញ្ហា​ធំ ដែល​របាយការណ៍​បាន​លើក​ឡើង​ផង​ដែរ។ ដោយ​បាន​ចោទ​ប្រកាន់​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដើរ​តួ​ជា​ឧបករណ៍​នយោបាយ​ហើយ​មិន​ស្វែង​រក​ចាប់​ខ្លួន​មន្ត្រី​ជាន់​ខ្ពស់​ដែល​ពុក​រលួយ​ទេ។

ឆ្លើយតប​ទៅ​នឹង​របាយការណ៍​នេះ លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល បាន​ច្រាន​ច្រោល។ លោក ថា ជា​របាយការណ៍ ដែល​បំផ្លើស និង​ប្រឌិត ខុស​ពី​ការ​ពិត​នៅ​កម្ពុជា​ទាំង​ស្រុង។ មន្រ្តី​ឱ្យ​តែ​ប្រព្រឹត្តិ​ខុស​ត្រូវ​តែ​ទទួល​ខុស​ទោស ហើយ​នៅ​កម្ពុជា​មិន​ចេះ​តែ​ចាប់​អ្នក​នយោបាយ​ដាក់​គុក​នោះ​ទេ មាន​អ្នក​ដែល​តាំង​ខ្លួន​ជាង​អ្នក​នយោបាយ​ហើយ​ប្រព្រឹត្តិ​ខុស​នឹង​ច្បាប់ ដូច្នេះ​ជន​ទាំង​អស់​នោះ​ត្រូវ​តែ​ទទួល​ទោស​តាម​ច្បាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ