អានតួអត្ថបទ
កម្ពុជា-នយោបាយ

​លោក ហ៊ុន សែន ការពារ​ទស្សនៈ​លោក គង់ គាំ និង​ច្រាន​ចោល​ការ​លើក​ឡើង​របស់​លោក សុខ ឥសាន​

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ព្រលប់​ថ្ងៃទី ៤ វិច្ឆិកា ម្សិលមិញ​នេះ បាន​ចេញ​មក​ច្រាន​ចោល​ភ្លាមៗ​នូវ​ការ​លើក​ឡើង​របស់​លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​របស់​លោក ចំពោះ​ការ​លើក​ឡើង​ថា លោក គង់ គាំ អតីត​មន្ត្រី​ជាន់​ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ គឺ​ជា​រនុក​ក្នុង ឬ​ជា CIA របស់​គណបក្ស​ប្រជាជន​កម្ពុជា​។ សម្រាប់​លោក ហ៊ុន សែន ការ​លើក​ឡើង​បែប​នេះ មិន​ត្រឹម​ត្រូវ​ទេ​។ 

លោក នាយករដ្ឋមន្រ្តី ​ហ៊ុន សែន
លោក នាយករដ្ឋមន្រ្តី ​ហ៊ុន សែន @PM Hun Sen Facebook
ផ្សាយពាណិជ្ជកម្ម

គឺ​តាម​រយៈ​បទ​សម្ភាសន៍​ផ្តាច់​មុខ​ជាមួយ​គេហ​ទំព័រ​ហ្វ្រេសញូ កាល​ពី​ព្រលប់​ថ្ងៃទី ៤ វិច្ឆិកា ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា​លោក ហ៊ុន សែន បាន​អះអាង​ថា ការ​លើក​ឡើង​របស់​លោក សុខ ឥសាន ដែល​ថា លោក គង់ គាំ ជា CIA របស់​គណបក្ស​ប្រជាជនកម្ពុជា គឺ​មិន​ត្រឹម​ត្រូវ​ទេ​។ សម្រាប់​លោក ហ៊ុន សែន ការ​ថ្លែង​របស់​លោក គង់ គាំ ពាក់​ព័ន្ធ​នឹង​សហភាព​អឺរ៉ុប​ព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​ថា គ្រាន់​តែ​ជា​ឆន្ទៈ​របស់​លោក គង់ គាំ និង​មិន​ពាក់​ព័ន្ធ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ​។ តាមរយៈ​គេហ​ទំព័រ​ហ្វ្រេសញូ លោក ហ៊ុន សែន បាន​លើក​សរសើរ​លោក គង់ គាំ ថា ជា​មនុស្ស​ចេះ​ដឹង​ម្នាក់ ហើយ​ការ​លើក​ឡើង​របស់​លោក គឺ​ចេញ​ពី​ឆន្ទៈ​ពិត​ប្រាកដ​របស់​លោក​។ «លោក គង់ គាំ បានចាកចេញពីគណបក្សប្រជាជនកម្ពុជាជាផ្លូវការដោយមានលិខិតត្រឹមត្រូវ»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

គួរ​ជំរាប​ជូន​ថា លោក គង់ គាំ អតីត​មន្ត្រី​ជាន់​ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​វិទ្យុ​ក្នុង​ស្រុក​មួយ ដោយ​បាន​ហៅ​អ្នក​ព្រួយ​បារម្ភ​ពី​រឿង សហភាព​អឺរ៉ុប​ព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ឬ EBA ពី​ប្រទេស​កម្ពុជា​នោះ ថា​ជា​ក្រុម​មនុស្ស​បំពុល​សង្គម និង​បំភ័យ​កម្មករ​។

សូម​បញ្ជាក់​ថា លោក គង់ គាំ គឺ​ជា​អតីត​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ប៉ុន្តែ​បាន​សម្រេច​ចិត្ត​ចាក​ចេញ​នៅ​ឆ្នាំ​១៩៩២ បន្ទាប់​ពី​មាន​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ ២៣ តុលា ឆ្នាំ ១៩៩១ ។ ក្រោយ​មក លោក​បាន​ចូល​រួម​ជាមួយ​គណបក្ស​ប្រឆាំង​របស់​លោក សម រង្ស៊ី រហូត​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ព្រឹទ្ធាចារ្យ​នៅ​ក្នុង​ជួរ​គណបក្ស​ប្រឆាំង និង​ជា​មនុស្ស​ដែល​ស្និទ្ធ​នឹង​លោក សម រង្ស៊ី​។ ប៉ុន្តែ​ក្រោយ​ពី​ការ​រំលាយ​គណបក្ស​ប្រឆាំង​នៅ​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧​មក លោក គង់ គំា ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​ផ្លាស់​ប្តូរ​ជំហរ​នយោបាយ​១៨០​ដឺក្រេ តាម​រយៈ​ការ​គាំទ្រ គណបក្សឆន្ទៈ​ខ្មែរ​ដែល​បង្កើត​ឡើង​ដោយ​កូន​ប្រុស​ពៅ​របស់​លោក និង​បាន​ចូល​រួម​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ កាល​ពី​ខែ​កក្កដា ឆ្នាំ ២០១៨ បើ​ទោះ​បី​ជា​មាន​ការ​រិះគន់​ក្តី​។

យ៉ាង​ណា​ក៏​ដោយ តាម​រយៈ​វិទ្យុ​បារាំង​អន្តរជាតិ RFI លោក គង់ គាំ បាន​អះអាង​ថា លោក​មិន​មែន​ជារនុក​ក្នុង​របស់​គណបក្ស​ប្រជាជនកម្ពុជា ហើយ​ក៏​មិន​មែន​ជា​សមាជិក​អតីត​គណបក្ស​ប្រឆាំង​ទៀត​ដែរ​។ អ្វី​ជា​គោល​ជំហរ​នយោបាយ​របស់​លោក​នៅ​ពេល​នេះ គឺ​គាំទ្រ​គណបក្ស​នយោបាយ​មួយ ដើម្បី​ចូល​រួម​ប្រកួត​ប្រជែង​នៅ​ក្នុង​ការ​បោះឆ្នោត ហើយ​ឈាន​ទៅ​រក​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​មួយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ