អានតួអត្ថបទ
កម្ពុជា-ព្រំដែន

ក្រសួង​ការងារ៖ គ្មាន​ឡើយ​ការ​បញ្ជូន​កូន​ពលករ​ខុស​ច្បាប់ ត្រឡប់​មក​កម្ពុជា​វិញ

អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា គ្មាន​ព័ត៌​មាន​ជា​ផ្លូវការ ឬ កំណត់ទូត​ណាមួយ​ពី​ភាគី​ថៃ ពាក់ព័ន្ធ​នឹង​គម្រោង​របស់​ប្រទេស​ថៃ ដែល​ថា​នឹង​បណ្តេញ​កូន​របស់ពលករ​ខុស​ច្បាប់​ចេញ​ពី​ប្រទេស​របស់​ខ្លួន រួម​ទាំង​កម្ពុជា​ផង។ ការ​លើក​ឡើង​យ៉ាង​ដូច្នេះ ធ្វើឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​សារព័ត៌មាន​មួយ បាន​ចុះ​ផ្សាយ​ថា ប្រទេស​ថៃ​មាន​ផែនការ​កាត់​បន្ថយចំនួន​កុមារ​ចំណាក​ស្រុក​ខុស​ច្បាប់ ដែល​រស់​នៅ​ក្នុង​ប្រទេស​នេះ​ឲ្យ​អស់​ត្រឹម​ឆ្នាំ ២០២០។

ពលករខ្មែរដែលថៃបញ្ជូនមកវិញ។
ពលករខ្មែរដែលថៃបញ្ជូនមកវិញ។ @Facebook
ផ្សាយពាណិជ្ជកម្ម

លោក ហេង សួរ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ និង បណ្តុះ​បណ្តាល​វិជ្ជាជីវៈ បាន​ឲ្យ​ដឹង​ថា ជាទូ​ទៅ រដ្ឋាភិបាល​ថៃ នឹង​ផ្ញើរ​កំណត់​ទូត​មក​កាន់​រដ្ឋាភិបាល​កម្ពុជា ប្រសិន​បើ​ពួក​គេ មាន​បញ្ហា​ឬ​ផែន​ការ​អ្វី​មួយ​ដើម្បី​អនុវត្តន៍ ទាក់​ទង​នឹង​ទំនាក់​ទំនង​ប្រទេស​ទាំង​ពីរ​។ ក៏​ប៉ុន្តែ​រហូត​មក​ទល់ ពេល​នេះ ក្រសួង​ការងារ​ មិន​ទាន់​បាន​ទទួល​កំណត់​ទូត​អ្វី​មួយ​ពី​ភាគី​ថៃ​នោះ​ទេ ពាក់​ព័ន្ធ​នឹង​គម្រោងប​ណ្តេញ​កូន​ពលករ​ខុស​ច្បាប់​។

លោក ហេង សួរ អះ​អាង​ថា ប្រទេស​ថៃ​នឹង​មិន​បណ្តេញ​កូន​ពលករ​ខុស​ច្បាប់​ដែល​ធ្វើ​ការ​នៅក្នុង​ប្រទេស​ថៃ​នោះ​ទេ។ លោក បាន​រំឮក​ថា កាល​ពី​ឆ្នាំ ២០១៤ ប្រទេស​មួយ​ចំនួន អង្គការពល​កម្ម​អន្តរជាតិ និង អង្គការ​សហ​ប្រជាជាតិ បាន​បញ្ចេញ​ប្រតិកម្ម​ចំពោះ ចំណាត់​ការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​បណ្តេញ​ពលករ​ខុស​ច្បាប់។

ក្រោយ​មក រដ្ឋាភិបាល​ថៃ​ បាន​សន្យា​ថា​ នឹងគោរព​សិទ្ធិ​ជា​មូល​ដ្ឋាន ទាំង​ពលករ​ស្រប​ច្បាប់ ឬ មិន​ស្រប​ច្បាប់ ដែល​មក​ពី​ប្រទេស​ណា​មួយ​ក៏​ដោយ។ ក្នុង​ន័យ​នេះ រដ្ឋាភិបាល​ថៃ ក៏​នឹង​ផ្តល់​សិទ្ធិ​ស្រប​ច្បាប់ ដល់​កូន​ពលករ អាច​ស្នាក់នៅ​ក្នុង​ប្រទេស​បាន​ដូច​គ្នា។ ហេតុ​ដូច្នេះ​ហើយ ក្រសួង​ការងារ ជឿ​ជាក់​ថា ប្រទេស​ថៃ នឹង​មិនរំលោភ​សន្ធិសញ្ញា និង ចាត់​វិធាន​ការណ៍ បណ្តេញ​កូន​ពលករ​ខុស​ច្បាប់ មក​កាន់​ប្រទេសកំណើត​វិញ​នោះ​ទេ ដើម្បី​រក្សា​កេរ្តិ៍​ឈ្មោះ​ប្រទេស​របស់​ខ្លួន​។

សូម​បញ្ជាក់​ថា តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​បាង​កក​ប៉ុស្តិ៍ វិធាន​ការ​របស់​ថៃ​ធ្វើ​ឡើង​តាម​រយៈ​ការ​បញ្ចប់​ការ​ចុះ​ឈ្មោះ​ពលករ​ចំណាក​ស្រុក​ ដែលជា​​ការ​គាំទ្រ​ដល់​កិច្ច​ព្រម​ព្រៀង​មួយ​ទល់​មួយ​ជាមួយ​ប្រទេស​នីមួយៗ​ ដោយ​បង្ខំ​ឲ្យ​ពលករ​ចំណាក​ស្រុក​ត្រឡប់​ទៅ​ប្រទេស​របស់​ខ្លួន​វិញ​នៅ​ពេល​ពួក​គេ​បញ្ចប់​កិច្ច​សន្យា​ដោយ​ជំរុញ​ឲ្យ​មាន​ការ​ពន្យា​កំណើត​ក្នុង​ចំណោម​ពលករ​ចំណាក​ស្រុក​ និង​ទប់​ស្កាត់​ការ​ធ្វើ​ចំណាក​ស្រុក​ខុស​ច្បាប់។

បើ​តាម​សេចក្តី​រាយការណ៍​របស់កាសែត​បាង​កក​ប៉ុស្តិ៍ កូនៗ​របស់​ពលករ​ចំណាក​ស្រុក​ចំនួន​បី​ប្រទេស​រួម​មាន កម្ពុជា ថៃ ឡាវ ឋិត​នៅ​ក្នុង​ផែន​ការ​របស់​ថៃ​ ដើម្បី​បញ្ជូន​ទៅ​កាន់​ប្រទេស​កំណើត​ពួក​គេ​វិញ ក្នុង​គោល​បំណង​ឈាន​ទៅកាត់​បន្ថយ​ចំនួន​កុមារ​ចំណាក​ស្រុក​ខុស​ច្បាប់​ជាង​ ១១​ម៉ឺន​នាក់​ ដែល​រស់​នៅ​ក្នុង​ប្រទេស​នេះ​ឲ្យ​អស់​ត្រឹម​ឆ្នាំ​២០២០​។

យ៉ាង​ណា​ក៏​ដោយ លោក ហេង សួរ បាន​សង្កត់​ធ្ងន់​ថា ប្រសិន​បើ​មាន​ករណី​នេះ កើត​ឡើងមែន​នោះ ក្រសួង និង បណ្តា​ប្រទេស​នានា​នឹងពិភាក្សា​ជាមួយ​ភាគី​ថៃ ដើម្បី​ស្វែង​រក​ដំណោះស្រាយ​សម​ស្រប​មួយ​។

សូម​បញ្ជាក់​ថា រដ្ឋាភិបាល​ថៃ បាន​ធ្វើ​ជំរឿន​ក្នុង​ឆ្នាំ២០១៦ រក​ឃើញ​ថា មាន​ពលករ​កម្ពុជាប្រមាណ​ ៤៣មឺននាក់ កំពុង​ធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ។​ ខណៈដែលថៃ​គឺ​ជា​គោល​ដៅ​ចម្បង​សម្រាប់​ពលរដ្ឋ​កម្ពុជា​ ដែល​ស្វែង​រក​ការ​ងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស​ ដោយ​ក្រសួង​ការងារ​ថៃ​បាន​បូក​សរុប​ថា​ មាន​ពលករ​ជិត​ ៧០​ម៉ឺន​នាក់​គិត​ក្នុង​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៤៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ