អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

សំណុំ​រឿង​លោក កឹម សុខា៖ បញ្ហា​នៅ​ត្រង់​ការ​បក​ស្រាយ​ច្បាប់

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​កម្ពុជា កន្លង​មក ច្បាប់​​ត្រូវ​បាន​បក​ស្រាយ​ផ្សេង​ៗ​គ្នា ទៅ​តាម​ការ​យល់​ឃើញ ឬ​និន្នាការ​រៀង​ៗ​ខ្លួន​​។ សំណុំ​រឿង​លោក កឹម សុខា គឺ​ជា​ឧទាហរណ៍​ស្រាប់​​។ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ បានហៅ​ការ​ខក​ខាន​មិន​បាន​ចូល​ទៅ​បំភ្លឺ​នៅ​តុលាការ ថា​ជា​បទ​ល្មើស​ជាក់​ស្ដែង ខណៈ​គណបក្ស​សង្គ្រោះ​ជាតិ​យល់​ឃើញផ្សេង​​។ តើ​ហេតុ​អ្វី​បាន​ជា​ដូច្នេះ?

លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ។
លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ។ RFI/ kem sokha
ផ្សាយពាណិជ្ជកម្ម

ការ​បក​ស្រាយ​ច្បាប់​ផ្សេង​ៗ​ពី​គ្នា មិន​មែន​ជា​រឿង​ប្លែក​អ្វី​​ទេ​នៅ​កម្ពុជា​។ បញ្ហា​នេះ​ធ្លាប់​កើត​មាន​ឡើង​តាំង​ពី​យូរ​មក​ហើយ​។ ប៉ុន្តែ​ថ្មី​ៗ​នេះ មាន​ករណី​​​ចំនួនពីរ ដែលទទួល​បាន​ការ​ចាប់​អារម្មណ៍ ជជែក​ពិភាក្សា យ៉ាង​ផុល​ផុសពី​សំណាក់​អ្នក​ច្បាប់​។ ជា​ការ​កត់​សម្គាល់ ករណី​ទាំង​ពីរ​​នោះ សុទ្ធ​តែ​កើត​ឡើង​ចំពោះ​មន្ដ្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​។

ករណី​ទី​១ គឺ​ការ​មិន​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ​របស់​លោក កឹម សុខា ក្នុង​នាម​ជា​សាក្សី​ ដោយ​មិន​មាន​មូលហេតុ​សម​ស្រប​។ ក្រសួង​យុត្តិធម៌​លើក​ឡើង​ថា ករណី​លោក​កឹម សុខា ជា​បទ​ល្មើស​ជាក់​ស្ដែង។ វា​ជា​ស្ថានភាព​បទ​ល្មើស ដែលទើប​ប្រព្រឹត្ត​រួច​ភ្លាម​។ ហើយ​សមត្ថកិច្ច​អាច​ស្វែង​រកចាប់​ខ្លួននិង​ចោទ​ប្រកាន់​លោក កឹម សុខា បាន ដោយ​អនុវត្ត​តាម​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ មិន​ចាំ​បាច់​មាន​ការ​លើក​លែង​អភ័យឯកសិទ្ធិ​សភា​ឡើយ​។ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាង​ថា ករណី​នេះ មិន​មែន​ជា​បទ​ល្មើស​ជាក់​ស្ដែង​ឡើយ។ មេធាវី​របស់​លោក កឹម សុខា បាន​ធ្វើ​លិខិត​មួយ​ជូន​តំណាង​អយ្យការ បញ្ជាក់​ពី​មូលហេតុ​សម​ស្រប​នៃ​ការ​មិន​ចូល​ទៅ​បំភ្លឺ​របស់​លោក កឹម សុខា​។ ការ​ស្វែង​រក​ចាប់​ខ្លួន​លោក កឹម សុខា ពី​សំណាក់​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល គឺ​ជា​ការ​រំលោភ​យ៉ាងធ្ងន់ធ្ងរ លើ​អភ័យ​ឯកសិទ្ធិ​សភា​របស់​លោក កឹម សុខា​។ នេះ​បើ​តាម​គណបក្ស​សង្គ្រោះ​ជាតិ​។

ការ​​​ចាប់​​ខ្លួន​​លោក អ៊ុំ សំអាន កាល​ពី​ពាក់​កណ្ដាល​ខែ​មេសា​កន្លង​ទៅ​នេះ ក៏​ជា​ករណី​មួយ​ទៀត ដែល​​បង្កើត​ជា​សង្គ្រាម​សម្ដី​នៃ​ការ​បក​ស្រាយ​ខ្លឹម​សារ​ច្បាប់​ផង​ដែរ​។ សំណុំ​រឿងរបស់​លោក អ៊ុំ សំអាន ពាក់ព័ន្ធ​នឹង​ការ​ផ្សព្វផ្សាយ​ខ្លឹមសារ វីដេអូ និង​ផែនទី​ក្លែង​ក្លាយ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ចាត់​ទុក​ថា ជា​បទ​ល្មើស​ជាក់​ស្ដែង។ បទ​ល្មើស​ជាក់​ស្ដែងនេះ ​អនុញ្ញាត​ឲ្យ​សមត្ថកិច្ច​ចាប់​ខ្លួន​តំណាង​រាស្ត្រ​រូប​នេះ​បាន ស្រប​តាម​ច្បាប់​ជា​ធរមាន ដោយ​មិន​ចាំ​បាច់​មាន​ការ​យល់​ព្រម​ពី​រដ្ឋសភា ឬ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​រដ្ឋសភា​ឡើយ​។ ប៉ុន្តែ​សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង​បាន​ហៅ​ការ​ចាប់​ខ្លួន​នោះ​ថា ធ្វើ​ឡើង​ដោយ​ខុស​ច្បាប់ ខុស​នីតិវិធី​។ បើ​តាម​សង្គម​ស៊ីវិល​និង​បក្ស​ប្រឆាំង វីដេអូ ឬ​ខ្លឹមសារ​នៅ​លើ​បណ្ដាញ​សង្គម គឺ​ជា​ការ​បញ្ចេញ​មតិ មិន​មែន​ជា​បទ​ល្មើស​ជាក់​ស្ដែង ដែល​អាច​ឲ្យ​អាជ្ញាធរ​ចាប់​ខ្លួន ដោយ​មិន​ចាំ​បាច់​ដក​អភ័យឯកសិទ្ធិ​ជា​មុន​នោះ​ទេ​។

ទាំង​នេះ គេ​នៅ​មិន​ទាន់​និយាយ​ដល់​ការ​បោះ​ឆ្នោត​របស់សមាជិក​សភា​មក​ពី​បក្ស​កាន់​អំណាច ឲ្យ​បន្ត​នីតិវិធី​លើ​សំណុំ​រឿង​របស់​លោក អ៊ុំ សំអាន ផង​។ បក្ស​ប្រឆាំង​ពន្យល់​ដោយ​ផ្អែក​លើ​មាត្រា​៨០​នៃ​រដ្ឋធម្មនុញ្ញ​ថា រដ្ឋសភាត្រូវ​ការ​សំឡេង​យ៉ាង​ហោច​ណាស់​២​ភាគ​៣ ឬ​សមាជិក​សភា​ចំនួន​៨៣​រូប​ឡើង​ទៅ ដើម្បី​ប្រជុំ​ដក​អភ័យ​ឯកសិទ្ធិ​សមាជិក​សភា​ណា​ម្នាក់​។ និង​សំឡេង​៣​ភាគ​៤ ឬ​សមាជិក​សភា​ចំនួន​ចាប់​ពី​៩២​រូប​ឡើង​ទៅ ដើម្បី​ប្រជុំ​បញ្ឈប់​ការ​បន្ត​នីតិវិធី​របស់​តុលាការ ក្នុង​ការ​ឃាត់​ខ្លួន ឬ​ឃុំ​ខ្លួន​សមាជិក​សភា​ណា​ម្នាក់​។ ប៉ុន្តែ​តំណាង​រាស្ត្រ​មក​ពី​បក្ស​កាន់​អំណាច​លើក​ឡើង​ថា តំណាងរាស្ត្រ​ពី​គណបក្ស​ខ្លួន ដែល​មាន​សមាជិក​សរុប​ជាង​៦០​នាក់ ​អាច​បោះ​ឆ្នោត​ឲ្យ​បន្ត​នីតិវិធី​តុលាការ​លើ​សមាជិក​សភា​បាន​។ ធ្វើ​ទៅ​បាន ព្រោះ​រដ្ឋធម្មនុញ្ញ​ចែង​តែ​ពី​ការ​បញ្ឈប់​នីតិវិធី​ដោយ​សំឡេង​៣​ភាគ​៤ មិន​បាន​កំណត់​​ពីកូរ៉ុម​​សំឡេង​ដែល​ត្រូវ​ការ ​ដើម្បី​​បន្ត​នីតិវិធី​​​ឡើយ​។

មែន​ទែន​ទៅ នៅ​កម្ពុជា មាត្រា​នីមួយ​ៗ​នៃ​ច្បាប់​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មាន​និយម​ន័យណាមួយ​របស់​ខ្លួន​​។ ការ​បក​ស្រាយ​ច្បាប់​ទៀត​សោត អាច​ធ្វើ​ទៅ​បាន​ក្នុង​ករណី​ចាំ​បាច់។ ហើយ​មាន​តែ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ប៉ុណ្ណោះ ដែល​អាច​បក​ស្រាយ​ច្បាប់​បាន​។ យ៉ាង​ណា​ក៏​ដោយ ​នៅ​កម្ពុជា​ពេល​ខ្លះ ច្បាប់​ត្រូវ​បាន​អ្នក​មាន​ឥទ្ធិពល បក​ស្រាយ​ទៅ​តាម​ការ​ចង់បាន​របស់​ខ្លួន ដើម្បី​ដាក់​ទោស​ទៅ​លើ​គូ​បដិបក្ខ​។ ប៉ុន្តែ​គេ​ពិបាក​នឹង​បន្ទោស​ទាំង​ស្រុង​ទៅ​លើ​ការ​បក​ស្រាយ​ច្បាប់ដូច្នេះ​ណាស់ ខណៈ​​ពេល​ដែល​ច្បាប់​ខ្លះ នៅ​មាន​វិសាលភាព​​ទូលំទូលាយ​ និង​មាន​ចន្លោះ​ប្រហោង​នៅ​ឡើយ​។

ច្បាប់​មួយ​ចំនួន រួម​ទាំង​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​នៃ​ប្រទេស​ផង ត្រូវ​ការ​ធ្វើ​វិសោធនកម្ម ឬ​ធ្វើ​ច្បាប់​បន្ថែម ដើម្បី​ចៀសវាង​ការ​បក​ស្រាយ​ខុស​គ្នា​។ ហើយ​ក្នុង​ករណី​ដែល​មាន​ការ​បក​ស្រាយ​ខុស​គ្នា ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ត្រូវ​ដើរ​តួ​ជា​អាជ្ញាកណ្ដាល ដើម្បី​កាត់​សេចក្ដី​។ ព្រោះ​មាន​តែ​ ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ប៉ុណ្ណោះ ដែល​អាច​បក​ស្រាយ​ច្បាប់​បាន​។ ត្រង់​ថា ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​មាន​ឆន្ទៈ​កម្រិត​ណា ក្នុង​ការ​បក​ស្រាយ​ខ្លឹម​សារ​ច្បាប់​ដោយ​ផ្អែក​ទៅ​លើ​ច្បាប់ មិន​ផ្អែក​ទៅ​លើ​និន្នាការ​នយោបាយ? មាន​តែ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ខ្លួន​ឯង​ប៉ុណ្ណោះ ទើប​អាច​ឆ្លើយ​សំណួរ​នេះ​បាន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ