អានតួអត្ថបទ
កម្ពុជា-នយោបាយ

​ក្រុម​មេធាវី​ស្នើ​សុំ​តុលា​ការ​មើល​ចម្លើយ​របស់​លោក​គង់ គាំ ដែ​ល​ធ្វើ​ជា​សាក្សី​ក្នុង​សំណុំ​រឿង​លោក​កឹម សុខា​

ក្រុម​មេធាវី​របស់​លោក​កឹម សុខា បាន​ស្នើ​សុំ​ផ្ទាល់​មាត់​ទៅ​កាន់​តុលាការ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ដើម្បី​ថត​ចម្លង​នូវ​ចម្លើយ​របស់​លោក​គង់ គាំ ដែល​ត្រូវ​បាន​តុលាការ​កោះ​ហៅ​ទៅ​បំភ្លឺ​ក្នុង​នាម​ជា​សាក្សី​ក្នុង​សំណុំ​រឿង​លោក​កឹម សុខា​កាល​ខែ​មុន​។ ក៏​ប៉ុន្តែ​មក​ដល់​ពេល​នេះ តុលាការ​នៅ​មិន​ទាន់​ផ្តល់​ឯកសារ​ឱ្យ​តាម​ការ​ស្នើ​សុំ​នេះ​នៅ​ឡើយ​ទេ​។ 

លោក គង់ គាំ
លោក គង់ គាំ ©Channa/rfi
ផ្សាយពាណិជ្ជកម្ម

លោក​ស្រី​ម៉េង សុភារី សហ​មេធាវី​ម្នាក់​របស់​លោក​កឹម សុខា បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ថា មក​ដល់​ពេល​នេះ តុលាការ​បាន​ផ្តល់​ឱ្យ​ក្រុម​មេធាវី​នូវ​ឯកសារ​ថត​ចម្លង​ផ្សេងៗ​នៅ​ក្នុង​សំណុំ​រឿង​លោក​កឹម សុខា​។ ប៉ុន្តែ​ការ​ថត​ចម្លង​នូវ​ចម្លើយ​បំភ្លឺ​របស់​លោក​គង់ គាំ ដែល​ជា​សាក្ស៊ី​ចុង​ក្រោយ​មិន​ទាន់​ត្រូវ​បាន​តុលាការ​ផ្តល់​ឱ្យ​ក្រុម​មេធាវី​នៅ​ឡើយ​។ លោកស្រីម៉េង សុភារី មិន​បាន​បញ្ជាក់​ឱ្យ​ដឹង​ពី​មូល​ហេតុ​ដែល​តុលាការ​មិន​ទាន់​ប្រគល់​ឯកសារ​ថត​ចម្លង​នេះ​នោះ​ទេ​។

លោក​គង់ គាំ អតីត​ទីប្រឹក្សា​ជាន់​ខ្ពស់​នៃ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ ត្រូវ​បាន​តុលាការ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ កោះ​ហៅ​ទៅ​បំភ្លឺ​ក្នុង​សំណុំ​រឿង​លោក​កឹម សុខា ក្នុង​នាម​ជា​សាក្ស៊ី​កាល​ពី​ថ្ងៃទី ២៣ ខែ​មករា កន្លង​ទៅ​នេះ​។ លោក​គង់ គាំ បាន​អះអាង​ថា លោក​មិន​បាន​ឆ្លើយ​ដាក់​បន្ទុក ឫ​ដក​បន្ទុក​លើ​លោក​កឹម សុខាទេ គឺ​លោក​និយាយ​ប្រាប់​តុលាការ​ទៅ​តាម​អ្វី​ដែល​លោក​បាន​ដឹង​ពី​លោក​កឹម សុខា ដោយ​មិន​បាន​បំភ្លៃ បំផ្លើស ឬ​មួល​បង្កាច់​អ្វី​ឡើយ​។ ក្នុង​នាម​ជា​សាក្សី​នេះ លោក​គង់ គាំ បញ្ជាក់​ទៀត​ថា លោក​ទៅ​បំភ្លឺ​នេះ គឺ ដើម្បី​ឱ្យ​ចៅក្រម និង​តុលាការ​មាន​ព័ត៌មាន​គ្រប់​គ្រាន់​ផ្តល់​យុត្តិធម៌​ឱ្យ​អ្នក​ត្រូវ​ចោទ​ប្រកាន់​។

បើ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ក្រុម​មេធាវី​លោក​កឹម សុខា ចង់​ដឹង​ឱ្យ​ប្រាកដ ថា​តើ​លោក​គង់ គាំ បាន​ឆ្លើយ​បំភ្លឺ​យ៉ាង​ដូច​ម្តេច​ខ្លះ​។ លោក​ស្រី​មេធាវី ម៉េង សុភារី បាន​សង្កត់​ធ្ងន់​ថា ការ​ដឹង​ពី​ចម្លើយ​របស់​សាក្ស៊ី និង​ឯក​សារ​ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​ផ្សេងៗ គឺ​ជា​រឿង​សំខាន់​។ សំខាន់ គឺ​ដើម្បី​ឱ្យ​ក្រុម​មេធាវី​បាន​ដឹង បាន​សិក្សា​ស្វែង​យល់​ពី​ឯកសារ​ពាក់​ព័ន្ធ​ទាំង​នោះ ដើម្បី​ត្រៀម​ការពារ និង​រក​យុត្តិធម៌​ជូន​លោក​កឹម​ សុខា ប្រធាន​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​។

គិត​មក​ពេល​នេះ តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​តែ​បន្ត​ដំណើរ​ការ​នីតី​វិធី​ស៊ើប​អង្កេត​លើ​លោក​កឹម សុខា ។ លោក​កឹម សុខា ដែល​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​សន្និដ្ឋិភាព​ជាមួយ​បរទេស​។ បច្ចប្បន្ន លោក​កំពុង​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​នៅ​ក្នុង​គេហដ្ឋាន​របស់​លោក​ក្នុង​ខណ្ឌ​ទួល​គោក ដោយ​មិន​អនុញ្ញាត​ធ្វើ​សកម្មភាព​នយោបាយ​ណា​មួយ​ឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ