អានតួអត្ថបទ
កម្ពុជា

ស្លាប់​៣០​នាក់​ដោយសារ​បាតុភូត​រន្ទះ​បាញ់​ក្នុង​រយៈពេល​៥​ខែ​ដើម​ឆ្នាំ​២០១៥

ស្លាប់​៣០​នាក់​ដោយសារ​បាតុភូត​រន្ទះបាញ់​ក្នុង​រយៈពេល​៥​ខែ​ដើម​ឆ្នាំ​២០១៥។ ប៉ុន្តែ​ចំនួន​នេះ ​បាន​ថយ​ចុះ ​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​២០១៤​កន្លង​ទៅ។ ផ្ទុយ​ពី​នេះ​ ចំនួន​អ្នក​រងគ្រោះ​ដោយសារ​បាតុភូត​ធម្មជាតិ​ ដូចជា ខ្យល់ព្យុះ រឺ ខ្យល់​កន្រ្តាក់​វិញ បាន​កើន​ឡើង​ដល់​ទៅ​៥០​ភាគរយ​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា។

រន្ទះបាញ់នៅកម្ពុជា
រន្ទះបាញ់នៅកម្ពុជា
ផ្សាយពាណិជ្ជកម្ម

ដោយ​គិត​មក​ដល់​ដំណាច់​ខែ​ឧសភា​ដើម​ឆ្នាំ​២០១៥​នេះ ​ចំនួន​អ្នក​ស្លាប់​ដោយសារ​រន្ទះបាញ់​មាន​ចំនួន​៣០​នាក់​ហើយ​ ហើយ​ក្នុង​នោះ​រន្ទះ​បាញ់​ក៏​បាន​បណ្តាល​ឱ្យ​ពលរដ្ឋ​ខ្មែរ​រងរបួស​ចំនួន​២១នាក់​ ងាប់​គោ​ក្របី​ចំនួន​២៨​ក្បាល​និង​ខូចខាត​ផ្ទះ​ចំនួន​៥​ខ្នង។ នេះ​បើ​តាម​របាយការណ៍​របស់​គណកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ក្នុង​រយៈ​ពេល​៥​ខែ​ដើម​ឆ្នាំ​២០១៥​នេះ​។ ក៏​ប៉ុន្តែ​ចំនួន​នេះ​ បាន​ថយ​ចុះ​បើ​ប្រៀបធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​២០១៤​កន្លង​ទៅ​ ដែល​អ្នក​ស្លាប់​មាន​ចំនួន​ដល់​ទៅ​៤៤​នាក់​និង​របួស​២៧​នាក់។ នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​ពី​លោក កែវ វី នាយក​ខុទ្ទកាល័យ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ។

បើ​តាម​លោក​ កែវ វី ដដែល ​បើ​ទោះ​ជា​ចំនួន​អ្នក​រងគ្រោះ​ដោយ​រន្ទះបាញ់​បាន​ថយ​ចុះ​ក្តី​ ក៏​ប៉ុន្តែ​ចំនួន​អ្នក​រងគ្រោះ​ដោយសារ​តែ​បាតុភូត​ធម្មជាតិ​ដូចជា​ខ្យល់​ខ្យុះ ​រឺ​ខ្យល់​កន្ត្រាក់​វិញ​ បាន​កើន​ឡើង​ដល់​ទៅ​៥០% ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​ទៅ។

លោក កែវ វី នាយក​ខុទ្ទកាល័យ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​បញ្ជាក់​​ថា ​គ្រាន់តែ​នៅ​ដើម​រដូវ​វស្សា ​ចាប់​ពី​ខែ​មេសា​ដល់​ដំណាច់​ខែ​ឧសភា​នេះ ​ខ្យល់​កន្រ្តាក់​បាន​កើត​ឡើង​ចំនួន​១០៨​លើក​ នៅ​ទូទាំង​២៤​រាជធានី​ខេត្ត​ ដែល​បាន​ធ្វើ​ឱ្យ​រលំ​ផ្ទះ​ខូចខាត​ទាំង​ស្រុង​ចំនួន​១២១៩​ខ្នង​ ខូចខាត​មធ្យម​ចំនួន​៤១៣៩ខ្នង​ របើក​ដំបូល​អាគារ​សាលារៀន​ចំនួន​២៧​ខ្នង​ និង​រលំ​បាក់​ផ្សារ​និង​ដំបូល​ផ្សារ​ជា​ដើម។ ខ្យល់​កន្រ្តាក់​ក៏​បាន​បណ្តាល​ឱ្យ​ពលរដ្ឋ​​ខ្មែរ​ចំនួន​៧​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ និង​៨៧​នាក់​បាន​រង​របួស។

បើ​ទោះបី​ជា​ថយ​ចុះ​ រឺ​ក៏​កើន​ឡើង​ក្តី ​ក៏​ប៉ុន្តែ​គ្រោះ​មហន្តរាយ​ធម្មជាតិ​កំពុង​ក្លាយ​ជា​ក្តី​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​របស់​មន្រ្តី​ជំនាញ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ​និង​ជា​ក្តី​ព្រួយ​បារម្ភ​ជា​ទូទៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ ពិសេស​អ្នក​ស្រុក​ស្រែ​ចំការ​ ដែល​ងាយ​នឹង​រងគ្រោះ​ជាង​គេ ​នៅ​ក្នុង​បរិបទ​នៃ​គ្រោះ​មហន្តរាយ​ធម្មជាតិ​ដែល​បាន​កើន​ឡើង​ទាំង​នៅ​ក្នុង​តំបន់​ និង​ពិភព​លោក។

គ្រោះ​រន្ទះបាញ់​ចុង​ក្រោយ​ បាន​កើត​ឡើង​ទៅ​លើ​គ្រួសារ​ប្តី​ប្រពន្ធ​ពីរ​នាក់​រស់នៅ​ខេត្ត​កំពង់​ឆ្នាំង​ ខណៈ​ដែល​ពួកគេ​បាន​ទៅ​រាវ​ខ្យង​ក្នុង​បឹង​ទួល​អំពិល​ ដែល​បាន​បណ្តាល​ឱ្យ​ប្តី​ស្លាប់ ​ហើយ​ប្រពន្ធ​រង​របួស​ធ្ងន់​ កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៩ ​ឧសភា​កន្លង​ទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ