អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ទីផ្សារ​សារព័ត៌មាន​រីក​ធំ​ជាង​មុន តែ​ជីវភាព​អ្នក​កាសែត​ហាក់​ដូច​នៅ​ដដែល

ចុះផ្សាយ​នៅ​ថ្ងៃ៖

ខណៈ​ដែល​វិស័យ​សារព័ត៌មាន​នៅ​ប្រទេស​កម្ពុជា នៅ​មាន​លក្ខណៈ​ប្រសើរ​ឡើង បើ​ទោះ​ណា​ជា​ឆ្នាំ​នេះ​ធ្លាក់​ចុះ ៤​លេខ ក៏​ប៉ុន្តែ​មិន​ធ្លាក់​ដល់​ចំណុច​ខ្មៅ​ក៏​ដោយ អ្នក​បំរើ​ការងារ​លើ​វិស័យ​សារព័ត៌មាន ត្រូវ​បាន​លើក​ឡើង​ជា​ចំណោទ​នៅ​ឡើយ​ពី​ស្ថានភាព​ជីវភាព​របស់​ពួក​គេ។ តើ​វា​អាច​នឹង​មាន​ការ​ប្រែ​ប្រួល​គួរ​ឲ្យ​កត់​សម្គាល់​ទេ​លើ​វិស័យ​សារព័ត៌មាន​ខ្មែរ នៅ​ពេល​ដែល​អ្នក​កាសែត​ខ្មែរ មិន​ទាន់​មាន​ជំរក​សមរម្យ មាន​ការ​ខ្វះ​ខាត​នៅ​ពេល​ប្រឈម​នឹង​ជំងឺ​ឬ​អសមត្ថភាព​ក្នុង​ការងារ​ដោយ​ប្រការ​ណា​មួយ។

រូបភាព​តំណាង៖ ទីផ្សារ​​សារព័ត៌មាន​​រីក​​ធំ​​ជាង​​មុន តែ​​ជីវភាព​​អ្នក​​កាសែត​​ហាក់​​ដូច​​នៅ​​ដដែល
រូបភាព​តំណាង៖ ទីផ្សារ​​សារព័ត៌មាន​​រីក​​ធំ​​ជាង​​មុន តែ​​ជីវភាព​​អ្នក​​កាសែត​​ហាក់​​ដូច​​នៅ​​ដដែល ©សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

វិស័យ​សារព័ត៌មាន​រយៈ​ពេល ១​ទសវត្ស​ចុង​ក្រោយ​នេះ មាន​ការ​រីក​ចំរើន​យ៉ាង​ខ្លាំង ដែល​ការ​រីក​ចំរើន​នេះ ត្រូវ​គេ​សម្គាល់​ឃើញ​ថា បាន​ផ្សា​ភ្ជាប់​ជាមួយ​នូវ​បច្ចេកវិទ្យា​អេឡិចត្រូនិក។ អ្នក​កាសែត​ម្នាក់ៗ ត្រូវ​បាន​បំពាក់​នូវ​ឧបករណ៍​ទំនើបៗ ដូច​ជា​ទូរស័ព្ទ​ស្មាត​ហ្វូន ប្រើ​ប្រាស់​សម្រាប់​ថត​រូប និង​ថត​សម្លេង កាមេរ៉ា​ថត​រូប​ និង​ថត​វីដេអូ តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប រួម​នឹង​មធ្យោបាយ​យក​ព័ត៌មាន ដែល​មាន​ប្រសិទ្ធភាព​មួយ​ចំនួន​ទៀត។

ក៏​ប៉ុន្តែ​ក្រឡេក​ទៅ​មើល​ស្ថានភាព​ជីវភាព​របស់​អ្នក​សារព័ត៌មាន​វិញ ឃើញ​ថា​នៅ​តែ​មាន​សភាព​យ៉ាប់​យ៉ឺន និង​បាន​ត្រឹម​មួយ​គ្រប់ៗ​ដដែល។ ជា​ទូទៅ​អ្នក​សារព័ត៌មាន នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​គេ​សម្គាល់​ឃើញ​មាន​ច្រើន​ប្រភេទ មាន​ប្រភេទ​អ្នក​សារព័ត៌មាន​បែប​វិជ្ជាជីវៈ អ្នក​សារព័ត៌មាន​ពាក់​កណ្តាល​វិជ្ជាជីវៈ និង​អ្នក​សារព័ត៌មាន​មិន​គិត​ពី​វិជ្ជាជីវៈ។

ក្នុង​ចំណោម​អ្នក​សារព័ត៌មាន​ជា​ច្រើន​ប្រភេទ​នេះ អ្នក​សារព័ត៌មាន​បែប​វិជ្ជាជីវៈ មិន​សូវ​ជា​មាន​ជីវភាព​ធូរធារ​ប៉ុន្មាន​នោះ​ទេ ក៏​ប៉ុន្តែ​មាន​ស្ថានភាព​គ្រាន់​បើ​ជាង​អ្នក​កាសែត​ធម្មតា ប្រសិន​ពួក​គេ​បំរើ​ការងារ​នៅ​ក្នុង​អង្គភាព​ជា​ទី​ភ្នាក់ងារ​សារព័ត៌មាន​បរទេស។ ជាមួយ​គ្នា​នេះ អ្នក​សារព័ត៌មាន​ពាក់​កណ្តាល​វិជ្ជាជីវៈ​គឺ​ប្រភេទ​អ្នក​សារព័ត៌មាន ដែល​គោរព​ខ្លះ​នឹង​មិន​គោរព​ខ្លះ ទៅ​លើ​គោលការណ៍​វិជ្ជាជីវៈ​សារព័ត៌មាន។ ការ​ធ្វើ​ដូច​នេះ គឺ​ដោយ​សារ​តែ​ប្រាក់​ចំណូល ឬ​ប្រាក់​ខែ​មិន​គ្រប់​គ្រាន់ បើ​និយាយ​នៅ​ទីក្រុង​ភ្នំពេញ​វិញ ភាគ​ច្រើន​នៃ​អ្នក​កាសែត​ទាំង​នេះ បាន​រស់​ក្នុង​ស្ថានភាព​មាន​ទីលំនៅ​មិន​ច្បាស់​លាស់​ឬ​ក៏​ជួល​ផ្ទះ​គេ​ស្នាក់​នៅ នៅ​ឡើយ។

ដោយ​ឡែក អ្នក​កាសែត ដែល​មិន​សូវ​គិត​ពី​វិជ្ជាជីវៈ អ្នក​កាសែត​ប្រភេទ​នេះ មាន​ច្រើន​ជា​ពិសេស បាន​បំរើ​ការងារ​នៅ​តាម​បណ្តា​ខេត្ត។ ក្រុម​អ្នក​កាសែត​ទាំង​នេះ អ្នក​ខ្លះ​បាន​ក្លាយ ជា​ឧកញ៉ា​កាសែត ហើយ​អ្នក​ខ្លះ​ទៀត មាន​ត្រឹម​ម៉ូតូ​កញ្ចាស់​មួយ​សម្រាប់​ជិះ​យក​ព័ត៌មាន​ប៉ុណ្ណោះ។

ទាំងអស់​នេះ បង្ហាញ​ថា​ស្ថានភាព​ជីវភាព​អ្នក​សារព័ត៌មាន​មួយ​ចំនួន​ធំ​នៅ​កម្ពុជា នៅ​មិន​មាន​លក្ខណៈ​ប្រសើរ​នៅ​ឡើយ។ មិន​ទាន់​ប្រសើរ ភាគ​ច្រើន​ពួក​គេ​មាន​ការ​ប្រឈម នៅ​ពេល​ដែល​មាន​បញ្ហា​គ្រោះ​ថ្នាក់​ជា​យថា​ហេតុ ធ្លាក់​ខ្លួន​ឈឺ ឬ​អសមត្ថភាព​ការងារ​ដោយ​ប្រការ​ណា​មួយ ជា​ញឹក​ញយ តែង​មាន​ការ​អំពាវនាវ​រក​ជំនួយ​មនុស្សធម៌​ពី​សប្បុរស​ជន​នានា។

តើ​ការ​ដែល​អ្នក​កាសែត​មិន​បាន​អនុវត្ត​ក្រិត្យ​ក្រម​វិជ្ជាជីវៈ​របស់​ខ្លួន​បាន​ទាំង​អស់​គ្នា បណ្តាល​មក​ពី​មូលហេតុ​អ្វី? ជា​ការ​ពិត​គេ​មិន​អាច​បន្ទោស​តែ​មួយ​ជ្រុង​បាន​ទេ។ ការ​ដែល​អ្នក​កាសែត​មួយ​ចំនួន​ជា​ពិសេស​នៅ​តាម​បណ្តា​ខេត្ត​អាច​ធ្វើ​ទៅ​បាន​ដូច​ជា​ដើរ​តួ​ជា​សមត្ថកិច្ច ដេញ​តាម​ប្រមាញ់​ព័ត៌មាន​ពី​បទ​ល្មើស ដែល​ជា​រឿយៗ​មាន​ការ​លើក​ឡើង​ថា​ដើម្បី​លាភ​សក្ការៈ​យ៉ាង​ណា​នោះ ពួក​គេ​មិន​អាច​ធ្វើ​ទៅ​រួច​ទេ ប្រសិន​បើ​អ្នក​ពាក់​ព័ន្ធ​ដូច​ជា​ក្រសួង​ព័ត៌មាន​ជា​ដើម មាន​ភាព​ច្បាស់​លាស់​ក្នុង​ការ​គ្រប់​គ្រង។

តើ​អាច​មាន​ទេ កាសែត ពីរ បី ខែ​ចេញ​ផ្សាយ​ម្តង។ ការ​ទទួល​ប្រាក់​ឧបត្ថម្ភ​ពី​ការ​ចុះ​យក​ព័ត៌មាន​នានា ការ​ចុះ​ផ្សាយ​ឬ​មិន​ចុះ​ផ្សាយ​ជា​ថ្នូរ​នឹង​ថវិកា​បន្តិច​បន្តួច​សុទ្ធ​តែ​បាន​កើត​មាន នៅ​ក្នុង​សង្គម​សារព័ត៌មាន​ខ្មែរ។ រូបភាព​បែប​នេះ​មិន​ដឹង​ថា​បន្ត​មាន​ដល់​ពេល​ណា​ទេ​ ខណៈ​ដែល​សេដ្ឋកិច្ច​អ្នក​កាសែត​មួយ​ចំនួន​មិន​សូវ​ល្អ ហើយ​ការ​ស្វែង​យល់​ពី​ចំណេះ​ដឹង​ផ្នែក​សារព័ត៌មាន​មិន​មាន​ឬ​នៅ​មាន​កំណត់។ដរាប​ណា​ស្ថានភាព​ជីវភាព អ្នក​សារព័ត៌មាន នៅ​តែ​មាន​ការ​លំបាក ការ​ចូល​រួម​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទៅ​ក្នុង​គោលការណ៍​អភិវឌ្ឍ​ប្រទេស និង​លទ្ធិ​ប្រជាធិបតេយ្យ នឹង​មិន​អាច​មាន​ប្រសិទ្ធភាព​ខ្ពស់​បាន​ទេ។

ដូច្នេះ ដើម្បី​ឲ្យ​ស្ថានភាព​អ្នក​សារព័ត៌មាន​ភាព​ប្រសើរ​ឡើង ប្រសើរ​ទាំង​ក្រម​សីលធម៌ វិជ្ជាជីវៈ ប្រសើរ​ទាំង​សេដ្ឋកិច្ច លុះ​ត្រា​តែ អ្នក​សារព័ត៌មាន ទទួល​បាន​ការ​បណ្តុះ​បណ្តាល ឲ្យ​បាន​ច្បាស់​លាស់​តាម​រយៈ​វគ្គ​ខ្លីៗ ឬ​រយៈ​ពេល​សមរម្យ​ណា​មួយ។ មាន​ការ​លើក​ទឹក​ចិត្ត​ពី​ស្ថាប័ន​ផ្សព្វ​ផ្សាយ​ជា​ពិសេស ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុក ក្នុង​ការ​ផ្តល់​នូវ​ភាព​សមរម្យ​ណា​មួយ​ខាង​ថវិកា​ដល់​អ្នក​សារព័ត៌មាន​របស់​ខ្លួន ដើម្បី​ជួយ​កាត់​បន្ថយ​នូវ​ការ​ប្រព្រឹត្តិ​ខុស​ក្រម​សីលធម៌​វិជ្ជាជីវៈ នៅ​ពេល​បំពេញ​ភារៈកិច្ច​ផ្សព្វ​ផ្សាយ​ដើម្បី​ស្ថាប័ន។

បើ​ពុំ​ដូច្នោះ​ទេ​ នោះ​ស្ថានភាព​អ្នក​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹង​មិន​មាន​ការ​ប្រសើរ​ឡើង​តាម​បែប​វិជ្ជាជីវៈ​នោះ​ទេ។ វា​នឹង​ប្រសើរ​ឡើង​បង្កប់​ដោយ​ការ​រិះគន់​ មិន​អាច​ដោះ​ស្រាយ​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ