អានតួអត្ថបទ
កម្ពុជា-វៀតណាម

កម្ពុជា​និង​វៀតណាម បញ្ចប់​ការងារ​បោះ​បង្គោល​ព្រំដែន​ធំ នៅ​ខេត្ត​ព្រៃវែង

លោក​ស្រី កុយ ពិសី អនុប្រធាន​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ច​ការ​ព្រំដែន​កម្ពុជា បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ​នា​ថ្ងៃ​សៅរ៍​នេះ​ថា កម្ពុជា​និង​វៀតណាម បាន​បញ្ចប់​ការងារ​បោះ​បង្គោល​ព្រំដែន​ធំ​នៅ​ខេត្ត​ព្រៃវែងនិង​ដុងថាប់​ហើយ នា​ពេល​នេះ​។ ការ​គូស​បញ្ជាក់​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​ស្រី ដឹក​នាំ​គណៈប្រតិភូ​ចុះ​ត្រួត​ពិនិត្យ​ការ​សាងសង់​បង្គោល​ព្រំដែន​នៅ​ខេត្ត​ព្រៃវែង និង​ដុងថាប់ កាល​ពី​ថ្ងៃ​ទី​១៩​តុលា​កន្លង​ទៅ​។

លោក​ស្រី កុយ ពិសី អនុ​ប្រធាន​គណៈកម្មាធិាករ​ទទួល​បន្ទុក​កិច្ច​ការ​ព្រំដែន​កម្ពុជា ចុះ​ត្រួត​ពិនិត្យ​ការងារ​បោះ​បង្គោល​ព្រំដែន​នៅ​ខេត្ត​ព្រៃវែងកន្លងមក
លោក​ស្រី កុយ ពិសី អនុ​ប្រធាន​គណៈកម្មាធិាករ​ទទួល​បន្ទុក​កិច្ច​ការ​ព្រំដែន​កម្ពុជា ចុះ​ត្រួត​ពិនិត្យ​ការងារ​បោះ​បង្គោល​ព្រំដែន​នៅ​ខេត្ត​ព្រៃវែងកន្លងមក រូបភាព៖ ទំព័រ​ហ្វេសប៊ុក​លោក​ស្រី កុយ ពិសី
ផ្សាយពាណិជ្ជកម្ម

បង្គោល​ព្រំដែន​ធំ​នៅ​ខេត្ត​ព្រៃវែងនិងដុងថាប់ ត្រូវ​បាន​ភាគី​កម្ពុជានិង​វៀតណាម​ឯកភាព​គ្នា​បញ្ចប់​ការ​បោះ​បង្គោល​ទាំង​ស្រុង​ហើយ ចំណែក​ការ​បោះ​បង្គោល​ព្រំដែន​បំពេញ​បន្ថែម​រវាង​កម្ពុជា​និង​វៀតណាម​នៅ​ខេត្ត​ព្រៃវែង សម្រេច​បាន​៧១​ភាគ​រយ​។ នេះ​គឺ​ជា​ការ​គូស​បញ្ជាក់​របស់​លោក​ស្រី កុយ ពិសី អនុប្រធាន​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ច​ការ​ព្រំដែន​កម្ពុជា​។

ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ RFI តាម​ទូរសព្ទ នៅ​ថ្ងៃ​សៅរ៍​នេះ លោក​ស្រី កុយ ពិសី គូស​បញ្ជាក់​ថា ការងារ​ព្រំដែន​បន្ទាប់​ពី​នេះ​នៅក្នុង​ខេត្ត​ព្រៃវែង ភាគី​កម្ពុជា​និង​វៀតណាម នឹង​បន្ត​បោះបង្គោល​ព្រំដែន​បំពេញ​បន្ថែម​ឲ្យ​បាន​ចប់​រួចរាល់ នៅ​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​​នេះ បន្ទាប់​ពី​អូស​បន្លាយ​អស់​រយៈ​ពេល​១២​ឆ្នាំ​រួច​មក​​។

សូម​ជម្រាប​ជូន​ថា កម្ពុជា​និង​វៀតណាម​មាន​ព្រំដែន​គោក​ជាប់​គ្នា​ប្រវែង​១២៧០​គីឡូម៉ែត្រ អូស​កាត់​ខេត្ត​ចំនួន​៩​របស់​កម្ពុជា​ ដោយ​ត្រូវ​ការ​បោះ​បង្គោល​ព្រំដែន​សរុប​ចំនួន​៣១៤​ទីតាំង​។ ក្នុង​នោះ គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ច​ការ​ព្រំដែន​កម្ពុជា​និង​វៀតណាម សម្រេច​ការងារ​បោះ​បង្គោល​ព្រំដែនបាន ៨៤​ភាគរយ​ហើយ​។ នៅ​សល់​១៦​ភាគរយ​ទៀត លោក​ស្រី កុយ ពិសី បញ្ជាក់​ថា ភាគី​កម្ពុជា​និង​វៀតណាម​កំពុង​តែ​បន្ត​ការ​ដោះស្រាយ​។

បើ​តាម​អនុប្រធាន​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ច​ការ​ព្រំដែន​ខ្មែរ​រូប​នេះ ការ​បោះ​បង្គោល​​ព្រំដែន​ជាមួយ​វៀតណាម​មាន​បញ្ហា​ប្រឈម​ច្រើន ជា​ហេតុ​ធ្វើ​ឲ្យ​ការងារ​នេះដំណើរការ​យឺត​​​នៅ​តាម​ខេត្ត​ខ្លះ​ ខណៈ​ខេត្ត​ខ្លះ​ទៀត​បោះពួយ​លឿន​​ទៅ​មុខ​​។ យ៉ាង​ណា​ក៏​ដោយ លោក​ស្រី កុយ ពិសី សង្កត់​ធ្ងន់​ថា កម្ពុជា​និង​វៀតណាម​បាន​ប្ដេជ្ញា​ថា​នឹង​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​ដែល​នៅ​សេសសល់​ទាំង​អស់ ហើយ​ឈាន​ទៅ​បញ្ចប់​ការ​បោះ​បង្គោល​ព្រំដែន​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ