អានតួអត្ថបទ
កម្ពជា-ច្បាប់

CNRP​ប្រកាស​ពី​ជោគជ័យ​ក្នុង​ថ្វាយ​ញត្តិ​ទៅ​ព្រះមហាក្សត្រ​នឹង​រង​ចាំ​ព្រះតម្រិះពី​ព្រះ​មហាក្សត្រ

ដូចការ​គ្រោង​ទុក​ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​នៅ​រសៀល​ ថ្ងៃច​ន្ទ​នេះ ​បាន​យកញត្តិ​ទៅ​ថ្វាយ​ព្រះមហាក្សត្រ​រួច​រាល់​ហើយ​ ដែល​មាន​​ស្នាម​មេ​ដៃ​ជាង​២០​ម៉ឺន ជាមួយ​នឹង​ឧបសក្គ​​រាំង​ស្ទះ​មួយ​ចំនួន។ ព្រះបរមរាជវាំង ​គឺ​អ្នក​តំណាង​ឲ្យ​ព្រះមហាក្សត្រ​បាន​ចេញមក​ទទួល​ញត្តិ​ពី​ដៃ​របស់​អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ។ ដោយ​បាន​បញ្ជាក់ថា​នឹង​ឆ្លើយ​តប​មក​ញត្តិ​នេះ​នា​ពេល​ក្រោយ។ គណបក្ស​សង្គ្រោះជាតិ​នឹង​រង​ចាំ​ព្រះ​តម្រិះពី​ព្រះមហាក្សត្រ។

រូបថតៈទាញចេញពីSocial Breaking News-SBN
រូបថតៈទាញចេញពីSocial Breaking News-SBN @facebook
ផ្សាយពាណិជ្ជកម្ម

​ពី​ដំបូង​ឡើយ​ គម្រោង​នៃ​ការ​ហែ​ញត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ឆ្ពោះ​កាន់​ទៅ​ព្រះបរមរាជ​វាំង​ ត្រូវ​បាន​រាំង​ស្ទះ​ដោយ​កង​កម្លាំង​មាន​សមត្ថកិច្ច​របស់​រដ្ឋាភិបាល។ បន្តិច​ក្រោយមក​ក្រោម​​ការ​​សម្រប​សម្រួល​របស់​អ្នក​តំណាង​រាស្រ្ត​ និង​អាជ្ញាធរ​ គឺ​បារ៉ាស់​ឃាំង​ផ្លូវ​ជា​ច្រើន​ដំណាក់​ត្រូវ​បាន​ដក​បើក​ផ្លូវ​ឲ្យ​ឡាន​របស់​អ្នក​តំណាង​រាស្ត្រ​ចំនួន​២៣​គ្រឿង​យកញត្តិ​ទៅ​ថ្វាយ​ព្រះមហា​ក្សត្រ​​តាម​ការ​គ្រោង​ទុក។

ក្បួន​រថយន្ត​របស់​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​បាន​ទៅ​ដល់​ព្រះបរមរាជវាំង​នៅម៉ោង​ប្រមាណ​៣​ នឹង ​៥០ ​នាទី។ ក្នុង​នោះ​តំណាង​ព្រះបរមរាជវាំង​ចេញ​មក​ទទួល​ញត្តិ​ពីដៃ​តំណាង​​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ ក្រោម​ការសម្រប​សម្រួល របស់លោក ទូច ណារ៉ុថ ប្រធាន​នាយក​ដ្ឋាន​កង​អង្គ​រក្ស និង​លោក គួច ចំរើន អភិបាលខណ្ឌដូនពេញ។

អ្វី​ជា​ការ​កត់សម្គាល់​មុន​យក​ញត្តិ​មក​ដល់​ព្រះបរមរាជវាំង​ មាន​ការ​ទាស់​ពាក្យ​សម្ដី​គ្នារវាង​ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ​ និង​ក្រុមលោក ស្រី ចំរើន និងកញ្ញា ធី សុវណ្ណថា នៅ​មុខ​សណ្ឋាគារ​កាំបូឌីយ៉ាណា។

លោក យ៉ែម ប៉ុញ្ញាឬទ្ធិ តំណាង​រាស្ត្រ​មួយ​រូប​ក្នុង​ចំណោម​តំណាងរាស្ត្រ​៥៥​រូប​ទទួលស្គាល់​ថា មាន​ការ​រាំង​ស្ទះ​ខ្លះៗ​ចំពោះ​គណបក្ស​សង្គ្រោះជាតិ​ក្នុង​ការ​ថ្វាយ​ញត្តិ​ទៅ​ព្រះមហាក្សត្រ។ ប៉ុន្តែ​យ៉ាង​ក៏​ដោយ​ គណបក្ស​សង្គ្រោះជាតិ​នឹង​រង់​ចាំ​ព្រះតម្រិះ​ពី​ព្រះមហាក្សត្រ។

បន្ថែម​ពី​លើ​នេះ​ទៀត លោក អេង ឆៃអ៊ាង មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​បាន​ប្រកាស​​​​​​ពី​ជោគ​ជ័យ​នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​របស់​ខ្លួន​នៅ​ក្នុង​ការ​ថ្វាយ​ញត្តិ​ទៅ​ព្រះ​មហា​ក្សត្រ​។ ​លោក​ថា ការងារ​បន្ត​របស់​គណបក្ស​សង្គ្រោះជាតិ​នឹង​ចាប់​ផ្ដើម​ប្រមូល​ស្នាមដៃជាថ្មី​ចាប់​ពី​ថ្ងៃ​ស្អែក​តទៅ។

សូមបញ្ជាក់ថា ញត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ មាន​គោល​ដៅ បួន​ចំនុច​គឺ​ទី១ ទាម​ទារ​អោយ​ដោះលែង​អ្នក​នយោបាយ និង​មន្ត្រីអង្គការសង្គមស៊ីវិល ទី២ ទាមទារបញ្ឈប់​ការប្រើ​ស្ថានប័នរដ្ឋ ​ដើម្បី​គម្រាម​កំហែង អង្គការ​សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង ទី៣ ទាម​ទារ​បញ្ឈប់​ការ​ប្រើ​អំណាច​រដ្ឋ​ដោយ​មាន​ស្តង់​ដារ​ពីរ និងទី៤ ទាមទារ​បញ្ឈប់​ការប្រើ​អំណាច​តុលាការ​បំពាន​លើ​អំណាច​នីតិបញ្ញត្តិ និងរំលោភ​លើ​អភ័យ​ឯក​សិទ្ធិ​សភា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ