ប្រតិបត្តិការសង្រ្គោះស្មុគស្មាញក្នុងគ្រោះរញ្ជួយដីលើកទី២នៅនេប៉ាល់
មិនដល់៣សប្តាហ៍ផង ក្រោយពីរងគ្រោះដោយគ្រោះរញ្ជួយដីបណ្តាលឲ្យស្លាប់មនុស្សរហូតដល់ទៅជាង ៨ពាន់នាក់ នេប៉ាល់បានរងគ្រោះដោយការរញ្ជួយដីដ៏ធំមួយទៀត កម្រិត ៧,៣រ៉ិចទ័រ កាលពីថ្ងៃអង្គារ។ គ្រោះរញ្ជួយដីថ្មីនេះបានបណ្តាលឲ្យមានអ្នកស្លាប់ជាង ៨០នាក់ ហើយប្រតិបត្តិការសង្រ្គោះត្រូវបានគេចាប់ផ្តើមបើកធ្វើឡើងវិញ ក៏ប៉ុន្តែ កំពុងតែជួបនឹងបញ្ហាស្មុគស្មាញខ្លាំង។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៤០
បញ្ហាស្មុគស្មាញនៃប្រតិបត្តិការសង្រ្គោះក្នុងសង្រ្គោះរញ្ជួយដីថ្មីនេះ គឺដោយសារតែហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជួន ដែលត្រូវទទួលរងការខូចខាតស្រាប់ក្នុងគ្រោះរញ្ជួយដី កាលពីថ្ងៃទី២៥មេសា ត្រូវរងការខូចខាតកាន់តែខ្លាំងថែមទៀត ដែលធ្វើឲ្យក្រុមសង្រ្គោះពិបាកនឹងធ្វើដំណើរទៅជួយជនរងគ្រោះ។
កាលពីថ្ងៃអង្គារឧទ្ធម្ភាគចក្រមួយគ្រឿងរបស់កងម៉ារីនអាមេរិក ដែលមានដឹកទាហានអាមេរិក ៦នាក់ និងទាហាននេប៉ាល់ ២នាក់ បានបាត់ការទាក់ទង នៅក្នុងពេលកំពុងដឹកជញ្ជូនជំនួយទៅជួយជនរងគ្រោះក្នុងតំបន់រញ្ជួយដី។ ប្រតិបត្តិការស្វែងរកឧទ្ធម្ភាគចក្រនេះត្រូវបានបើកធ្វើ ទាំងតាមផ្លូវគោក និងផ្លូវអាកាស តាំងពីល្ងាចថ្ងៃអង្គារ រហូតមកទល់នឹងល្ងាចថ្ងៃពុធនេះ ក៏ប៉ុន្តែ គេនៅតែមិនមានតម្រ៉ុយណាមួយនៅឡើយ។
គួរបញ្ជាក់ថា ការរញ្ជួយដីកាលពីថ្ងៃអង្គារម្សិលមិញនេះ មានចំណុចរញ្ជួយស្ថិតនៅ ប្រមាណជា ៧៦គីឡូម៉ែត្រខាងកើតរដ្ឋធានីកដ្ឋមណ្ឌូ ក៏ប៉ុន្តែ កម្លាំងរញ្ជួយបានសាយភាយរហូតទៅដល់ទីក្រុងញូវដេលីប្រទេសឥណ្ឌា ហើយព្រមទាំងធ្វើឲ្យរលំបាក់អគាររហូតដល់តំបន់ទីបេក្នុងប្រទេសចិន។ គ្រោះរញ្ជួយដីលើកទី២នេះក៏បានសម្លាប់មនុស្ស នៅទីបេ និងនៅប៉ែកខាងជើងប្រទេសឥណ្ឌាផងដែរ។ គិតជាសរុប ការរញ្ជួយដីទាំងពីរលើកនេះបានសម្លាប់មនុស្សរហូតដល់ទៅជាង ៨ពាន់នាក់។
ក្រុមអ្នកវិទ្យាសាស្រ្តជាច្រើនបានអះអាងថា ការរញ្ជួយដីកាលពីថ្ងៃអង្គារនេះ កើតឡើងពីឥទ្ធិពលនៃការរញ្ជួយដីលើកទី១ កាលពីថ្ងៃទី២៥មេសា ហើយថា ការរញ្ជួយដីខ្លាំងកម្រិតលើសពី ៧រ៉ិចទ័រ អាចនឹងកើតមានឡើងជាថ្មីទៀតនៅក្នុងពេលឆាប់ៗខាងមុខ នៅក្នុងប្រទេសនេប៉ាល់ ឬនៅក្នុងតំបន់ក្បែរៗនោះ គ្រាន់តែគេមិនអាចដឹងមុនថាវានឹងកើតឡើងនៅពេលណាពិតប្រាកដតែប៉ុណ្ណោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ