អានតួអត្ថបទ
កម្ពុជា

លោកថាច់ សេដ្ឋា៖ ឯកសារទឹកដីកម្ពុជាក្រោមទាំង៥ពាន់ទំព័រ នឹងមកដល់កម្ពុជានៅចុងខែក្រោយ

ឯកសារ​ពាក់ព័ន្ធ​នឹង​ការ​កាត់ទឹក​ដី​កម្ពុជា​ក្រោម​ទៅ​ឲ្យ​ប្រទេស​វៀតណាម​ទាំង​៥​ពាន់​ទំព័រ​ដែល​សហគមន៍​ខ្មែរ​កម្ពុជា ​និង​សម្ព័ន្ធ​យុវជន​ខ្មែរ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​បាន​រក​ឃើញ​នៅ​ក្នុង​ប្រទេស​បារាំង​នោះ​ នឹង​ត្រូវ​បញ្ជូន​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ចុង​ខែ​មិថុនា ​ខាង​មុខ​នេះ។ នេះ​បើ​តាម​លោក​ថាច់ សេដ្ឋា ​ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ ដែល​បាន​បញ្ជាក់​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ទី​០៨ ​ឧសភា​នេះ។

លោកថាច់​ សេដ្ឋា​​ ពេល​​ទៅ​​ស្វែង​រក​ឯកសារ​ពាក់ព័ន្ធ​​នឹង​ទឹកដី​កម្ពុជាក្រោម​នៅ​បារាំង​
លោកថាច់​ សេដ្ឋា​​ ពេល​​ទៅ​​ស្វែង​រក​ឯកសារ​ពាក់ព័ន្ធ​​នឹង​ទឹកដី​កម្ពុជាក្រោម​នៅ​បារាំង​ @​​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​
ផ្សាយពាណិជ្ជកម្ម

នៅ​ពេល​នេះ​ឯកសារ​ពាក់ព័ន្ធ​នឹង​ការ​កាត់​ទឹក​កម្ពុជា​ក្រោម​ទៅ​ឲ្យ​ប្រទេស​វៀតណាម​ចំនួន​៥​ពាន់​ទំព័រ​កំពុង​ត្រូវ​បាន​ថត​ចម្លង​ពី​ចេញ​ពី​សំណៅ​ឯកសារ​ដើម។ ​លោកថាច់ សេដ្ឋា ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ ឯកសារ​ទាំង​៥​ពាន់​ទំព័រ​នោះ​ ត្រូវ​បាន​ថត​ចម្លង​បាន​ជាង​ពាក់​កណ្តាល​ហើយ។

ឯកសារ​ទាំង​៥​ពាន់​ទំព័រ​នេះ ​ត្រូវ​បាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម និង​សម្ព័ន្ធ​យុវជន​ខ្មែរ​ ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ បាន​រក​ឃើញ​នៅ​ក្នុង​បណ្ណាសារដ្ឋាន​ជាតិ​បារាំង នៅ​ខេត្ត​អេ អង់​ប្រូវ៉ង់ (Aix-en-Provence) ប្រទេស​បារាំង​ តាម​ការ​ណែនាំ​របស់​ស្ថានទូត​បារាំង​ ប្រចាំ​នៅ​កម្ពុជា។ ឯកសារ​ទាំង​នោះ​ រួម​មាន​ដូចជា ​ព្រះរាជសារ​ព្រះករុណា​ព្រះបាទ​នរោត្តម​ផ្ញើរ​ជូន​រដ្ឋាភិបាល​បារាំង ​កិច្ចព្រមព្រៀង​បារាំង​វៀតណាម​នៅ​ឆក​សមុទ្រ​ហា​ឡុង នៅ​ដាឡាត់ ​និង​នៅ​ហ្វុងតេនណឺប្លូ​ជា​ដើម។ ក្រៅ​ពី​នេះ ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​ និង​សម្ព័ន្ធ​យុវជន​ខ្មែរ​ ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ ក៏​បាន​រក​ឃើញ​កំណត់​ហេតុ​ប្រជុំ​សភា​បារាំង​ក្នុង​ការ​កាត់​ទឹកដី​ខ្មែរ​ឲ្យ វៀតណាម​ថ្ងៃទី០៤ មិថុនា​ឆ្នាំ​១៩៤៩ ​សន្ធិសញ្ញា​បារាំង​វៀតណាម​ និង​កំណត់ហេតុ​ចរចា​ផ្សេង​ៗ​ ព្រម​ទាំង​លិខិត​ឆ្លង​ឆ្លើយ​សម្ងាត់​ជា​ច្រើន​ដែល​ទាក់ទង​នឹង​ការ​កាត់​ផ្ទេរ​ទឹកដី​ខ្មែរ​ឲ្យ​ប្រទេស​វៀតណាម។

ចំពោះ​ការ​ថត​ចម្លង​ឯកសារ​ទាំង​នោះ ​លោក​ថាច់ សេដ្ឋា ​បាន​បញ្ជាក់​ថា​ ត្រូវ​ចំណាយ​ទឹក​ប្រាក់​ប្រមាណ​ចំនួន​ ១​ម៉ឺន​៦ពាន់​អឺរ៉ូ​ ឫ​ប្រមាណ​ជាង​១ម៉ឺន​៨​ពាន់​ដុល្លារ​អាមេរិក។ ​ក៏​ប៉ុន្តែ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ខ្វះ​ថវិកា​មួយ​ចំនួន​ទៀត​នៅ​ឡើយ​សម្រាប់​ការ​ថត​ចម្លង​ឯកសារ​ទាំង​នោះ។ ទោះ​ជា​បែប​នេះ​ក្តី​ លោក​ថាច់ សេដ្ឋា​ បាន​គូស​បញ្ជាក់​ថា​ បើ​មាន​ថវិកា​គ្រប់គ្រាន់ ឯកសារ​ទាំង​៥​ពាន់​ទំព័រ​នឹង​បញ្ចប់​ការ​ថត​ចម្លង​នៅ​ពាក់​កណ្តាល​ខែ​មិថុនា ​និង​ បញ្ជូន​មក​កាន់​ប្រទេស​កម្ពុជា​នៅ​ចុង​ខែ​ដដែល។​ បើ​តាម​លោក​ថាច់ សេដ្ឋា បន្ទាប់​ពី​បញ្ចប់​ការ​ថត​ចម្លង​ សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​នឹង​ផ្ញើរ​ឯកសារ​ទាំង​នោះ​នៅ​ធនាគារ​ឯកសារ​នៅ​ក្នុង​ប្រទេស​បារាំង​ ដើម្បី​ជួយ​រក្សា​ទុក​ ប៉ុន្តែ​ត្រូវ​បង់ថ្លៃ​សេវា​ចំនួន​១១០អឺរ៉ូ​ ឫ​ប្រមាណ​១២០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ។

យ៉ាង​ណា​ក៏​ដោយ ​ក្រោយ​ពី​ឯកសារ​ទាំង​នោះ​មក​ប្រទេស​កម្ពុជា​ សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​នឹង​ធ្វើ​ការ​បកប្រែ​ជា​ផ្លូវ​ការ​នូវ​ឯកសារ​ ទាំងនោះ​ពី​ភាសា​បារាំង​មកជា​ភាសា​ខ្មែរ និង​អង់គ្លេស​។ បន្ទាប់​មក​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម នឹង​ដាក់​ជូន​ទៅ​កាន់​ក្រសួង​អប់រំ ដើម្បី​ស្នើ​សុំ​បញ្ចូល​ក្នុង​កម្មវិធី​សិក្សា ​តម្កល់​នៅ​រាជ្យ​បណ្ឌិត​សភា​កម្ពុជា​ និង​អង្គការ​យូណេស្តូ​ ដើម្បី​រក្សា​ទុកជា​ប្រវត្តិសាស្ត្រ​ជាតិ។ ហើយ​អ្វី​ដែល​ចាំបាច់​ជាង​នេះ​ទៀត​នោះ ​គឺ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ​នឹង​យក​ឯកសារ​ទាំងនោះ​ ដាក់​ទៅកាន់​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា​ ដើម្បី​បញ្ជាក់​ពី​ប្រវត្តិសាស្ត្រ​ពិត​នៃ​ទឹកដី​កម្ពុជា​ក្រោម និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​សុំទោស​ជា​សាធារណៈ​ចំពោះ​ការ​លើក​ឡើង​របស់​ អ្នកនាំ​ពាក្យ​ស្ថានទូត​របស់​ខ្លួន​ដែល​ថា​ ទឹកដី​កម្ពុជា​ក្រោម​ជា​របស់​វៀតណាម​តាំង​ពី​យូរយារ​ណាស់​មកហើយ​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ