អានតួអត្ថបទ
កម្ពុជា

លោក កឹម សុខា ផ្ញើ​សារ​នយោបាយ ​“តស៊ូ​ដើម្បី​សេរីភាព​” ​ខណៈ​កំពុង​សម្ងំ​នៅ​ក្នុង​ទី​ស្នាក់​ការ​បក្ស

លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​ដែល​កំពុង​លាក់ខ្លួន​នៅក្នុង​ទីស្នាក់​ការ​​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជូន​សារ​នយោបាយ​ថ្មី​នៅថ្ងៃនេះ​ទៅកាន់​យុវជន​របស់​លោក​​ថា “បោះឆ្នោត ដើម្បី​ផ្លាស់ប្ដូរ តស៊ូ​ដើម្បី សេរីភាព។ ការបញ្ជូនសារ​ថ្មី​នេះ គឺធ្វើឡើង​ក្នុង​ពេល​លោក​បាន​ជួប​ជាមួយនឹង​ក្រុមយុវជន​ជាង៧០០នាក់​នៅ​ទីស្នាក់ការ​គណបក្ស​នៅ​ថ្ងៃ​នេះ។

លោកកឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្រ្គោះជាតិ ​ជួប​អ្នក​គាំទ្រ ​នៅ​ក្នុង​ទីស្នាក់ការ​គណបក្ស​កាល​ពី​ថ្ងៃទី ​១៨ ​មិថុនា​ ឆ្នាំ​២០១៦។​
លោកកឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្រ្គោះជាតិ ​ជួប​អ្នក​គាំទ្រ ​នៅ​ក្នុង​ទីស្នាក់ការ​គណបក្ស​កាល​ពី​ថ្ងៃទី ​១៨ ​មិថុនា​ ឆ្នាំ​២០១៦។​ @RFI
ផ្សាយពាណិជ្ជកម្ម

បោះឆ្នោត ដើម្បី​ផ្លាស់ប្ដូរ តស៊ូ​ដើម្បី សេរីភាព"។ នេះ​គឺជា​សារ​នយោបាយ​ថ្មី របស់លោក កឹម​សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ។ លោក កឹម សុខា ដែល​កំពុង​សម្ងំ​លាក់ខ្លួន​នៅក្នុង​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​ស្ថិតនៅ​សង្កាត់​ចាក់អង្រែលើ​រាជធានី​ភ្នំពេញ តាំងពី​ថ្ងៃទី២៦ឧសភា​មក បន្ទាប់ពី​អាជ្ញាធរ​ក្រុងភ្នំពេញ បាន​ប៉ុនប៉ង​ចាប់ខ្លួន​លោក នៅក្នុង​សំណុំរឿង​កញ្ញា ខុម ចាន់​ដា​រ៉ា​ទី ហៅ ស្រីមុំ។ គិត​ត្រឹម​ថ្ងៃ​សៅ​រិ៍​ទី១៨មិថុនា​នេះ លោក កឹម សុខា បាន​សម្ងំ​លាក់ខ្លួន​នៅក្នុង​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ សរុប​ចំនួន២៤ថ្ងៃ​ហើយ ដោយ​មិន​បានចេញ​ទៅណា​នោះទេ។

 

ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី ចាប់តាំងពី​មានការ​ប៉ុនប៉ង​ចាប់ខ្លួន​លោក កឹម សុខា មក គណបក្ស​សង្គ្រោះ​ជាតិ​បានចាប់ផ្តើម​ប្រមូលផ្តុំ​អ្នកគាំទ្រ​ខ្លួន នៅមុខ​ទីស្នាក់ការ​គណបក្ស​ជា​បន្តបន្ទាប់ ដើម្បី​ឃ្លាំមើល​ចំណាត់ការ​របស់​អាជ្ញាធ​រ​ចំពោះ​លោក​កឹម សុខា។ ហើយ​នៅ​ថ្ងៃ​សៅ​រិ៍​នេះ​ទៀតសោត លោក កឹម សុខា ក៏បាន​ជួប​ជាមួយ​តំណាង​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិប្រមាណ​ជា៧០០នាក់ មកពី​រាជធានី​ភ្នំពេញ ខេត្តកំពង់ស្ពឺ កំពត និង​ខេត្តតាកែវ។
លោក កឹម សុខា បាន​សរសេរ​នៅលើ​បណ្តាញ​ហ្វេ​ស​បុក​ផ្លូវការ​របស់លោក​ថា នៅក្នុងពេល​ជួប​សំណេះសំណាល​នៅថ្ងៃនេះ លោក​បាន​ជូន​នូវ​ពាក្យស្លោក​ជា​សារ​នយោបាយ​ថ្មី​មួយ​ទៅកាន់​តំណាង​ចលនា​យុវជន​របស់លោក​ថា“បោះឆ្នោត ដើម្បី​ផ្លាស់ប្ដូរ តស៊ូ​ដើម្បី​សេរីភាព។ សារ​នយោបាយ​ថ្មី​នេះ ទំនងជា​លោក កឹម សុខា ចង់​ផ្តាំ​ទៅកាន់​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់​ថា បើទោះបីជា​ពេលនេះ លោក​កំពុង​សម្ងំ​លាក់ខ្លួន​នៅក្នុង​បន្ទប់៤ម៉ែត្រ៤ជ្រុង​ក៏ពិតមែន តែ​នេះ​គឺជា​អ្វីដែល​លោក​កំពុងតែ តស៊ូ​ដើម្បី​សេរីភាព។

          បើតាម​ការគ្រោងទុក គណបក្ស​សង្គ្រោះ​ជាតិ នឹង​បន្ត​ជួបជុំ​ជាមួយ​តំណាង​យុវជន​គាំ​ទ្រ​​គណបក្ស​សង្គ្រោះ​ជាតិ​មកពី​ខេត្ត​ចំនួន៤ទៀត នៅ​ថ្ងៃទី១៩ មិថុនា គឺ​យុវជន​មកពី​ខេត្ត​កំពង់ចាម កណ្តាល ព្រៃវែង និង​ខេត្ត​ត្បូងឃ្មុំ។ ការប្រមូលផ្តុំ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ទីស្នាក់ការ​គណបក្ស​នៅពេលនេះ គឺ​ដើម្បី​គាំទ្រ​ជំហរ​របស់លោក កឹម សុខា និង​ជាការ​ដាក់​​សម្ពាធ​ទៅលើ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​មានការ​ចរចារ និង​ការគោរព​អភ័យឯកសិទ្ធិ​សភា​​ក្រុម​​អ្នកតំណាងរាស្ត្រ។ ក្រៅពី​គម្រោង​ជួបជុំ​យុវជន​នៅឯ​ទីស្នាក់ការ​ហើយ គណបក្ស​ប្រឆាំង​នេះ ក៏​គ្រោង​នឹងធ្វើ​ពិធី​សាសនា​ដ៏​ធំ​មួយ​នៅមុខ​ប្រាសាទអង្គរវត្ត​នៅ​ថ្ងៃអាទិត្យ​ស្អែក​នេះ​ដោយ​មាន​ការចូលរួម​ពី​អ្នកគាំទ្រ​ជាង២ពាន់​នាក់ ដើម្បី​បួងសួង​សុំ​សេចក្តីសុខ សន្តិភាព ពិសេស​​គឺ​សុំ​ឲ្យ​វត្ថុ​សាក​សិទ្ធិ​ទាំងឡាយ ជួយ​បន្ធូរ​បន្ថយកំដៅ​នយោបាយ​នៅ​កម្ពុជា។ ក្រៅពី​នេះ គណបក្សប្រឆាំង ក៏​គ្រោង​នឹងធ្វើ​ពិធី​តាមបែប​សាសនា​មួយទៀត នៅក្នុង​ខេត្តពោធិ៍សាត់​នៅ​​​ពេល​ខាងមុខនេះ។ នេះ​បើតាម​ការ​ចេញមក​ប្រកាស​របស់​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​​​​ជាតិ នៅ​ព្រឹក​ម៉ិ​ញ​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ