អានតួអត្ថបទ
កម្ពុជា

លោក កឹម សុខា​ ស្នើ​ទៅ​លោក​ស្រី រ៉ូណា ស្ម៊ីត​ ជំរុញ​ឲ្យ​រដ្ឋាភិបាល​កែ​ទម្រង់​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា

លោក កឹម សុខា អនុប្រធាន​ទី​១​រដ្ឋសភា​និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ស្នើ​ទៅ​លោក​ស្រី រ៉ូណា ស្ម៊ីត ប្រេសិត​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ខាង​សិទ្ធិ​មនុស្ស​ប្រចាំ​ប្រទេស​កម្ពុជា ជំរុញ​ទៅ​រដ្ឋាភិបាល​កម្ពុជា​កែ​ទម្រង់​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា។ បើ​តាម​លោក​ កឹម សុខា ការ​កែ​ទម្រង់​ប្រព័ន្ធ​តុលាការ គឺជា​ការ​បើក​ផ្លូវ​ឈាន​ទៅ​ដល់​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ បញ្ហា​សិទ្ធិ​មនុស្ស ដែល​លោក​អនុប្រធាន​រដ្ឋសភា​រូប​នេះ បាន​ចាត់​ទុក​ថា កម្ពុជា​នៅ​តែ​មាន​ការ​រំលោភ​បំពាន​ធ្ងន់ធ្ងរ។

ជំនួបរវាង​ លោកកឹម សុខា ​និង​ប្រេសិត​ពិសេស​អង្គការ​សហប្រជាជាតិ ​លោក​ស្រី​ រ៉ូណា ​ស្ម៊ីត។​
ជំនួបរវាង​ លោកកឹម សុខា ​និង​ប្រេសិត​ពិសេស​អង្គការ​សហប្រជាជាតិ ​លោក​ស្រី​ រ៉ូណា ​ស្ម៊ីត។​ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

 

ការ​ជំរុញ​របស់​លោក កឹម សុខា ធ្វើ​ឡើង​នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ដំណើរ​ទស្សនកិច្ច​ជា​លើក​ដំបូង​នៅ​កម្ពុជា​ដែល​មាន​រយៈពេល​ប្រាំ​បី​ថ្ងៃ​របស់​លោក​ស្រី រ៉ូណា ស្ម៊ីត ប្រេសិត​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ខាង​សិទ្ធិ​មនុស្ស​ប្រចាំ​ប្រទេស​កម្ពុជា បន្ទាប់​ពី​ភាគី​ទាំងពីរ​បាន​ជួប​គ្នានៅ​វិមាន​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​ពុធ​ ទី​២៣​កញ្ញា។ នៅ​ក្រោយ​ជំនួប​ចប់​ លោក កឹម សុខា បាន​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ដោយ​លោក​ស្វាគមន៍​ចំពោះ​បេសកម្ម​ការងារ​នៅ​កម្ពុជា​របស់​លោក​ស្រី រ៉ូណា ស្ម៊ីត។

ជាមួយ​នឹង​ការ​ស្វាគមន៍​នេះ ​លោក កឹម សុខា បាន​ផ្ដល់​យោបល់​ទៅ​លោក​ស្រី​ស្ម៊ីត​ អំពី​ដំណោះស្រាយ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ លោក​ថា ដើម្បី​ដោះស្រាយ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ គឺ​ត្រូវ​កែ​ទម្រង់​ប្រព័ន្ធ​តុលាការ​ឲ្យ​មាន​ភាព​ឯករាជ្យ​ជាមុនសិន​ដែល​ការ​បើក​ផ្លូវ​ឲ្យ​មាន​យុត្តិធម៌​ក្នុង​សង្គម។ សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ដែល​លោក កឹម សុខា មើល​ឃើញ​ថា នៅ​មាន​បញ្ហា​ក្នុង​ចំណោម​ប្រទេស​ចំនួន​១០​ដូចជា៖ ភូមា កូរ៉េ​ខាង​ជើង ស៊ូម៉ាលី អ៊ីរ៉ង់​ជាដើម ទើប​អង្គការ​សហប្រជាជាតិ​បញ្ជូន​មន្រ្តី​របស់​ខ្លួន​ធ្វើ​ការ​នៅ​កម្ពុជា។ លោក​ស្រី ស្ម៊ីត បាន​គាំទ្រ​សំណើរ​របស់​លោក​កឹម សុខា ថា ការ​កែប្រែ​ប្រព័ន្ធ​យុត្តិធម៌ គឺ​ជា​ការ​ចាំ​បាច់។ នេះ​ជា​បន្ថែម​របស់​ លោក កឹម សុខា។

តែ​យ៉ាង​ណា​ក៏​ដោយ លោក ជិន ម៉ាលីន អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​ បាន​ចាត់​ទុក ការ​ស្នើ​សុំ​និង​ការ​លើក​ឡើង​ទាំង​ប៉ុន្មាន​របស់​លោក កឹម សុខា ថា​ជា​សិទ្ធ​បុគ្គល និង​ជា​ទម្លាប់​កើត​មាន​ស្រាប់​ទៅ​ហើយ។ បើ​តាម​អ្នក​នាំពាក្យ​រូប​នេះ​ នៅ​ក្នុង​ជំនួប​រវាង​លោក​ស្រី​ស្ម៊ីត​និង​លោក​អង្គវង្សវឌ្ឍនា កាល​ពី​ថ្ងៃ​ម្សិលមិញ លោក​ស្រី​បាន​កោត​សសើរ​ អំពី​ការ​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា។ បញ្ហា​សិទ្ធ​មនុស្ស​នៅ​កម្ពុជា​ត្រូវ​បាន​លោក ជិន ម៉ាលីន អះអាង​ថា រដ្ឋាភិបាល​កំពុង​ធ្វើ​ការងារ​ជា​ច្រើន​ដើម្បី​លើក​ស្ទួយ​សិទ្ធិ​មនុស្ស និង​ប្រព័ន្ធ​យុត្តិធម៌។

ក្រៅ​ពី​ជជែក​ពី​បញ្ហា​សិទ្ធិ​មនុស្ស លោក​ស្រី ស្ម៊ីត ក៏​បាន​ចោទ​សួរ លោក កឹម សុខា ជុំវិញ​ដំណើរ​ការ​អនុវត្ត​វប្បធម៌​សន្ទនា និង​ការ​ធ្វើ​ច្បាប់ ស្ដី​ពី​សមាគម​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ផង​ដែរ។ ចំណែក​ឯ​បញ្ហា​នៃ​ការ​ចាប់​ឃុំ​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នោះ មិន​ត្រូវ​បាន​ លើក​ឡើង​នៅ​ក្នុង​ជំនួប​នេះ​ទេ។

សូម​បញ្ជាក់​ថា លោក​ស្រី រ៉ូណា ស្ម៊ីត បាន​ចាប់​ផ្ដើម​ដំណើរ​ទស្សនកិច្ច​ជា​លើក​ដំបូង​នៅ​កម្ពុជា​រយៈ​ពេល​៩​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១៦-២៤​កញ្ញា។ ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​នៅ​កម្ពុជា លោក​ស្រី ស្ម៊ីត​ បាន​ជួប​ជាមួយ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន​ មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល ​និង​រួម​ទាំង​មន្រ្តី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជា​បន្ត​បន្ទាប់។ ហើយ​នៅ​ថ្ងៃ​ទី​២៤​កញ្ញា លោកស្រី នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ ដើម្បី​បង្ហាញ​ពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ស្រី​នៅ​កម្ពុជា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ