អានតួអត្ថបទ
កម្ពុជា-នយោបាយ

ថ្ងៃ​បិទ​បញ្ចប់​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត៖ គណបក្ស​នយោបាយ​បង្អូត​កម្លាំង​អ្នក​គាំទ្រ

ដូច​ការ​គ្រោង​ទុក ថ្ងៃ​ទី​២៧​ខែ​កក្កដា​នេះ គឺ​ថ្ងៃ​បិទ​បញ្ចប់​នៃ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត។ យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត ដែល​បាន​ចាប់​ផ្ដើម​តាំង​តែ​ពី​ថ្ងៃ​ទី​៧​ខែ​កក្កដា​មក​ម្ល៉េះ។ ជា​ការ​កត់​សម្គាល់ គណបក្ស​ចំនួន​៧ ក្នុង​ចំណោម​គណបក្ស​២០​ដែល​ចូល​រួម​ការ​បោះ​ឆ្នោត បាន​យក​រាជធានី​ភ្នំពេញ​ជា​គោល​ដៅ​ឃោសនា​ថ្ងៃ​ចុង​ក្រោយ។ ក្នុង​ចំណោម​គណបក្ស​ទាំង​៧ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បង្អួត​កម្លាំង​អ្នក​គាំទ្រ​យ៉ាង​ច្រើន​ក្រាស់​ក្រែល​នៅ​កោះ​ពេជ្រ ខណៈ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ជ្រើស​យក​តំបន់​ជាយ​ក្រុង​បង្ហាញ​កម្លាំង​ក៏​មិន​ស្ទើរ​ដែរ។

យុទ្ធនាការ​ឃោសនា​របស់គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ
យុទ្ធនាការ​ឃោសនា​របស់គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ @សហការី
ផ្សាយពាណិជ្ជកម្ម

តាំង​តែ​ពី​ព្រឹក​ព្រលឹម​ស្រាំងៗ អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ជា​ច្រើន​រយ​នាក់​បាន​ជួប​ជុំ​ប្រមូល​ផ្ដុំ​គ្នា​ ចាប់​ពី​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ រហូត​ដល់​ទី​តាំង​វត្ត​បទុមវត្តី។ ក្នុង​នោះ​ អ្នក​គាំទ្រ ក្មេង ចាស់ ប្រុស ស្រី បាន​លើក​ទង់​បក្ស​មាន​រូប​ទេវតា ហើយ​ស្រែក​ហ៊ោ​ជ័យ​ឃោស​ទៅ​តាម​សុន្ទរកថា​របស់​ប្រមុខ​បក្ស​ប្រជាជន លោក ហ៊ុន សែន ដែល​បាន​ទៅ​ដល់​ទីតាំង​ប្រារព្ធ​ពិធី​នោះ​តាំង​ពី​ម៉ោង​៧​ព្រឹក។ ក្រោយ​បញ្ចប់​សន្ទរកថា លោក ហ៊ុន សែន ក៏​បាន​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​ចុះ​ជួប​អ្នក​គាំទ្រ​របស់​ខ្លួន​ដែល​ឈរ​ហែ​ហម​សង​ខាង​ផ្លូវ ខណៈ​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​ចំនួន​ធំ បាន​រាំ​លេង​ជា​ក្រុមៗ នៅ​ត្រង់​បរិវេណ​រថយន្ត​ប្រគុំ​តន្ដ្រី​ ដែល​ដាក់​បណ្ដាក់​គ្នា​ជា​ច្រើន​​កន្លែង​​។

សូម​បញ្ជាក់​ថា នៅ​ក្នុងពិធី​បិទ​​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​​​នេះ មាន​មនុស្ស​ជាង​១៥​ម៉ឺន​នាក់​មក​ពី​ខណ្ឌ​ទាំង​១២ បាន​ចូល​រួម​ឃោសនា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។ អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ប្រហាក់​ប្រហែល​គ្នា​នា​ឱកាស​បិទ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​នេះ​៖

ងាក​មក​មើល​ក្បួន​ឃោសនា របស់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​វិញ! ដឹក​នាំ​ដោយ លោក ខឹម វាសនា ប្រមុខ​បក្ស​នេះ បាន​ជ្រើស​យក​តំបន់​ជាយ​រាជធានី​ភ្នំពេញ គឺ​នៅ​បណ្ដោយ​៦០​ម៉ែត្រ ដើម្បី​ធ្វើ​ការ​ជួប​ជុំ មុន​ចេញ​ដំណើរ​ឃោសនា។ ក្បូន​ឃោសនា​របស់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ មាន​អ្នក​ចូល​រួម​ចន្លោះ​ពី​៦​ទៅ​៧​ម៉ឺន​នាក់។ ហើយ​ក្នុង​នោះ មធ្យោបាយ​ធ្វើ​ដំណើរ​របស់​គេ​មាន​លាយ​ឡំ​ចម្រុះ ពោល​គឺ​មាន​តាំង​ពី​ម៉ូតូ រថយន្ត និង​រ៊ឺម៉ក់​កង់​បី​ជា​ដើម។ ក្បួន​ឃោសនា​នៃ​គណបក្ស​នេះ មាន​ចម្ងាយ​ឆ្ងាយ មើលសឹង​ដាច់​កន្ទុយ​ភ្នែក​។

ជួប​ជាមួយ​អ្នក​គាំទ្រ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ដែល​ភាគ​ច្រើន​ជា​យុវជន ពួក​គេ​មាន​មោទនភាព​នឹង​កំណើន​នៃ​អ្នក​គាំទ្រ​បក្ស​របស់​ខ្លួន​ក្នុង​អាណត្តិ​នេះ​៖

ក្រៅ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គណបក្ស​នយោបាយ​៥​ផ្សេង​ទៀត​បាន​ធ្វើ​ការ​ឃោសនា​បោះ​ឆ្នោត​នា​ថ្ងៃ​ចុង​ក្រោយ​នេះ យ៉ាង​សាមញ្ញ​ទៅ​តាម​សន្ទុះ​នៃ​អ្នក​គាំទ្រ​របស់​គណបក្ស​នីមួយៗ។ ជាក់​ស្ដែង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ក្បួន​ឃោសនា​របស់​បក្ស​ចាប់​ចេញ​ដំណើរ​ពី​ម្ដុំ​ស្ពាន​ជ្រោយ​ចង្វារ ដោយ​មាន​អ្នក​ចូល​រួម​ប្រមាណ​ជា​១៥០០​នាក់។ ជា​សរុប គណបក្ស​ទាំង​៧​ដែល​ឃោសនា​បោះ​ឆ្នោត​នា​ថ្ងៃ​បញ្ចប់​នេះ មាន​មនុស្ស​ចូល​រួម​ជាង​៣២​ម៉ឺន​នាក់។

ដោយ​ឡែក សម្រាប់​បណ្ដា​គណបក្ស​នយោបាយ​១៣​ផ្សេង​ទៀត​ដែល​មិន​មាន​សកម្មភាព​នៅ​ភ្នំពេញ ក៏​ដោយ​សារ​ពួក​គេ​ចុះ​ឃោសនា​នៅ​តាម​បណ្ដា​ខេត្ត។​ ជាក់​ស្ដែង គណបក្ស​សម្បុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ បាន​ចុះ​ទៅ​ឃោសនា​នៅ​តាម​ឃុំ ជា​លក្ខណៈ​ទ្រង់​ទ្រាយ​តូច ដើម្បី​ប្រាប់​ពលរដ្ឋ​អំពី​លេខ​រៀង​គណបក្ស។​ បើ​តាម​គណបក្ស​សម្បុក​ឃ្មុំ​មិន​មាន​ធនធាន​សម្បូរ​បែប​នៅ​ក្នុង​ការ​ឃោសនា​ជា​ទ្រង់​ទ្រាយ​ធំ​ទេ។ ចំណែក​គណបក្ស​យុវជន​កម្ពុជា បាន​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​នៅ​ថ្ងៃ​ចុង​ក្រោយ​នេះ​ដែរ នៅ​ឯ​ខេត្ត​ត្បូង​ឃ្មុំ​ ដែល​ជា​មូលដ្ឋាន​រឹង​មាំ​បំផុត​របស់​ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ