អានតួអត្ថបទ
កម្ពុជា

​ប៉ូលីស​​តាម​​ប្រម៉ាញ់​​លោក​​កឹម សុខា​ ដែល​មិន​ចូល​ខ្លួន​បំភ្លឺ​​តាម​ដីការ​កោះ​ហៅរបស់​​តុលាការ​

សមត្ថកិច្ច​​ប៉ូលីស​​ក្រសួង​មហាផ្ទៃ ​ដែល​​ប្រដាប់​​ដោយ​​អាវុធ ​បាន​​ទៅ​​ឡោមព័ទ្ធ​​ទីស្នាក់ការ​​កណ្តាល​​​គណបក្ស​​សង្គ្រោះ​​ជាតិ​​នៅ​​រាជធានី​​ភ្នំពេញ ​នា​រសៀល​​ថ្ងៃទី​២៦​ឧសភា​​នេះ ​ដើម្បី​​នាំ​​ខ្លួន​​​លោក កឹម សុខា ​ក៏​ប៉ុន្តែ​​ត្រូវ​បាន​​ដក​​ទៅ​វិញ​​ដោយ​​មិន​ដឹង​​ពី​​មូលហេតុ។ ​ភ្លាមៗ​នោះ ​គណបក្ស​​​សង្គ្រោះ​ជាតិ ​បាន​ចេញ​​សេចក្តី​ប្រកាស​​ព័ត៌មាន​​មួយ ​ដោយ​បាន​​ជំរាប​ជូន​​សាធារណជន ​​អ្នក​សារព័ត៌មាន​​ជាតិ​-​អន្តរជាតិ ​និង​​អង្គទូត​​ទាំង​អស់ ​ពី​​ការ​ឃាត់​​រថយន្ត​​របស់​​លោក ​កឹម សុខា​​នេះ។

សមត្ថកិច្ច​កម្ពុជា​កំពុង​ឡោមព័ទ្ធ​រថយន្ត​លោក កឹម សុខា ​ថ្ងៃទី​២៦​ឧសភា​ឆ្នាំ​២០១៦ ដើម្បី​ស្វែង​រក​ចាប់​ខ្លួន​ តែ​មិន​មាន​វត្តមាន​របស់​លោក ​កឹម សុខា។​
សមត្ថកិច្ច​កម្ពុជា​កំពុង​ឡោមព័ទ្ធ​រថយន្ត​លោក កឹម សុខា ​ថ្ងៃទី​២៦​ឧសភា​ឆ្នាំ​២០១៦ ដើម្បី​ស្វែង​រក​ចាប់​ខ្លួន​ តែ​មិន​មាន​វត្តមាន​របស់​លោក ​កឹម សុខា។​ @RFI
ផ្សាយពាណិជ្ជកម្ម

នៅមុន​ការឡោមព័ទ្ធ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​រសៀល​ថ្ងៃទី២៦ឧសភា​នោះ សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​ដែល​ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ បាន​ឃាត់​រថយន្ត​ភរិយា​របស់លោក កឹម សុខា ដែល​កំពុងធ្វើដំណើរ​តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម។ ក៏ប៉ុន្តែ​នៅក្នុង​រថយន្ត​នោះ ពុំមាន​វត្តមាន​របស់​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​នោះទេ ពោលគឺ មានតែ​ភរិយា​និង​អង្គរក្ស​ពីរ​បីនាក់​របស់លោក កឹម សុខា តែប៉ុណ្ណោះ។

បន្តិចក្រោយមក សមត្ថកិច្ច​ប្រមាណ​ជា៤រថយន្ត ដែល​អមដោយ​ម៉ូតូ​ប្រដេញ​ជាច្រើន​គ្រឿង​ទៀត ក៏បាន​ធ្វើដំណើរ​ទៅដល់​ទីស្នាក់ការ​កណ្តាល​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ស្ថិតនៅ​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ។ តែ​មិនបាន​ប៉ុន្មាន​នាទី​ស្រួលបួល​ផង សមត្ថកិច្ច​ដែល​ស្ថិតនៅក្នុង​សម្លៀកបំពាក់​ប្រយុទ្ធ​ទាំងនោះ ក៏បាន​ដកចេញ​ទៅវិញ ដោយ​មិនដឹង​ពី​មូលហេតុ​នោះទេ តែ​គេ​បានដឹង​ត្រឹមតែ​ថា មានការ​សួរនាំ​ពី​មន្ត្រីជាន់ខ្ពស់​គណបក្ស​ស​ង្គ្រោះ​ជាតិ ជុំវិញ​ដីការ​នាំខ្លួន​លោក កឹម សុខា។

យ៉ាងណាក៏ដោយ រហូតដល់​ម៉ោង៧យប់ ថ្ងៃទី២៦ ឧសភា​នេះ លោក កឹម សុខា នៅ​មិនទាន់​ត្រូវបាន​ចាប់​ខ្លួ​នៅឡើយ​ទេ ហើយ​សំណួរ​ត្រូវបាន​ចោទឡើង​ថា តើ​ពេលនេះ លោក កឹម សុខា កំពុងស្ថិត​នៅទីណា? មាន​ពាក្យ​ចរ​ចាម​អារាម​ខ្លះ​ថា លោក កឹម សុខា គឺ​កំពុង​ស្ថិតនៅ​ក្នុង​​ទីស្នាក់ការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះឯង ព្រោះថា នៅ​មុនពេល​មានការ​ឆ្អើ​ល​ឆោឡោ​​ពី​ការឃាត់​រថយន្ត​នឹង​ការឡោមព័ទ្ធ​ទីស្នាក់ការ​គណបក្សប្រឆាំង​នេះ លោក កឹម សុខា ត្រូវបាន​គេ​ដឹងថា កំពុង​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ។ ចំណែក​លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​មិនបាន​បញ្ជាក់ថា តើ​លោក កឹម សុខា ពេលនេះ កំពុងស្ថិត​នៅទីណា​នោះទេ ពោលគឺ​លោក​បានតែ​ត្រឹម​បញ្ជាក់ថា បច្ចុប្បន្ន​​លោក កឹម សុខា កំពុងស្ថិត​នៅក្នុង​ប្រទេស​និង​​ស្ថិតនៅ​ទីកន្លែង​ដែលមាន​សុវត្ថិភាព​​មួយ។

គួរ​បញ្ជាក់ថា លោក កឹម សុខា នៅ​ថ្ងៃទី២៦ឧសភា​នេះ បាន​បដិសេធ​មិន​ចូលខ្លួន​ទៅ​ឆ្លើយបំភ្លឺ​នៅក្នុង​តុលាការក្រុង​ភ្នំពេញ តាម​ដីការ​កោះហៅ​របស់​ព្រះរាជអាជ្ញារង​លោក សៀង សុខ នោះទេ​ដោយ​អះអាងថា លោក​គឺជា​អ្នកតំណាងរាស្ត្រ​ដែលមាន​អភ័យឯកសិទ្ធិ។
យ៉ាងណាក៏ដោយ ជុំវិញ​ចំណាត់ការ​របស់​សមត្ថ​កិច្ច​កម្ពុជា​នៅថ្ងៃនេះ ត្រូវបាន លោក ខៀវ សុ​ភ័​ក្រ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​អះអាងថា គឺ​ដោយសារ​លោក កឹម សុខា មិន​ព្រម​ចូល​ខ្លួន​​ទៅ​បំភ្លឺ​តាម​ដីការ​កោះហៅ​របស់​ស្ថាប័ន​តុលាការ​ចំនួន៣ដង។ ហើយ​ការខកខាន​នេះ ត្រូវ​បាន​ចាត់ទុកថា គឺជា​បទល្មើស​ជាក់ស្តែង។ បើតាម​លោក ខៀវ សុ​ភ័​ក្រ លោក កឹម សុខា នឹង​ត្រូវ​​ប្រឈម​ការជាប់​ពន្ធនាគារ ពី១ខែ​ទៅ៦ខែ នោះ​បើ​ផ្អែកទៅលើ​ក្រមព្រហ្មទណ្ឌ​កម្ពុជា​ត្រង់​មាត្រា​៥៣។

សូមបញ្ជាក់ថា គិត​មក​ត្រឹម​ម៉ោង៧យប់​ថ្ងៃទី២៦ឧសភា អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​បន្ត​ប្រមូល​ផ្តុំគ្នា​នៅមុខ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ ក្រោម​ការឃ្លាំមើល​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​អ្នកសារព័ត៌មាន​ជាតិ​និង​អន្តរជាតិ​ជាច្រើនរូប។ ហើយ​បើ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឲ្យ​ដឹងថា សកម្មជន​របស់ខ្លួន​នៅតាម​បណ្តា​ខេត្ត​បាន​ត្រៀមខ្លួន​ធ្វើដំណើរ​មកកាន់​ទីក្រុង​ភ្នំពេញ​ដើម្បី​គាំទ្រ​ដល់​លោក កឹម សុខា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ