អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ពលរដ្ឋ​ខ្មែរ​ចំណាក​ស្រុក​នៅ​តែ​ប្រថុយ​គ្រោះ​ថ្នាក់​ជា​ថ្នូរ​នឹង​បាន​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពលរដ្ឋ​ខ្មែរ​ដែល​ចំណាក​ស្រុក​នៅ​ប្រទេស​ថៃ​ និង​ប្រទេស​ដែល​សំបូរ​ការងារ​មួយ​ចំនួន​ទៀត នៅ​តែ​បន្ត​រង​គ្រោះ នៅ​ពេល​ដែល​ពួក​គេ ចេញ​ទៅ​ធ្វើ​ការ​ដោយ​ប្រថុយ​ប្រថាន។ ភាព​ក្រីក្រ និង​កង្វះ​ខាត​ការងារ​ក្នុង​ស្រុក រួម​ទាំង​ប្រាក់​ឈ្នួល​តិច​តួច ហើយ​បរិយាកាស​ការងារ មិន​អំណោយ​ផល ជា​មូល​ហេតុ រុញ​ច្រាន​ពលរដ្ឋ​ក្រីក្រ​មួយ​ចំនួន​ ដែល​មិន​សូវ​មាន​ចំណេះ​ និង​ជំនាញ ចាំ​បាច់​ត្រូវ​តែ​ធ្វើ​ការ​ចំណាក​ស្រុក ទៅ​ធ្វើ​ការ​ខាង​ក្រៅ បើ​ទោះ​ណា​ជា​ត្រូវ​ប្រឈម​នឹង​ឧបសគ្គ​ច្រើន​ក៏​ដោយ។

ពលករខ្មែរដែលថៃបញ្ជូនមកវិញ។
ពលករខ្មែរដែលថៃបញ្ជូនមកវិញ។ @Facebook
ផ្សាយពាណិជ្ជកម្ម

ស្ថាន​អគ្គ​កុងស៊ុល​ខ្មែរ​ប្រចាំ​ខេត្ត​សាកែវ ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ ១៩​វិច្ឆិកា កន្លង​ទៅ​នេះ​បាន​ជូន​ដំណឹង​មក​សមត្ថកិច្ច​ច្រក​ទ្វារ អន្តរជាតិ​ប៉ោយប៉ែត ស្នើ​ឲ្យ​ជួយ​សម្រួល​សព​ពលរដ្ឋ​ខ្មែរ​មួយ​រូប ត្រឡប់​ទៅ​កាន់​ប្រទេស​កម្ពុជា​វិញ។ ស្ថាន​អគ្គ​កុង​ស៊ុល​កម្ពុជា​បញ្ជាក់​ថា បុរស​ពលរដ្ឋ​ខ្មែរ ដែល​មាន​អាយុ​ ៣១​ឆ្នាំ ជា​កម្មករ​ដក​ដំឡូង នៅ​ខេត្ត​សាកែវ​ប្រទេស​ថៃ បាន​ស្លាប់​ដោយ​សារ​ថៅកែ​បាញ់​សម្លាប់ កាល​ពី​ថ្ងៃ​ទី ១៨ វិច្ឆិកា ឆ្នាំ​២០១៦។

តាម​រយៈ​ការ​ជូន​ដំណឹង​ដូច្នេះ នេះ​មិន​មែន​ជា​លើក​ទី​១​ទេ ដែល​កម្មករ​ខ្មែរ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ជួប​ប្រទះ។ កន្លង​មក​មាន​រឿង​ជា​ច្រើន ដែល​ពលករ​ខ្មែរ​ទទួល​រង​គ្រោះ រហូត​ដល់​ស្លាប់​ និង​របួស​ធ្ងន់​ធ្ងរ​នៅ​លើ​ទឹក​ដី​ប្រទេស​ជិត​ខាង​ខ្មែរ​មួយ​នេះ។ នោះ​គឺ​ជា​ភាព​ញឹកញាប់​ដែល​គេ​ឃើញ​រថយន្ត​ថៃ ដឹក​សព​ពលរដ្ឋ​ខ្មែរ មាន​ច្រើន​មាន​តិច ទៅ​តាម​ទំហំ​នៃ​ហេតុ​ការណ៍ ឬ​ឧប្បត្តិវហេតុ នៅ​លើ​ទឹកដី​របស់​គេ​មក​កម្ពុជា។

គ្រោះថ្នាក់​ដែល​ពលករ​ខ្មែរ តែង​ជួប​ប្រទះ គឺ​បញ្ហា​គ្រោះ​ថ្នាក់​ចរាចរណ៍ ជម្លោះ​ទាស់​ទែង​គ្នា​ជាមួយ​ជនជាតិ​ថៃ ដែល​ជា​ម្ចាស់​ស្រុក ការ​លួច​ចូល​ទៅ​កាប់​ឈើ​ក្រញ៉ូង​នៅ​ក្នុង​ទឹក​ដី​ថៃ ហើយ​ត្រូវ​ទាហ៊ាន​ថៃ​បាញ់​សម្លាប់​ដូច​សត្វ​ធាតុ ស្លាប់​ដោយ​ស្ថានភាព​ការងារ​យ៉ាប់​យ៉ឺន នៅ​ពេល​ធ្វើ​ជា​កម្មករ​ទូក​នេសាទ និង​ដោយសារ​ជំងឺ​ផ្សេង​ៗ​ជា​ដើម។

ទាំងអស់​នេះ គឺ​ជា​សោកនាដកម្ម ដែល​ផ្ទុយ​ស្រឡះ​ពី​ការ​ផ្តែ​ផ្តាំ​ពី​បុព្វបុរស​ខ្មែរ ដែល​ថា «ជួញ​ជិត ស្រួល​ចិត្ត​ជាង​ជួញ​ឆ្ងាយ»។ តើ​មូលហេតុ​អ្វី​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​មានៈ នឹង​ទ្រឹស្តី​នេះ? ប្រាកដ​ណាស់​គ្មាន​អ្នក​ណា​ចង់​ចាក​ចេញ​ពី​ស្រុក​កំណើត ឃ្លាត​ឆ្ងាយ​ពី​ឪពុក​ម្តាយ បង​ប្អូន ទៅ​ផ្សង​ព្រេង​នៅ​ស្រុក​គេ​នោះ​ទេ។

មាន​ហេតុផល​មួយ​ចំនួន ដែល​ជម្រុញ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចាក​ចេញ​ពី​មាតុភូមិ ឥត​ស្តាយ​ស្រណោះ​និង​មិន​ខ្វល់​ពី​គ្រោះថ្នាក់​ដល់​ខ្លួន​នោះ​គឺ​ទី​១. កត្តា​ស្ថានភាព​ការងារ។ បើ​ទោះ​ណា​ជា​រដ្ឋាភិបាល​បាន​បញ្ជាក់​ពី​អត្រា​អត់​កាងារ​ធ្វើ​របស់​ពលរដ្ឋ​ខ្មែរ​ប្រមាណ​តែ​ ២​ភាគ​រយ​ប៉ុណ្ណោះ ក៏​ប៉ុន្តែ​ភាព​ក្រីក្រ និង​អត់​ការងារ​ធ្វើ​ជាក់​ស្តែង​ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​ពេញ​វ័យ​នៅ​មាន​ច្រើន​ដដែល។

ទី​២. ការងារ​ក្នុង​ស្រុក​គ្រប់​ប្រភេទ ជា​ទូទៅ​មិន​បាន​រៀបចំ​ប្រព័ន្ធ​ផ្តល់​ប្រាក់​ឈ្នួល​ឲ្យ​បាន​ត្រឹម​ត្រូវ និង​លក្ខខ័ណ្ឌ​ការងារ​មិន​សូវ​ល្អ ដែល​អាច​ធានា​ថា​មាន​សុខដុម​នីយកម្ម​វិជ្ជាជីវៈ​នឹង​គ្នា​បាន​រវាង​និយោជក​និង​កម្មករ​និយោជិក។

ទី៣. ការ​មើល​ឃើញ​ចំណុច​វិជ្ជមាន​ត​ៗ​គ្នា ដែល​ថា​អ្នក​ដែល​បាន​ធ្វើ​ចំណាក​ស្រុក​មួយ​ចំនួន​អាច​រក​ប្រាក់ ដើម្បី​ដោះស្រាយ​បញ្ហា​គ្រួសារ ដូចជា​ជួយ​ដោះ​បំណុល​មីក្រូ​ហិរញ្ញ​វត្ថុ​គ្រួសារ និង​អាច​ធ្វើ​ផ្ទះ​សម្បែង ឲ្យ​បាន​ល្អ​ជាង​មុន។ នេះ​ជា​កត្តា​ទាក់​ទាញ​បំផុត ដែល​គេ​អាច​ធ្វើ​ឡើង​តាម រយៈ​មិត្ត​ភក្តិ​ និង​ក្រុម​គ្រួសារ រហូត​ដល់​ចេញ​ទៅ​ស្ងាត់​ភូមិ​ក៏​មាន ចំពោះ​មនុស្ស​ពេញ​កំលាំង។

ចំណុច​ទី​៤. គេ​អាច​និយាយ​បាន​ថា ពលរដ្ឋ​ខ្មែរ​ដែល​ពេញ​វ័យ​ធ្វើ​ការងារ តែ​គ្មាន​ការងារ​ធ្វើ​គ្រប់​គ្រាន់ ដែល​ផ្តល់​កម្រៃ​គួរសម ពិត​ជា​ត្រូវ​ការ​ការងារ​មួយ​ចាំបាច់​ ដើម្បី​បម្រើ​ដល់​ការ​រស់​នៅ ដែល​ពោរពេញ​ទៅ​ដោយ​ភាព​ហ៊ឺហារ យ៉ាងហោច​ណាស់​ក៏​មាន​ទូរស័ព្ទ​ស្មាតហ្វូន​ ១​គ្រឿង​ដែរ ដើម្បី​ទាន់​សម័យ​នឹង​គេ។ ដូច្នេះ តម្រូវ​ការ​ការងារ​វា​ជា​ការ​ចាំបាច់ ទោះ​ចំណាក​ស្រុក​ជិត​ក្តី ក្រៅ​ស្រុក​ក្តី និង​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ក្តី ឬ​អាច​ហៅ​ម្យ៉ាង​ទៀត​ថា អត់​ជម្រើស។

ជា​ដំណោះ​ស្រាយ ការ​និយាយ​អាច​ចាត់​ទុក​ថា​ជា​ការ​ងាយ​ក៏​ថាបា​ន តែ​ការ​អនុវត្ត​ជាក់​ស្តែង ហាក់​ដូច​ជា​លំបាក។ ប្រជាពលរដ្ឋ​ខ្មែរ​ពេញ​កម្លាំង ត្រូវ​គេ​គិត​ថា​មាន​ប្រមាណ​ជា​ ៨​លាន​នាក់​ ក្នុង​ចំណោម​ពលរដ្ឋ​ជិត​ ១៥​លាន​នាក់។ ក្នុង​នោះ​រដ្ឋាភិបាល​អាច​នឹង​បង្កើត​ការងារ​ជាក់​ស្តែង​ឲ្យ​បាន​ច្រើន ជា​ពិសេស​ការងារ​កសិកម្ម​ ដោយសារ​តែ​កម្ពុជា​ជា​ប្រទេស​មាន​សក្តានុពល​កសិកម្ម ព្រម​ទាំង​បង្ក​បរិយាកាស​ការងារ​ល្អ និង​ប្រាក់​ឈ្នួល​សមរម្យ។

ការ​បណ្តុះ​បណ្តាល​ជំនាញ​បន្ថែម និង​ឲ្យ​បាន​គ្រប់​គ្រាន់ ជា​ជាង​បណ្តោយ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទៅ​ធ្វើ​ការ​ដោយ​ចំណាក​ស្រុក​នៅ​ប្រទេស​គេ​ទាំង​ប្រថុយ​ប្រថាន។ បង្កើន​ឧស្សាហកម្ម​កែ​ច្នៃ ក្នុង​ស្រុក​ឲ្យ​បាន​ច្រើន​ដូចជា​វិស័យ​រ៉ែ​ជា​ដើម ដើម្បី​បង្កើត​ការងារ​នៅ​ក្នុង​ស្រុក ចៀសវាង​នាំ​ចេញ​ដោយ​មិន​មាន​ការ​កែច្នៃ​ ដែល​ធ្វើ​ឲ្យ​បាត់បង់​កម្លាំង​ពលកម្ម​ និង​បាត់​បង់​ចំណូល​ក្នុង​ស្រុក។ លើស​ពី​នេះ វិស័យ​សក្តានុពល​ផ្សេង​ទៀត​ដូច​ជា​ទេសចរណ៍​ជា​ដើម គឺ​អាច​បង្កើន​សេវាកម្ម​ទេសចរណ៍​ធម្មជាតិ និង​ធ្វើ​ឲ្យ​កម្លាំង​ពលកម្ម​សហគមន៍​ដើរ។ល។និង។ល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ