អានតួអត្ថបទ
កម្ពុជា

លោក កឹម សុខា នឹង​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​សប្តាហ៍​ក្រោយ

ថ្លែង​ប្រាប់​អ្នក​គាំទ្រ​របស់​ខ្លួន​លោក កឹម​សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រាប់​ទៅ​កាន់​អ្នក​គាំទ្រ​ថា លោក​នឹង​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​សប្តាហ៍​ក្រោយ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ពី​ទីតាំង​ និង​កាល​បរិច្ឆេទ​ច្បាស់​លាស់​នៅ​ឡើយ។ អ្នក​វិភាគ​បាន​មើល​ឃើញ​ថា វា​ជា​ការ​បំពេញ​សិទ្ធិ​ជា​អ្នក​បោះឆ្នោត។

លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ
លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ @Facebook
ផ្សាយពាណិជ្ជកម្ម

ការ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​របស់​លោក កឹម​ សុខា​ នេះ​គឺ​មិន​មែន​ដោយសារ​តែ​ស្ថានការណ៍​នយបាយ​ធូរស្រាល​នោះ​ទេ ប៉ុន្តែ​នៅ​ចំ​ពេល​ដែល​គណបក្ស​ធំ​ៗ​ ដែល​កំពុង​មាន​ជម្លោះ​ទាំង​ពីរ​អនុវត្ត​បទ​ឈប់​វាយ​ប្រហារ​គ្នា​ក្នុង​អំឡុង​បុណ្យ​ភ្ជុំបិណ្ឌ។ នេះ​គឺ​ជា​ការ​បញ្ជាក់​ពី​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ទី​៣០ កញ្ញា​នេះ។

លោក​ កឹម​ សុខា កាល​ពី​ម្សិល​មិញ បាន​ឆ្លើយ​តប​ទៅ​កាន់​អ្នក​គាំទ្រ​របស់​ខ្លួន​តាម​បណ្តាញ​ហ្វេស​ប៊ុកថា លោក​នឹង​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​សប្តាហ៍​ក្រោយ។ ប្រសិន​បើ​លោក​កឹម សុខា ពិត​ជា​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​មែន។ វា​គឺ​ជា​លើក​ទី​១​ ហើយ​ដែល​លោក​កឹម​ សុខា បាន​ចេញ​ពីទី​ស្នាក់​ការ​គណបក្ស​បន្ទាប់​ពី​ការ​ឃុំ​ខ្លួន​ឯង​ក្នុង​រយៈ​ពេល​ជាង​ ៤​ខែ​មក​នេះ។ លោក​ ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ​ គ.ជ.ប បាន​ពន្យល់​ថា លោក​កឹម សុខា អាច​ចុះ​ឈ្មោះ​បាន​ព្រោះ​ថា​ តុលាការ​នៅ​មិន​ទាន់​ចេញ​សាលក្រម​ស្ថាពរ​លើ​ទោស​ទណ្ឌ​នៅ​ឡើយ​ទេ។ ដូចនេះ លោក​កឹម សុខា​ នៅ​តែ​អាច​ចុះ​ឈ្មោះ​បាន ទាំង​នៅ​កន្លែង​ធ្វើ​ការ និង​នៅ​ទី​លំនៅ។ រហូត​មក​ដល់​ពេល​នេះ លោក​កឹម សុខា មិន​អាច​ទាក់ទង​បំភ្លឺ​បន្ថែម​បាន​នៅ​ឡើយ​ទេ ប៉ុន្តែ​គណបក្ស​នឹង​ជូន​ដំណឹង​មុន​មួយ​ថ្ងៃ​នៃ​ការ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត។ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​មិន​បាន​ព្រួយ​បារម្ភ​ពី​ការ​ចាប់​ខ្លួន​ផង​ដែរ។​

សូម​បញ្ជាក់​ថា លោក​កឹម សុខា បាន​ឃុំ​ខ្លួន​ឯង​ក្នុង​ទីស្នាក់ការ​ធំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ អស់​រយៈ​ពេល​ជាង​ ៤​ខែ​មក​ហើយ បន្ទាប់​ពី​លោក​រង​ការ​គំរាម​ថា នឹង​ចាប់​ខ្លួន​បន្ទាប់​ពី​លោក​បាន​បដិសេធ​មិន​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​នៅ​តុលាកា។ ក្នុង​សំណុំ​រឿង​នេះ លោក កឹម សុខា​ ត្រូវ​បាន​តុលាការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ ៥ខែ​ និង​ត្រូវ​បង់ប្រាក់​ពិន័យ​ចំនួន​ ៨​០ម៉ឺន​រៀល។

អ្នក​វិភាគ​នៅ​កម្ពុជា បាន​បង្ហាញ​យោបល់​ថា ការ​ចេញ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​របស់​លោក​ កឹម ​សុខា​ នេះ គឺ​ជា​ការ​បំពេញ​កាតព្វកិច្ច​ក្នុង​នាម​ជា​អ្នក​បោះឆ្នោត ហើយ​ក្រៅ​ពី​នេះ លោក​កឹម សុខា ទំនង​នឹង​ចង់​សាកល្បង​មើល​ថា​តើ​ស្ថានការណ៍​នយោបាយ​ពិត​ជា​បាន​ធូស្រាល​ដែរ​ឬ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ