អានតួអត្ថបទ
កម្ពុជា

លោក កឹម​ សុខា​៖ កុំ​អាង​មាន​អំណាច​ធ្វើ​ឲ្យ​គេ​ឈឺ​ចាប់​

នៅ​​ថ្ងៃទី០៤ ខែមិថុនា ​លោក​ កឹម សុខា ដែល​​កំពុង​តែ​​ស្នាក់​នៅ​​ទី​ស្នាក់​ការ​​គណបក្ស​​សង្គ្រោះ​​ជាតិ​​បណ្តោះ​អាសន្ន​​នោះ ​បាន​​ថ្លែង​ថា ​“កុំ​អាង​​តែ​មាន​​អំណាច ​ធ្វើ​​ឲ្យ​​អ្នក​ដទៃ​​ឈឺ​ចាប់!​។ ​ការ​លើក​ឡើង​​របស់​លោក​​ធ្វើ​ឡើង​​នៅ​​ចំពោះ​មុខ​​ថ្នាក់​ដឹក​នាំ​​គណបក្ស​​សង្គ្រោះ​​ជាតិ​​ខេត្ត​ព្រៃ​វែង​​ប្រមាណ២០០នាក់​​ក្នុង​​ស្នាក់​ការ​​កណ្តាល​។ ចំណែក​​គណបក្ស​កាន់​អំណាច​​បញ្ជាក់​ថា ​“គ្មាន​អ្នក​ណា​​ធ្វើ​​ឲ្យ​​លោក​ កឹម​ សុខា ​ឈឺ​ចាប់​​ទេ​។” 

លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ​
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ​ Siv Channa/RFI
ផ្សាយពាណិជ្ជកម្ម

 

លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ដែល​បាន​ជួប​អ្នកគាំទ្រ​លោក​ហូរហែ​ចាប់តាំងពី​មានការ​តាម​ចាប់ខ្លួន​លោក កាលពី​ថ្ងៃទី២៦ ខែឧសភា​មក នៅ​ព្រឹក​នេះ លោក កឹម សុខា បាន​ថ្លែងថា បើ​ខ្លូន​ធ្វើ​ឲ្យ​អ្នកដទៃ​ឈឺចាប់​ប៉ុណ្ណា តើ​ពេលដែល​គេ​ធ្វើទុក្ខ​ទៅលើ​គ្រួសារ​របស់ខ្លួន​វិញ តើ​ឈឺចាប់​ប៉ុណ្ណា​ដែរ? នេះ​បើតាម​វីដេអូ​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​កលោក យ៉ែម បុញ្ញឫទ្ធិ នៅ​ថ្ងៃទី០៤ ខែមិថុនា​នេះ។

លោក​កឹម សុខា​បាន​បន្ថែមថា កុំ​អាង​តែ​ខ្លួន​មានអំណាច​ធ្វើ​ឲ្យ​គេ​ឈឺចាប់​ឥតឈប់ឈរ​នោះ! ប្រធានស្តីទី​រូបនេះ ក៏បាន​បង្ហាញ​សុទិដ្ឋិនិយម​ថា ខ្មែរ​នឹង​ភ្ញាក់ខ្លួន ងាក់​មករក​ការជជែក​ដោះស្រាយ​គ្នា ដោយ​សន្តិវិធី ដើម្បី​ស្វែងរក​សេចក្តីសុខ​របស់​ខ្មែរ​ទាំងអស់គ្នា។

បច្ចុប្បន្ន​លោក​កឹម សុខា​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ស្នាក់នៅ​ស្នាក់ការ​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ក្រោយពី​កងកម្លាំង ដែល​ប្រដាប់​ដោយ​អាវុធ​បាន​ប៉ុនប៉ង​ចាប់ខ្លួន​លោក​ពាក់ព័ន្ធ​នឹង​ករណី​ដែល​លោក កឹម សុខា មិនបាន​ចូលខ្លួន​ទៅ​បំភ្លឺ​តាម​ការកោះហៅ​របស់​សាលាដំបូង កាលពី​ថ្ងៃទី២៦ ឧសភា។

លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឲ្យ​ដឹង គ្មាន​អ្នកណា​ធ្វើ​ឲ្យ​លោក​កឹម សុខា ឈឺចាប់​ទេ គឺ​គាត់​ធ្វើ​ឲ្យ​ឈឺចាប់​ខ្លួនឯង ដោយសារតែ​រឿងស្រី​កំណាន់​របស់គាត់​ប្តឹង​វិញ។

ជុំវិញ​ស្ថានភាព​នយោបាយ ដែល​មេដឹកនាំ​គណបក្សប្រឆាំង​កំពុងតែ​ទទួលរង​ការចោទប្រកាន់​តាមរយៈ​តុលាការ​នោះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បញ្ជាក់ថា ស្ថានភាព​នយោបាយ​នៅ​ដូចដើម​ទេ។ ចំណែក​រឿង​លោក​ថ្នាក់ដឹកនាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ដោយសារ​ពួកគាត់​ប្រព្រឹត្ត​ល្មើសច្បាប់ ដែល​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់។ លោក​បញ្ជាក់ថា​វា​មិនមាន​ទំនាស់​រវាង​គណ​បក្សនយោបាយ​នឹង​គណបក្សនយោបាយ​ទេ។

ថ្មីៗនេះ​លោក​កឹម សុខា ត្រូវបាន​ចៅក្រម​ស៊ើប​ស៊ួ​រ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកា​បង្គាប់​មួយទៀត​ឲ្យ​ចូលខ្លួន​នៅ​ថ្ងៃទី១៤ ខែមិថុនា​ខាងមុខ​ទាក់ទង​នឹង​បទ​បដិសេធ​ក្នុងការ​ចូលខ្លួន ដែល​លោក​កឹម សុខា​បាន​ប្រព្រឹត្ត​កាលពី​ថ្ងៃទី២៦ ខែឧសភា តាម​ប​ញ្ញ​តិ្ត​មាត្រា៥៣៨នៃ​ក្រមព្រហ្មទណ្ឌ។ នេះ​បើតាម​ដីកា​បង្គាប់​របស់​តុលាការ​កាលពី​ថ្ងៃទី ២ មិថុនា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ