អានតួអត្ថបទ
កម្ពុជា

សាលា​ក្រុង​ភ្នំពេញ អនុញ្ញាត​ឱ្យ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​ធ្វើ​ពិធី​រំឮក​ខួប​៦៨​ឆ្នាំ ប៉ុន្តែ មិន​អនុញ្ញាត​ឱ្យ​ហែ​ក្បួន​ដាក់​ញត្តិ​ទៅ​កាន់​រដ្ឋសភា

សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម នៅ​ថ្ងៃ​ទី ២៤ ខែ​មិថុនា​ខាង​មុខ​នេះ នឹង​ប្រារព្វ​ពិធី​រំឭក​ខួប​៦៨​ឆ្នាំ នៃ​ការ​បាត់​បង់​ទឹក​ដី​កម្ពុជា​ក្រោម​, នៅ​វត្ត​ចាស់ ត្រើយ​ខាង​កើត ទល់​មុខ​ព្រះ​រាជ​វាំង ដោយ​មាន​ការ​រាប់​បាត្រ​ព្រះ​សង្ឃ​ចំនួន ១៩៤៩​អង្គ។ ហើយ​បើ​តាម​គម្រោង នៅ​ថ្ងៃ​ទី​២៦​មិថុនា​ សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម នឹង ដង្ហែ​ក្បួន​ដាក់​ញត្តិ​ទៅ​កាន់​រដ្ឋសភា ដើម្បី​ស្នើ​សុំ​បញ្ចូល​ថ្ងៃ​ទី​៤​មិថុនា ជា​ទិវា​កាន់​ទុក្ខ​ជាតិ​ខ្មែរ។ ប៉ុន្តែ​សំណើ​ដាក់​ញត្តិ​នេះ ត្រូវ​បាន​សាលា​ក្រុង​បដិសេធ!

លោក​ថាច់ សេដ្ឋា ប្រធាន​​សមាគម​​ខ្មែរ​​កម្ពុជា​​ក្រោម។
លោក​ថាច់ សេដ្ឋា ប្រធាន​​សមាគម​​ខ្មែរ​​កម្ពុជា​​ក្រោម។ រូប​ភាព​ឯកសារ
ផ្សាយពាណិជ្ជកម្ម

លោក ថាច់​ សេដ្ឋា នាយក​ប្រតិបត្តិ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​បាន​ឱ្យ​ដឹង​ថា លោក​នឹង​ពិចារណា​ចំពោះ​ការ​បដិសេធ របស់​សាលា​ក្រុង​ភ្នំពេញ​នេះ។ ប៉ុន្តែ​លោក​បញ្ជាក់​ថា ញតិ្ត​គឺ​ត្រូវ​បញ្ជូន​ទៅ​កាន់​រដ្ឋសភា បើ​ទោះ​បី​ជា​គ្មាន​ការ​ហែ​ក្បួន​ក៏​ដោយ។

លោក​បាន​លើក​ឡើង​ថា រដ្ឋសភា​គួរ​តែ​ពិចារណា​ចំពោះ​សំណើរ ដែល​ចង់​សុំ​បញ្ចូល​ថ្ងៃ​ទី​៤​មិថុនា ជា​ទិវា​កាន់​ទុក្ខ​ជាតិ​ខ្មែរ, ពី​ព្រោះ​វា​ជា​ថ្ងៃ​ដែល ប្រជាពលរដ្ឋ និង ក្មេង​ជំនាន់​ក្រោយ គួរ​តែ​ចង​ចាំ​អំពី​ប្រវត្តិសាស្ត្រ​ដ៏​ជូរ​ចត់​ដែល​បារំាង​បាន​កាត់​ទឹក​ដី​កម្ពុជា​ក្រោម​ទៅ​ឱ្យ​វៀតណាម។ ហើយ​ក៏​ដូច​ជា​រំលឹក និង ដឹង​គុណ​ចំពោះ​វីរបុរស​ខ្មែរ​យើង ដែល​បាន​តស៊ូ​ពលី​ជីវិត នៅ​ក្នុង​បុព្វហេតុ​ការពារ​ជាតិ និង​ទឹក​ដី ។

យោង​តាម​ប្រវត្តិសាស្ត្រ​ ទឹក​ដី​កម្ពុជា​ក្រោម​ ឬ​ហៅ​ថា​ កូសាំង​ស៊ីន​របស់​នគរ​ខ្មែរ​ ត្រូវ​បាន​នគរ​អាណ្ណាម​ចូល​មក​កាន់​កាប់​ និង​កាត់​យក​ទៅ​ធ្វើ​ជា​ទឹក​ដី​បស់​ខ្លួន​ចាប់​តាំង​ពី​ក្នុង​អំឡុង​សតវត្សរ៍​ទី​១៧ ​មុន​នឹង​ត្រូវ​បារាំង​ច្បាំង​ដណ្តើម​យក​មក​កាន់​កាប់​នៅ​ឆ្នាំ​ ១៨៦២។​

ការណ៍​ដែល​បារាំង​សម្រេច​កាត់​ទឹក​ដី​កម្ពុជា​ក្រោម​ទៅ​ឲ្យ​វៀតណាម​ត្រូវ​បាន​ ធ្វើ​ឡើង នៅ​ក្នុង​បរិបទ​នៃ​សង្រ្គាម​ឥណ្ឌូចិន ដែល​បារាំង​ត្រូវ​ប្រឈម​មុខ​នឹង​ចលនា​ឧទ្ទាម​កុម្មុយនិស្ត​វៀតណាម គឺ​ពួក​វៀតមិញ។ នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​១៩៤៩ សភា​បារាំង​ក៏​បាន​អនុម័ត​ច្បាប់​មួយ​បញ្ចប់​លក្ខន្តិកៈ​ជា​ទឹក​ដី​នៅ​នាយ​សមុទ្រ​របស់​កូសាំងស៊ីន ដោយ​ភ្ជាប់​អតីត​ដែន​ដី​របស់​នគរ​ខ្មែរ​នេះ ទៅ​ជាមួយ​នឹង​ប្រទេស​វៀតណាម៕

គួរ​ជម្រាប​ជូន​ថា ជា​រៀង​រាល់​ឆ្នាំ​ឱ្យ​តែ​ដល់​ថ្ងៃ​ទី​៤ ខែ​មិថុនា សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​តែង​តែ​ប្រារព្វ​ពិធី​រំឭក​ខួប​នៃ​ការ​បាត់​បង់​ទឹក​ដី​កម្ពុជា​ក្រោម។ ដោយ​ឡែក ឆ្នាំ​២០១៧​នេះ ប្រទេស​កម្ពុជា​មាន​ការ​រៀប​ចំ​បោះ​ឆ្នោត ឃុំ​សង្កាត់ ចំ ថ្ងៃ​ទី​៤​មិថុនា ដូច្នេះ​ហើយ​សហមន៍​ខ្មែរ​កម្ពុជា​ក្រោម​សម្រេច​លើក​ពេល​នឹង​យក​ថ្ងៃ​ទី ២៤​មិថុនា ជំនួស​វិញ ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ