អានតួអត្ថបទ
កម្ពុជា

បក្ស​សង្គ្រោះជាតិ​ នឹង​ផ្តុំ​គ្នា​ឃ្លាំ​មើល​សវនាការ​លោក កឹម សុខា ពី​ទីស្នាក់ការ​កណ្តាល​

បើ​គ្មាន​អ្វី​ប្រែប្រួល​ទេ នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ ថ្នាក់​ដឹកនាំ និង​សកម្មជន បក្ស​សង្រ្គោះជាតិ រាប់​សិប​នាក់ នឹង​ប្រមូល​ផ្តុំ​គ្នា​នៅ​ទីស្នាក់ការ​កណ្តាល​បក្ស​ ដើម្បី​ឃ្លាំ​មើល​ចំណាត់​ការ​របស់​តុលាការ​ក្រុង​ភ្នំពេញ ដែល​គ្រោង បើក​សវនាការ​ជម្រះ​ក្តី លោក កឹម សុខា ប្រធាន​ស្តីទី បក្ស​សង្រ្គោះ​ជាតិ ពី​បទ «បដិសេធ​ចូល​បំភ្លឺ» ក្នុង​សំណុំ​រឿង អ្នក​នាង ខុម ចាន់តារ៉ាទី ហៅ​ស្រីមុំ។ មន្រ្តី​ជាន់​ខ្ពស់​បក្ស​សង្រ្គោះ​ជាតិ​ បាន​អំពាវនាវ​ឲ្យ តុលាការ​ផ្អាក​សវនាការ​លើ​តំណាង​រាស្រ្ត​ ដែល​មាន​អភ័យ​ឯក​សិទ្ធិ ដូចជា លោក អ៊ុំ សំអាន និង​លោក កឹម សុខា ដោយ​ព្រមាន​តស៊ូ​នយោបាយ អហិង្សា រហូត​ដល់​មាន​ដំណោះ​ស្រាយ។

លោក​កឹម សុខា ​ថ្លែង​បួង​សួង​ឲ្យ​មាន​យុត្តិធម៌​ពិត​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ព្រឹក​ថ្ងៃ​ទី​ ៧ ​មិថុនា ​ឆ្នាំ​២០១៦។ ​
លោក​កឹម សុខា ​ថ្លែង​បួង​សួង​ឲ្យ​មាន​យុត្តិធម៌​ពិត​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ព្រឹក​ថ្ងៃ​ទី​ ៧ ​មិថុនា ​ឆ្នាំ​២០១៦។ ​ @Kem Sokha
ផ្សាយពាណិជ្ជកម្ម

គណបក្ស​សង្រ្គោះ​ជាតិ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ប្រកាស​ជំហរ មិន​អាច​ទទួល​យក​បាន​ទេ សវនាការ​ជម្រះ​ក្តី​ លោក កឹម សុខា ប្រធាន​ស្តី​ទី បក្ស​សង្រ្គោះ​ជាតិ​ពី​បទ «បដិសេធ​ចូល​បំភ្លឺ» ដែល​តុលាការ​ក្រុង​ភ្នំពេញ កំណត់​យក​ថ្ងៃទី៩ កញ្ញា មក​ជំនុំ​ជម្រះ។ លោក អេង ឆៃអ៊ាង មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ បាន​បញ្ជាក់​ថា ​តុលាការ​អាច​បើក​សវនាការ​លើ​អ្នក​តំណាង​លោក កឹម សុខា បាន លុះត្រា​តែ​មាន ការ​លើក​អភ័យ​ឯក​សិទ្ធិ​ពី​រដ្ឋសភា​ជា​មុន​សិន។

លោក​បាន​បន្ថែម​ថា ជា​ការ​តស៊ូ​នយោបាយ​អហិង្សា​ ថ្នាក់​ដឹកនាំ​ និង​សកម្មជន គណបក្ស​សង្រ្គោះជាតិ មក​ពី​គ្រប់​ទិសទី នឹង​ប្រមូល​ផ្តុំ​គ្នា នៅ​ទីស្នាក់ការ​កណ្តាល​បក្ស ក្នុង​សង្កាត់​ចាក់​អង្រែ​លើ រាជធានី​ភ្នំពេញ​ ដើម្បី​ឃ្លាំ​មើល​សវនាការ​របស់​លោក កឹម សុខា និង​ស្ថាន​ភាព​នយោបាយ​ចុង​ក្រោយ។

សាលាក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ពុធ បាន​អនុញ្ញាត​ឲ្យ​បក្ស​សង្រ្គោះ​ជាតិ មាន​ការ​ជួបជុំ​នៅ​ថ្ងៃ​សុក្រ នា​បរិវេណ​ស្នាក់​ការ តែ​មាន​លក្ខខណ្ឌ។ អ្នក​នាំពាក្យ​សាលារាជធានី​ភ្នំពេញ លោក មាន ចាន់យ៉ាដា បាន​បញ្ជាក់​ថា សាលា​ក្រុង​បាន ហាម​ការ​ប្រើប្រាស់​ចិញ្ចើម​ថ្នល់ ទ្រូងថ្នល់ និង​ផ្លូវ​ថ្នល់ ជា​កន្លែង​ឈរ​ជួបជុំ​គ្នា ហាម​មិន​ឲ្យ​ប្រើ​ឧឃោស​នស័ព្ទ​ក្នុង​ពេល​ប្រជុំ ហាម​មិន​ឲ្យ​ប្រើ​ពាក្យ​សម្តី​អសុរស ប៉ះពាល់​ប្រមុខ​រដ្ឋាភិបាល និង​ត្រូវ​បញ្ចប់​ការ​ប្រមូល​ផ្តុំ​ត្រឹម​ម៉ោង ១២​ថ្ងៃ​ត្រង់ ឬ​បក្ស​សង្រ្គោះ​ជាតិ ត្រូវ​ប្រឈម​នឹង ចំណាត់​ការ​រដ្ឋបាល និង​វិធានការណ៍​ច្បាប់​តាម​ករណី​ជាក់​ស្តែង។

លោក អេង ឆៃអ៊ាង មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ បាន​ឆ្លើយ​តប​ថា ​ពេល​វេលា​នៃ​ការ​បំបែក​គ្នា វា​អាស្រ័យ​ទៅ​លើ​បរិយាកាស​នយោបាយ​ពេល​នោះ​ធូរស្រាល ឬ​យ៉ាង​ណា? លោក​បញ្ជាក់​ថា ការ​ជូន​ដំណឹង​ទៅ​សាលារាជធានី​ភ្នំពេញ ពី​ការ​ជួប​ជុំ​នេះ គឺ​គ្រាន់​តែ​ធ្វើ​ ដើម្បី​ចៀសវាង​ការ​បិទ​ផ្លូវ ​នា​បរិវេណ​ទី​ស្នាក់​ការ​កណ្តាល​ ដូច​ហេតុការណ៍​កាល​ពី​ថ្ងៃ​ទី​៥ កញ្ញា​ប៉ុណ្ណោះ។

គួរ​ជម្រាប​ថា តាំង​ពី​ថ្ងៃ​ម្សិលមិញ​ម៉្លេះ កង​កម្លាំង​រដ្ឋាភិបាល​ បាន​ចាប់​ផ្តើម​បញ្ជូន​របាំង​ចល័ត​បិទ​ផ្លូវ​រុំព័ទ្ធ​លួស​បន្លា ទៅ​ទុក​នៅ​តាម​ច្រកចូល​រាជធានី តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ ៦អា ក្នុង​ឃុំ​ព្រែក​អញ្ចាញ ខេត្ត​កណ្តាល ដើម្បី​ត្រួត​ពិនិត្យ​សណ្តាប់​ធ្នាប់​សាធារណៈ តែ​មន្រ្តី​បក្ស​សង្រ្គោះ​ជាតិ​យល់​ថា មិន​ត្រឹម​តែ​គំរាម​កំហែង​ដល់​​សកម្មជន​បក្ស​ប្រឆាំង​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ការ​បំភិត​បំភ័យ​ពលរដ្ឋ​ទូទៅ​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ