អានតួអត្ថបទ
កម្ពុជា

លោក ហ៊ុន សែន បញ្ជា​ចាប់​ខ្លួន​សមាជិក​ព្រឹទ្ធសភា​គណបក្ស​​សមរង្ស៊ី ពី​បទ​ក្បត់​ជាតិ

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ស្នើ​កង​កម្លាំង​សមត្ថកិច្ច​កម្ពុជា​ឲ្យ​តាម​ចាប់​ខ្លួន​ សមាជិក​ព្រឹទ្ធសភា​មួយ​រូប មក​ពី​គណបក្ស​សមរង្ស៊ី ដែល​រង​ការ​ចោទ​ប្រកាន់​ថា បាន​ក្លែង​បន្លំ​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា-វៀតណាម តាម​រយៈ​បណ្តាញ​សង្គម​ Facebook។ លោក ហ៊ុន សែន បាន​ហៅ ​ការ​ក្លែង​បន្លំ​សន្ធិសញ្ញា ​នៅ​ក្នុង​មាត្រា​៤​នោះ​ថា គឺ​ជា​ទង្វើ​ក្បត់​ជាតិ និង​មិន​អាច​លើក​លែង​បាន​ទេ។

លោក ហុង សុខ​ហួរ​ សមាជិក​ព្រឹទ្ធសភា​ម្នាក់​របស់​គណបក្ស​​សមរង្ស៊ី​ ដែល​ត្រូវ​បាន​លោក ហ៊ុន សែន​ បញ្ជា​ឲ្យ​ចាប់​ខ្លួន។​
លោក ហុង សុខ​ហួរ​ សមាជិក​ព្រឹទ្ធសភា​ម្នាក់​របស់​គណបក្ស​​សមរង្ស៊ី​ ដែល​ត្រូវ​បាន​លោក ហ៊ុន សែន​ បញ្ជា​ឲ្យ​ចាប់​ខ្លួន។​ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

ការ​បញ្ជា​ឲ្យ​ចាប់​ខ្លួន​នេះ បាន​ធ្វើ​ឡើង ក្រោយ​ពី​សមាជិក​ព្រឹទ្ធសភា​ម្នាក់​របស់​គណបក្ស​សមរង្ស៊ី ដែល​គេ​ស្គាល់​ថា គឺ​លោក ហុង សុខហួរ បាន​បង្ហោះ​ខ្លឹមសារ​នៃ​សន្ធិសញ្ញា​សន្តិភាព មិត្តភាព និង​សហ​ប្រតិបត្តិការ រវាង​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ និង សាធារណរដ្ឋ​សង្គម​និយម​វៀតណាម​ ចុះ​ថ្ងៃ​ទី​១៨​កុម្ភៈ​ឆ្នាំ​១៩៧៩​ ដែល​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន​​ចោទ​ថា​ជា​ខ្លឹមសារ «ក្លែង​ក្លាយ»។ លោក ហ៊ុន សែន បាន​ហៅ​ទង្វើ​​នេះ​​ថា ជា​ «អំពើ​ក្បត់​ជាតិ» ដែល​ "មិន​អាច​អត់​អោន​ឲ្យ​បាន"។ ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ ដល់​និស្សិត​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ (PPIU) នៅ​ឯ​វិទ្យាស្ថាន​ជាតិ​អប់រំ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០១៥​នេះ។

ក្រៅ​ពី​បញ្ជា​ឲ្យ​កង​កម្លាំង​សមត្ថកិច្ច​តាម​ចាប់​ខ្លួន នៅ​ថ្ងៃ​នេះ លោក ហ៊ុន សែន ក៏​បាន​អំពាវនាវ កុំ​ឲ្យ​ស្ថានទូត​បរទេស​នានា រួម​ទាំង​គណបក្ស​សង្រ្គោះជាតិ​ផង លូកដៃ​ជួយ​អន្តរាគមន៍​ករណី​នេះ​ទេ។

សូម​បញ្ជាក់​ថា ការចុះផ្សាយ​ខ្លឹមសារ​នៃ​សន្ធិសញ្ញា ដែល​នាំ​ឲ្យ​លោក​នាយករដ្ឋមន្រ្តី​មាន​ការ​ខឹង​សម្បារ​នេះ ​គឺ​យោង​ទៅ​លើ​វីដេអូ​ខ្លីប​មួយ​របស់​លោក ហុង សុខហួរ សមាជិក​ព្រឹទ្ធសភា​គណបក្ស​សមរង្ស៊ី​ កាល​ពី​ថ្ងៃ​ទី​១២​សីហា ដែល​លើកឡើង​ថា នៅ​ត្រង់​ប្រការ​៤​ នៃ​សន្ធិសញ្ញា​ចុះថ្ងៃ​ទី១៨ កុម្ភៈ ឆ្នាំ​១៩៧៩ បាន​ចែង​ថា៖ "ភាគី​ទាំង​២ នឹង​ធ្វើ​កិច្ច​ចរចា​ចុះ​ហត្ថលេខា ​សម្រាប់​រំលាយ​ព្រំដែន​ជាតិ​នៃ​ប្រទេស​ទាំង​២"។ ប៉ុន្តែ​ខ្លឹមសារ​ដើម​នៃ​សន្ធិ​សញ្ញា​សន្តិភាព មិត្តភាព និង​សហប្រតិបត្តិការ ដែល​ចុះ​ហត្ថលេខា​រវាង​លោក ហេង សំរិន ដែល​កាល​ណោះ​ជា​ប្រមុខ​រដ្ឋ​នៃ​របប​ សាធារណរដ្ឋ​ប្រជាមាតិ​កម្ពុជា និង នាយក​រដ្ឋមន្រ្តី​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម នៅ​ត្រង់​មាត្រា​៤​បាន​ចែង​ថា «ភាគី​ទាំង​២ នឹង​ចរចា​គ្នា​ចុះ​ហត្ថលេខា ដោយ​ឈរ​លើ​មូលដ្ឋាន​ខ្សែ​ព្រំដែន​នា​ពេល​បច្ចុប្បន្ន ហើយ​ប្តេជ្ញា​ចិត្ត​កសាង​ខ្សែ​ព្រំដែន​នោះ​ទៅ​ជា​ខ្សែ​ព្រំដែន​សន្តិភាព​ មិត្តភាព​ដ៏​យូរ​អង្វែង​នៃ​ប្រទេស​ទាំង​២»។

នៅ​ថ្ងៃ​នេះ​ដែរ ក្រៅ​ពី​ការ​អំពាវនាវ​ដោយ​ផ្ទាល់​មាត់​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន រាជរដ្ឋាភិបាល​កម្ពុជា ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថ្កោល​ទោស​មួយ ដោយ​បាន​ហៅ​ទង្វើ​របស់​លោក ហុង សុខហួរ​ថា ជា​ទង្វើ​ឧក្រិដ្ឋ ហើយ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​ជាតិ ស្ថិរភាព​នយោបាយ​ អធិបតេយ្យភាព ​និង​បូរណភាព​ទឹកដី​នៃ​ប្រទេស​កម្ពុជា។

ចំណែក​ឯ​គណបក្ស​សមរង្ស៊ី​វិញ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​កោះ​ប្រជុំ​សមាជិក​គណកម្មាធិការ​អចិន្រ្តៃយ៍​របស់​ខ្លួន​ជា​បន្ទាន់ និង​បាន​ជួប​ប្រជុំ​ជាមួយ​នឹង​មេធាវី​ផង​ដែរ ដើម្បី​សិក្សា​ទៅ​លើ​សំណុំ​រឿង​ចោទ​ប្រកាន់​នេះ។ នេះ​បើ​តាម​លោក គង់ គាំ ប្រធាន​គណបក្ស​សម រង្ស៊ី​។ ចំណែក​ឯ​លោក អ៊ូ ច័ន្ទឬទ្ធិ សមាជិក​សភា​គណបក្ស​សង្រ្គោះជាតិ បាន​បង្ហាញ​ការ​សោកស្តាយ​ចំពោះ​ការ​តាម​ចាប់​ខ្លួន​សមាជិក​ព្រឹទ្ធសភា​គណបក្ស​របស់​លោក​សមរង្ស៊ី ដែល​នៅ​មាន​អភ័យ​ឯក​សិទ្ធិ​នេះ។ ប៉ុន្តែ​មន្រ្តី​រដ្ឋាភិបាល​បាន​បញ្ជាក់​ថា អភ័យ​ឯកសិទ្ធិ​នៃ​សមាជិក​ព្រឹទ្ធសភា​នេះ មិន​អាច​រារាំង​ដល់​ការ​ចាប់​ខ្លួន​សមាជិក​ព្រឹទ្ធសភា ដែល​រដ្ឋាភិបាល​ចាត់​ទុក​ថា ជា​ករណី​បទ​ល្មើស​ជាក់​ស្តែង​នេះ​ទេ។

សូម​បញ្ជាក់​ថា ភ្លាមៗនេះ ក្រោយ​ពី​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជា​ឲ្យ​មាន​ការ​ចាប់​ខ្លួន​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សមរង្ស៊ី​នេះ នៅ​ព្រឹកមិញ​នេះ កង​កម្លាំង​សមត្ថកិច្ច​ជា​ច្រើន ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​តាម​ស្ថានទូត​នានា ពិសេស​នៅ​មុខ​ស្ថានទូត​បារាំង ស្ថានទូត​សហរដ្ឋអាមេរិក និង​នៅ​តាម​កន្លែង​ជា​ច្រើន​ទៀត ដើម្បី​ស្ទាក់​ចាប់​ខ្លួន​លោក ហុង សុខហួរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ