អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

វិបត្តិ​ដី​ធ្លី៖ បក្ស​កាន់​អំណាច​ដាច់​ចិត្ត​ចាត់​ការ​ឧកញ៉ា​គ្រាក់​ៗ ដើម្បី​ស្ដារ​ប្រជាប្រិយ​ភាព

ចុះផ្សាយ​នៅ​ថ្ងៃ៖

ដើម​ឆ្នាំ​ ២០១៧​នេះ រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​សម្រេច​ចិត្ត​ចាត់​វិធាន​ការ​លើ​ឧកញ៉ា​គ្រាក់​ៗ​យ៉ាង​ហោច​ណាស់​ពីរ​រូប ដែល​ជាប់​ពាក់​ព័ន្ធ​ក្នុង​សំណុំ​រឿង​វិបត្តិ​ដី​ធ្លី​ជាមួយ​ប្រជា​ពលរដ្ឋ ។ អ្នក​តាម​ដាន​ព្រឹត្តិការណ៍​សង្គម​មើល​ឃើញ​ថា ចំណាត់​ការ​នេះ ធ្វើ​ឡើង​ដើម្បី​ស្ដារ​ប្រជាប្រិយ​ភាព​របស់​គណបក្ស​កាន់​អំណាច ប្រឈម​នឹង​ការ​បោះ​ឆ្នោត​ដែល​ខិត​ជិត​ចូល​មក​ដល់​។

រូបភាព​តំណាង៖ ពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី ធ្វើ​ការ​តវ៉ា​ទាម​ទារ​យក​ដី​របស់​ខ្លួន​មក​វិញ នា​ពេល​កន្លង​មក​។
រូបភាព​តំណាង៖ ពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី ធ្វើ​ការ​តវ៉ា​ទាម​ទារ​យក​ដី​របស់​ខ្លួន​មក​វិញ នា​ពេល​កន្លង​មក​។ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

ឆ្នាំ​ ២០១៧​ទើប​តែ​បើក​ឆាក​បាន​មិន​ដល់​ពីរ​ខែ​ផង មាន​ឧកញ៉ា​យ៉ាង​ហោច​ណាស់​ពីរ​រូប ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ចាត់​ការ ដោយ​សារ​ជាប់​ពាក់​ព័ន្ធ​នឹង​បញ្ហា​វិបត្តិ​ដី​ធ្លី​ជាមួយ​ប្រជា​ពលរដ្ឋ​។ ទី​១​គឺ​លោក​ឧកញ៉ា ឡោក ហួរ​។ និង​ទី​២ គឺ​លោក​ស្រី​ឧកញ៉ា ស៊ុយ សុផាន​។

ដំបូង​និយាយ​ពី​លោក ឡោក ហួរ ដែល​មាន​ងារ​ជា​ឧកញ៉ា និង​ជា​តំណាង​រាស្ត្រ​មណ្ឌល​បាត់ដំបង​កូតា​គណ​បក្ស​កាន់​អំណាច​។ កាល​ពី​ខែ​មករា រដ្ឋាភិបាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា បាន​សម្រេច​ដក​ហូត​ដី​ពី​លោក​ឧកញ៉ា ឡោក ហួរ ចំនួន​ជិត​បី​ពាន់​ហិកតា​នៅ​ស្រុក​កៀន​ស្វាយ​និង​ស្រុក​ស្អាង​ខេត្ត​កណ្ដាល ឲ្យ​ទៅ​ប្រជាពលរដ្ឋ​វិញ​។ បើ​តាម​ការ​អះ​អាង​របស់​ក្រសួង​ដែនដី ផ្ទៃ​ដី​នៅ​ចំណុច​នោះ គឺ​ជា​ដី​បឹង​របស់​រដ្ឋ ដែល​ប្រជាជន​ធ្លាប់​រស់​នៅ​អាស្រ័យ​ផល ប៉ុន្តែ​ចាប់​តាំង​ពី​ឆ្នាំ​២០០៥​មក លោក​ឧកញ៉ា ឡោក ហួរ បាន​ចេញ​មុខ​អះ​អាង​ថា ជា​កម្មសិទ្ធិ​របស់​ខ្លួន បង្កើត​បាន​ជា​ទំនាស់​រ៉ាំរ៉ៃ​មក​ទល់​សព្វ​ថ្ងៃ​។ មិន​ត្រឹម​តែ​ដក​ហូត​ផ្ទៃ​ដី​ដូច​លើក​ឡើង​ប៉ុណ្ណោះ​ទេ រដ្ឋាភិបាល​បាន​និរាករណ៍​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់​កាប់​អចលនវត្ថុ​ចំនួន​ ២៩​ប័ណ្ណ ហើយ​ថែម​ទាំង​បាន​ដាក់​ឈ្មោះ​លោក ឡោក ហួរ ចូល​ទៅ​ក្នុង​បញ្ជី​ខ្មៅ​ផង​ដែរ។

ចេញ​ពី​សំណុំ​រឿង​លោក ឡោក ហួរ​ ចូល​ដល់​សំណុំ​រឿង​លោក​ស្រី​ឧកញ៉ា ស៊ុយ សុផាន​។ រដ្ឋាភិបាល នៅ​ដើម​ខែ​កុម្ភៈ​នេះ បាន​សម្រេច​ប្រគល់​អំណាច​ឲ្យ​ក្រសួង​ដែនដី កោះ​ហៅ​លោកស្រី ស៊ុយ សុផាន ប្រធាន​ក្រុមហ៊ុន​ផានអ៊ីម៉ិច ឲ្យ​ចូល​ខ្លួន​ទៅ​ដោះ​ស្រាយ​ជម្លោះ​ដីធ្លី​ជាមួយ​ប្រជាពលរដ្ឋ​ចំនួន​ជាង​ ៥​រយ​គ្រួសារ​ ស្ថិត​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល​។ រដ្ឋាភិបាល​ក៏​បាន​បង្គាប់​ឲ្យ​រដ្ឋបាល​សុរិយោដី ផ្អាក​ការ​ចុះ​បញ្ជី​ឬ​ផ្ទេរ​ដី​ដែល​មិន​ទាន់​ដោះ​ស្រាយ​ផង​ដែរ ដើម្បី​ចៀស​វាង​ធ្វើ​ឲ្យ​វិវាទ​កាន់​តែ​រីក​រាល​ដាល​។

ចំណាត់​ការ​របស់​រដ្ឋាភិបាល​លើ​ឧកញ៉ា​គ្រាក់​ៗ ដែល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​នា​ពេល​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​ឡើង​ដើម្បី​ស្ដារ​ប្រជាប្រិយ​ភាព​របស់​គណបក្ស​កាន់​អំណាច ប្រឈម​នឹង​ការ​បោះ​ឆ្នោត​ដែល​ខិត​ជិត​ចូល​មក​ដល់​។

មែន​ទែន​ទៅ នេះ​មិន​មែន​រឿង​ថ្មី​ទេ​។ បន្ទាប់​ពី​ធ្លាក់​អាសនៈ​ពី​ ៩០​មក​នៅ​ត្រឹម​ ៦៨ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​ ២០១៣ គណបក្ស​ប្រជាជន​កម្ពុជា បាន​ចេញ​មុខ​ទទួល​ស្គាល់​ពី​ចំណុច​ខ្វះ​ខាត​របស់​ខ្លួន និង​ថែម​ទាំង​បាន​ជំរុញ​ឲ្យ​មន្ដ្រី​របស់​ខ្លួន​ឆ្លុះ​កញ្ចក់​ដុះ​ក្អែល​សម្អាត​ខ្លួន​ថែម​ទៀត​ផង​។ កំណែ​ទម្រង់​ការងារ​និង​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន​ត្រូវ​បាន​ធ្វើ​ឡើង​ជា​បន្ត​បន្ទាប់​។ មន្ដ្រី​មួយ​ចំនួន​ដែល​ប្រើ​ប្រាស់​អំណាច ប្រព្រឹត្ត​តាម​អំពើ​ចិត្ត​ខុស​នឹង​ច្បាប់ ក៏​ត្រូវ​បាន​ចាប់​ខ្លួន​យក​ទៅ​ផ្ដន្ទា​ទោស​ផង​ដែរ​។ ដើម្បី​ការពារ​ប្រជាប្រិយ​ភាព​របស់​ខ្លួន គណបក្ស​កាន់​អំណាច​ហាក់​ដូច​ជា​មិន​ញញើត​នឹង​ដាក់​ចាត់​វិធានការ និង ទោស​ទណ្ឌ​មន្ដ្រី​របស់​ខ្លួន​ដែល​ប្រព្រឹត្ត​ខុស​ឡើយ។

ការ​សម្រេច​ចិត្ត​របស់​គណបក្ស​កាន់​អំណាច​ដូច្នេះ ត្រូវ​អ្នក​វិភាគ​នយោបាយ​ផ្ដល់​តម្លៃ​ថា អាច​រួម​ចំណែក​ស្ដារ​ប្រជាប្រិយ​ភាព​របស់​គណបក្ស​នេះ​បាន​ខ្លះ​នៅ​លើ​ឆាក​នយោបាយ។ ក្នុង​នោះ គណបក្ស​ប្រជាជន​កម្ពុជា និង​ថ្នាក់​ដឹក​នាំ​របស់​គណបក្ស​នេះ ត្រូវ​រក្សា​ភាព​រ៉ឹងប៉ឹង​បំផុត នៅ​ក្នុង​ការ​អនុវត្ត​គោល​នយោបាយ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​ដូច​ដែល​បាន​សន្យា​។ គោលការណ៍​ច្បាប់ ដាច់​ខាត​ត្រូវ​តែ​គ្រប​ដណ្ដប់​លើ​មនោសញ្ចេតនា​។ មន្ដ្រី​ប្រព្រឹត្ត​ខុស​ច្បាប់​ត្រូវ​តែ​ដក​គ្រវាត់​ចោល ហើយ​ផ្ដល់​ឱកាស​ឲ្យ​មន្ដ្រី​ដែល​មាន​សមត្ថភាព​។

ជា​ការ​ពិត​ ចំណាត់​ការ​លើ​អ្នក​ប្រព្រឹត្ត​ខុស​ឬ​បង្ក​បញ្ហា ​មាន​សារៈ​សំខាន់​ណាស់ ប៉ុន្តែ​វា​មិន​ទាន់​គ្រប់​គ្រាន់​ដើម្បី​ធានា​នូវ​ជ័យ​ជំនះ​ផ្ដាច់​មុខ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​ទេ​។ បើ​តាម​អ្នក​វិភាគ មាន​ការងារ​ច្រើន​ណាស់​ដែល​រដ្ឋាភិបាល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​ធ្វើ​ឲ្យ​បាន បើ​ចង់​ទាញ​យក​ការ​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ​បន្ថែម​ទៀត​។

ការងារ​នោះ​ត្រូវ​ចាប់​ផ្ដើម​ពី​មន្ដ្រី​ថ្នាក់​លើ ដែល​ត្រូវ​តែ​ធ្វើ​ជា​គំរូ​ល្អ​ដល់​មន្ដ្រី​ថ្នាក់​ក្រោម ដើម្បី​ឲ្យ​មាន​ការ​កែ​ប្រែ​ឥរិយាបថ​ក្នុង​ការ​បំពេញ​ការងារ​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ មាន​ភាព​ស្អាត​ស្អំ និង​តម្កល់​ផល​ប្រយោជន៍​ជាតិ ធំ​ជាង​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន និង​ផល​ប្រយោជន៍​បក្ស​។ ទន្ទឹម​គ្នា​នេះ ការ​លុប​បំបាត់​អំពើ​ពុក​រលួយ​ត្រូវ​ធ្វើ​គ្រប់​កម្រិត ពី​ថ្នាក់​លើ​ដល់​ថ្នាក់​ក្រោម ក៏​ត្រូវ​តែ​អនុវត្ត​ឲ្យ​បាន​ផង​ដែរ​។ ការ​ដាក់​ទណ្ឌកម្ម​ចំពោះ​ការ​ប្រព្រឹត្ត​ពុក​រលួយ​នេះ ទាម​ទារ​ឲ្យ​ដើរ​ស្រប​គ្នានឹង​ការ​ផ្ដល់​រង្វាន់​ដល់​មន្ដ្រី​រាជការ​។ មន្ដ្រី​រាជការ​ដែល​ល្អ ត្រូវ​តែ​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត និង​ការ​បង្កើន​ប្រាក់​ខែ​។ ជាមួយ​គ្នា​នោះ គណបក្ស​ប្រជាជន ចាំ​បាច់​ត្រូវ​តែ​អប់រំ​មន្ដ្រី​ថ្នាក់​ក្រោម​របស់​ខ្លួន​ឲ្យ​បាន​ម៉ឺង​ម៉ាត់​បំផុត ធ្វើ​យ៉ាង​ណា​ឲ្យ​ពួក​គេ​បម្រើ​ប្រជាជន​បាន​ត្រឹម​ត្រូវ​។

ទាំង​នេះ ​គឺ​ជា​វិញ្ញាសារ​សាក​ល្បង​សម្រាប់​គណបក្ស​ប្រជាជន ដើម្បី​ជួយ​ស្ដារ​មុខ​មាត់​ និង​ប្រជាប្រិយភាព​ សម្រាប់​ការ​បោះ​ឆ្នោត​ខាង​មុខ​។ ​យ៉ាង​ណា​ក៏​ដោយ ការ​អនុវត្ត​តែង​តែ​ពិបាក​ជាង​ទ្រឹស្តី​។ មាន​តែ​ឆន្ទៈ​ពិត​ប្រាកដ​ទេ ទើប​ជួយ​ឲ្យ​គណបក្ស​កាន់​អំណាច សម្រេច​ការងារ​ទាំង​នេះ​បាន​។ ​ ប៉ុន្តែ​ប្រសិន​បើ​អនុវត្ត​បាន គណបក្ស​កាន់​អំណាច​នេះ នឹង​អាច​មាន​ទឹក​មាត់​ប្រៃ​ខ្លះ ដើម្បី​ឃោសនា​រក​សំឡេង​ឆ្នោត​នា​ពេល​ខាង​មុខ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ