អានតួអត្ថបទ
កម្ពុជា

ទីប្រឹក្សា​ក្រសួង​ធម្មការ៖ ការ​ប្រតិបត្តិ​អង្គ​កឋិន​ទាន​បច្ចុប្បន្ន ​ពុំ​សូវ​ត្រឹម​ត្រូវ

ថ្ងៃ​ទី ១៧ ខែ តុលា នេះ គឺ​ជា​ថ្ងៃ​ទី​មួយ​នៃ​បុណ្យ​កឋិនទាន ដែល​អ្នក​គោរព​ព្រះពុទ្ធ​សាសនា តែង​តែ​នាំ​គ្នា​ប្រារព្ធ​ជា​រៀង​រាល់​ឆ្នាំ។ កឋិនទាន ជា​កាល​ដ៏​ពិសេស​មួយ​មាន​កំណត់​ពេល​វេលា​ច្បាស់​លាស់ ពោល​គឺ​មាន​រយៈ​ពេល​ចំនួន ២៩ ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ ១ រោច​ខែ អស្សុជ ដល់​ថ្ងៃ ១៥ កើត ខែ​កត្តិក។ យ៉ាង​ណា​ក៏​ដោយ ទី​ប្រឹក្សា​ក្រសួង​ធម្មការ មើល​ឃើញ​ថា បច្ចុប្បន្ន ការ​ប្រតិបត្តិ​របស់​ភិក្ខុ​សង្ឃ​មួយ​ចំនួន​មិន​បាន​ត្រឹម​ត្រូវ​តាម​អង្គ​កឋិន​នោះ​ទេ។

ទីប្រឹក្សាក្រសួងធម្មការ ថាការប្រតិបត្តិអង្គកឋិនទានបច្ចុប្បន្ន ពុំសូវត្រឹមត្រូវ
ទីប្រឹក្សាក្រសួងធម្មការ ថាការប្រតិបត្តិអង្គកឋិនទានបច្ចុប្បន្ន ពុំសូវត្រឹមត្រូវ @Google
ផ្សាយពាណិជ្ជកម្ម

តាម​ការ​សង្កេត​របស់ លោក វ៉ាយ វិបុល ទីប្រឹក្សា​ក្រសួង​ធម្មការ​ និង​សាសនា បច្ចុប្បន្ន​នេះ​ការ​ប្រតិបត្តិ​អង្គ​កឋិន ពុំ​សូវ​ជា​មាន​ភាព​ត្រឹម​ត្រូវ​នោះ​ទេ ជាក់​ស្តែង មាន​ភិក្ខុ​សង្ឃ​នៅ​តាម​វត្ត​អារាម​មួយ​ចំនួន បាន​ដើរ​ទៅ​ទាក់​ទង​ពុទ្ធ​បរិស័ទ ឲ្យ​មក​ធ្វើ​បុណ្យ​កឋិន​នៅ​ក្នុង​វត្ត​របស់​ខ្លួន ដែល​ការណ៍​នេះ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ទេ ឬ​ធ្វើ​ឲ្យ​អោយ​ខូច​កឋិន។ លោក វ៉ាយ វិបុល ពន្យល់​ថា តាម​បញ្ញត្តិ​នៅ​ក្នុង​ព្រះ​វិន័យ គឺ​ត្រូវ​ព្រះ​សង្ឃ ត្រូវ​គង់​ចាំ​ពុទ្ធបរិស័ទ​ជា​អ្នក​ផ្តូច​ផ្តើម​ធ្វើ​បុណ្យ​វិញ។

កឋិន​ទាន គឺ​ជា​បុណ្យ​ ដែល​មាន​ចែង​នៅ​ក្នុង​ពុទ្ធ​បញ្ញត្តិ ពោល​គឺ​ពុំ​មែន​ជា​បុណ្យ ប្រពៃណី​របស់​អ្នក​គោរព​រាប់​អាន ព្រះពុទ្ធ​សាសនា ដូច​ជា​បុណ្យ​ភ្ជុំបិណ្ឌ និង​បុណ្យ​ផ្កា​ជា​ដើម​ឡើយ។ កឋិន​ទាន មាន​តែ​នៅ​ក្នុង​ព្រះពុទ្ធសាសនា​ប៉ុណ្ណោះ ហើយ​ក៏​ជា​កាល​ទាន​ដ៏​ពិសេស​មួយ​មាន កំណត់​ពេល​វេលា​ច្បាស់​លាស់ គឺ​មិន​មែន​អាច​ធ្វើ​ពេល​ណា​ក៏​បាន គឺ​អាច​ធ្វើ​បាន​តែ​ក្នុង​រយៈ​ពេល ២៩​ថ្ងៃ​គត់​ចាប់​ពី​ថ្ងៃ១ រោច​ខែ​អស្សុជ​ដល់​ថ្ងៃ​ ១៥ កើត​ ខែកត្តិក ហៅថា កឋិន​កាល​ ជា​រយៈ​ពេល​បន្ទាប់ ពី​ព្រះសង្ឃ​បវរណា​ចេញ​ព្រះ​វស្សា។ កឋិន​ទាន មិន​មែន​ត្រូវ​បាន​ធ្វើ​ឡើង​តែ​នៅ​កម្ពុជា​ប៉ុណ្ណោះទេ ក៏​មាន​ផង​ដែរ​នៅ​បណ្តា​ប្រទេស​មួយ​ចំនួន ដែល​កាន់​ព្រះពុទ្ធ​សាសនា​ថេរវាទ ដូចជា ប្រទេស​ថៃ ភូមា និង​ឡាវ​ជា​ដើម ព្រោះ​ថា​កឋិន​ទាន​កិច្ច​មាន​ចែង​ក្នុង​វិន័យ។  

លក្ខណៈ​ពិសេស​មួយ​នៃ​បុណ្យ​កឋិន​ទាន គឺ​ទាំង​ពលរដ្ឋ​ពុទ្ធ​បរិស័ទ​ជា​គ្រហស្ថ​អ្នក​គ្រប់​គ្រង​ផ្ទះ ទាំងព្រះ​សង្ឃ​ជា​បុព្វជិត អាច​ធ្វើ​កឋិន​ទាន​បាន​ដូចគ្នា។ ព្រះពុទ្ធ​ជា​ម្ចាស់ ទ្រង់​អនុញ្ញាត​ឲ្យ​ភិក្ខុ​សង្ឈ​ទទួល​កឋិន ហើយ​ភិក្ខុ​ធ្វើ​កឋិន​ត្ថារកិច្ច គឺ​ក្រាល​គ្រង​អនុមោទ​នា​កឋិន​នោះ ដើម្បី​សម្រាល​នូវ​ទុក្ខ​លំបាក ក្នុង​ការ​ប្រើប្រាស់​បច្ច័យ​មួយ​ចំនួន ដូចជា ត្រៃ​ចីវរ អាហារ​ភោជន និង​លាភ​សក្ការៈ​ផ្សេង​ៗ ដែល​កើត​មាន​ដល់​សង្ឃ ហើយ​ការ​សម្រាល ទុក្ខ​នេះ​ទៀត​សោត ក៏​បាន​តែ​ត្រឹម​រយៈ​កាល ៥​ខែ និង​បាន​ចំពោះ​តែ​ភិក្ខុ ដែល​ចូល​បុរិមិកាវស្សា អស់​ត្រីមាស បាន​ត្រឹម​ត្រូវ មិន​ដាច់​វស្សា។

ម្យ៉ាង​ទៀត ការ​ធ្វើ​កឋិន លោក​សំដៅ​យក​តែ​ចីវ​របច្ច័យ គឺ​អ្នក​ធ្វើ​កឋិន មាន​សំពត់​ត្រឹម​តែ​អាច​ធ្វើ​ស្បង់​មួយ ក៏​អាច​ធ្វើ​កឋិន​បាន​ដែរ ព្រោះ​លោក​ទទួល​ក្រាល​កឋិន ក្នុង​ចំណោម​ត្រៃ​ចីវរ (ស្បង់១ ចីវរ១ សង្ឃាដី១) គឺ​ក្រាល​បាន​តែ​ ១​មុខ​ប៉ុណ្ណោះ បើ​ក្រាល​ដល់​ទៅ​ពីរ​មុខ មិន​ឡើង​ជា​កឋិន​ឡើយ លោក​ហៅថា ខូច​កឋិន ឬ​កឋិន​ត្ថារវិបត្តិ។ ប៉ុន្តែ​ការ​ដែល​អ្នក​មាន​សទ្ធា ជា​អ្នក​មាន​ធូរធា ស្តុកស្តម្ភ អាច​នាំ​សម្ភារៈ​ច្រើន​ៗ ដូចជា ចីវរ១ ត្រៃ២ ឬ ៣ត្រៃ ឬ​ក៏​លើស​ទៅ​ទៀត ក៏​អាច​ទាំង​សេនា​សន​បច្ច័យ គិលាន​បច្ច័យ បិណ្ឌ​បាត​បច្ច័យ ឲ្យ​កាន់​តែ​សម្បូរ​បែប​ច្រើន​ៗ​ទៅ​ទៀត ក៏​រឹត​តែ​ប្រសើរ​វិសេស គឺ​បាន​ផល្លា​និសង្ស​ដល់​អ្នក​ធ្វើ​កឋិន កាន់​តែ​ច្រើន​លើស​លប់ តាម​សម្ភារៈ​បរិក្ខារ ​គឺ​អានិសង្ស​លាភ ឬ​បរិវា​រកឋិន៕  

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ