អានតួអត្ថបទ
អ.ស.ប.-យេម៉ែន

បេសកជន​អង្គការសហប្រជាជាតិ​ទៅ​យេម៉ែន​ដើម្បី​ពង្រឹង​បទឈប់បាញ់​នៅ​ក្រុង​ហូដីដា

លោក Martin Griffiths បេសកជន​របស់​អង្គការ​សហប្រជាជាតិ​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង​សាណា​នៃ​ប្រទេស​យេម៉ែន​នា​ថ្ងៃ​សៅរ៍ ទី៥ មករា។ នៅ​ក្នុង​ទីក្រុង​សាណា លោក Martin ចូល​ជួប​ក្រុម​មេឧទ្ទាម​ហ៊ូទីស្ស ហើយ​បន្ទាប់​មក បេសកជន​អង្គការសហប្រជាជាតិ​រូប​នេះ​ដដែល​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​រីយ៉ាដ​ប្រទេស​អារ៉ាប៊ីសាអូឌីត​ដើម្បី​ជួប​ប្រធានាធិបតី​យេម៉ែន​លោក​ហាឌី រួម​ទាំង​ថ្នាក់ដឹកនាំ​យេម៉ែន​ជា​ច្រើន​នាក់​ទៀត​ដែល​កំពុង​ជ្រកកោន​នៅ​ទីនោះ។

លោក Martin Griffiths បេសកជនរបស់អង្គការសហប្រជាជាតិទទួល​បន្ទុក​បញ្ហា​ប្រទេស​យេម៉ែន
លោក Martin Griffiths បេសកជនរបស់អង្គការសហប្រជាជាតិទទួល​បន្ទុក​បញ្ហា​ប្រទេស​យេម៉ែន REUTERS/Tarek Fahmy/File Photo
ផ្សាយពាណិជ្ជកម្ម

ក្រៅ​ពី​មាន​ជំនួប​ជាមួយ​ក្រុម​មេឧទ្ទាម​ហ៊ូទីស្ស​ដែល​កំពុង​កាន់កាប់​ទីក្រុង​សាណា លោក Martin Griffiths ក៏​បាន​ចូលជួប​លោក Patrick Cammaert ប្រធាន​ក្រុម​អ្នកសង្កេតការណ៍​របស់​អង្គការ​សហប្រជាជាតិ​នៅ​យេម៉ែន និង​ជា​ប្រធាន​គណៈកម្មាធិការ​រួម​ទទួល​បន្ទុក​អនុវត្ត​បទឈប់​បាញ់​រវាង​ក្រុមឧទ្ទាម និង​រដ្ឋាភិបាល​សម្រាប់​ទីក្រុង​ហូដីដា​ដែរ។ គួរ​រម្លឹក​ថា បទ​ឈប់​បាញ់​សម្រាប់​ទីក្រុង​ហូដីដា​ដែល​ជា​កំពង់ផែ​យុទ្ធសាស្រ្ត​របស់​យេម៉ែន ជា​លទ្ធផល​បាន​មក​ពី​កិច្ចចរចា​នៅ​ក្នុង​ទីក្រុង​ស្តុកខុល ប្រទេស​ស៊ុយអែត​កាល​ពី​ខែ​ធ្នូ​កន្លង​ទៅ​រវាង​ក្រុមឧទ្ទាម និង​រដ្ឋាភិបាល។

បន្ទាប់​ពី​ទីក្រុង​សាណា លោក Martin បន្ត​ដំណើរ​ទៅ​កាន់​ទីក្រុង​រីយ៉ាដ​ប្រទេស​អារ៉ាប៊ីសាអូឌីត​ដើម្បី​ជួប​ប្រធានាធិបតី​យេម៉ែន​ស្រប​ច្បាប់​លោក​ហាឌី រួម​ទាំង​ថ្នាក់ដឹកនាំ​យេម៉ែន​ជា​ច្រើន​នាក់​ទៀត​ដែល​កំពុង​ជ្រកកោន​នៅ​ទីនោះ។ គោលដៅ​របស់​លោក Martin គឺ​ពង្រឹង​បទ​ឈប់​បាញ់ និង​តាម​ដាន​ការ​អនុវត្តន៍​លើ​បទ​ឈប់​បាញ់​ដែល​បាន​ចូល​ជា​ធរមាន​តាំង​ពី​ថ្ងៃទី១៨ ធ្នូ។ អ្វី​ដែល​អង្គការសហប្រជាជាតិ​សង្ឃឹម គឺ​កោះ​ប្រជុំ​ភាគី​ជម្លោះ​ផ្ទៃក្នុង​ទាំង​ពីរ​នៅ​មុន​ដំណាច់​ខែ​មករា​ដើម្បី​ធ្វើ​តុល្យការ​រួម​នៃ​ការ​អនុវត្តន៍​បទ​ឈប់បាញ់។

អង្គការ​សហប្រជាជាតិ​បាន​មើល​ឃើញ​ជា​រួម​ថា​មក​ទល់​ពេល​នេះ បទឈប់​បាញ់​នៅ​ក្នុង​ទីក្រុង​ហូដីដា​ត្រូវ​បាន​ភាគី​ទាំង​ពីរ​គោរព។ តែ​ទន្ទឹម​គ្នា​នេះ ភាគី​ជម្លោះ​ផ្ទៃក្នុង​ទាំង​ពីរ​ក៏​បន្ត​ចោទ​គ្នា​ទៅ​វិញ ទៅ​មក​ពី​ការ​រំលោភ​លើ​បទ​ឈប់​បាញ់។ នៅ​ក្នុង​លិខិត​ផ្ញើ​ទៅ​ឲ្យ​អង្គការសហប្រជាជាតិ រដ្ឋាភិបាល​ស្របច្បាប់​យេម៉ែន​បាន​ចោទ​ក្រុម​ឧទ្ទាម​ហ៊ូទី្ស​ពី​បទ​បំពាន​លើ​បទ​ឈប់បាញ់។ ចំណែក​ក្រុម​ឧទ្ទាម​បាន​ចោទ​កម្លាំង​អារ៉ាប់​ដឹកនាំ​ដោយ​ប្រទេស​អារ៉ាប៊ីសាអូឌីត​ពី​បទ​បេសកម្ម​ហោះហើរ​ឃ្លាំមើល​កម្ពស់ទាប​លើ​ទីក្រុង​ហូដីដា។

យ៉ាង​ណា​ក៏​ដោយ លោក Martin Griffiths ត្រូវ​បញ្ជូន​របាយការណ៍​ទៅ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​នៅ​សប្តាហ៍​ក្រោយ។ គួរ​រម្លឹក​ថា សង្រ្គាមស៊ីវិល​យេម៉ែន​បាន​បង្ក​ចេញ​នូវ​វិបត្តិមនុស្ស​ដ៏​អាក្រក់​ក្នុង​លោក​ដែល​មាន​មនុស្ស​ដល់​ទៅ ២០លាននាក់​កំពុង​ស្ថិត​ក្នុង​ស្ថានការណ៍​អសន្តិសុខ​ស្បៀងអាហារ។ គិត​តាំង​ពី​ខែ​មីនា ឆ្នាំ ២០១៥ មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ១០ ០០០នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ