អានតួអត្ថបទ
កម្ពុជា

ខុទ្ទកាល័យ​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា​៖ ​គ្មាន​ការ​ព្រមព្រៀង​អភិវឌ្ឍន៍​រួមគ្នា​ជាមួយ​ថៃ​ទេ

ល្ងាចម្សិលមិញ​ ខុទ្ទកាល័យ​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​កម្ពុជា​បាន​បដិសេធ​ដំណឹង​របស់​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍​ដែលថា​នឹងមាន​ការអភិវឌ្ឍ​រួមគ្នា​លើ​ភូមិ​នានា ​និង​ច្រកព្រំដែន​អានសេះ ​ក្នុង​តំបន់​ប្រទាញ​ប្រទង់​​គ្នា​​ជាមួយ​ថៃ។ ​នៅក្នុង​សេចក្តីបំភ្លឺ​ព័ត៌មាន​លើ​វ៉េបសាយត៍​របស់​ខ្លួន​ ក្រសួង​ការពារជាតិ​កម្ពុជា ​អះអាង​ថា​ បាងកក​ប៉ុស្តិ៍​រាយការណ៍​«ព័ត៌មាន​ខុសឆ្គង» និង​បាន​ស្នើឱ្យ​កាសែត​នេះ​កែតម្រូវ​ជាបន្ទាន់។

លោក​​ទៀ បាញ់​ រដ្ឋមន្រ្តី​ការពារជាតិ​កម្ពុជា
លោក​​ទៀ បាញ់​ រដ្ឋមន្រ្តី​ការពារជាតិ​កម្ពុជា RFI/Bonna Pen
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ច្បាប់​ចេញ​ផ្សាយ​ថ្ងៃ​ទី២៣​ ខែមករា ​ម្សិលមិញ​ សារព័ត៌មាន​បាងកក​ប៉ុស្តិ៍​របស់​ថៃ​បាន​រាយការណ៍​ថា​ ភាគី​កម្ពុជា​ និង​ភាគី​ថៃ​ បាន​ឯកភាពគ្នា​អំពី​«ការ​អភិឌ្ឍន៍​រួមគ្នា​លើ​ភូមិ​នានា​នៅ​តំបន់​ព្រំដែន ដែល​មាន​ការ​ប្រទាញ​ប្រទង់»​ហើយ​ «ភាគី​ថៃ​ក៏បាន​ស្នើសុំ​ដាក់​ច្រកព្រំដែន​ប្រទាញប្រទង់​ (ច្រក​អានសេះ) ​ជា​តំបន់ស​ផងដែរ សម្រាប់​អភិវឌ្ឍ​ន៏​រួមគ្នា»។

ខុទ្ទកាល័យ​របស់លោក ​ទៀ បាញ់​ បាន​បដិសេធ​ដំណឹង​នេះ ដោយ​ចាត់ទុកថា​ សេចក្តីរាយការណ៍ ​ដែល​ផ្អែកលើ​ខ្លឹមសារ​នៃ​កិច្ចប្រជុំ​នៅ​ភ្នំពេញ​ នា​ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៥​ រវាង​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​កម្ពុជា​ និង​អនុរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ថៃ​ ដែល​ជា​អគ្គមេបញ្ជាការ​កងទ័ព​ជើងគោក​ភូមិន្ទ​ថៃ​ផង​នោះ ​ជា«ព័ត៌មាន​ខុស​ឆ្គង»។

សេចក្តី​បំភ្លឺ​ព័ត៌មាន​របស់​ខុទ្ទកាល័យ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា​បាន​«ប្រកាស​ច្រានចោល​ទាំងស្រុង​ នូវ​ព័ត៌មាន​ប្រាស់ចាក​ពី​ការពិត​ខាង​លើ» និង​បាន​បំភ្លឺ​ថា«ជំនួប​សវនការ​សំដែង​ការ​គួរសម​នៃ​គណៈប្រតិភូ​កងទ័ពជើងគោក​ថៃ​ចំពោះ​ក្រសួងការពារជាតិ​កម្ពុជា​ គឺ​ពុំបាន​លើកឡើង​អំពី​បញ្ហា​ដូច​បញ្ជាក់​ខាងលើ​នោះ​ទេ»។ ទន្ទឹម​នឹង​នេះដែរ ​ខុទ្ទកាល័យ​របស់លោក​ ទៀ បាញ់ ​ក៏បាន​ស្នើឱ្យ​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍​ «កែតម្រូវ​ព័ត៌មាន​ខុសឆ្គង​នោះ​ជា​បន្ទាន់»។

គួរ​រម្លឹក​ផងដែរ​ថា ​ចាប់តាំងពី​ថ្ងៃទី២៤​ ខែធ្នូ​ ឆ្នាំ២០១៤មក ​ភាគី​កម្ពុជា​ និង​ភាគី​ថៃ ​បាន​ប្រជុំគ្នា​ជា​ញឹកញាប់ ​ទាំង​ក្នុង​ក្របខ័ណ្ឌ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា ថៃ លើក​ទី១០​ ទាំង​ក្នុង​ក្របខ័ណ្ឌ​គណៈកម្មការ​ចម្រុះ​ស្តីពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​កម្ពុជា ​ថៃ លើក​ទី ៩ ទាំង​ក្នុង​ក្របខ័ណ្ឌ​ក្រុម​ការងារ​ទំនាក់​ទំនង​ព្រំដែន​កម្ពុជា​ ថៃ ថ្នាក់​យុទ្ធ​ភូមិភាគ។

បើ​ផ្អែក​តាម​សេចក្តីប្រកាស​ព័ត៌មាន​ដែល​ផ្សាយ​ដោយ​ក្រសួងការពារជាតិ​កម្ពុជា ​និង​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ខ្លឹមសារ​នៃ​កិច្ចប្រជុំ​ទាំងនោះ​មិនបាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​កិច្ចព្រមព្រៀង​ណាមួយ​ស្តីពី​ការអភិវឌ្ឍ​រួមគ្នា​រវាង​កម្ពុជា​និង​ថៃ នៅតាម​តំបន់​ព្រំដែន​ដែល​កំពុងមាន​ជម្លោះ​នោះទេ។ កម្ពុជា​កំពុងតែ​រងចាំ​ភាគី​ថៃ​ក្នុងការ​អនុវត្តតាម​សាលដីកា​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​លើ​បណ្ដឹង​របស់​កម្ពុជា ដែល​សុំឱ្យ​បកស្រាយ​សាលដីកា​ឆ្នាំ១៩៦២ ពាក់ព័ន្ធ​នឹង​រឿងក្តី​ប្រាសាទព្រះវិហារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ