អានតួអត្ថបទ
កម្ពុជា

ក្រោយ​ការ​សង្ស័យ ក្រសួង​មហាផ្ទៃ​ពិនិត្យ​ឃើញ​ថា លក្ខន្តិកៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ខុស

​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កាល​ពី​ថ្ងៃ​ម្សិលមិញ​បាន​ដាក់​ការ​សង្ស័យ​ចំពោះ​លក្ខន្តិកៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​បើក​សមាជ​កាល​ពី​ថ្ងៃ​ទី​ ០២​មីនា​កន្លង​ទៅ។ ក្រោយ​ការ​ដាក់​ការ​សង្ស័យ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​បាន​បញ្ជាក់​ថា លក្ខន្តិកៈ​របស់​គណបក្ស​ពិត​ជា​ខុស​មែន ប៉ុន្តែ​ក្រសួង​នៅ​មិន​ទាន់​បញ្ជាក់​ថា​តើ​ផ្តល់ ឬ​មិន​ផ្តល់​នៅ​ឡើយ​ទេ។គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ថា​ក្រសួង​មហាផ្ទៃ​មើល​លក្ខន្តិកៈ​មិន​ច្បាស់។

សមាជវិសាមញ្ញរបស់គណបក្សសង្រ្គោះជាតិនាពេលកន្លងមក
សមាជវិសាមញ្ញរបស់គណបក្សសង្រ្គោះជាតិនាពេលកន្លងមក
ផ្សាយពាណិជ្ជកម្ម

នេះ​គឺ​ជា​ការ​បញ្ជាក់​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ចំពោះ​លក្ខន្តិកៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ស្តី​ពី​សមាជ​វិសាមញ្ញ​ដែល​បាន​ជ្រើស​រើស​លោក​កឹម សុខា ជា​ប្រធាន​គណបក្ស អម​ដោយ​អនុប្រធាន​ចំនួន​បី​រូប​ផ្សេង​ទៀត។ លក្ខន្តិកៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​តម្កល់​ក្នុង​ក្រសួង​មហាផ្ទៃ​ត្រង់​ប្រការ ៤៥ ៤៧ និង​ប្រការ ៥៤ សរសេរ​ថា សមាជ​ត្រូវ​ធ្វើ​ឡើង​ក្នុង​រយៈពេល ១៨​ខែ​ក្រោយ​តំណែង​ប្រធាន​ត្រូវ​ទំនេរ ឬ​ក៏​រយៈពេល​ ៥​ឆ្នាំ​ម្តង ហើយ​នីតិវិធី​ក្នុង​ការ​ជ្រើស​រើស​គឺ​ត្រូវ​បោះ​ឆ្នោត​ដោយ​សំងាត់។

ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​សមាជ​វិសាមញ្ញ​គណបក្ស​ក្នុង​រយៈ​មិន​ដល់ ១​ខែ​ផង​ក្រោយ​ការ​លា​លែង​ពី​លោក សម រង្ស៊ី​កាល​ពី​ដើម​ខែ​កុម្ភៈ បន្ថែម​ពី​នេះ គណបក្ស​សង្គ្រោះ​ជាតិ​បាន​បោះ​ឆ្នោត​ដោយ​លើក​ដៃ​ដែល​ខុស​ពី​លក្ខន្តិកៈ​ដែល​ចែង​ថា​បោះ​ឆ្នោត​សំងាត់។ ត្រង់​ចំណុច​នេះ​ហើយ​ដែល​ក្រសួង​មហាផ្ទៃ ជា​អ្នក​ផ្តល់​សុពលភាព​ចំពោះ​គណបក្ស​នោះ​បាន​ដាក់​ការ​សង្ស័យ​ពី​លក្ខន្តិកៈ​របស់​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​មួយ​នេះ។ លោក​ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ម្សិល​មិញ បាន​ដាក់​ការ​សង្ស័យ​ចំពោះ​សុពលភាព​នៃ​គណបក្ស​ប្រឆាំង ដោយ​លោក​សំអាង​ទៅ​លើ​លក្ខន្តិកៈ​របស់​គណបក្ស​ដែល​បាន​តម្កល់​ទុក​ក្នុង​ក្រសួង។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​លោក ស ខេង មិន​បាន​បញ្ជាក់​ថា ក្រសួង​មហាផ្ទៃ​ផ្តល់​សុពលភាព ឬ​ក៏​មិន​ផ្តល់​សុពលភាព​នៅ​ឡើយ​ទេ ហើយ​ចំពោះ​ចម្លើយ​នោះ លោក នឹង​សរសេរ​ជា​លាយ​លក្ខណ៍​អក្សរ។

យ៉ាង​ណា​ក៏​ដោយ គណបក្ស​សង្គ្រោះជាតិ​បាន​អះអាង​ថា ក្រសួង​មហាផ្ទៃ​មិន​បាន​មើល​គ្រប់​ជ្រុង​ជ្រោយ​នៃ​លក្ខន្តិកៈ​របស់​គណបក្ស​សង្គ្រោះជាតិ​ក្នុង​ការ​ជ្រើស​រើស​មេ​ដឹក​នាំ។ លោក​អេង ឆៃអ៊ាង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាង​លក្ខន្តិកៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អនុញ្ញាតិ​ឱ្យ​បក្ស​ធ្វើ​សមាជ​សាមញ្ញ និង​ធ្វើ​សមាជ​វិសាមញ្ញ​ដែល​សមាជ​សាមញ្ញ​ត្រូវ​ធ្វើ​ក្នុង​រយៈ​ពេល ៥​ឆ្នាំ​ម្តង ប៉ុន្តែ​សមាជ​វិសាមញ្ញ​វិញ​គឺ​មិន​ត្រូវ​ពេល​វេលា​នោះ​ទេ គឺ​ធ្វើ​ឡើង​តាម​ការ​ណែនាំ​របស់​ប្រធាន​គណបក្ស ឬ​ការ​សម្រេច ២/៣​នៃ​គណៈអចិន្ត្រៃយ៍​គណបក្ស​ទាំង​មូល ឬ​គណៈកម្មាធិការ​នាយក​របស់​គណបក្ស។

ត្រង់​ចំណុច​នេះ​ហើយ​លោក​អេង ឆៃអ៊ាង បាន​ស្នើ​ឱ្យ​ក្រសួង​មហាផ្ទៃ​ពិនិត្យ​មើល​ឡើង​វិញ​មុន​ពេល​នឹង​សម្រេច ព្រោះ​ថា​គណបក្ស​ធ្វើ​តាម​បទ​បញ្ជា​ផ្ទៃ​ក្នុង និង​លក្ខន្តិកៈ​របស់​បក្ស​រួច​ហើយ។

ទន្ទឹម​នឹង​នេះ​ដែរ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត បាន​បញ្ជាក់​រួច​ហើយ​ថា ស្ថាប័ន​ខ្លួន​កំពុង​រង់ចាំ​សេចក្តី​សម្រេច​របស់​ក្រសួង​មហាផ្ទៃ។ លោក​ហង្ស ពុទ្ធា​អ្នក​នាំ​ពាក្យ​គ.ជ.ប បាន​អះអាង​ថា​ប្រសិន​បើ​ក្រសួង​មហាផ្ទៃ​សម្រេច​មិន​ផ្តល់​សុពលភាព​នោះ​ទេ​ គ.ជ.ប​ក៏​លុបចោល​ការ​ផ្តល់​សុពលភាព​ជូន​បេក្ខជន​គណបក្ស​សង្គ្រោះ​ជាតិ​សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ទី ៤​នេះ​ផង​ដែរ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ