អានតួអត្ថបទ
កម្ពុជា

លោក​កឹម សុខា បួង​សួង​សុំយុត្តិធម៌​ពិត ខណៈ​លោក​កំពុង​ប្រឈម​ការ​ចាប់​ខ្លួន

ដូច​ការ​គ្រោង​ទុក​នៅ​ព្រឹក​នេះ ថ្នាក់​ដឹកនាំ​គណបក្ស​សង្រ្គោះ​ជាតិ បាន​រៀបចំ​កម្មវិធី​សូត្រ​មន្ដ និង​ប្រគេន​ចង្ហាន​ដល់​ព្រះសង្ឃ​រាប់​រាយ​អង្គ​នៅ​ទីស្នាក់​កណ្តាល​គណបក្ស ដើម្បី​សូម​កុំ​ឲ្យ​មាន​ការ​រំលោភ​បំពាន​លើ​អភ័យ​ឯក​សិទ្ធិ​សភា។ ឆ្លៀត​ក្នុង​ឱកាស​នោះ លោក​កឹម សុខា ប្រធាន​ស្តី​ទី​គណបក្ស​សង្រ្គោះ​ជាតិ បាន​បួង​សួង​សុំ​ឲ្យ​សង្គម​កម្ពុជា​មាន​យុត្តិធម៌​ពិត យុត្តិធម៌​សម្រាប់​ទាំង​អស់​គ្នា។

លោក​កឹម សុខា ​ថ្លែង​បួង​សួង​ឲ្យ​មាន​យុត្តិធម៌​ពិត​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ព្រឹក​ថ្ងៃ​ទី​ ៧ ​មិថុនា ​ឆ្នាំ​២០១៦។ ​
លោក​កឹម សុខា ​ថ្លែង​បួង​សួង​ឲ្យ​មាន​យុត្តិធម៌​ពិត​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ព្រឹក​ថ្ងៃ​ទី​ ៧ ​មិថុនា ​ឆ្នាំ​២០១៦។ ​ @Kem Sokha
ផ្សាយពាណិជ្ជកម្ម

លោកកឹម សុខា ​៖ "​ខ្ញុំ​សូមបួង​សួង​ឲ្យ​បារមី​ព្រះពុទ្ធ​ ព្រះធម៌​ ព្រះសង្ឃ​ដែល​យើង​ប្រារព្ធ​ពិធី​ថ្ងៃនេះ ​​សូម​ឧទ្ទិស​​ដល់​គុណ​បុណ្យ​ទាំងអស់​ សូមជួយ​ធ្វើយ៉ាងណា​ឲ្យ​ទឹកដី​កម្ពុជា​មាន​សន្តិភាព​ពិត​ ​សន្តិភាព​សម្រាប់​ទាំងអស់គ្នា​ មាន​យុត្តិធម៌​ពិត ​យុត្តិធម៌​សម្រាប់​ទាំងអស់​គ្នា ​សេរីភាព​ពិត​ ​គឺ​សេរីភាព​សម្រាប់​ទាំងអស់គ្នា ​ខ្មែរ​សុខ​ទាំងអស់គ្នា ​ខ្មែរ​ឈ្នះ​ទាំងអស់គ្នា​ " ។ 

​លោក​កឹម សុខា ​បាន​បួ​ងសួង​ដូច្នេះ​​នៅ​ចំពោះ​មុខ​ព្រះ​សង្ឃ អ្នក​តំណាង​រាស្រ្ត សកម្មជន និង​អ្នក​គាំទ្រ​រាប់​រាយ​អង្គ និង​នាក់​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស។ ជាមួយ​ការ​បួងសួង​សុំ​យុត្តិធម៌​ពិត​ទាំង​ខ្លួន​កំពុង​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​នេះ លោក​កឹម សុខា ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​អ្នក​គាំទ្រ​របស់​ខ្លួន​ ដែល​បាន​តស៊ូ ដើម្បី​ទាមទារ​នូវ​សិទ្ធ​សេរីភាព យុត្តិធម៌ ជា​ពិសេស​ទាមទារ​ការពារ​នូវ​អភ័យឯកសិទ្ធិ​សភា​របស់​អ្នក​តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ។

សូម​ជម្រាប​ជូន​ថា នេះ​គឺ​ការ​ថែ្លង​សុន្ទរកថា​សាធារណៈ​ជា​លើក​ដំបូង​ហើយ​របស់​លោក​កឹម សុខា បន្ទាប់​ប្រធាន​ស្តីទី​គណបក្ស​ប្រឆាំង​រូប​នេះ បាន​មក​ស្នាក់​នៅ​ទីស្នាក់​ការ​កណ្តាល​គណបក្ស​អស់​រយៈ​ពេល​១៤​ថ្ងៃ​គិត​ត្រឹម​ពេល​នេះ ក្រោយ​ពី​លោក​មាន​ក្តី​ក្តាំ​នៅ​តុលាការ និង​ត្រូវ​បាន​អាជ្ញាធរ​រដ្ឋាភិបាល​ស្វែង​រក​ចាប់​ខ្លួន។ អំឡុង​ពេល​ស្នាក់​នៅ​ទីនោះ អ្នក​គាំទ្រ​គណបក្ស​សង្រ្គោះ​ជាតិ​រាប់​សិប​នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​ជា​រៀង​រាល់​ថ្ងៃ​ ដើម្បី​ឃ្លាំ​មើល និង​គាំទ្រ​អ្នក​ដឹកនាំ​របស់​ពួកគេ។ សកម្មភាព​ទាំង​នេះ ត្រូវ​បាន​លោក​កឹម សុខា​ចាត់​ទុក​ថា ​គឺ​ជា​ការ​តស៊ូ​ ដែល​មាន​ការ​លះបង់​ខ្ពស់​បំផុត។ យ៉ាង​ណា​ក៏​ដោយ លោក​កឹម សុខា គូស​បញ្ជាក់​ប្រាប់​អ្នក​គាំទ្រ​របស់​ខ្លួន ថា​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​តែ​ប្រកាន់​ខ្ជាប់​នូវ​ការ​តស៊ូ​ដោយ​អហិង្សា។

ក្រៅ​ពី​ពិធី​សាសនា​បន់​ស្រន់ ដើម្បី​សូម​កុំ​ឲ្យ​មាន​ការ​រំលោភ​បំពាន​លើ​អភ័យឯក​សិទ្ធិ​សភា​នៅ​ថ្ងៃ​នេះ គណបក្ស​សង្រ្គោះ​ជាតិ​ក៏​មាន​កម្មវិធី​ជា​បន្ត​បន្ទាប់​ទៀត​ដែរ នោះ​គឺ​នៅ​ព្រឹក​ថ្ងៃ​ទី​ ១៣ មិថុនា គណបក្ស​នឹង​រៀបការ​ កម្មវិធី​ទទួល​ញត្តិ និង​ការ​សម្តែង​មតិ​របស់​ពលរដ្ឋ។ ចំណែក​នៅ​ព្រឹក​ថ្ងៃ​ទី​ ១៤ មិថុនា​វិញ នឹង​រៀបចំ​ជួប​ជុំ​មហាជន​ដោយ​សន្តិវិធី​ទៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស។ កាល​ពី​ថ្ងៃ​ចន្ទ គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​សង្រ្គោះ​ជាតិ បាន​សម្រេច​ឲ្យ​បន្ត​ប្រើប្រាស់​យន្តការ​ ដែល​គណបក្ស​មាន ដើម្បី​ធ្វើ​ការ​តស៊ូ​មតិ​ដោយ​អហិង្សា​រហូត​ដល់​មាន​ដំណោះ​ស្រាយ​ ដែល​អាច​នាំ​ឲ្យ​ស្ថានការ​នយោបាយ​វិល​ទៅ​រក​ភាព​ប្រក្រតី​ឡើង​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ