អានតួអត្ថបទ
កម្ពុជា

ក្រសួង​ព័ត៌មាន​ត្រៀម​ដាក់​សេចក្ដីព្រាងច្បាប់​ស្ដីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន​អោយ​អ្នកជំនាញ​ពិភាក្សា

ក្រសួង​ព័ត៌មាន​ ​នឹង​បើក​កិច្ចប្រជុំ​មួយ​ នៅ​ថ្ងៃទី៨​ខែធ្នូ​ខាងមុខនេះ ​ដើម្បី​ពិភាក្សា​លើ​ដំណើរការ​តាក់តែង​ សេចក្ដី​ព្រាងច្បាប់​ ស្ដីពី ​សិទ្ធិ​ទទួលបាន​ព័ត៌មាន។ ​ កិច្ចពិភាក្សា​នឹងធ្វើ​ឡើង​នៅ​ទីស្តីការក្រសួង​ព័ត៌មាន​ ដោយ​មាន​អ្នកជំនាញ​មកពី​អង្គការ​សង្គម​ស៊ីវិល,​ អង្គការ​ UNESCO​និង​ភាគី​ពាក់ព័ន្ធ​ជាច្រើន​ទៀត​ចូលរួម​ពិភាក្សា។​

លោក ​អ៊ុក ​គឹមសេង ​ទីប្រឹក្សា​ក្រសួង​ព័ត៌មាន​។
លោក ​អ៊ុក ​គឹមសេង ​ទីប្រឹក្សា​ក្រសួង​ព័ត៌មាន​។ RFI
ផ្សាយពាណិជ្ជកម្ម

សេចក្ដីព្រាងច្បាប់​ដ៏​ចម្រូងចម្រាស​ ស្ដីពី ​សិទ្ធិ​ទទួលបាន​ព័ត៌មាន​ កំពុង​ត្រូវបាន​ក្រសួង​ព័ត៌មាន​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ពី​បណ្ដា​ប្រទេស​មួយចំនួន​ និង សហការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​ ដើម្បី​ដាក់ជូន​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​ពិភាក្សា​ នៅ​ថ្ងៃទី៨​ខែធ្នូ​ខាងមុខនេះ។​ កិច្ចពិភាក្សា​ដែលមាន​ការចូលរួម​ពី​អ្នកជំនាញ​មកពី​អង្គការ​ UNESCO,​ ក្រសួង​ទំនាក់ទំនង​រដ្ឋសភា​ ព្រឹទ្ធសភា​ និង​អធិការកិច្ច ​និង​ពី​ដៃគូ​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​ទៀត​ រួមទាំង​ក្លឹប​អ្នកកាសែត​កម្ពុជា​ និង ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ CCIMផងដែរ។​ ជា​កិច្ចពិភាក្សា​ ដែល​បាន​ធ្វើ​ឡើងជា​បន្តបន្ទាប់​ ដើម្បី​ប្រមូល​មតិយោបល់​របស់​អ្នកជំនាញ​ ហើយ​នៅក្នុង​វេទិការ​នោះដែរ​ អ្នកជំនាញ​មកពី​អង្គការ​ UNESCO​ នឹងធ្វើ​បទ​បង្ហាញ​មួយ​ ស្តីពី ​នីតិវិធី​ និង​វិធីសាស្ត្រ​អនុវត្ត​ការងារ​ក្នុងការ​តាក់តែង​សេចក្តី​ព្រាង​ច្បាប់​នេះ។ ​មុននឹង​សេចក្តីព្រាងច្បាប់​នេះ​ ត្រូវបាន​តាក់តែង​ឡើង ​ក្រសួង​ព័ត៌មាន​និង​អង្គការ​ UNESCO ក៏មាន​គំរោង​រៀបចំ​វេទិកា​សាធារណៈ​នៅតាម​បណ្តា​ខេត្ត​មួយ​ចំនួន​ផងដែរ​ ដើម្បី​ស្ទង់​មតិយោបល់​របស់​ប្រជាពលរដ្ឋ។​ នេះ​បើតាម​ការបញ្ជាក់​ពី​លោក​ អ៊ុក គឹមសេង​ ទីប្រឹក្សា​ក្រសួង​ព័ត៌មាន។

សូមបញ្ជាក់ថា​ ក្រសួង​ព័ត៌មាន​បានរៀបចំ​សេចក្ដី​ព្រាង​ច្បាប់ ស្ដីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន​នេះ តាំងពី​ខែកុម្ភៈ ​ឆ្នាំ២០១៤ ​រហូតមកដល់​ពេលនេះ ​បន្ទាប់ពី​រាជរដ្ឋាភិបាល​បានប្រគល់​ភារកិច្ច​ជា​អ្នករៀបចំ​ផែនការ​សកម្មភាព​ កសាង​ច្បាប់ ដោយបាន​សិក្សា​ស្រាវជ្រាវ​ទៅលើ​ច្បាប់​មកពី​បណ្ដា​ប្រទេស​ ចំនួន​១០​ និង​បណ្ដា​ច្បាប់​នានា​ក្នុងប្រទេស​  ក៏ដូចជា​សេចក្ដី​ព្រាង​ច្បាប់​ចាស់ ​ដែល​តាក់តែង​ឡើង​ដោយ ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​ ព្រឹទ្ធសភា​ និង​ អធិការកិច្ច​ កាលពី​ឆ្នាំ២០០៧​ មក​ពិនិត្យ​និង​សិក្សា​, ហើយ​កិច្ចការ​ទាំងនេះ​ ក៏​ត្រូវបាន​អនុគណៈកម្មការ​រៀបចំ​របស់​ក្រសួង​ព័ត៌មាន​ បានធ្វើ​រួចរាល់​អស់ហើយ​ដែរ។

បើតាម​លោក អ៊ុក គឹមសេង ​សេចក្តីព្រាងច្បាប់​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន​នេះ​ នឹង​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​ប្រជាពលរដ្ឋ​ក្នុងការ​ទទួលបាន​ព័ត៌មាន​ ខណៈដែល​សង្គម​ស៊ីវិល​មួយចំនួន​បាន​រិះគន់​ពី​តម្លាភាព​ក្នុងការ​លាតត្រដាង​ជា​សាធារណៈ​លើ​សេចក្តីព្រាងច្បាប់​នេះ។បើតាម​លោក អ៊ុក គឹមសេង​ គេ​ត្រូវការ​ពេលវេលា​ជាង៣ឆ្នាំ​ ដើម្បី​តាក់តែង​លើ​សេចក្តីព្រាងច្បាប់​នេះ ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ