អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ទស្សនៈ​កិច្ច​របស់​អនុប្រធានាធិបតី​ឥណ្ឌា​ជា​ការ​ចាប់​ផ្តើម​ដំណើរ​ឆ្ពោះ​ទៅ​ទិស​ខាង​កើត?

ចុះផ្សាយ​នៅ​ថ្ងៃ៖

តាម​រយៈ​ទស្សនៈ​កិច្ច​របស់​អនុប្រធានាធិបតី​ឥណ្ឌា​រយៈពេល​៣​ថ្ងៃ​នៅ​កម្ពុជា ក្រៅ​ពី​រិត​ចំណង​ទ្វេភាគី​បន្ថែម​ទៀត ត្រូវ​គេ​មើល​ឃើញ​ថា​អាច​ជា​យុទ្ធនាការ​ស្វែង​រក​សម្លេង​គាំទ្រ​ពី​បណ្តា​ប្រទេស​នៅ​ទិស​ខាង​កើត​របស់​ខ្លួន ខណៈ​ដែល​ឥណ្ឌា​ធា្លប់​មាន​ប្រវត្តិ​ទំនាក់ទំនង​ជិត​ស្និត​យូរ​អង្វែង​ជាមួយ​កម្ពុជា​១​ដែរ តែ​មាន​ភាព​យឺតយ៉ាវ​ជាង​ចិន។ ជាមួយ​គ្នា​នេះ​កម្ពុជា​ក៏​មិន​អល់​ឯក​ក្នុង​ការ​បង្កើន​ភាព​ស្អិត​រមួត​ជាមួយ​ឥណ្ឌា​ដែរ ដោយ​កម្ពុជា​មាន​នយោបាយ​បើក​ចំហរ​និង​មិន​ប្រកាន់​ពណ៌​សម្បុរ។

ទស្សនៈ​កិច្ច​របស់​អ​នុប្រធានាធិបតី​ឥណ្ឌា លោក Mohamad Hamid Ansar ​មក​ប្រទេស​កម្ពុជា​
ទស្សនៈ​កិច្ច​របស់​អ​នុប្រធានាធិបតី​ឥណ្ឌា លោក Mohamad Hamid Ansar ​មក​ប្រទេស​កម្ពុជា​ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

ឥណ្ឌា​និង​កម្ពុជា​ធ្លាប់​មាន​ប្រវត្តិ​ទំនាក់ទំនង​ជាមួយ​គ្នា​តាំង​ពី​បុរាណ​កាល​មក ពោល​គឺ​ចាប់​តាំង​ពី​ជាង​ពីរ​ពាន់​ឆ្នាំ​មក​ហើយ តាម​រយៈ​វប្បធម៌ អរិយធម៌ ប្រពៃណី សាសនា។ មិន​ថា​តែ​ទំនាក់​ទំនង​បែប ប្រពៃណី ការ​ទូត​រវាង​គ្នា​នៅ​សម័យ​បុរាណ​ទេ ជា​បន្ត​បន្ទាប់​ឥណ្ឌា​និង​កម្ពុជា​តែង​មាន​ទំនាក់​ទំនង​គ្នា គ្រប់​ជំនាន់​លើក​លែង​តែ​ដំណាក់​កាល​ដែល ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្នុង​ ភ្លើង​សង្គ្រាម។

កាល​ពី​ថ្ងៃ​អង្គារ​អនុប្រធានាធិបតី​ឥណ្ឌា លោក ម៉ូហាម៉ាត់ ហាមីឌ អានសារី បាន​ចាប់​ផ្តើម​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវ​រដ្ឋ​របស់​លោក​នៅ​កម្ពុជា​សម្រាប់​រយៈពេល​៣​ថ្ងៃ​គឺ​ពី​ថ្ងៃ​ទី​១៥​ដល់​ថ្ងៃ​ទី​១៧​កញ្ញា។ លោក​អនុប្រធានាធិបតី ដែល​មាន​ការ​ស្វាគមន៍​យ៉ាង​គគ្រឹក​គគ្រេង​គួរ​សម​ដែរ​នោះ ​បាន​ជួបជាមួយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា និង​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​ឯ​ទៀត។

ដោយ​ប្រើ​ភាសា​ការ​ទូត ជំនួប​ជាមួយ​ថ្នាក់​ដឹកនាំ​និង​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា គឺ​ជា​ការ​សម្តែង​ការ​គួរសម និង​រឹត​ចំណង​មេត្រីភាព ទំនាក់​ទំនង​ទ្វេរភាគី​ដែល​មាន​ស្រាប់​ឲ្យ​កាន់​តែ​ប្រសើរ​បន្ថែម​ទៀត។ ជា​ការ​ពិត​ទស្សនកិច្ច​របស់​មេដឹកនាំ​លំដាប់​ទី​២​របស់​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​ទី​២​លើ​ពិភពលោក បន្ទាប់​ពី​ចិន​នេះ ក៏​ដោយសារ​តែ​កន្លង​មក​ក៏​ដូចជា​បច្ចុប្បន្ន កម្ពុជា​តែង​គាំទ្រ​ឥណ្ឌា ទាំង​ឆាក​តំបន់ អន្តរជាតិ និង​ទ្វេរភាគី។

ជា​ការ​កត់​សម្គាល់​ឥណ្ឌា​ថ្វី​ត្បិតតែ​មាន​ទំនាក់ទំនង​ទាំង​ប្រពៃណី និង​ការ​ទូត​យូរ​អង្វែង​ជាមួយ​កម្ពុជា​មែន​ក៏​ប៉ុន្តែ សកម្មភាព​នានា​ដែល​បាន​កើត​មាន​នៅ​ក្នុង​សម័យ​ទំនើប​នេះ​ជាមួយ​កម្ពុជា​ ហាក់​ដូចជា​នៅ​មាន​តិចតួច​នៅ​ឡើយ បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​ចិន​និង​ប្រទេស​អាស៊ី​ដទៃ​ទៀត។ ជាក់ស្តែង​លើ​វិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍​ជាដើម ដែល​គ្រប់​ប្រទេស​សំលឹង​ភ្នែក​រក​ប្រភព​សក្តានុពល​នៃ​វិស័យ​ទាំង​អស់​នេះ​មក​កម្ពុជា បែរ​ជា​ឥណ្ឌា ដែល​ជា​ប្រទេស​មាន​លទ្ធភាព​ខ្ពស់​ដែរ​នោះ​កន្លង​មក​បាន​រំលង​លើ​បញ្ហា​នេះ។ ទំហំ​ពាណិជ្ជកម្ម​ទ្វេរភាគី​រវាង​ឥណ្ឌា​និង​កម្ពុជា​មាន​ប្រមាណ​ជាង​១០០​លាន​ដុល្លារ​បន្តិច​បន្តួច​ប៉ុណ្ណោះ ក្នុង​មួយ​ឆ្នាំ ​ហើយ​ភាគច្រើន​ជា​ការ​នាំ​ចូល​ពី​ឥណ្ឌា។

តាម​រយៈ​វត្តមាន​អនុប្រធានាធិបតី ម៉ូហាម៉ាត់ ហាមីឌ អានសារី នៅ​លើ​ទឹកដី​អង្គរ​ជា​លើក​ដំបូង ឥណ្ឌា​ទំនង​ជា​ប្រឹងប្រែង​ពិនិត្យ​មើល​ឡើង​វិញ​នូវ​គោលការណ៍​នៃ​ចលនា​វិនិយោគ​របស់​ខ្លួន​ឆ្ពោះ​ទៅទិស​ខាង​កើត ពោល​គឺ​សំដៅ​ប្រទេស​កម្ពុជា វៀតណាម ឡាវ និង​ភូមា។ ហេតុ​ដូច្នេះ​ហើយ​ទើប​នៅ​ក្នុង​ជំនួប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ម្សិលមិញ​ តំណាង​ប្រទេស​ឥណ្ឌា​រូប​នេះ​អះអាង​ពី​ការ​ជម្រុញ​ការ​វិនិយោគ​មក​កាន់​ប្រទេស​កម្ពុជា លើ​វិស័យ​ធនធាន​រ៉ែ កសិឧស្សាហកម្ម និង​ប្រព័ន្ធ ព័ត៌មាន​វិទ្យា IT ​ជា​ដើម។

ម្យ៉ាង​ទៀត ការ​ដែល​ឥណ្ឌា​ជា​ប្រទេស​ធំ​មួយ​ទើប​នឹក​ឃើញ​ចង់​ពង្រីក​ឥទ្ធិពល​ទៅ​លើ​ប្រទេស​តូចតាច​ដូចជា​កម្ពុជា​គឺ​ចាំបាច់​ត្រូវ​ធ្វើ​យ៉ាង​ណា​ពង្រឹង​ខ្លួន​ឯង​លើ​វិស័យ​បញ្ហា​សេដ្ឋកិច្ច ដើម្បី​ជា​ការ​ពង្រីក​ហិរញ្ញវត្ថុ​លើ​បណ្តា​ប្រទេស​នៅ​ទិស​ខាង​កើត។ លើ​ទិដ្ឋភាព​នយោបាយ​ឥណ្ឌា​ពិត​ជា​ចង់​ប្រកួត​ប្រជែង​ជាមួយ​ចិន ដោយសារ​តែ​ឥណ្ឌា​ជា​ប្រទេស​ធំ​មួយ​ដែរ តែ​មិន​ទាន់​បាន​ក្លាយ​ជា​ប្រទេស​មហា​អំណាច ឬ​ប្រទេស​នៅ​ក្នុង​សមាជិក​គណៈកម្មការ​អចិន្ត្រៃយ៍​នៃ​អង្គការ​សហ​ប្រជាជាតិ។ ទោះ​ចង់​ឬ​មិន​ចង់​ ឥណ្ឌា​តែង​ចង់​ចាប់​កម្ពុជា ដែល​នេះ​ជា​យុទ្ធនាការ​ប្រមូល​​កំលាំង​មិត្ត​មួយ​ដែរ​ដើម្បី​បង្កើន​សម្លេង​គាំទ្រ​ដល់​ខ្លួន។

ដោយ​ឡែក​កម្ពុជា​វិញ ជា​ប្រទេស​ប្រជាធិបតេយ្យ​បែប​បើក​ចំហរ មិន​ខុស​គ្នា​ទេ​កម្ពុជា​ក៏​ត្រូវ​ការ​ឥណ្ឌា និង​ប្រទេស​ឯ​ទៀត​ដែរ ដោយ​កម្ពុជា​ដែល​ជា​ប្រទេស​កំពង់​អភិវឌ្ឍន៍​បាន​ប្រកាន់​យក​ទស្សនៈ«ការ​ទទួល​បាន​ផ្កា​ចំរុះ​ព័ណ៌​នៅ​ក្នុង​សួន​» គឺ​ជា​ការ​ចាំបាច់ និង​មិន​មាន​អ្វី​ខាត​បង់​នោះ​ទេ។

ទោះ​យ៉ាង​នេះ​ក្តី​ ឥណ្ឌា​នៅ​មិន​ទាន់​អាច​ឈាន​ទៅ​ដល់​ដំណាក់​កាល​ដៃគូរ​សហប្រតិបត្តិការ​គ្រប់​ជ្រុង​ជ្រោយ ដូចជា​កម្ពុជា-ចិន នៅ​ឡើយ​ទេ ដរាប​ណា​ប្រទេស​ដែល​ប្រើ​ម្រាមដៃ​ជា​សម ​ស្លាបព្រា​មួយ​នេះ​នៅ​មិន​ទាន់​មាន​ឥទ្ធិពល​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខ្លាំង​មក​លើ​ប្រទេស​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ