អានតួអត្ថបទ
កម្ពុជា

តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​អះអាង​ថា​ រក​ឃើញ​ផែនទី​បោន​២៦​ផ្ទាំង​នៅ​សហរដ្ឋអាមេរិក​តែ​គ្មាន​ត្រា​វៀតណាម​​

លោក ​​អ៊ុំ សំអាន ​​តំណាង​រាស្រ្ត​​គណបក្ស​​សង្រ្គោះ​ជាតិ​​បាន​​ប្រកាស​​ពី​​សហរដ្ឋអាមេរិក​​មក​​ថា​​លោក​​បាន​​រក​​ឃើញ​​ផែនទី​​ចំនួន​​២៦​ផ្ទាំង​​ដែល​លោក​អះអាង​​ថា​ជា ​​ផែនទី​បោន ​​ដែល​មិន​​មាន​ត្រា​​ប្រទេស​​វៀតណាម​​នោះ​ទេ។​ លោក​ អ៊ុំ សំអាន ​បាន​​បញ្ជាក់​​ថា​ ​ផែនទី​​នេះ​ ​ជា​ផែន​ទី​​បោន ​​ដែល​​ព្រះ​បរម​រតនកោដ្ឋ​​បាន​យក​​ទៅ​​តម្កល់​​ទុក​​នៅ​​សហរដ្ឋ​ អាមេរិក​​តាំង​ពី​​ឆ្នាំ​​១៩៦៤​​។​ ​ប៉ុន្តែ​​មន្រ្តី​ទទួល​​បន្ទុក​​កិច្ច​ការ​​ព្រំ​ដែន​​កម្ពុជា​ ​អះអាង​ថា​ ផែនទី​នេះ ​​មិន​មាន​​អ្វី​ខុស​​ប្លែក​ពី​​ផែន​ទី​​របស់​​រដ្ឋាភិបាល​នោះ​​ទេ។

ឯកឧត្តម​ អ៊ុំ​ សំអាន តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ​លើក​បង្ហាញ​ផែនទី​ដែល​រក​ឃើញ​នៅ​បណ្តាល័យ​សហរដ្ឋ​អាមេរិក​។
ឯកឧត្តម​ អ៊ុំ​ សំអាន តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ​លើក​បង្ហាញ​ផែនទី​ដែល​រក​ឃើញ​នៅ​បណ្តាល័យ​សហរដ្ឋ​អាមេរិក​។ Facebook
ផ្សាយពាណិជ្ជកម្ម

ផែនទី​ទាំង​២៦​ផ្ទាំង ​ដែល​លោក ​អ៊ុំ សំអាន ​តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​អះអាងថា ​ទើប​នឹង​រក​ឃើញ​​នេះ ​​ជា​ផែនទី​​​បោន​​ដែល​​អតីត​ព្រះមហាក្សត្រ​ព្រះបរមរតនកោដ្ឋ ​យក​ទៅ​តម្កល់​ទុកនៅ​សហរដ្ឋអាមេរិក​ និង​បាន​ស្នើសុំ​ឲ្យប្រទេស​មហាអំណាច​មួយ​នេះ ​ទទួល​ស្គាល់​ខ្សែ​បន្ទាត់ព្រំដែន​ម្ពុជា​នៅ​ថ្ងៃទី​២​ខែមេសា​ឆ្នាំ១៩៦៤។

លោក ​អ៊ុំ សំអាន ​ដែល​កំពុង​ស្នាក់​នៅ​សហរដ្ឋអាមេរិក ​បាន​អះអាង​នៅ​លើ​ទំព័រ ​Facebook របស់លោកថា លោក​បាន​ទៅ​រក​ឃើញ​ផែនទី​នេះ​​នៅ​បណ្ណាល័យ​សភា ​(Library​ of​ Congress​) ​​​សហរដ្ឋ​អាមេរិក​នៅ ​Washington DC ​ដែល​មាន​ទាំង​ផែនទី​ជា ​Digital ​និង​ផែន​ទី​ជា​​ក្រដាស។​ ហើយ​ថា​ ផែនទី​ទាំង​នេះ​ គ្មាន​ឡើយ​ត្រា​របស់​ប្រទេស​វៀតណាម ​(យួន) ​និង​ហត្ថលេខា​​របស់​លោក ឌិត មុន្ទី ​និង​លោក លីវ វាន់ឡឺយ ​ដែល​តំណាង​ឲ្យ​គូរ​ភាគី​រដ្ឋាភិបាល​កម្ពុជា​-វៀតណាម​ ចុះ​ហត្ថលេខា​នៅឆ្នាំ​១៩៨៥ ​ដូចផែនទី​របស់​រដ្ឋាភិបាល​សព្វ​ថ្ងៃ។​

ប៉ុន្តែ​​យ៉ាង​ណា​ក៏​ដោយ​ លោក​ស្រី ​កុយ​ ពិសី ​អនុប្រធាន​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចកា0រ​ព្រំដែន​​កម្ពុជា​អះអាង​ថា ​ផែនទី​ទាំងនេះ​ មិន​មាន​អ្វី​ប្លែក​ពី​ផែនទី​របស់​រដ្ឋាភិបាល​កំពុង​ប្រើ​ប្រាស់​​សព្វ​ថ្ងៃ​នេះ​ទេ ​ព្រោះថា ​រដ្ឋាភិបាល​បាន​ទៅ​យក​ផែនទី​នេះ​តាំង​ពី​ឆ្នាំ​២០០៣​មក​ម្លេះ។

គួរ​ជំរាប​ជូន​ថា ​កាល​ពី​ពេល​ថ្មីៗ​នេះ ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លោក​ ហ៊ុន​ សែន ​បាន​ព្រមាន​
ចាត់​​វិធានការ​ផ្លូវ​ច្បាប់​ ប្រឆាំង​នឹង​បុគ្គល​ឬ​ក្រុម​ណា ​ដែល​និយាយ​ថា ​រដ្ឋាភិបាល​ប្រើ​ប្រាស់​ផែន​​ទី​ក្លែង​ក្លាយ​។ ​ការ​ព្រមាន​នេះ ​បាន​ធ្វើ​ឡើង​ ក្រោយ​ពី​បញ្ចប់​ការ​ផ្ទៀងផ្ទាត់​ផែនទី​ចំនួន​១៨​ផ្ទាំង​​មក​ពី​អង្គការ​សហប្រជាជាតិ ​និង​ផែនទី​របស់​រដ្ឋាភិបាល​បង្ហាញ​ថា ​មាន​លក្ខណៈ​ដូចគ្នា។​ ក្រៅ​​ពី​​ការ​ផ្ទៀងផ្ទាត់​ផែនទី​មក​ពី​អង្គការ​សហប្រជាជាតិ ​កម្ពុជា​កំពុង​ទន្ទឹង​រង​ចាំ​ផ្ទៀង​ផ្ទាត់​ផែន​​ទី​​មក​ពី​ប្រទេស​បារាំង​ថែម​ទៀត ​ដែល​នឹង​ធ្វើ​នៅ​ដើម​សប្តាហ៍​ក្រោយ​នេះ។ ​កាល​ពី​ថ្ងៃទី​២៦​សីហា ​លោក​ឧបនាយក​រដ្ឋមន្រ្តី ​ហោ ​ណាំហុង​ រដ្ឋមន្រ្តីការ​បរទេស​កម្ពុជា​បញ្ជាក់ថា​ គណបក្សប្រឆាំង​នឹង​ភ្លឺ​ភ្នែក ​នៅពេល​ផែនទី​មក​ពី​ប្រទេស​បារាំង​មក​ដល់។​

លោក​ អ៊ុំ ​សំអាន ​ដែល​​កំពុង​ស្ថិត​នៅ​សហរដ្ឋ​អាមេរិក​ មាន​គម្រោង​វិល​មក​កាន់​ប្រទេស​វិញ​នៅ​​ខែ​កញ្ញា​ខាង​មុខ​នេះ ​បន្ទាប់​ពី​លោក​បញ្ចប់​ដំណើរ​ទៅ​កាន់​ទីស្នាក់​ការ​អង្គការ​សហប្រជា​ជាតិ ​ដើម្បី​ស្វែង​រក​មូល​ហេតុ​ថា​ តើហេតុ​អ្វី​បាន​ជា​អង្គការ​សហប្រជាជាតិ​រក​ផែនទី​ខ្មែរ​មិន​ឃើញ​?​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ