អានតួអត្ថបទ
កម្ពុជា-អន្តោប្រវេសន៍

៦ខែឆ្នាំ២០១៦កម្ពុជាបណ្ដេញជនអន្តោប្រវេសន៍ជាង២០០០នាក់

គិត​ត្រឹម​ខែ​មិថុនា​ឆ្នាំ​២០១៦​នេះ ​អាជ្ញាធរ​កម្ពុជា​បាន​បណ្ដេញ​ជន​អន្តោប្រវេសន៍​ជាង​២.០៦៩ នាក់ ដែល​មាន​១២​សញ្ជាតិ​។ ក្នុង​នោះ​ជន​ជាតិ​វៀតណាម​នាំ​មុខ​គេ​ដែល​ត្រូវ​បាន​អាជ្ញាធរ​បណ្ដេញ​ចេញ។ បន្ទាប់​មក​ចិន​ដី​គោក ចិន​តៃវ៉ាន់ នីហ្សេរីយ៉ា និង ហ្វីលីពីន​ជា​ដើម។ មូល​ហេតុនៃ​ការ​បណ្ដេញ​ចេញ​ដោយ​សារ​ពួក​គេ​លួច​ស្នាក់​ដោយ​ខុស​ច្បាប់ ហួស​ទិដ្ឋាការ​ និង​ ប្រព្រឹត្ត​បទល្មើស។ តាម​មន្ត្រី​ឲ្យ​ដឹង​ថា ជន​អន្តោប្រវេសន៍​ជាង​២០០០នាក់​នេះ​មិន​អាច​ចូល​កម្ពុជា​វិញ​បានទេ​។

ជនអន្តោប្រវេសន៍​វៀតណាម រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា
ជនអន្តោប្រវេសន៍​វៀតណាម រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ©វណ្ណារ៉ា/RFI
ផ្សាយពាណិជ្ជកម្ម

លោក អ៊ុក ហៃ​សិលា​ ប្រធាន​ផ្នែក​ស៊ើប​អង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន អន្តោ​ប្រវេសន៍​ក្រសួង​មហាផ្ទៃ​បាន​ប្រាប់​វិទ្យុ​បារាំង​ថា​ រយៈពេល​៦​ខែ​ក្នុង​ឆ្នាំ​២០១៦​នេះ​ការ​បណ្ដេញ​​ជនអន្តោប្រវេសន៍​មាន​ការ​កើន​ឡើង​គួរ​ឲ្យកត់​សម្គាល់​បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​ទៅមិញ។​

ក្នុង​ចំណោម​ជន​អន្តោប្រវេសន៍​ជាង​២.០០០នាក់ និង ១២​សញ្ជាតិ​ដែល​អាជ្ញាធរ​កម្ពុជា​បណ្ដេញ នេះ​គឺ ៨០​ភាគរយ​នៃ​ជន​ជាតិ​វៀតណាម​មាន​ចំនួន​១៩០០​នាក់​ត្រូវ​បាន​បញ្ជូនចេញ។ ចំនួន​នេះ ត្រូវ​បាន​ចាត់​ទុក​ថា ជនជាតិ​វៀតណាម​នាំ​មុខ​គេ​ក្នុង​ការ​រស់​នៅ​ដោយ​ខុស​ច្បាប់​នៅ​កម្ពុជា។ បន្ទាប់​មក​ចិន​តៃវ៉ាន់ និង ចិន​ដីគោក​ជា​ច្រើន​រយ​នាក់​ត្រូវ​បាន​បញ្ជូន​ចេញ​បន្ទាប់​ពួកគេ​បានប្រព្រឹត្ត​បទ​ល្មើស​មួយ​ចំនួន​ដូច​ជា​ជំរិតទារ​ប្រាក់​តាម​ប្រព័ន្ធអ៊ិនធើណេត និង ជួញ​ដូរ​គ្រឿងញៀន​ជា​ដើម។ ក្រៅ​ពី​នេះ​ជន​ជាតិ​ផ្សេង​ទៀត​ស្ថិត​នៅ​ក្នុង​តួលេខ​បន្ទាប់បន្សំ​មាន​ដូច​ជាៈ ហ្វីលីពីន នីហ្សេរីយ៉ា កូរ៉េ ជាដើម។

លោក អ៊ុក ហៃសិលា ឲ្យ​ដឹង​ទៀត​ថា ជន​បរទេស​មួយ​ចំនួន​ភាគ​ច្រើន​ជា​អឺរ៉ុប​ដែល​មាន​បញ្ហាស្មារតី​ក៏​ត្រូវ​បាន​បញ្ជូន​ចេញ​ផង​ដែរ​ព្រោះ​ថា​ពួកគេ​ទាំង​នេះ​ធ្វើ​ឲ្យ​ខូច​ខាត​សណ្ដាប់​ធ្នាប់​សង្គម។យ៉ាង​ណា​ក៏​ដោយ​ក្រោយ​ការ​បណ្ដេញ​ចេញ​ជន​អន្តោប្រវេសន៍​ជាង​២០០០នាក់​នេះ​នឹង​មិន​អាចត្រលប់​មក​កម្ពុជា​ជា​ថ្មី​ទៀត​បាន​ទេ។ ត្រលប់​មក​វិញ​បាន​លុះត្រា​តែ​មាន​លិខិត​ឆ្លងដែន​គឺ​ពួកគេអាច​ចូល​មក​កម្ពុជា​បាន​ក្នុង​រយៈពេល​៦​ខែ​ទៅ​មួយ​ឆ្នាំ។ ហើយ​ចំពោះ​អ្នក​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋធ្ងន់ធ្ងរ​មិន​អាច​ចូល​កម្ពុជា​បានទេ​រហូត​ដល់​ទៅ​បី​ឆ្នាំ។

លោក អ៊ុក ហៃសិលា បាន​ថ្លែង​ការពារ​ថា មិន​មែន​អាជ្ញាធរកម្ពុជា​បណ្ដែត​បណ្ដោយ​ឲ្យ​ជនអន្តោប្រវេសន៍​ហូរ​ចូល​ដោយ​សេរី​នោះទេ​ ខណៈ​តួលេខ​នៃ​ការ​បណ្ដេញ​ចេញ​មាន​ការ​កើន​ឡើង​។ ដោយសារ​តែ​បែប​នេះហើយ​ទើប​អគ្គនាយកដ្ឋាន​របស់​លោក​ចុះ​ធ្វើ​ការ​ត្រួតពិនិត្យ​និង​ឃាត់ខ្លួន​បាន​រាល់​ថ្ងៃ​ចំពោះ​ជនបរទេស​លួច​ស្នាក់​នៅ​និង​ធ្វើការ​ដោយ​ខុស​ច្បាប់​នៅ​កម្ពុជា។

ប្រឈម​បញ្ហា​នេះ លោក អ៊ុក ហៃសិលា ​បាន​អំពាវនាវ​ទៅ​ប្រជាពលរដ្ឋ​កម្ពុជា​រាយការណ៍ទៅ​អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ប្រសិន​បើ​សង្ស័យ​ថា មាន​ជន​បរទេស​កំពុង​លួច​រស់​នៅ​ដោយខុស​ច្បាប់។ សូម​បញ្ជាក់​ថា នីតិវិធី​នៃ​ការ​បណ្ដេញ​ជន​អន្តោប្រវេសន៍​ចេញ​ធ្វើ​ឡើង​បន្ទាប់​ពី​អាជ្ញាធរ​ឃាត់​ខ្លួន​ហើយ​គឺ​នៅ​ចន្លោះ​ពេល​មួយ​សប្ដាហ៍​ទៅ​ពីរ​សប្ដាហ៍​ក្រោយ​ការសាក​សួរនិង​រាយការណ៍​ទៅ​កាន់​ស្ថានទូត​របស់​ពួក​គេ​ដើម្បី​ឲ្យ​ចេញ​លិខិត​អនុញ្ញត្ត​រួច​ហើយ​បញ្ជូន​ពួកគេ​ចេញ​តែម្ដង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ