អានតួអត្ថបទ
កម្ពុជា-ឥណ្ឌា

ឥណ្ឌា​ព្រម​តាម​កម្ពុជា​ផ្អាកការ​សាងសង់​ប្រាសាទ​ដែល​យក​លំនាំ​ពី​ប្រាសាទ​អង្គរវត្ត

រដ្ឋាភិបាល​ឥណ្ឌា​បាន​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ក្នុង​ស្រុក​ផ្អាក​បណ្ដោះ​អាសន្ន​ការ​សាងសង​ប្រាសាទ​ដែល​យក​លំនាំ​ពី​ប្រាសាទ​អង្គរវត្ត​កម្ពុជា។ ឥណ្ឌា​ក៏​បាន​ឲ្យ​ក្រុមហ៊ុន​ដដែល​កែប្រែ​រចនាបថ​ឡើង​វិញ​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​យក​លំនាំ​ដូច​ប្រាសាទ​អង្គរវត្ត។ ជំហរ​របស់​ឥណ្ឌា​យ៉ាង​ដូច្នេះ​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​រវាង ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ថ្មី​ប្រចាំ​កម្ពុជា​និង​លោក​ឧបនាយក​រដ្ឋ​មន្រ្តី ហោ ណាំហុង នៅ​ព្រឹក​ថ្ងៃ​ទី​០៨​កញ្ញា​នេះ។

គម្រោង​ប្រាសាទV​iraat Ramayan Mandir​ ដែល​ឥណ្ឌា​ចម្លង​តាម​ប្រាសាទ​អង្គរ​វត្ត។​
គម្រោង​ប្រាសាទV​iraat Ramayan Mandir​ ដែល​ឥណ្ឌា​ចម្លង​តាម​ប្រាសាទ​អង្គរ​វត្ត។​ google
ផ្សាយពាណិជ្ជកម្ម

 

នៅ​ទី​បំផុត​ប្រទេស​ឥណ្ឌា​ក៏​យល់​ព្រម​តាម​កម្ពុជា​ផ្អាក​គម្រោង​ត្រៀម​សាងសង​ប្រាសាទ​ដែល​យក​លំនាំ​ពី​ប្រាសាទ​អង្គរវត្ត។ ដោយសារ​តែ​ឥណ្ឌា​មិន​ចង់​ឲ្យ​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំងពីរ​ជួប​ភាព​ល្អក់​កករ ព្រោះ​តែ​លំនាំ​ប្រាសាទ​នេះ។ ម្យ៉ាងទៀត​ឥណ្ឌា​ក៏​បាន​យល់​ច្បាស់​អំពី​តម្លៃ​ប្រវត្តិសាស្ត្រ​និង​តម្លៃ​វប្បធម៌​របស់​ប្រាសាទ​អង្គវត្ត។ នេះ​ជា​ជំហរ​របស់ លោក Naveen Srivastara ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ថ្មី​ប្រចាំ​កម្ពុជា​ថ្លែង​ក្នុង​ជំនួបជាមួយ​លោក​ឧបនាយក​រដ្ឋមន្រ្តី​ ហោ ណាំហុង នៅ​ព្រឹក​ថ្ងៃ​ទី​០៨​កញ្ញា​នេះ។

ជា​ថ្មី​ទៀត លោក ហោ ណាំហុង ក៏​បាន​ប្រាប់​ពី​បំណង​របស់​កម្ពុជា​ដែល​មិន​អនុញ្ញាត​ឲ្យ​ឥណ្ឌា​យក​លំនាំ​តាម​ប្រាសាទ​អង្គរ​គឺ​អង្គរវត្ត​ជា​ដួង​ព្រលឹង​ និង​ជា​និមិត្តរូប​របស់​កម្ពុជា​តាម​រយៈ​ការ​ដាក់​នៅ​លើ​ទង់​ជាតិ។

សូម​បញ្ជាក់​ថា គម្រោង​របស់​ឥណ្ឌា​ដែល​ចង់​សាងសង់​ប្រាសាទ​ចម្លង​តាម​ប្រាសាទ​អង្គរវត្ត​ បាន​លេច​លឺ​តាំង​ពី​ឆ្នាំ​២០១២​មក​ម្ល៉េះ។ គម្រោង​ប្រាសាទ​ដំបូង​នោះ ត្រូវ​បាន​ដាក់​ឈ្មោះ​ថា​ Virat Angkor Wat Ram Mandir ប៉ុន្តែ​ក្រោយ​មក​បាន​ប្ដូរ​ឈ្មោះ​មក​ជា Viraat Ramayan Mandir វិញ។ កាល​ពី​ខែ​មិថុនា​កន្លង​ទៅ ក្រសួង​ការ​បរទេស​កម្ពុជា បាន​ផ្ញើ​កំណត់​ទូត​តវ៉ា​ទៅ​ក្រសួង​ការ​បរទេស​ឥណ្ឌា ឲ្យ​មូលនិធិ​ឥណ្ឌា Mahavir Mandir Trust បញ្ឈប់​គម្រោង​សាង​សង់​​ប្រាសាទ​ដែល​ចម្លង​តាម​ប្រាសាទ​អង្គរវត្ត។ រដ្ឋាភិបាល​កម្ពុជា​បាន​ចាត់​ទុក​ការ​សាងសង់​ប្រាសាទ ចម្លង​តាម​ប្រាសាទ​អង្គរវត្ត ដើម្បី​ផល​ប្រយោជន៍​ពាណិជ្ជកម្ម​នេះ​ថា គឺ​ជា​ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក។

តាម​ការ​បញ្ជាក់​របស់​លោក ជុំ សុន្ធរី អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា នៅ​ក្នុង​ជំនួប​ដដែល​​នោះ​ភាគី​ទាំងពីរ​ក៏​បាន​ពិភាក្សា​បន្ថែម​សម្រាប់​ការ​ត្រៀម​ទទួល​ដំណើរ​ទស្សនៈកិច្ច​របស់​អនុប្រធានាធិបតី​ឥណ្ឌា ដែល​គ្រោង​មក​កម្ពុជា​នៅ​ពាក់​កណ្ដាល​ខែ​កញ្ញា​នេះ​តប​តាម​ការ​អញ្ជើញ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ភាគី​ទាំងពីរ​សន្យា​នឹង​ពង្រឹង​បន្ថែម​ផ្នែក​សេដ្ឋកិច្ច​ ការ​ផ្លាស់ប្ដូរ​ពាណិជ្ជកម្ម និង​វិនិយោគទុន។​ លោក ហោ ណាំហុង ក៏​បាន​បង្ហាញ​ពី​បំណង​ចង់​បង្កើត​ជើង​ហោះ​ហើរ​ត្រង់​រវាង​ឥណ្ឌា​ និង​កម្ពុជា​ ដើម្បី​សម្រួល​ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ទេសចរ ប្រទេស​ទាំង​ពីរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ