អានតួអត្ថបទ
កម្ពុជា-អន្តោប្រវេសន៍

ភាគី​ពាក់​ព័ន្ធ​រង់​ចាំ​មើល​យន្តការ​ថ្មី​របស់​រដ្ឋាភិបាល​ក្នុង​ការ​គ្រប់​គ្រង​ជន​អន្តោប្រវេសន៍

រដ្ឋាភិបាល​ដាក់​ចេញ​យន្តការ​ថ្មី​គឺ​លុប​ចោល​រាល់​ឯកសារ ​និង លិខិត​ស្នាម​ផ្សេងៗ​បញ្ជាក់ ភាព​ជា​ពលរដ្ឋខ្មែរ​ចំពោះ​ជន​អន្តោប្រវេសន៍​ចំនួន​ ១០ ម៉ឺន​នាក់​កំពុង​រស់​ នៅ​កម្ពុជា។ ជា​ការ​លុប​ចោល​បន្ទាប់​ពី​ជន​អន្តោប្រវេសន៍​ទាំង​នេះ​ បាន​កាន់​កាប់​ឯកសាររដ្ឋបាល​ខ្មែរ​ ​ដែល​ចេញ​ដោយ​អាជ្ញាធរ​នា​ពេល​កន្លង​មក។ លោក សុខ ផល អគ្គនាយក នៃអគ្គនាយក​ដ្ឋាន​អន្ដោ​ប្រវេសន៍​បាន​គូស​បញ្ជាក់​ថា ជន​អន្តោប្រវេសន៍​ចំនួន​១០​ម៉ឺន​នាក់​នេះ​អាច​ត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​​ពួក​គេ​វិញ។ ម្យ៉ាង​ទៀត ​​ពួក​គេ​អាច​ដាក់​ពាក្យ​សុំ​រស់​នៅ​ជា​ជន​អន្តោប្រវេសន៍​ក្នុង​​រយៈ​ពេល​៧​ឆ្នាំ​សម្រាប់​មនុស្ស​ចាស់- ៣​ឆ្នាំ​សម្រាប់​កុមារ។ លោក សុខ ផល បន្ថែមថា ប្រសិន​បើ​ពួក​គេ​សុំ​ចូល​សញ្ជាតិ​ខ្មែរ ​អាច​ដាក់​ពាក្យ​សុំ​ ​ហើយ​អាជ្ញាធរ​នឹង​ពិនិត្យ​មើល​លក្ខខណ្ឌ​​តាម​ក្រោយ។ ក្រៅ​ពី​ស្វាគមន៍​ចំពោះ​យន្តការ​ថ្មី​នេះ ​សង្គមស៊ីវិល គណបក្ស​ប្រឆាំង និង​អ្នក​ស្រាវ​ជ្រាវ​បញ្ហា​សង្គម​​រង់ចាំ​មើល​ចំណាត់​ការ​ជាក់​ស្ដែង។

ជនអន្តោប្រវេសន៍​វៀតណាម រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា
ជនអន្តោប្រវេសន៍​វៀតណាម រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ©វណ្ណារ៉ា/RFI
ផ្សាយពាណិជ្ជកម្ម

លោក សុន ឆ័យ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ចាត់​ទុក​យន្ត​ការ​ថ្មី​របស់​រដ្ឋាភិបាល​ជា​ចំណុច​ចាប់​ផ្ដើម​ល្អ​មួយ បើ​ទោះ​បី​ជា​ការងារ​ជាក់​ស្ដែង​លោក​នៅ​មិន​ទាន់​ឃើញ​ក៏ដោយ។ ប៉ុន្តែ លោក ចង់​ឲ្យ​មាន​វិធាន​ការ​ទប់​ស្កាត់​កុំ​ឲ្យ​ជនបរទេស​ចូល​មក​កម្ពុជាតាម​តែ​អំពើ​ចិត្ត។ ជា​ពិសេស​វិធាន​ការ​នៅ​តាម​ព្រំដែន​នៅ​មាន​ភាព​ធូរ​រលុង។

ទាក់​ទង​ជន​អន្តោ​ប្រវេសន៍​នេះ​ដែរ លោក សុន ឆ័យ បង្ហើប​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ​នេះ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​នឹង​ដាក់​លិខិត​ទៅ​ក្រសួង​មហាផ្ទៃដើម្បី​សុំ​ឲ្យ​ស្ថាប័នជាតិ​មួយ​នេះ បង្ហាញ​ចំនួន​ជន​បរទេស​ទទួល​បាន​សញ្ជាតិ​តាម​រយៈព្រះរាជ្យ​ក្រឹត្យ។

លោក អំ សំអាត  អ្នក​គ្រប់​គ្រង​បច្ចេក​ទេស​ជាន់​ខ្ពស់​នៃ​អង្គការ​លីកាដូ​យល់​ថា យន្ត​ការថ្មី​នេះ​អាច​ចូល​រួម​ទប់​ស្កាត់​រាល់​ជន​បរទេស​ចូល​មក​កម្ពុជា​ដោយ​ខុស​ច្បាប់។ ប៉ុន្តែលោក​ចាត់​ទុក​ថា យន្តការ​នេះ​គ្រាន់​តែ​ជា​ការ​ចូល​រួម​បាន​មួយ​ផ្នែក​ប៉ុណ្ណោះ​នៅ​ក្នុង​ការទប់​ស្កាត់​លំហូរ​ជន​បរទេស​ខ្លះ​ចូល​មក​កម្ពុជា​ដោយ​ខុសច្បាប់។

លោក អំ សំអាត បន្ថែមថា រឿង​ដែល​រដ្ឋាភិបាល​ត្រូវ​ទប់​ស្កាត់​និង​ពិនិត្យ​ឡើង​វិញ​ករណីមន្ត្រី​មួយ​ចំនួន​លួច​ចេញ​ឯកសារ​ផ្សេងៗ​ទៅ​ឲ្យ​ជន​បរទេស។

លោក មាស នី អ្នក​ស្រាវជ្រាវ​បញ្ហា​សង្គម​ចាត់​ទុក​យន្តការ​ថ្មី​របស់​រដ្ឋាភិបាល​ជា​ការ​កែទម្រង់​លើ​ការ​គ្រប់​គ្រង​ជន​អន្តោប្រវេសន៍។ លោក​បាន​ជំរុញ​ទៅ​រដ្ឋាភិបាល​គួរ​មានវិធាន​ការ​បន្ថែម​ទៀត​ក្នុង​គ្រប់​គ្រង​ជន​បរទេស​នៅ​ទូ​ទាំង​ប្រទេស ដែល​មាន​ចំនួន​ច្រើនជាង​១៦​ម៉ឺន​នាក់។

សូមបញ្ជាក់ថា ក្នុង​២០១៦ ​អាជ្ញាធរ​រក​ឃើញ​ជន​អន្តោប្រវេសន៍​១៦​ម៉ឺន​នាក់ ​មាន​វៀត​ណាម​៩៩​ភាគ​រយ​។ ដោយ​ឡែក យន្តការ​លុប​ចោល​រាល់​ឯកសារ​និង​លិខិត​ស្នាម​ផ្សេងៗ​បញ្ជាក់​ភាព​ជា​ពលរដ្ឋខ្មែរ​ចំពោះ​ជន​អន្តោ​ប្រវេសន៍​ចំនួន​១០​ម៉ឺន ដែល​បាន​កាន់​កាប់ឯកសារ​រដ្ឋ​បាល បញ្ជាក់​ពី​ភាព​ជា​ពលរដ្ឋ​ខ្មែរ​រស់​នៅ​កម្ពុជា គឺ​ជា​វិធានការ​ថ្មី​មួយ​ក្នុងចំណោម​វិធាន​ការ​ពីរ​ផ្សេង​ទៀត​របស់​រដ្ឋាភិបាល​ក្នុង​ការ​គ្រប់​គ្រង​ជន​អន្តោប្រវេសន៍។

ទី១-គ្រប់​គ្រង​ជន​អន្តោប្រវេសន៍​ដែល​នៅ​សេសសល់​ចំនួន៧ម៉ឺននាក់​ក្នុង​សម័យ​សង្គមរាស្ត្រ​និយម​និង​សម័យ លន់ ណល់។ ទី៣-គ្រប់​គ្រង​ជន​អន្តោប្រវេសន៍​ដែល​មក​ថ្មី​អនុវត្ត​តាម​មាត្រ ២៩ ៣០ នៃ​ច្បាប់​អន្តោប្រវេសន៍​ដែល​ផ្ដល់​សិទ្ធិ​ឲ្យ​អាជ្ញាធរ​ឃាត់​ខ្លួន​និងបណ្ដេញ​ពួក​គេ​ត្រឡប់​​ទៅ​ប្រទេស​កំណើត​វិញ៕

 
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ