អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

បើ​ធ្វើ​អត្តសញ្ញាណ​បណ្ណ​ប្រគេន​ព្រះសង្ឃ តើ​អាចផ្លាស់​​ប្តូរសំឡេង​ឆ្នោតដែរឬទេ​?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចំនួន​​ព្រះ​សង្ឃនៅស្រុក​ខ្មែរ មាន​ជាង​​៥ម៉ឺន​អង្គ។ ក្នុង​នោះ​គឺមាន​​ព្រះ​សង្ឃ​ តែ​ជាង​៨ពាន់​៨​រយ​​អង្គ តែប៉ុណ្ណោះ ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោតឃុំ​សង្កាត់​។ ការ​មិន​សូវ​មាន​​សង្ឃ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ច្រើន គឺអាច​មកពី​ការ​ហាម​ប្រាម​របស់​មន្ត្រី​សង្ឃ​ជាន់​ខ្ពស់ និង​មកពី​គ្មាន​អត្ត​សញ្ញាណប័​ណ្ណ ដែល​ជា​ឯកសារ​ចម្បង​បម្រើ​ឲ្យ​ការ​ចុះ​ឈ្មោះបោះឆ្នោត។ ដូច្នេះ​​សួរថា បើ​គេ​ធ្វើ​អត្តសញ្ញាណ​បណ្ណ​ប្រគេន​ព្រះសង្ឃ តើ​អាចនឹងផ្លាស់​​​ប្តូរសំឡេង​ឆ្នោតដែរឬទេ​?

ព្រះសង្ឃ​បិណ្ឌបាត្រ
ព្រះសង្ឃ​បិណ្ឌបាត្រ RFI/ Siv Chana
ផ្សាយពាណិជ្ជកម្ម

​ព្រះ​សង្ឃ​មាន​តែ​ជាង​ ៨ ៨០០ អង្គ តែប៉ុណ្ណោះ ក្នុង​ចំណោម​ព្រះ​សង្ឃទាំងជាង​​៥ម៉ឺន​អង្គ ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​ក្រុម​ប្រឹក្សា​សង្កាត់​ សម្រាប់​ឆ្នាំ​២០១៧​នេះ​។​ មាន​មូលហេតុ​ច្រើន​យ៉ាង​ដែលបណ្តាល​ឲ្យ​​ព្រះ​សង្ឃ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត បាន​តិច​តួច​យ៉ាងដូច្នេះ។

 

បញ្ហា​ចម្បង​ទី១ គឺ​មកពី​​គ្មាន​អត្ត​សញ្ញាណប័​ណ្ណ ដែល​ជា​ឯកសារ​ចម្បង​បម្រើ​ឲ្យ​ការ​ចុះ​ឈ្មោះបោះឆ្នោត។ ព្រះ​សង្ឃភាគ​ច្រើន​នៅ​ស្រុក​ខ្មែរ គឺ​​គ្មាន​អត្ត​សញ្ញាណបណ្ណ​ទេ ​មាន​តែ​បណ្ណ​សម្គាល់​ភេទ​អ្នក​បួស គឺ​ព្រះ​ឆាយា សម្រាប់​ព្រះភិក្ខុ ហើយ​សង្ឈដីកា សម្រាប់​សម​ណេរ។ ​

បញ្ហា​ទី២ គឺ​មាន​ការអំពាវវនាវ​​ណែនាំ​ពីសំណាក់​​មន្ត្រីសង្ឃ​​ខ្ពស់​ជាន់​ខ្ពស់​ នៅក្នុង​អនុសំវច្ចរៈ​មហា​សន្និបាត​សង្ឃ​ ប្រជុំ​មន្ត្រី​សង្ឃ​ទូទាំង​ប្រទេស ដែល​ចេញ​សង្ឃ​ប្រកាស មិន​ឲ្យ​ព្រះ​សង្ឃ​ប្រលូក​ប្រឡាក់​ពាក់ព័ន្ធ​នឹង​រឿងនយោបាយ​ ហើយ​គួរ​តម្កល់​នៅ​ជាទី​ស្អាត​ស្អំ និង​ជាអព្យាក្រឹត្យ​។

ទី​៣ ព្រះ​សង្ឃ​អង្គ​ខ្លះ​ដែល​មាន​មនសិការ​ស្ទុះ​ស្ទា​ទៅចុះ​ឈ្មោះ​បោះ​ឆ្នោត​ដែរ តែ​គ្មាន​ឯកសារ​គ្រប់​គ្រាន់ គ្មាន​សំបុត្រ​កំណើត គ្មាន​ការ​បញ្ជាក់​ទី​លំនៅ​ជាដើម។ ចូរ​កុំភ្លេច​ថា សង្ឃ​ភាព​ច្រើន​ ពេល​បួស​ហើយ គឺ​ច្រើន​តែ​​បាន​ផ្លាស់​ប្តូរ​វត្ត ឬផ្ទេរ​​វត្ត​អារាមពី​ជនបទ​ទៅគង់​នៅ​វត្តក្នុង​ទី​ក្រុង ឬ​ទីប្រជុំ​ជន ដើម្បី​បាន​​បន្ត​ការ​សិក្សា​ជ្រៅ​ជ្រះ​។ ដូច្នេះ ការ​បញ្ជាក់​ឯកសារ​នានា បើ​គ្មាន​ការ​ឯកភាព​ ឬ​ជួយសម្រប​សម្រួល​ពី​ព្រះចៅ​អធិការវត្ត​ ឬ​អ្នក​ធានា​ផ្សេងៗទេ​ គឺ​ជា​ការ​លំបាក​ណាស់​​។

ទី៤ ទៀត​សោត គឺទាក់ទង​នឹង​ឆន្ទៈនៅក្នុង​ចូលរួមទៅ​ចុះឈ្មោះ​បោះឆ្នោត​តែម្តង​។ ព្រះ​សង្ឃ​ខ្លះ​ យល់​ឃើញ​ពី​ភាព​ស្មុគ​ស្មាញ​ចំពោះ​​សំណុំ​បែប​បទឯកសារ​នានា​ ដែលបម្រើ​ឲ្យ​ការ​បោះឆ្នោត​របស់ខ្លួន​ គឺ​មិន​គ្រប់​គ្រាន់​ ហើយ​ក៏​មិន​នឹក​នា​ ឬ​ក៏​មិន​ខ្នះខ្នែង​ទៅ​ចុះ​ឈ្មោះ​តែម្តង។ ប៉ុន្តែ​សង្ឃ​អង្គខ្លះ ក៏​ខំ​ខ្នះខ្នែង​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ដែរ តែ​ពុំ​មាន​លិខិត​ស្នាម​ត្រឹមត្រូវ បាន​​ត្រូវ​​បាត់​បង់​សិទ្ធិ​ចុះឈ្មោះ ក៏​មាន​ដែរ។​

ហើយ​ចុង​ក្រោយ​គឺ​ពាក់ព័ន្ធនឹង​ផ្នត់​ទម្លាប់​ និង​គំនិត​របស់​សង្គមមនុស្ស​ គឺ​នៅតែ​បន្ត​គិតថា ព្រះ​សង្ឃ​មិន​គួរ​ចូលរួមនៅ​ក្នុងសកម្មភាព​​នយោបាយ​នោះទេ។ ​ក៏ប៉ុន្តែ​ ​ជាផ្លូវការ​ ចំពោះច្បាប់​រដ្ឋ​ធម្មនុញ្ញ និង​ច្បាប់​បោះឆ្នោត​របស់​ជាតិ​ខ្មែរ គឺ​គ្មាន​មាត្រា​ណា​មួយ​ហាម​ប្រាម​នោះឡើយ។ ព្រះ​សង្ឃ​ក៏​ដូច​ពលរដ្ឋ​ទូទៅដែរ មាន​សិទ្ធិចុះ​ឈ្មោះ​​បោះឆ្នោត និង​​សិទ្ធិ​ទៅបោះឆ្នោត ឲ្យ​តែមាន​អត្តសញ្ញាណបណ្ណ និង​ឯកសារ​ត្រឹមត្រូវ​។

ដូច្នេះ​ សួរ​ថា ប្រសិន​បើ​​អាជ្ញធរ​រដ្ឋ​សម្រេច​ធ្វើ​អត្ត​សញ្ញាណបណ្ណ​ប្រគេ​ន​ព្រះសង្ឃ តើ​អាច​នឹង​ធ្វើ​ឲ្យ​ប្រែប្រួល​សំឡេង​ឆ្នោត ឬ​បង្កើត​អាសនៈ​សភា​ដែរឬទេ?

ចម្លើយតាម​ព្រះ​សង្ឃមួយ​ចំនួន​ និងរាប់​ទាំង​មន្ត្រី​សង្ឃ​ជាន់​ខ្ពស់​ផង​ គឺការ​ធ្វើ​​អត្ត​សញ្ញាណ​បណ្ណ ទទួល​ស្គាល់​ភេទ​អ្នក​បួស ថាបាន​​កើត​នៅលើ​ទឹក​ដីនេះនិង​មានសញ្ជាតិ​​ខ្មែរ​ដែរនោះ​ គឺគ្មាន​ការខុស​ឆ្គង​ទៅ​នឹង​ធម្មវិន័យ​អ្វី​ទេ។​ ​ព្រះ​សង្ឃដែល​ប្រសូត្រ​​លើទឹក​ដី​ខ្មែរ គឺ​គួរ​​មាន​អត្តសញ្ញាណបណ្ណ​សញ្ជាតិ​ខ្មែរ​ដូច​ពលរដ្ឋ​ខ្មែរ​ទូទៅដែរ។

ម្យ៉ាង​ឆ្លើយថាបើ​សង្ឃ​មាន​​អត្តសញ្ញាណបណ្ណ​ ហើយ​​សិទ្ធិ​ទូលំទូលាយ​ចូលរួម​បោះឆ្នោត​ទៀត​​​នោះ គឺអាច​​ធ្វើ​ឲ្យ​សំឡេង​ឆ្នោត​ផ្លាស់​ប្តូរ ឬ​បង្កើត​អាសនៈ​សភាយ៉ាងណា​នោះ​ ក៏​មិន​ទាន់​ប្រាកដដែរ​​។ ដ្បិត​ថា តាម​លក្ខណៈ​បច្ចេកទេស​ គឺអាច​មាន​ភាពលំបាក​​ស្មុគ​ស្មាញ​ក្នុង​ការ​គណនា​របាយ​សង្ឃ​។ ក៏ប៉ុន្តែ ជាក់​ស្តែង​ ច្បាស់​ណាស់​​ ចំពោះការ​បោះឆ្នោត​ឃុំសង្កាត់ គឺ​នឹង​ត្រូវ​បូក​ជាមួយ​សំឡេង​ពលរដ្ឋ​ទូទៅ​ដែរ។ ចំណែក​ចំពោះការ​បោះឆ្នោត​ជាតិវិញ ចំនួន​ព្រះសង្ឃ​ ប្រមាណ​ជាង​៥ម៉ឺន ចំនួន​ប៉ុណ្ណេះ គឺអាច​ស្មើ​១កៅ​អី​ដែរ។​ នេះបើ​តាម​ការ​គន់គូរ​របស់​អ្នក​នាំពាក្យ​គ.ជ.ប.។​

ដូច្នេះ បើ​ព្រះសង្ឃនៅទៅ​ទូទាំង​ប្រទេស ទៅ​ចុះឈ្មោះ​បោះឆ្នោត និង​បោះឆ្នោតបាន​​ច្រើនអង្គ​ នោះ ទោះ​តិច​ឬច្រើន ច្បាស់​ជា​ សំឡេងឆ្នោត អាច​នឹង​ថែម ឬថយ​ខ្លះ​ ចំពោះ​តំណាង​បក្ស​នយោបាយ​ណាមួយ​ជា​ប្រាកដ។

ហើយ​វា​នឹង​ប្រែប្រួល​ទៅទៀត ទៅតាម​ឆន្ទៈ ជី​វភាព​ និងការ​អប់រំ​របស់​សង្ឃ។ ព្រោះថា បើ​ព្រះសង្ឃ​គង់​នៅ​វត្ត​អារាម​ណា​ដែល​មាន​ការ​គំរាម​តឹងតែង និង​ជួប​អត្តខាត់ ទំនង​ជា​នឹង​ចង់​ផ្លាសប្តូរ​​ស្ថានភាពខ្លះដែរ​។

ហើយ​សង្ឃ​ខ្លះទៀត ដែល​មាន​សីលធម៌​ខ្ពស់ និង​បាន​ទទួល​ការ​អប់រំជ្រៅជ្រះ ហើយ​បើ​ពេល​ទទួល​សិទ្ធិ​ពេញ​ទី​សម្រាប់​ចូលរួម​សកម្មភាព​នយោបាយទៀត​នោះ​ លោក​អាច​នឹង​ចូលរួម​ទេសនា​ពន្យល់​ពលរដ្ឋ​ជាទូទៅ​ ឲ្យ​ចូលរួម​បោះឆ្នោត​បាន​កាន់តែ​ច្រើន។ ហើយទីបំផុត ​សំឡេង​ឆ្នោត អាចនឹង​រឹងតែផ្លាស់ប្តូរ​ថែមទៀត។

យ៉ាង​ណា​ក៏ដោយ ការធ្វើ​​អត្តសញ្ញាណ​បណ្ណ​ប្រគេន​សង្ឃ អាច​ឲ្យ​សង្ឃ​ចុះឈ្មោះ និង​បោះ​ឆ្នោត​​បាន​កាន់តែទូលំទូលាយ នឹង​កាន់តែ​ធ្វើ​ឲ្យ​ការ​ចូលរួម​គោរព​សិទ្ធិ​បោះឆ្នោត​របស់​ពលរដ្ឋ​បានកាន់តែ​​ច្រើន ហើយ​នេះ​ក៏​ជា​ចន្ទល់ ​នៃ​ប្រជាធិបតេយ្យ​ របស់​​ខ្មែរ ទៅថ្ងៃ​ខាងមុខ ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ