អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

បុណ្យ​កឋិន​បច្ចុប្បន្ន មាន​បច្ច័យ​ច្រើន​តែ​ខ្វះ​សាមគ្គី​ភាព​ទូលំ​ទូលាយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាល​ពី​ខ្មែរ​ទើប​រួច​ផុត​ពី​របប​ប្រល័យ​ពូជសាសន៍ ការ​ធ្វើ​បុណ្យ​កឋិន ត្រូវ​គេ​កត់​សម្គាល់​ថា​មាន​សភាព​គគ្រឹក​គគ្រេង រួបរួម​គ្នា ជួយ​គ្នា​មិន​ប្រកាន់​ពណ៌​សម្បុរ​នយោបាយ ឬ​សាសនា​អ្វី​ទាំង​អស់។ កាយ​វិការ​នេះ គឺ​ដោយសារ​ជំនាន់​នោះ ពួកគេ​អវត្តមាន​ការ​ធ្វើ​បុណ្យ​ទាន​ ដើម្បី​សុំ​សេចក្តី​សុខ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។ មួយ​វិញ​ទៀត នៅ​ទសវត្ស​ឆ្នាំ​៨០-៩០ ប្រជាជន​ខ្មែរ គ្មាន​ការ​លោភ​លន់ ឬ​ភាព​រវល់​ ដើម្បី​ហេតុផល​សេដ្ឋកិច្ច​នានា​ ដែល​រំខាន​ដល់​ការ​ធ្វើ​បុណ្យ​ឲ្យ​បាន​ពេញ​លេញ​ដូច​ជា​បច្ចុប្បន្ន​នេះ​ទេ។

បុណ្យកឋិនបច្ចុប្បន្ន មានបច្ច័យច្រើនតែខ្វះសាមគ្គីភាពទូលំទូលាយ
បុណ្យកឋិនបច្ចុប្បន្ន មានបច្ច័យច្រើនតែខ្វះសាមគ្គីភាពទូលំទូលាយ
ផ្សាយពាណិជ្ជកម្ម

កឋិន​កាល​បាន​មក​ដល់​ហើយ​ចាប់​តាំង​ពី​ថ្ងៃ​ទី​ ១រោជ ខែ​អស្សុជ ត្រូវ​នឹង​ថ្ងៃ​ចន្ទ​ ទី​១៧ ខែ​តុលា​ឆ្នាំ​២០១៦ រហូត​ដល់​ថ្ងៃ​ ១៥​កើត ខែ​កក្តិក ពោល​គឺ​មាន​រយៈ​ពេល​ ១​ខែ​គត់។ ក្នុង​រយៈ​ពេល​មួយ​ខែ​នេះ វត្ត​នីមួយ​ៗ​មាន​សិទ្ធិ​ទទួល​បាន​កឋិន​ទាន ដែល​ពុទ្ធបរិស័ទទី​ជិត​ទី​ឆ្ងាយ​ហែចូល​ បាន​តែ​មួយ​ថ្ងៃ​គត់ ទោះ​ជា​ថ្ងៃ​តែ​មួយ​នោះ​មាន​កឋិន​ច្រើន​ក៏​ដោយ។

ការ​ធ្វើ​កឋិន តាម​ផ្លូវ​ព្រះពុទ្ធ​សាសនា ពុទ្ធ​បរិស័ទ​ទទួល​បាន​អានិសង្ឃ​ខ្ពស់​ណាស់ ក្នុង​នោះ​មាន​ដូច​ជា​បាន​ធ្វើ​ផ្លូវ​ទៅ​កាន់​ឋាន​សួគ៌ បិទ​ផ្លូវ​មិន​ឲ្យ​ទៅ​កើត​ជា​អបាយ​នានា ទទួល​បាន សម្បត្តិ​មនុស្ស១ សម្បត្តិទេព្តា១ និង​សម្បត្តិ​ព្រះ​និព្វាន​១ ព្រម​ទាំង​ក្លាយ​ជា​បុគ្គល​ដ៏​ប្រសើរ​ជាដើម។

ជា​ការ​កត់​សម្គាល់ ការ​ធ្វើ​បុណ្យ​កឋិន​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ការ​វិវត្ត​ជា​ច្រើន អស់​រយៈ​ពេល​ជាង​ ៣​ទសវត្ស​កន្លង​ទៅ​នេះ។ ចាប់​តាំង​ពី​ប្រទេស​ត្រូវ​បាន​រំដោះ​ពី​របប​ប្រល័យ​ពូជ​សាសន៍ ពោល​គឺ​នៅ​ទសវត្ស​ឆ្នាំ​៨០ និង​ទសវត្ស​ឆ្នាំ​៩០ ការ​ធ្វើ​បុណ្យ​កឋិន​របស់​ប្រជាជន​ខ្មែរ បាន​ប្រព្រឹត្តិ​ឡើង នៅ​ក្នុង​ស្មារតី​មួយ​មាន​លក្ខណៈ​ជា​ការ​ធ្វើ​បុណ្យ​បែប​សាមគី្គ និង​មាន​សកម្មភាព​គគ្រឹក​គគ្រេង។

មាន​ហេតុ​ផល​មួយ​ចំនួន ដែល​បង្ហាញ​ថា ការ​ធ្វើ​បុណ្យ​កឋិន​កាល​ជំនាន់​ទសវត្ស​មុន​ៗ មាន​ភាព​ប្រសើរ​ជាង​បច្ចុប្បន្ន គឺ​ប្រជាជន​ខ្មែរ​ទើប​តែ​បាន​ឆ្លង​ផុត​ពី​របប​កាប់​សម្លាប់ ដែល​ប្រព្រឹត្តិ​ឡើង​ដោយ​ពួក​ខ្មែរ​ក្រហម ដូចនេះ ម្នាក់​ៗ​បាន​ស្រេក​ឃ្លាន​ក្នុង​ការ​ធ្វើ​បុណ្យ ដោយ​មិន​បាន​គិត​ពី​ការ​រើស​អើង មិន​មាន​គិត​ពី​ការ​ប្រកាន់​បក្ស​ពួក មាន​ការ​ស្ម័គ្រ​ចិត្ត​ស្មោះស្ម័គ្រ​ចូល​រួម​ជួយ​គ្នា ក្នុង​ឋានៈ​ជា​សាច់​ញាតិ អ្នក​ភូមិ​ផង​របង​ជាមួយ ដោយ​មិន​គិត​ពី​ការ​ខាត​បង់​ ឬ​កេង​ប្រវ័ញ្ច​អ្វី​ឡើយ។

ប្រជាជន​ជំនាន់​នោះ មាន​ការ​រាប់​អាន​គ្នា​ណាស់ សកម្មភាព​ហែកឋិន បាន​ធ្វើ​ឡើង​ក្នុង​រូបភាព​គគ្រឹក​គគ្រេង បើ​ទោះ​ណា​ជា​បច្ច័យ​ ដែល​ប្រមូល​បាន​ពី​អង្គ​កឋិន​ទាន​នៅ​ពេល​នោះ មាន​សភាព​ស្តួច​ស្តើង​ទៅ​តាម​លទ្ធភាព​របស់​ពលរដ្ឋ​ម្នាក់​ៗ​ក៏​ដោយ។ ពោល​គឺ​ការ​ធ្វើ​កឋិន​ជំនាន់​នោះ បង្កើត​បាន​ជា​បរិយាកាស​សប្បាយ​រីក​រាយ​ទាំង​អ្នក​ហែកឋិន​ចូល​វត្ត និង​រីករាយ​ទាំង​ពុទ្ធ​បរិស័ទ​ជើង​វត្ត​ ដែល​ជា​អ្នក​ចាំ​ទទួល​ការ​ហែ​កឋិន​ចូល។

ផ្ទុយ​ទៅ​វិញ ការ​ធ្វើ​កឋិន​សម័យ​វិទ្យាសាស្ត្រ​មាន​ការ​អភិវឌ្ឍ​នេះ មាន​សភាព​ខុស​គ្នា​ជា​ច្រើន​ពី​សម័យ​កាល​មុន​ៗ។ ជា​ការ​កត់​សម្គាល់​ចាប់​តាំង​ពី​មាន​ការ​បោះឆ្នោត ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​សហប្រជាជាតិ​កាល​ពី​ឆ្នាំ ១៩៩៣​មក ហើយ​ជា​បណ្តើរ​ៗ ប្រទេស​កម្ពុជា​បាន​អនុវត្ត​តាម​សេដ្ឋកិច្ច​ទីផ្សារ​សេរី ការ​ធ្វើ​បុណ្យ​កឋិន​ក៏​មាន​ការ​ប្រែប្រួល​រូប​ភាព​ជា​បណ្តើរ​ៗ​ដែរ។

ប្រែប្រួល​ដោយ​ការ​ធ្វើ​បុណ្យ​កឋិន ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ពាក់ព័ន្ធ​ទៅ​នឹង​នយោបាយ។ ពលរដ្ឋ​ខ្មែរ​ ដែល​ជា​អ្នក​រួម​គ្នា​ជា​ធ្លុង​មួយ​ធ្វើ​បុណ្យ​កឋិន សន្សំ​កុសល​ជាមួយ​គ្នា​ពី​អតីត​កាល បែរ​ជា​មាន​ការ​បែង​ចែក​បក្ស​ពួក ចែក​ក្រុម ហើយ​ការ​ប្រកួត​ប្រជែង​គ្នា​ខាង​ធនធាន ក្នុង​ការ​ធ្វើ កឋិន​ក៏​បាន​កើត​មាន​ឡើង។

បញ្ហា​សេដ្ឋកិច្ច និង​ការ​លោភ​លន់ របស់​មនុស្ស​ជំនាន់​នេះ បាន​ជំរុញ​ឲ្យ​មាន​ការ​បោះបង់ និង​បំភ្លេច​ចោល​នូវ​ទំនៀម​ទំលាប់​ល្អ​របស់​ខ្មែរ ដែល​បាន​កើត​មាន​ជា​យូរ​មក​ហើយ។ ព្រះ​សង្ឃ​អង្គ​ខ្លះ មិន​បាន​ប្រតិបត្តិ​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​ពុទ្ធ​ឱវាទ ជា​ហេតុ​ធ្វើ​ឲ្យ​ល្អក់​កករ ក្នុង​ការ​គោរព​ និង​ធ្វើ​បុណ្យ​ពី​សំណាក់​ពុទ្ធ​បរិស័ទ​ខ្មែរ។

ដោយឡែក​ការ​ដង្ហែ​អង្គ​កឋិន​ចូល​វត្ត ក៏​មាន​ការ​ប្រកាន់​ដែរ ដោយ​ក្នុង​មួយ​ឆ្នាំ​ៗ អាស្រ័យ​ទៅ​លើ​និន្នាការ​នៃ​អ្នក​ផ្តើម​បុណ្យ និង​និន្នាការ​របស់​អ្នក​គ្រប់គ្រង​វត្ត​នីមួយៗ ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ប្រពៃណី សាសនា នា​ដំណាក់​កាល​ចុង​ក្រោយ​នេះ មាន​ការ​ទាក់​ទង​គ្នា​ទៅ​នឹង​នយោបាយ ពណ៌សម្បុរ «លោក​ខាង​ឯង ឬ​លោក​ខាង​អញ»។ ជាមួយ​គ្នា​នេះ ក៏​មាន​ការ​កត់​សម្គាល់​ដែរ​ថា ក្នុង​មួយ​ឆ្នាំ​ៗ​វត្ត​ខ្លះ សំបូរ​កឋិន មាន​កឋិន​ច្រើន​ហែ​ចូល​វត្ត​ថ្ងៃ​តែ​មួយ រីឯ​វត្ត​ខ្លះ​ស្ទើរ​តែ​គ្មាន​កឋិន​ហែ​ចូល​សោះ​ក្នុង​អំឡុង​ពេល​រដូវ​កាល​កឋិន មួយ​ឆ្នាំ​មាន​តែ​ម្តង​នេះ។

ដូច្នេះ ការ​ធ្វើ​បុណ្យ​កឋិន​នា​សម័យ​នេះ ជា​ការ​ពិត​ស្ថិត​នៅ​ក្នុង​សង្គម​មួយ​ ដែល​មាន​ការ​វិវត្ត ធនធាន​នៃ​ការ​ធ្វើ​កឋិន មាន​ភាព​ខុស​គ្នា​ពី​អតីត​កាល​ខ្លាំង វា​អាច​ប្រសើរ​ជាង​ជំនាន់​មុន​ទាក់ទង​ទៅ​នឹង​ការ​កសាង​វត្ត និង​រំលេច​សមិទ្ធផល​ផ្សេង​ៗ​នៅ​ក្នុង​វត្ត។ ទោះ​យ៉ាង​នេះ​ក្តី ប្រសិន​បើ​ការ​ប្រតិបត្តិ​បុណ្យ​កឋិន នៅ​តែ​បន្ត​បង្ហាញ​ទិដ្ឋភាព​ដូច​កាល​ពី​ទសវត្ស​ឆ្នាំ​ ៨០ និង​៩០ គឺ​ជា​ការ​ប្រសើរ ដោយ​កាល​ណោះ​ខ្មែរ​បាន​រួមគ្នា​ធ្វើ​បុណ្យ និង​គោរព​យ៉ាង​ខ្ជាប់​ខ្ជួន​ក្រោម​ដំបូល​ព្រះពុទ្ធ​សាសនា​តែ​មួយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ