អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

សំណុំរឿង​​ខ្មែរក្រហម៖ ការរកយុត្តិធម៌គឺតានតឹង និងត្រូវ​ស៊ី​ពេល​ដ៏យូរ!

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃស្អែក​នេះ អង្គជំនុំជម្រះតុលាការកំពូល នឹង​សម្រេចចេញ​សាល​ដីកា​ស្ថាពរ ចំពោះ​​បណ្តឹងសាទុក្ខរបស់អតីតមេដឹកនាំ​ជាន់​ខ្ពស់​ខ្មែរក្រហម គឺ​ នួន ជា និងខៀវ សំផន ក្នុង​សំណុំ​រឿង​០០២ វគ្គ១។ ​ការ​ជំនុំ​ជម្រះស្ថាពរ​បិទផ្លូវ​តវ៉ានេះ គឺជា​ព្រឹត្តិការណ៍​ប្រវត្តិ​សាស្ត្រ និង​​ជា​ក្តី​រំពឹងរបស់​ជន​រងគ្រោះ​ចំពោះ​យុត្តិធម៌​ ដែល​ត្រូវ​រង់ចាំ​អស់​ពេល​ជិត​៤០ឆ្នាំ​មកហើយ​។ យុត្តិធម៌​នេះ ហាក់ត្រូវ​ចំណាយ​ពេលដ៏​យូរ និងត្រូវ​​ឆ្លង​កាត់​​រឿង​រ៉ាវ​ដ៏​តានតឹង​​។

ខៀវ សំផន អតីត​ប្រមុខ​រដ្ឋ​កម្ពុជា​ប្រជាធិបតេយ្យ និង​នួន ជា​មេមនោគមវិជ្ចាខ្មែរក្រហម
ខៀវ សំផន អតីត​ប្រមុខ​រដ្ឋ​កម្ពុជា​ប្រជាធិបតេយ្យ និង​នួន ជា​មេមនោគមវិជ្ចាខ្មែរក្រហម ©REUTERS/Mark Peters/ECCC/Handout via Reuters
ផ្សាយពាណិជ្ជកម្ម

សំណុំរឿង០០២ វគ្គ​០១ មាន​ជន​ជាប់ចោទ​ពីរនាក់ គឺ ខៀវ សំផន អតីត​ប្រមុខ​រដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ និង​នួន ជា អតីតអនុលេខាបក្សកុម្មុយនីស្តកម្ពុជា។ បទចោទក្នុង​សំណុំ​រឿងនេះ គឺផ្តោតលើបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ ដែល​បាន​ប្រព្រឹត្ត​នៅ​អំឡុង​ពេល​ជម្លៀសប្រជាជន នៅក្រុងភ្នំពេញ ក្នុងខែមេសាឆ្នាំ១៩៧៥ និងការផ្លាស់ទីដោយបង្ខំ ជា​បន្តបន្ទាប់ពីតំបន់ដទៃទៀត រួមទាំងការកាប់សម្លាប់អតីតមន្ត្រីរដ្ឋការសម័យ លន់ នល់ នៅ​ទួល​ពោធិ៍ជ្រៃ ក្នុងខេត្តពោធិ៍សាត់។

នៅឆ្នាំ​២០១៤ អង្គជំនុំជម្រះសាលាដំបូង រកឃើញថា ជនជាប់ចោទទាំង​២នាក់ មាន​ពិរុទ្ធភាព​ពីបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ និងបានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ​អស់មួយជីវិត។ ក៏​ប៉ុន្តែ​ត្រូវ នួន ជា, ខៀវ សំផន និងក្រុមមេធាវីការពារ​អ្នក​ទាំង​ពីរ ព្រមទាំង​សហ​​ព្រះរាជអាជ្ញា​ផង បាន​ប្តឹង​សាទុក្ខ ប្រឆាំងនឹងសាលក្រមនេះ​។ ដូច្នេះ សាល​ដីកា​ស្ថាពរ​របស់​តុលាការកំពូល នៅ​ថ្ងៃទី​២៣វិច្ឆិកាស្អែក​នេះ គឺ​​ព្រឹត្តិការណ៍​ប្រវត្តិ​សាស្ត្រ នៃ​ការ​ដំណើរ​ការ​ស្វែងរក​យុត្តិធម៌​សម្រាប់​ជន​រង​គ្រោះ​នៅក្នុងរបបអាវខ្មៅ ​៣ឆ្នាំ៨ខែនិង​២០ថ្ងៃ​។

ទម្រាំ​ឈាន​ដល់​ការ​សម្រេច​ជម្រះ​ក្តីស្ថាពរ ក្នុង​សំណុំ​រឿង​០០២ វគ្គ​១នៅ​ពេល​នេះ ពលរដ្ឋ​អ្នក​រងគ្រោះ​ ត្រូវ​រង់ចាំ​អស់​ពេល​ជិត​៤ទសវត្សរ៍​ ហើយ​គ្រាន់តែ​ដំណើរ​សាលាក្តី គឺជាង​១​ទសវត្សរ៍​​​ទៅហើយ។ ពលរដ្ឋ​ជាទូទៅ តែងតែ​ងឿង​ឆ្ងល់ ថា​តើ​ហេតុអ្វី​បាន​ជា​ដំណើរ​ការ​ស្វែង​រក​យុត្តិធម៌ ក្នុង​រឿង​ខ្មែរ​ក្រហម​នេះ​​ ម្តេច​ក៏ចំណាយ​ពេល​យូរ​ម្ល៉េះ?

ជាការ​ពិត នៅ​ក្នុង​ដំណើរការ​ស្វែងរក​យុត្តិធម៌​នេះ គឺ​ត្រូវ​ស៊ី​ពេល​ដ៏យូរ ហើយ​ក៏​ជា​ដំណើរ​​វែង​ឆ្ងាយផងដែរ​។ គេ​ត្រូវ​រម្លឹកថា​ រដ្ឋាភិបាលកម្ពុជា​ និងអង្គការ​សហប្រជាជាតិ​បាន​ផ្តើម​ការ​ជជែកតាំង​ពីអំឡុង​​ឆ្នាំ​២០០០ ទើប​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​នៅ​ឆ្នាំ ២០០៣ ទាក់​ទង​នឹង​ការ​កាត់​សេចក្តី​នៅក្រោម​ច្បាប់​កម្ពុជា នូវ​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ឡើង​នៅក្នុង​រយៈ​ពេល​នៃ​របបកម្ពុជាប្រជាធិបតេយ្យ ហើយ​ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើនៅ​ឆ្នាំ​២០០៤។

គេក៏​ត្រូវ​រង់​ចាំ​តទៅទៀត រហូត​ដល់​ឆ្នាំ​២០០៦ ទើប​តុលាការ​ខ្មែរ​ក្រហម ចាប់​ផ្តើម​ដំណើរ​ការ​។ ប្រមាណ​១០ឆ្នាំមក គឺ​តុលាការ​កូន​កាត់​មួយ​នេះ ទើបតែ​បាន​សម្រេច​ផ្តន្ទាទោស​ជា​ស្ថាពរ លើ​អតីត​មេគុកម្នាក់តែ​ម្នាក់​ប៉ុណ្ណោះ​ គឺ​ កាំង ហ្គេច​អ៊ាវ ហៅ ឌុច ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។

ក្រៅ​ពី​ចាយ​ពេល​ច្រើន ដំណើរ​តុលា​ការ​ក៏ត្រូវ​ចំណាយ​ទឹក​ប្រាក់​ក៏​​ច្រើន​ដែរ គឺ​ដល់ទៅ​រាប់​​រយលាន​ដុល្លារឯណោះ​។ ទន្ទឹម​នឹង​នេះ ក្នុង​វិស័យ​ស្វែង​រក​ការពិត​និងយុត្តិធម៌​ក៏​ជួប​រឿង​រ៉ាវ​តឹង​តែង​ជា​ច្រើន​ផ្សេងទៀត។ ការ​ស្វែង​រក​ប្រភព​ព័ត៌មាន​និង​ស្រាវជ្រាវ​សំណុំ​ឯកសារ​​គឺ​ជារឿង​​ស្មុគ​ស្មាញ​ ហើយ​​ការ​ស្តាប់​សក្ខីកម្មដ៏​ច្រើន​ គឺ​ជា​រឿង​លំបាក​តឹង​តែង​មួយដែរ​។ តែ​លើសពីនេះ នា​ពេល​ខ្លះ តុលាការ​ត្រូវ​រង​សម្ពាធ​ថវិកា និង​សម្ពាធ​ផ្សេងៗ គឺ​ជារឿង​តាន​តឹង​បន្ថែមទៀត។

គេ​នៅ​ចាំបាន​ថា បុគ្គលិក​ជាតិ​របស់​សាលា​ក្តី ធ្លាប់​បាន​ធ្វើ​កូដ​កម្ម​ ប៉ុន្មាន​លើក​រួច​មកហើយ ​ដោយសារតែ​ពុំ​បាន​បើក​ប្រាក់​ខែ។ ប្រាក់​ខែ​នេះទៀត​សោត គឺត្រូវ​ផ្តល់​ដោយ​រដ្ឋាភិបាល​កម្ពុជា​ ដែល​​ជា​រដ្ឋ​ដែល​ក្រី​ក្រ​ស្រាប់ផង​។

ទន្ទឹម​នឹង​នេះ អ្នក​សង្កេត​ការ​​ជាតិ​និង​អន្តរជាតិ បាន​វាយ​តម្លៃ​ថា សាលា​ជម្រះ​ក្តី​នេះ ​លំបាក​បំពេញ​ភារៈកិច្ច​ដោយ​ឯករាជ្យ ព្រោះតែ​រង​សម្ពាធ​ពី​សំណាក់​រដ្ឋាភិបាល​។​

មាន​ការ​អះអាង​ដូច្នេះ ក៏​ដោយសារថា​ តាំង​តែ​ពី​ដើម​មក តុលាការ​មិន​អាច​កោះ​ហៅ​ មន្ត្រី​ជាន់​ខ្ពស់ណាម្នាក់​ក្នុង​សម័យ​បច្ចុប្បន្ននេះ​ ដែល​ធ្លាប់​មា​នតួនាទី​ធំ​ក្នុង​របប​ខ្មែរ​ក្រហម ឬ​ដែល​ជាប់​ពាក់ព័ន្ធ​នៅតំណែង​ណាមួយ​ក្នុង​របបនោះ​ ឲ្យ​ទៅ​ឆ្លើយ​បំភ្លឺបាន​ឡើយ​ បើ​ទោះ​បី​ជា​ក្នុង​នាម​ជា​សាក្សី​ក៏ដោយ​ចុះ។

​ក្រុម​អ្នក​តាម​ដាន​ស្ថានការខ្លះ ថែម​ទាំង​សម្តែង​ក្តី​បារម្ភ​ ពី​វ័យ​កាន់​តែ​ចាស់ជរារបស់​​ជន​ជាប់​ចោទ ​ទាំង​អំបាល​ម៉ាន ចាប់ពី​សំណុំ​រឿង​០០២ ដល់​០០៤។

មិនត្រឹមតែប៉ុណ្ណោះ យោង​​តាម​ច្បាប់​ពីការ​បង្កើត​សាលា​ក្តី​ខ្មែរក្រហម​, ការ​ចែង​ពី​វិសាល​ភាព​នៃ​សាលា​ជម្រះ​ក្តី​កូន​កាត់មួយ​​នេះ ត្រឹម​តែ​ក្នុងរង្វង់​ប្រទេស​កម្ពុជា និងត្រឹម​តែ​ក្នុងសម័យ​ខ្មែរ​ក្រហម បា​នធ្វើ​ឲ្យ​អ្នក​សង្កេតការ​មួយ​ចំនួន យល់ថា ជញ្ជីង​យុត្តិធម៌​នេះ មិន​បាន​យក​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ពិត​ប្រាកដ​​នៃ​របបខ្មៅងងឹត​មួយ​នោះ ទៅ​ថ្លឹង ​ឲ្យ​ពិត​ប្រាកដ​នោះទេ។ តែ​ផ្ទុយ​​ទៅវិញ គឺ​ប្រៀបបាន​នឹង​ទឹក​ដែល​ជួយ​លាង​ជម្រះ​បាត​ដៃ​ប្រលាក់​ឈាម​របស់បុគ្គល​និង​ប្រទេស​ដែល​ចូល​រួម​ក្នុងការ​បង្ក​ឲ្យ​មាន​របប​វាល​ពិឃាត​ នោះទៀត​ផង​៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ