អានតួអត្ថបទ
កម្ពុជា-ថៃ

លោក ហោ ណាំហុង៖ ពលរដ្ឋ​ខ្មែរ​នៅ​តាម​ព្រំដែន​អាច​ឆ្លង​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​វិល​ល្ងាច​បាន

កិច្ច​ព្រម​ព្រៀង​ថ្មី​ស្ដី​ពី​ការ​ឆ្លង​កាត់​ព្រំដែន​រវាង​កម្ពុជា-ថៃ បាន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​តាម​តំបន់​ព្រំដែន អាច​ឆ្លង​ចូល​ទៅ​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ថៃ ដោយ​វិល​ល្ងាច​បាន​។ បើ​តាម​លោក ហោ ណាំហុង បច្ចុប្បន្ន មាន​ពលករ​ខ្មែរ​ជាង​៧០​ម៉ឺន​នាក់ កំពុង​រស់​នៅ និង​ធ្វើ​ការ​នៅ​ក្នុងប្រទេស​ថៃ ខណៈ​តួ​លេខ​ក្រៅ​ផ្លូវ​ការ​ថា មាន​ជាង​១​លាន​នាក់​។

លោក ហោ ណាំហុង ​រដ្ឋមន្ត្រីកាបររទេស​កម្ពុជា
លោក ហោ ណាំហុង ​រដ្ឋមន្ត្រីកាបររទេស​កម្ពុជា
ផ្សាយពាណិជ្ជកម្ម

 

តាមរយៈ​កិច្ចព្រមព្រៀង​ថ្មី​នេះ នឹង​អនុញ្ញាត​ឲ្យ​ប្រជាជន​ខ្មែរ​ដែល​រស់នៅ​តំបន់​ព្រំដែន​ថៃ ដែលមាន​ប័ណ្ណ​ព្រំដែន ឬ (Border Pass) អាច​ឆ្លង​ចូលទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ដោយ​វិល​ល្ងាច​បាន ។ នេះ​បើតាម​ការសរសេរ​នៅលើ​ទំព័រ Facebook របស់លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស​កម្ពុជា​នៅ​ថ្ងៃអាទិត្យ​នេះ។ លោក ហោ ណាំហុង សរសេរថា តាមរយៈ​កិច្ចព្រមព្រៀង នោះ មានន័យថា បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​តំបន់​ព្រំដែន​ជាមួយ​ថៃ អាច​ទៅ​ទំនាក់ទំនង​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​កម្ពុជា ដើម្បី​ធ្វើ​ប័ណ្ណ​ព្រំដែន សំរាប់​សំរួល​ដល់​ការធ្វើដំណើរ​ឆ្លងកាត់​ព្រំដែន​ថៃ ដូច​បានកំណត់​ក្នុង​កិច្ចព្រមព្រៀង​នោះ។

កិច្ចព្រមព្រៀង​ថ្មី ដែល​បាន​ចូល​ជាធរ​មាននៅ​ថ្ងៃ​ដែល​លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស​កម្ពុជា និង​លោក ថា​ណា​សក្តិ ប៉ា​ទី​ម៉ា​ប្រា​កន រដ្ឋមន្ត្រីការបរទេស​ថៃ បាន​ចុះហត្ថលេខា​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ កាលពី​ថ្ងៃទី១១កក្កដា​ឆ្នាំ២០១។

ក្នុងពេល​វិល​ត្រលប់​មកពី​បំពេញ​ទស្សនកិច្ច​រយៈពេល២ថ្ងៃ​នៅ​ប្រទេស​ថៃ កាលពី​ថ្ងៃទី១២កក្កដា​កន្លង​ទៅនោះ លោក ហោ ណាំហុង បាន​បញ្ជាក់ដែរថា កិច្ចព្រមព្រៀង​ថ្មី​នេះ ក៍​បានអនុញ្ញាត​ឲ្យ​ពលករ​ខ្មែរ ស្នាក់នៅ​ក្នុង​តំបន់​ព្រំដែន​ប្រទេស​ថៃ ក្នុង​រយៈពេល​ពី១៥ទៅ៣០ថ្ងៃ បន្ទាប់ពី​ពួកគេ​បាន​បំពេញ​តាម​បែបបទ​ដែល​កំណត់ដោយ​អាជ្ញាធរ​ថៃ។ ប័ណ្ណ​ព្រំដែន ឬ Border Pass ក្នុង​កិច្ចព្រមព្រៀង​ថ្មី​នេះ មិនបាន​ទាមទារ​ឲ្យ​ពលរដ្ឋ​ខ្មែរ​មាន​លិខិតឆ្លងដែន​នោះទេ។

សូមបញ្ជាក់ថា បច្ចុប្បន្ន​មាន​ពលករ​ខ្មែរ​ប្រមាណ​ជា៧០ម៉ឺន​នាក់​កំពុង​រស់នៅ​និង​ធ្វើការ​នៅក្នុង​ប្រទេស​ថៃ ហើយ​ពួកគេ​ភាគច្រើន​ជា​ពលករ​ខុសច្បាប់ ដែល​ខ្លះ​មាន​ទាំង​ប្រពន្ធ និង​កូន​ផង។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស​កម្ពុជា។ ប៉ុន្តែ​បើតាម​តួលេខ​ក្រៅផ្លូវការ​ខ្លះ​ថា មាន​ពលករ​ខ្មែរ​ប្រមាណ​ជា១លាន​នាក់​ឯណោះ ដែល​កំពុងធ្វើការ​នៅក្នុង​ប្រទេស​ថៃ។

លោក យ៉ា ណា​វុ​ធ ប្រធាន​អង្គការ​ខា​រ៉ា​ម​កម្ពុជា បានបង្ហាញ​ការសោកស្តាយ ដែល​កំលាំង​ពលកម្ម​កម្ពុជា​បាន​ហូរ​ចេញទៅ​ក្រៅប្រទេស​ក្នុង​ចំនួន​ដ៍​ច្រើនសន្ធឹក​សន្ធាប់​បែបនេះ ខណៈដែល​ពលរដ្ឋ​ផ្សេង​កំពុង​ហូរ​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា​វិញ​នោះ។ ការធ្វើ​ចំណាកស្រុក​ដ៍​ច្រើន​បែបនេះ នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​កសិកម្ម និង​សិប្បកម្ម​ខ្នាតតូច​របស់​កម្ពុជា។
ក្នុងពេល​ទស្សនកិច្ច​នៅ​ប្រទេស​ថៃ​នោះដែរ លោក ហោ ណាំហុង ក៍​បានស្នើ​ទៅ​ភាគី​ថៃ​ពន្យា​ពេល​ចាប់​ប​ញ្ចូ​ន​ពលករ​ខ្មែរ​ដែល​ប័ណ្ណ​ការងារ​របស់​ពួកគេ​អស់​សុពលភាព​កាលពី​ថ្ងៃទី៣០ខែមិថុនា​កន្លងទៅ ដោយ​ពន្យា​រហូតដល់​អំឡុង​ខែ​មិនា​ឆ្នាំ២០១៦៕

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ