អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ការ​សាយភាយ​គ្រឿង​ញៀន​ទៅ​ដល់​ជនបទ​ ជា​ការ​ទាញ​សញ្ញា​អាសន្ន​នៃ​អនាគត​យុវជន​ខ្មែរ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

គ្រឿង​ញៀន​កំពុង​ក្លាយ​ជា​ក្តី​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំ​ងឡើង​ នៅ​ក្នុង​សង្គម​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ។​ របាយការណ៍​ថ្មី​ៗ​នេះ​បាន​បង្ហាញ​ថា​ គ្រឿង​ញៀន​មិន​ត្រឹមតែ​មាន​ការ​ប្រើ​ប្រាស់​​កើន​​ឡើង​នៅ​ទីក្រុង​នោះ​ទេ​ ក៏​ប៉ុន្តែ​វា​កំពុង​តែ​រីក​សុះសាយ​ទៅ​ដល់​គ្រប់​ច្រកល្ហក​នៃ​ទី​ជនបទ​ស្រុកស្រែ​ចំការ​ថែម​ទៀត។ ក្រុម​អ្នក​វិភាគ​បាន​ទាញ​សញ្ញា​អាសន្ន​ថា​ គ្រឿង​ញៀន​បាន​នឹង​កំពុង​បង្ករ​គ្រោះថ្នាក់​យ៉ាង​ធ្ងន់ធ្ងរ​ ទៅ​ដល់​អ​នាគត​នៃ​យុវជន​ខ្មែរ។

ពិធី​ដុតបំផ្លាញ​គ្រឿងញៀន នៅ​ក្នុង​ខ័ណ្ឌ​មានជ័យ នា​ពេ​ល​កន្លង​មក​
ពិធី​ដុតបំផ្លាញ​គ្រឿងញៀន នៅ​ក្នុង​ខ័ណ្ឌ​មានជ័យ នា​ពេ​ល​កន្លង​មក​ RFI/Channa Siv
ផ្សាយពាណិជ្ជកម្ម

​កន្លង​ទៅ​គេ​ធ្លាប់​តែ​ឮ​និង​ដឹង​ជា​ទូទៅថា​ គ្រឿង​ញៀនមា​ន​តែ​នៅ​ទីប្រជុំជន​ធំ​ៗ​ ឬ​នៅ​តែ​ទីក្រុង​ប៉ុណ្ណោះ ​ក៏​ប៉ុន្តែ​របាយការណ៍​ថ្មី​ៗ​នេះ​បាន​បង្ហាញ​ថា ​គ្រឿង​ញៀន​កំពុង​ច្រៀត​ខ្លួន​ចូល​ទៅ​ដល់​គ្រប់​ច្រកល្ហក​នៃ​ទី​ជនបទ​ស្រុក​ស្រែ​ចំការ​នៅ​ទូទាំង​ប្រទេស។​

បើ​ដូច្នេះ ​តើ​អនាគត​នៃ​យុវជន​ខ្មែរ​នឹង​ទៅ​ជា​យ៉ាង​ណា?​

យោង​តាម​របាយការណ៍​៩​ខែ​ឆ្នាំ​២០១៥​ ដែល​បង្ហាញ​ដោយ​ លោក​ ម៉ក់ ជីតូ ​អគ្គស្នងការ​រង​នគរបាល​ជាតិ​ទទួល​បន្ទុក​ប្រឆាំង​គ្រឿង​ញៀន​នៃ​ក្រសួង​មហា​ផ្ទៃ​កាលពី​ដើម​សប្តាហ៍​នេះ​បាន​បង្ហាញ​ថា​ ការ​បង្រ្កាប​​គ្រឿងញៀន​នៅ​ទូទាំង​ប្រទេស​ បាន​កើន​ឡើង​៣​ដង​ បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​២០១៤។ ក្នុង​នោះ​ សមត្ថកិច្ច​កម្ពុជា​បាន​បង្រ្កាប​ករណី​គ្រឿង​ញៀន​បាន​ចំនួន​១៦៦៨​ករណី​ ខណៈ​ការ​បង្រ្កាប​នៅ​ឆ្នាំ​២០១៤​បាន​តែ​៥៦៤​ករណី​ប៉ុណ្ណោះ។ ​របាយការណ៍​ក៏​បាន​បង្ហាញ​ថា​ ៩​ខែ​មក​នេះ ​អាជ្ញាធរ​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​និង​ជន​ល្មើស​បាន​ ៣៤០២នាក់ និង​ដក​ហូត​គ្រឿង​ញៀន​ជា​ច្រើន​ប្រភេទ​បាន​ជាង​៨៧​គីឡូក្រាម​។​ នេះ​គឺ​ជា​តួលេខ​ដ៏​ភ្ញាក់​ផ្អើល​មួយ​ ដែល​ករណី​គ្រឿង​ញៀន​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​កើន​ឡើង​ដល់​ទៅ​៣​ដង​ តែ​ក្នុង​រយៈ​ពេល​៩​ខែ។ ​ប៉ុន្តែ​បើ​តាម​ការ​ពន្យល់​ពី​មន្រ្តី​ជាន់​ខ្ពស់​កម្ពុ​ជាថា​ ការ​កើន​ឡើង​នេះ​ មិនមែន​មាន​ន័យ​ថា ​គ្រឿង​ញៀន​នៅ​កម្ពុជា​មាន​ច្រើន​ជាង​ឆ្នាំ​មុន​នោះទេ​ តែ​នោះ​គឺ​ជា​សកម្មភាព​ដ៏​ផុសផុល​នៃ​ការ​បង្រ្កាប​គ្រឿង​ញៀន​នៅ​ឆ្នាំ​នេះ។​

ការ​អះអាង​បែប​នេះ​ក៏​ម្យាង​ដែរ​ ក៏​ប៉ុន្តែ​ចូល​កុំភ្លេច​ថា​ បើ​ក​រណី​គ្រឿង​ញៀនមិ​ន​កើន​ឡើង​ទេ ​​ក៏​មិន​មាន​ការ​បង្រ្កាប​ច្រើន​បែប​នេះ​ដែរ។ ហើយ​​ម្យ៉ាង​វិញ​ទៀត ​ពី​មុន​គ្រឿង​ញៀន​ គឺ​មាន​តែ​នៅ​ទីក្រុង​ និង​ទីប្រជុំជន​​​ធំ​​ៗ​​ប៉ុណ្ណោះ​ ​ប៉ុន្តែ​​បច្ចុប្បន្ន​​នេះ​​ គ្រឿង​​ញៀន​​កំពុង​​តែ​​រីក​សាយ​​ភាយ​​ទៅ​​ដល់​​ទី​ជនបទ​​ស្រុក​ស្រែ​​ចំការ​ ​និង​​គ្រប់​ច្រកល្ហក​ថែម​ទៀត។

​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ ពី​មុនមាន​ត្រឹមតែ​ក្រុម​មនុស្ស​ដែល​ជា​យុវជន​ស្ថិត​នៅ​អាយុ​ចន្លោះ​ពី​១៨​ទៅ​២៥​ឆ្នាំ​តែ​ប៉ុណ្ណោះ ​ក៏​ប៉ុន្តែ​បច្ចុប្បន្ន​ សូម្បី​តែ​បុរស​មាន​ប្រពន្ធ​ មាន​កូន​១​ ឬ​កូន​២​ទៅ​ហើយ​នោះ ​ក៏​កំពុង​ធ្លាក់​ខ្លួន​ក្លា​យជា​អ្ន​ក​ញៀន​ថ្នាំ​ផង​ដែរ។​ គ្រឿង​ញៀន​ដែល​គេ​និយម​ប្រើប្រាស់​នៅ​តាម​ទី​ជនបទ​ភាគ​ច្រើន​ ជា​ប្រភេទ​គ្រឿង​ញៀន​សំយោគ ​ដែល​មាន​តម្លៃ​ថោក​ ហើយ​ងាយ​ស្រួល​រក​ទិញ ​លាក់ទុក​ និង​ការ​ប្រើប្រាស់។​ បើ​តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ថា​ បច្ចុប្បន្ន​នេះ​ ប្រទេស​កម្ពុជា​មាន​អ្នក​ញៀន​ថ្នាំ​តែ​ជាង​៨៨៣២​នាក់​ប៉ុណ្ណោះ ​ក៏​ប៉ុន្តែការ​សន្និដ្ឋា​ន​ថ្មី​ៗ​នេះ​បាន​រក​ឃើញ​ថា ​កម្ពុជា​អាច​មាន​អ្នក​ញៀន​ថ្នាំ​ដល់​ទៅ​ជិត​២​ម៉ឺន​នាក់​នៅ​ទូទាំង​ប្រទេស។​

មាន​កត្តា​មួយ​ចំនួន​ ដែល​ធ្វើ​ឲ្យ​ការ​ប្រើប្រាស់​គ្រឿង​ញៀន​ បាន​រីកសាយ​ភាយ​ទៅ​ដល់​ទី​ជនបទ​។ ​កត្តា​ទាំង​នោះរួ​ម​មាន៖​

-ទី១ ​គឺ​ដោយសារ​តែ​បញ្ហា​ចំណាក​ស្រុក។ មាន​ន័យ​ថា​ យុវជន​ខ្មែរ​ដែល​ធ្វើ​ចំណាក​ស្រុក​ពី​ភូមិដ្ឋាន​ជនបទ​មក​កាន់​ទីក្រុង​ឬ​ចំណាក​ស្រុក​ពី​ជនបទ​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ជិត​ខាង​ ដូចជា ​ប្រទេស​ថៃ​ជា​ដើម។ ពួកគេ​ងាយ​នឹង​ទទួល​ការ​សេព​គ្រឿង​ញៀន​ជាង​គេ។​

-ទី២​ មក​ពី​ការ​ផ្សព្វផ្សាយ​អប់រំ​ពី​គ្រោះថ្នាក់​គ្រឿង​ញៀន​នៅ​មាន​កំរិត​ ដែល​ធ្វើ​ឲ្យ​យុវជន​ មួយ​ចំនួន​យល់​ផ្ទុយ​ថា ​គ្រឿងញៀន​គឺ​ជា​ថ្នាំ​ប៉ូវ​កម្លាំង​ អាច​បង្កើន​ប្រសិទ្ធ​ភាព​ការងារ​ កាត់​បន្ថយ​ភាព​នឿយហត់​ ធ្វើ​ឲ្យ​មាន​ភាព​សប្បាយ​រីករាយ ​និង​បង្កើ​ន​សមត្ថភាព​ផ្លូវ​ភេទ​ជា​ដើម។
​ក៏​ប៉ុន្តែ​ពួកគេ​មិន​ដឹង​ទេ​ថា ​ការ​ប្រើប្រាស់​គ្រឿង​ញៀន ​នាំ​ឲ្យ​បាត់បង់​សតិ​សម្បជញ្ញៈ​ ហើយ​ធ្លាក់​ខ្លួន​ជា​ជន​ឧក្រឹដ្ឋ​ថែម​ទៀត​ ប្រសិន​បើ​បុគ្គល​នោះ​ ឈាន​ទៅ​ប្រើប្រាស់​អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ​ឬ​សង្គម​ជាតិ។

-និង​ទី​៣ ​គឺ​បណ្តាល​មក​ពី​ការ​លក់​គ្រឿង​ញៀន​សំយោគ​នោះ​ មាន​តម្លៃ​ថោក​ពេក​ ដែល​អាច​ផ្តល់​លទ្ធភាព​ងាយ​ស្រួល​ដល់​យុវជន​ និង​បុរស​ញៀន​ថ្នាំ​ទាំង​ឡាយ ​នៅ​តាម​ទី​ជនបទ​ ទិញ​-លក់ ​លាក់​ទុក​ និង​ប្រើ​ប្រាស់​ជា​ដើម។​

យ៉ាង​ណា​ក៏​ដោយ ​ប្រឈម​នឹង​ស្ថានភាព​នេះ​ នៅ​ចំពោះ​មុខ​ អាជ្ញាធរ​កម្ពុជា​កំពុង​ចាត់​វិធាន​ការ​មួយ​ចំនួន។​ វិធាន​ការ​ទាំង​នោះ​រួម​មាន៖​
-ការ​ទប់​ស្កាត់​តំរូវ​ការ​
-ការ​កាត់​ផ្តាត់​ទីផ្សារ​
-ការ​ព្យាបាល​ដល់​អ្នក​ញៀន
​-ការ​អនុវត្ត​តាម​ច្បាប់​
-និង​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ក្បែរ​ខាង​ ដើម្បី​ទប់ស្កាត់​នៃ​ការ​ហូរ​ចូល ​គ្រឿង​ញៀន​មក​កាន់​កម្ពុជា​ជា​ដើម។​ ពីព្រោះ​តាម​របាយការណ៍​កន្លង​មក​បាន​បញ្ជាក់​ថា ​កម្ពុជា​​​មិនមែន​ជា​ប្រទេស​ផលិត​នោះ​ទេ ​តែ​ជា​ប្រទេស​នៃ​ការ​ឆ្លង​កាត់​គ្រឿង​ញៀន។​

ក៏​ប៉ុន្តែ​មាន​ការ​ចោទ​សួរ​ថា​ វិធាន​ការ​មាន​ហើយ ​ការប​ង្រ្កាប​ក៏​មាន​ច្រើ​ន​ដែរ​ ចុះ​ហេតុអ្វី​បាន​ជា​ករណី​គ្រឿង​ញៀននៅ​តែ​មិន​ថម​ថយ? ផ្ទុយ​ទៅ​វិញ ​វា​កាន់​តែ​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ ហើយ​កាន់​តែ​រីក​ធំ​ទៅ​ៗ។ បើ​ដូច្នេះ​ តើ​អនាគត ​យុវជន​ខ្មែរ​នឹង​ទៅ​ជា​យ៉ាង​ណា?​ ហើយ​តើ​រដ្ឋាភិបាល ​នឹង​ដោះស្រាយ​យ៉ាង​ណា ​ចំពោះ​បញ្ហា​សង្គម​ដ៏​ធ្ងន់ធ្ងរ​ដែល​នឹង​អាច​កើត​ឡើង​នៅ​ពេល​ខាង​មុខ​នេះ?

​អ្វី​ដែល​ជា​វិធាន​ការ​ល្អ​បំផុត​នោះ ​គឺ​អាជ្ញាធរ​ត្រូ​វ​ចាត់​វិធានកា​រ​ប្រកប​ដោយ​ប្រសិទ្ធិភាព​ខ្ពស់​ ដើម្បី​បង្ហាញ​ស្នាដៃ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស​ឃើញ​ថា ​៩​ខែ​ឆ្នាំ​ក្រោយ​ គ្រឿង​ញៀន​នឹង​ត្រូវ​បាន​កាត់​បន្ថយ​បាន​ខ្លះ​ពី​ប្រទេស​កម្ពុជា​ ឬ​ស្ទើរ​តែ​អស់​ពី​ប្រទេស​កម្ពុជា​ ជា​ពិសេស​​ពី​គ្រប់​ច្រកល្ហក​នៃ​ជនបទ​ស្រុក​ស្រែ​ចំការ​តែ​ម្តង៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ