អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

បញ្ហា​​អន្តោ​ប្រវេសន៍​​ជា​​គ្រោះថ្នាក់​​ដែល​​ត្រូវ​​រួម​គ្នា​​ដោះស្រាយ​​ជា​បន្ទាន់​!

ចុះផ្សាយ​នៅ​ថ្ងៃ៖

អន្តោប្រវេសន៍​​វៀតណាម​​គឺ​ជា​​បញ្ហា​​ដ៏​​ចំណាស់​​មួយ​​ដែល​​តែង​​បាន​​ដុត​​កម្តៅ​​ឆាក​នយោបាយ​​ប្រទេស​​កម្ពុជា​​ប្រៀប​បាន​​នឹង​​ស្រមោល​​អន្ទោល​តាម​ប្រាណ​។ ​ក្រោយ​​ការ​ដួល​រលំ​​នៃ​​របប​​ខ្មែរ​ក្រហម​ ជន​អន្តោប្រវេសន៍​​វៀតណាម​​ខុស​ច្បាប់​​នៅ​លើ​​ទឹកដី​​កម្ពុជា​​ក៏បាន​​ក្លាយ​ជា​​ប្រធានបទ​​ក្តៅ​​សារ​ជាថ្មី ​។ ​បញ្ហា​​នេះ​​ត្រូវ​បាន​​បក្ស​ប្រឆាំង​​ចាត់ទុក​ជា​​អាវុធ​​ដ៏​​មាន​​ប្រសិទ្ធភាព​​ក្នុង​ការ​​វាយ​ប្រហារ​​ទៅ​លើ​​បក្ស​​កាន់​អំណាច​។ ​ការ​ដណ្តើម​​ប្រជាប្រិយភាព​​នយោបាយ​​ជា​​រឿង​​មួយ ​ប៉ុន្តែ​ គ្រោះថ្នាក់​​ចំពោះ​​ប្រទេសជាតិ​​ជា​​រឿង​​ដ៏​​ធំធេង​​មួយ​​ដែល​​ត្រូវ​​គិត​គូរ​។ ​ដូច្នេះ ​អ្នក​នយោបាយ​​ខ្មែរ​​ត្រូវ​​រួម​គ្នា​​ដើម្បី​​ដោះស្រាយ​​បញ្ហា​នេះ​​ជា​បន្ទាន់​។​

ជនអន្តោប្រវេសន៍​វៀតណាម ដែលកំពុងរស់​នៅ​ក្នុង​ប្រទេស​កម្ពុជា
ជនអន្តោប្រវេសន៍​វៀតណាម ដែលកំពុងរស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ©វណ្ណារ៉ា/RFI
ផ្សាយពាណិជ្ជកម្ម

ចំណោទបញ្ហា​អន្តោប្រវេសន៍​ខុសច្បាប់​ជា​ពិសេស​អន្តោប្រវេសន៍​វៀតណាម​ដែលជា​បញ្ហា​ដ៏​ចំណាស់​មួយ​របស់​កម្ពុជា​តាំងពី​រាប់​ជំនាន់​មកហើយ​នោះ នៅតែ​ជា​ប្រធានបទ​ក្តៅគគុក​និង​ដ៏​ចម្រូងចម្រាស​មួយ​សម្រាប់​ប្រទេស​ដែល​ទើបតែ​ងើប​ចេញពី​ភាព​ខ្ទេចខ្ទាំ​មួយ​នេះ។

គ្មាន​ស្ថិតិ​គួរ​ឲ្យ​ជឿជាក់​ណាមួយ​ស្តីពី​ចំនួន​ជនអន្តោប្រវេសន៍​ខុសច្បាប់​ត្រូវបាន​គេ​បង្ហាញ​នៅឡើយ​ទេ។ រដ្ឋាភិបាល​ធ្លាប់បាន​បញ្ជាក់ថា អន្តោប្រវេសន៍​វៀតណាម​នៅលើ​ទឹកដី​កម្ពុ​ជាមាន​ចំនួន​ប្រហែល​មួយ​សែន​នាក់ ខណៈដែល​គណបក្សប្រឆាំង​និង​មជ្ឈដ្ឋាន​ខ្លះ​ប៉ាន់ប្រមាណ​ថា​មាន​រហូតដល់​ទៅ​រាប់លាន​នាក់​ឯណោះ។ ជនអន្តោប្រវេសន៍​វៀតណាម​ខ្លះ​ចេះ​និយាយ​ភាសា​ខ្មែរ​ច្បាស់លាស់​និង​មាន​អត្តសញ្ញាណប័ណ្ណ​ជនជាតិខ្មែរ ខណៈដែល​ខ្លះទៀត​ចេះ​និយាយ​ភាសា​ខ្មែរ​បន្តិច​ប​ន្ទួ​ច​ឬ​មិនចេះ​សោះ​ក៏មាន។

ជាការ​ពិតណាស់ ការរស់នៅ​ចម្រុះ​ជាតិ​សាសន៍​និង​បានទទួល​សញ្ជាតិ​ពី​ប្រទេស​ដែល​ពួកគេ​កំពុង​រស់នៅ​មិនមែនជា​រឿង​ចម្លែក​ទេ​សម្រាប់​ពិភពលោក​បើកចំហ​ជើងមេឃ​ដូចជា​បច្ចុប្បន្ន។ ប៉ុន្តែ បញ្ហា​ដោយឡែក​របស់​កម្ពុជា​គឺ​នៅត្រង់ថា ការគ្រប់គ្រង​ជនអន្តោប្រវេសន៍​មាន​ភាព​ធូរ​រលុង​ដោយ​មិនបាន​គោរព​តាម​នីតិវិធី​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​ឡើយ។ ម្យ៉ាងទៀត បញ្ហា​អន្តោប្រវេសន៍​វៀតណាម​គឺជា​រឿង​ដ៏​រសើប​មួយ​សម្រាប់​ប្រទេស​កម្ពុជា​ដោយសារតែ​ប្រទេស​ទាំងពីរ​ធ្លាប់មាន​ជម្លោះ​បញ្ហា​ទឹកដី​ដ៏​ជូរចត់​ជាមួយគ្នា។ ជាក់ស្តែង បញ្ហា​កម្ពុជា​ក្រោម​និង​កោះត្រល់​ដែល​នៅតែ​ជា​រឿង​ក្តៅគគុក​រហូតដល់​បច្ចុប្បន្ន​គឺជា​ឧទាហរណ៍​ស្រាប់។

រឿង​ប្រវត្តិសាស្ត្រ​ពី​អតីតកាល​ជា​បញ្ហា​មួយ ប៉ុន្តែ អ្វីដែល​បានកើត​ឡើង​ក្រោយពី​របប​ខ្មែរក្រហម​ជា​រឿង​ថ្មី​ដែល​បន្ថែម​ទម្ងន់​ពីលើ​រឿង​ចាស់។ កងទ័ព​វៀតណាម​ដែល​បន្ត​ស្ថិតនៅលើ​ទឹកដី​កម្ពុជា​អស់​រយៈពេល ១០ ឆ្នាំ ក្រោយពី​វាយ​ផ្តួលរំលំ​របប​ខ្មែរក្រហម និង​ការគ្រប់គ្រង​បែប​ធូរ​រលុង​របស់​អាជ្ញាធរ​កម្ពុជា​ក្នុង​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​ចុងក្រោយ​បាន​ផ្តល់ឱកាស​ឲ្យ​ជនអន្តោប្រវេសន៍​វៀតណាម​ជាច្រើន​មាន​វត្តមាន​នៅលើ​ទឹកដី​កម្ពុជា។ ហេតុដូច្នេះ​ហើយ​បានជា​បញ្ហា​ព្រំដែន​និង​បញ្ហា​អន្តោប្រវេសន៍​វៀតណាម នៅតែ​ជា​ប្រធានបទ​ដ៏​ក្តៅគគុក​ដែល​ដុត​កម្តៅ​ឆាកនយោបាយ​កម្ពុជា​មិនចេះចប់​ក្នុង​បរិបទ​ដែល​គណបក្សកាន់អំណាច​រង​ការចោទប្រកាន់ថា​ស្ថិតក្រោម​ឥទ្ធិពល​របស់​វៀតណាម។

ចុងក្រោយ​នេះ រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចាត់វិធានការ​ចាប់បញ្ជូន​ជនអន្តោប្រវេសន៍​ខុសច្បាប់​ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ​ជា​បន្តបន្ទាប់​ក្នុងនោះ ៩០ ភាគរយ​ជា​ជនជាតិ​វៀតណាម។ នេះ​ជាស​ញ្ញា​ល្អ​មួយ​ក្នុងការ​ដោះស្រាយ​បញ្ហា​ជនអន្តោប្រវេសន៍​នៅ​កម្ពុជា។ ប៉ុន្តែ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ប្រកបដោយ​ប្រសិទ្ធភាព មាន​កត្តាចាំបាច់​ចំនួន​មួយចំនួន​មិនអាច​ខ្វះ​បានៈ ទី១គឺ ឆន្ទៈ​ពិតប្រាកដ​ក្នុងការ​ដោះស្រាយ​ដោយ​ឈរលើ​ផលប្រយោជន៍​ជាតិ​ជាធំ។ ទី២គឺ កិច្ចសហការ​គ្នា​រវាង​អ្នកនយោបាយ​គ្រប់​និន្នាការ​ជាពិសេស​គឺ​រវាង​គណបក្ស​កាន់អំណាច​និង​បក្សប្រឆាំង​ពោលគឺ​អ្នកនយោបាយ​ខ្មែរ​គួរ​ចេះ​លេងល្បែង​ដែល​ផ្តល់​ផលចំណេញ​ដល់​ជាតិ​ដោយ​មិនគួរ​យក​បញ្ហា​ដ៏​សំខាន់​នេះ​មក​លាភ​ពណ៌​គ្នា​ដើម្បី​កេងចំណេញ​ត្រឹមតែ​ប្រជាប្រិយភាព​នយោបាយ​នោះឡើយ។ និង​ទី៣គឺ ការអនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ដែលមាន​ស្រាប់​ឲ្យ​បាន​តឹងរ៉ឹង។

តាមពិត ប្រទេស​កម្ពុជា​មានច្បាប់​ស្តីពី​អន្តោប្រវេសន៍​តាំងពី​ឆ្នាំ ១៩៩៤ មកម្ល៉េះ។ ដូច្នេះ វា​នៅ​ខ្វះ​តែ​ឆន្ទៈ​ក្នុងការ​អនុវត្ត​តែប៉ុណ្ណោះ។ ប្រសិនបើ​អ្នកនយោបាយ​ខ្មែរ​មាន​ឆន្ទៈ​ហើយ​ចេះ​សហ​ការណ៍​គ្នា​ដើម្បី​ការពារ​ផលប្រយោជន៍​ជាតិ ពួកគេ​ច្បាស់​ជា​អាច​រួមគ្នា​យក​ច្បាប់​ដែលមាន​ស្រាប់​នេះ​មក​អនុវត្ត​ដើម្បី​ដោះស្រាយ​បញ្ហា​អន្តោប្រវេសន៍​ឲ្យ​មាន​ប្រសិទ្ធភាព​ជាមិនខាន។ ការដោះស្រាយ​បញ្ហា​អន្តោប្រវេសន៍​តាមច្បាប់​គឺអាច​ធានាបាន​នូវ​ផលប្រយោជន៍​ជាតិ​កម្ពុជា​ផង​និង​ធានា​ការគោរព​សិទ្ធិ​ជនអន្តោប្រវេសន៍​ឲ្យ​ចៀស​ផុតពី​ការរើសអើង​ពូជសាសន៍​ផង។

ប្រសិនបើ​បញ្ហា​អន្តោប្រវេសន៍​អាច​ដោះស្រាយបាន​មែន កម្ពុជា​ទទួលផល​ចំណេញ​ច្រើនយ៉ាង​ណាស់​ពោលគឺ​ផលប្រយោជន៍​ជាតិ​ត្រូវបាន​ធានា រីឯ​ការ​លាប​ពណ៌​គ្នា​ក៏​លែងមាន​ទៀត​ដែរ។ ផ្ទុយទៅវិញ ការ​បណ្តែតបណ្តោយ​ឲ្យ​បញ្ហា​អន្តោប្រវេសន៍​បន្ត​ស្ថិតនៅ​ចាក់ស្រេះ​កាន់តែ​ស្មុគស្មាញ​និង​កាន់តែ​យូរអង្វែង​តទៅទៀត វា​គឺជា​គ្រោះថ្នាក់​ធំធេង​សម្រាប់​ប្រទេសជាតិ​យ៉ាងពិត​ប្រាកដ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ