អានតួអត្ថបទ
កម្ពុជា

អ្នក​នាំ​ពាក្យ​បក្ស​ប្រឆាំង​៖ ផ្ដល់​ផែនទី​ដល់​រាជបណ្ឌិត្យសភា ជា​ប្រយោជន៍​ក្នុង​ការ​ស្រាវជ្រាវ

ដូច​​ការ​គ្រោង​ទុក នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រគល់​ផែនទី​ចំនួន​២៦​ផ្ទាំង ទៅ​ឲ្យ​​ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា ដឹក​នាំ​ដោយ​លោក សុខ ទូច​។ ផែនទី​ទាំង​២៦​ផ្ទាំង​ដែល​​​ផ្ដល់​ទៅ​ឲ្យ​រាជបណ្ឌិត្យ​សភា​កម្ពុជានៅ​ថ្ងៃនេះ គឺ​ជា​ផែនទី​ដែល​បក្ស​ប្រឆាំង​ទិញ​ពី​ប្រទេស​បារាំង ដែល​រួម​មាន​ ផែនទី​​អេឡិចត្រូនិក និងផែនទី​​ក្រដាស។ មន្ដ្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ យល់​ថា ការ​ផ្ដល់​ផែនទី​ដល់​រាជបណ្ឌិត្យសភា​នា​ពេល​នេះ គឺ​ជា​ប្រយោជន៍ចំពោះ​ការ​ស្រាវជ្រាវ​ មុន​នឹង​ឈាន​ទៅ​ធ្វើ​ការ​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី​ដែល​រដ្ឋាភិបាល​កម្ពុជា​កំពុង​ប្រើ និង​ផែនទី​ដែល​ខ្ចី​ពី​អង្គការ​សហប្រជាជាតិ​។

ពិធី​ប្រគល់​ផែនទី ​ដែល​ត្រូវ​​បាន​​ប្រគល់​​ដោយ​​គណបក្ស​សង្រ្គោះ​ជាតិ ​ទៅ​ឲ្យ​រាជបណ្ឌិត្យ​សភា​កម្ពុជា។​
ពិធី​ប្រគល់​ផែនទី ​ដែល​ត្រូវ​​បាន​​ប្រគល់​​ដោយ​​គណបក្ស​សង្រ្គោះ​ជាតិ ​ទៅ​ឲ្យ​រាជបណ្ឌិត្យ​សភា​កម្ពុជា។​ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

ផែនទី​ក្រដាស​និង​អេឡិចត្រូនិក ចំនួន​២៦​ ត្រូវ​បាន​ផ្ដល់​ឲ្យ​ក្រុម​អ្នក​ស្រាវជ្រាវនៃ​រាជបណ្ឌិត្យ​សភា នៅ​ក្នុង​ពិធី​ផ្លូវការ​មួយ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​១០​សីហា​នេះ នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​​សង្គ្រោះ​ជាតិ​។ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ូ ច័ន្ទឬទ្ធិ ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ​ថា ការ​ផ្ដល់​ផែនទី​ដល់​រាជបណ្ឌិត្យសភា​នា​ពេល​នេះ គឺ​ជា​ប្រយោជន៍ចំពោះ​ការ​ស្រាវជ្រាវ​អំពី​បញ្ហា​ព្រំដែន និង​ភាព​ចម្រូង​ចម្រាស់​នៃ​ផែនទី​កម្ពុជា មុន​នឹង​ឈាន​ទៅ​ធ្វើ​ការ​ផ្ទៀងផ្ទាត់​ជា​ផ្លូវការ​ជាមួយ​​រដ្ឋាភិបាល​កម្ពុជា​ និង​ភាគី​ពាក់ព័ន្ធ​ដទៃ​ទៀត​​។

គួរ​ជម្រាប​ជូន​ថា ផែនទី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ផ្ដល់​ឲ្យ​រាជបណ្ឌិត្យ​សភា​នា​ពេល​នេះ គឺ​ជា​ផែនទី​បង្ហាញ​ពី​ព្រំដែន​កម្ពុជា​វៀតណាម ខ្នាត​១​លើ​១០០​ពាន់ ដែល​លោក សម រង្ស៊ី ប្រធាន​​គណបក្ស​សង្គ្រោះជាតិ បាន​បញ្ជា​ទិញ​ពី​ប្រទេស​បារាំង ក្នុង​តម្លៃ​១៦៨​ដុល្លារ​
អាមេរិក​។

ក្រៅពី​ផ្ដល់​ផែនទី​ទៅ​ឲ្យ​រាជបណ្ឌិត្យ​សភា លោក អ៊ូ ច័ន្ទឬទ្ធិ ក៏​បាន​អះអាងដែរ​​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​រៀបចំ​ក្រុមការងារ​ជំនាញ ដើម្បី​ត្រៀម​ខ្លួន​ចូល​រួមធ្វើ​ការ​ជាមួយ​រដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ​នានា។ ក្នុង​នោះ រឿង​សំខាន់​គឺ​ផ្ទៀងផ្ទាត់​ផែនទី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​មាន ជាមួយ​ផែនទី​ដែល​រដ្ឋាភិបាល​កម្ពុជា​កំពុង​ប្រើ ក៏​ដូច​ជា​ផែនទី​ដែល​អង្គការ​សហប្រជាជាតិ​​ទើប​តែ​ឲ្យ​ខ្ចី​។

ចំពោះ​ការ​ផ្ទៀងផ្ទាត់​ផែនទី​នេះ សូម​រំលឹក​ជូនផង​ដែរ​ថា រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​គណៈកម្មការ​មួយ ដែល​មាន​រដ្ឋមន្ដ្រី​ក្រសួង​ការ​បរទេស លោក ហោ ណាំហុង ជា​ប្រធាន អម​ដោយ​អនុ​ប្រធាន​ពីរ​រូប គឺ​លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មការ​ចម្រុះ​កិច្ច​ការ​ព្រំដែន​កម្ពុជា និង​លោក អ៊ឹម ឈុនលឹម រដ្ឋ​មន្ដ្រី​ក្រសួង​ដែនដី​។ គណៈកម្មការ​នេះ នឹង​ចាត់​ចែង​សម្រប​សម្រួល​ការ​ទទួល ការ​ប្រគល់ និង​ការ​ពិនិត្យ​ផ្ទៀងផ្ទាត់ផែនទី​ដែល​ខ្ចី​ពី​អង្គការ​សហប្រជាជាតិ ដោយ​មាន​ការ​ចូលរួម​ពី​បក្ស​ប្រឆាំង រាជបណ្ឌិត្យសភា និង​អ្នក​ជំនាញ​ផែនទី​ទាំង​ជាតិ​និង​អន្ដរជាតិ​ផង​ដែរ​។ បើ​តាម​រដ្ឋាភិបាល គណៈកម្មការ​ថ្មី​នេះ នឹង​រៀបចំ​ការ​ពិនិត្យ​ផ្ទៀងផ្ទាត់​ផែនទី ប្រកប​ដោយ​តម្លាភាព និង​ភាព​ត្រឹម​ត្រូវ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ