អានតួអត្ថបទ
កម្ពុជា-សិទ្ធិមនុស្ស

​កម្ពុជា ​នឹង​ទៅ​បក​ស្រាយ​ពី​បញ្ហា​សិទ្ធិ​មនុស្ស ​ក្នុង​កិច្ច​ប្រជុំ ​UN ​នៅ​សប្តាហ៍​ក្រោយ​

គណៈប្រតិភូសិទ្ធិមនុស្សកម្ពុជា ដែលដឹកនាំ​ដោយ​លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា នឹង​ចូល​រួម​ក្នុង​សម័យប្រជុំ​លើកទី ៣២ របស់​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្សអង្គការ​សហប្រជាជាតិ (UN) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ចាប់ពីថ្ងៃទី ២៧ខែមករា រហូតដល់​ថ្ងៃទី ១ខែកុម្ភៈ។ នេះបើតាមការ​ឲ្យ​ដឹងពី គណៈកម្មាធិការ​សិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី ២៥មករានេះ។ ក្នុង​សម័យប្រជុំ​នោះ កម្ពុជា បាន​ត្រៀម​ខ្លួនបកស្រាយ ​ឆ្លើយតប​ និងទទួល​យក​អនុសាសន៍ពីក្រុម​ប្រទេសសមាជិក​អង្គការ​សហប្រជាជាតិ ជុំវិញបញ្ហាសិទ្ធិមនុស្ស​ រយៈពេល ៥ឆ្នាំមកនេះ។ 

​ស្ថានភាពនៅ​ក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​នា​ទីក្រុងញ៉ូវយ៉ក (រូបភាពឯកសារ)
​ស្ថានភាពនៅ​ក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​នា​ទីក្រុងញ៉ូវយ៉ក (រូបភាពឯកសារ) REUTERS
ផ្សាយពាណិជ្ជកម្ម

នេះគឺជាឆ្នាំ​ទី ៣ហើយ ដែល​គណៈប្រតិភូសិទ្ធិមនុស្សកម្ពុជា បាន​ចូលរួម​ក្នុង​សម័យ​ប្រជុំ​នៃ UPR Working Group របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ស្តីពីយន្តការពិនិត្យជាសកលតាមការ​កំណត់។ សម្រាប់​សម័យប្រជុំលើកទី ៣២ នៅឆ្នាំ ២០១៩នេះ គណៈប្រតិភូសិទ្ធិមនុស្សកម្ពុជា ត្រូវ​ដឹកនាំ​ដោយ​លោក​កែវ រ៉េមី រួម​ជាមួយ​គណៈប្រតិភូមក​ពីក្រសួងការបរទេស ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ក្រសួងការងារ និង​ក្រសួងសង្គមកិច្ច។

កម្ពុជា នឹង​ឡើង​ទៅបកស្រាយ​ពីវឌ្ឍនភាព ការ​អនុវត្ត​របស់រដ្ឋាភិបាល និង​បញ្ហាប្រឈម​​ក្នុង​វិស័យ​សិទ្ធិមនុស្ស រយៈពេល ៥ឆ្នាំ ពីឆ្នាំ ២០១៤ ដល់ ២០១៩ ដល់​គ្រប់​ប្រទេសសមាជិក​អង្គការ​សហប្រជាជាតិទាំងអស់ នៅ​ថ្ងៃទី ៣០ខែមករា។ ហើយ​កម្ពុជា ក៏នឹងទទួល​យក​អនុសាសន៍ពីប្រទេសសមាជិក​ទាំងអស់​ផងដែរ។ កាលពី​សម័យ​ប្រជុំលើកទី ៣១ នៅឆ្នាំ ២០១៤ កម្ពុជា ធ្លាប់​បានទទួល​អនុសាសន៍ចំនួន ១៦៣ ពីអង្គប្រជុំ ហើយនៅឆ្នាំ ២០១៩នេះ កម្ពុជា នឹង​បង្ហាញ​ថា​តើ​មាន​ប៉ុន្មាន​ចំនុច​ក្នុង​អនុសាសន៍ទាំងនោះ ដែលកម្ពុជាបាន​យក​មក​អនុវត្ត ឬ មិន​បាន​អនុវត្ត​ដោយសារបញ្ហាប្រឈម។

គួរជម្រាបជូនថា នៅមុន​សម័យ​នេះ គណៈកម្មាធិការ​សិទ្ធិមនុស្សកម្ពុជា ក៏បាន​ដាក់​របាយការណ៍​កម្រាស់ ២០ទំព័រ ទៅកាន់​ ក្រុម​ប្រឹក្សា​សិទ្ធិមនុស្សអង្គការ​សហប្រជាជាតិផងដែរ។​ របាយការណ៍ដែល​កម្ពុជា​បាន​ដាក់តាំងពីខែវិច្ឆិកា ឆ្នាំ ២០១៨នោះ មាន​រៀបរាប់​លម្អិតពី​ ការ​កែលម្អ​លើ​ការ​អនុវត្ត​ច្បាប់​ក្នុងប្រព័ន្ធយុត្តិធម៌ កំណែទម្រង់​ច្បាប់​យុត្តិធម៌អនីតិជន យុទ្ធនាការ​ប្រឆាំងនឹង​ពលកម្ម​កុមារ ការអប់រំ សេរីភាពបញ្ចេញ​មតិ និង​បញ្ហា​ផ្សេងៗទៀត។ របាយការណ៍នោះ ក៏មាន​បញ្ជាក់ដែរថា កម្ពុជា នៅ​មានបញ្ហា​ប្រឈម​ក្នុង​វិស័យ​ជាច្រើននៃសង្គម​ ដូចជា​នៅក្នុង​វិស័យអប់រំ កសិកម្ម សេវាសាធារណៈ​នៅក្នុង​វិស័យរដ្ឋបាល និងយុត្តិធម៌ និង​សេវាគាំពារសុខភាព។

ការ​ដាក់​របាយការណ៍របស់​កម្ពុជា ក៏ដើម្បីជាផ្នែក​មួយតទល់ទៅនឹង​របាយការណ៍របស់​សង្គមស៊ីវិល និង​អ្នក​រាយការណ៍ពិសេសអង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្សនៅកម្ពុជា លោក​ស្រី រ៉ូណា ស្មីត ផងដែរ។ របាយការណ៍របស់​ក្រុម​ទាំង ២ មានលើកឡើងផ្ទុយពីរបាយការណ៍​របស់​រដ្ឋាភិបាល ទាក់ទងនឹង​​​ការ​បំបិទសិទ្ធិ​សេរីភាពអ្នកសារព័ត៌មាន អ្នក​ការពារសិទ្ធិមនុស្ស សកម្មជនដីធ្លី សកម្ម​ជនបរិស្ថាន សង្គមស៊ីវិល និង​ករណី​ចាប់ និង​ឃុំខ្លួន​អ្នក​នយោបាយ ដូចជាលោក​កឹម សុខា ជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ