អានតួអត្ថបទ
កម្ពុជា

សមាជ​វិសាមញ្ញ​សង្រ្គោះ​ជាតិ​សម្រេច​ជ្រើស​តាំង​លោក កឹម សុខា ជា​ប្រធាន​គណបក្ស​ អមដោយ​អនុប្រធាន ៣​រូប

នៅ​ទី​បំផុត​ទៅ លោក កឹម សុខា ដែល​កាន់​តួនាទី​ជា​ប្រធាន​ស្តីទី​គណបក្ស​សង្រ្គោះ​ជាតិ​អស់​រយៈ​ពេល​ជាង ១​ឆ្នាំ​មក​នេះ បាន​ក្លាយ​ជា​ប្រធាន​គណបក្ស​ប្រឆាំង​ជា​ផ្លូវ​ការ​ហើយ​ តាម​រយៈ​អង្គ​សមាជ​វិសាមញ្ញ​គណបក្ស​សង្រ្គោះ​ជាតិ នៅ​ថ្ងៃ​ទី ២ មីនា ឆ្នាំ ២០១៧​នេះ។ ក្រៅ​ពី​បាន​ជ្រើស​រើស​លោក កឹម សុខា ជា​ប្រធាន​គណបក្ស​ថ្មី​ជំនួស​លោក សម រង្ស៊ី ដែល​បាន​លា​ឈប់​ សមាជ​វិសាមញ្ញ​របស់​គណបក្ស​ប្រឆាំង​នៅ​ថ្ងៃ​នេះ ក៏​បាន​បោះ​ឆ្នោត​គាំទ្រ​បេក្ខភាព​អនុប្រធាន​គណបក្ស​ចំនួន ៣​រូប​ទៀត។ ទោះ​ជា​យ៉ាង​នេះក្តី សម្រាប់​គណបក្ស​សង្រ្គោះ​ជាតិ លោក សម រង្ស៊ី នៅ​តែ​ជា​ប្រធាន​នៅ​ក្នុង​បេះដូង​របស់​ពួក​គេ​ដដែល។

សមាជវិសាមញ្ញសង្រ្គោះជាតិសម្រេចជ្រើសតាំងលោក កឹម សុខា ជាប្រធានគណបក្ស អមដោយអនុប្រធាន ៣រូប
សមាជវិសាមញ្ញសង្រ្គោះជាតិសម្រេចជ្រើសតាំងលោក កឹម សុខា ជាប្រធានគណបក្ស អមដោយអនុប្រធាន ៣រូប
ផ្សាយពាណិជ្ជកម្ម

ដូច​ការ​គ្រោង​ទុក សមាជ​វិសាមញ្ញ​របស់​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ថ្ងៃ​ទី ២ មីនា ឆ្នាំ ២០១៧​នេះ បាន​សម្រេច​បោះ​ឆ្នោត​ដោយ​ការ​លើក​ដៃ ដើម្បី​ជ្រើស​តាំង​លោក កឹម សុខា ជា​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ថ្មី​ជំនួស​លោក សម រង្ស៊ី ដែល​បាន​លា​ឈប់​ដោយ​មូលហេតុ​ផ្ទាល់​ខ្លួន។ សមាជ​វិសាមញ្ញ​របស់​គណបក្ស​សង្រ្គោះ​ជាតិ ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ទី​ស្នាក់​ការ​កណ្តាល​គណបក្ស ស្ថិត​នៅ​សង្កាត់​ចាក់​អង្រែ​លើ​ក្រុង​ភ្នំពេញ ដោយ​មាន​ការ​ចូល​រួម​ពី​សមាជិក​គណៈកម្មាធិការ​អចិន្ដ្រៃយ៍, គណៈកម្មាធិការ​នាយក រហូត​ដល់​ក្រុម​ការងារ​គណបក្ស​ទាំង ២៥ រាជធានី-ខេត្ត, ស្រុក-ខណ្ឌ នៅ​ទូទាំង​ប្រទេស ក៏​បាន​សម្រេច​បោះ​ឆ្នោត​គាំទ្រ​បេក្ខភាព​លោក ប៉ុល ហំម, លោកស្រី មួរ សុខហួរ, និងលោក អេង ឆៃអ៊ាង ជា​អនុប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ថ្មី​នេះ​ដែរ។ ក្រោយ​ពី​សមាជ​វិសាមញ្ញ​នេះ​ទៅ​ គណបក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា​មួយ​នេះ នឹង​មាន​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​ថ្មី ដែល​មាន​រូប​មន្ត ប្រធាន​មួយ​រូប អម​ដោយ​អនុ​ប្រធាន ៣​រូប។

សមាជ​វិសាមញ្ញ​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ថ្ងៃ​នេះ ក៏​បាន​សម្រេច​កែប្រែ​លក្ខន្តិកៈ​គណបក្ស​ថ្មី ត្រង់​ប្រការ ៤៥​ថ្មី ដែល​បាន​ចែង​ថា “អនុប្រធាន​គណបក្ស​ទទួល​ដឹក​នាំ​ការងារ​គណបក្ស​តាម​ការ​កំណត់​របស់​ប្រធាន​គណបក្ស។ ហើយ​នៅ​ពេល​អវត្តមាន​ប្រធាន អនុប្រធាន​មួយ​រូប ត្រូវ​បាន​ទទួល​សិទ្ធិ​ជា​ប្រធាន​គណបក្ស​ស្តី​ទី ដែល​មាន​បុព្វសិទ្ធិ​ដូច​ប្រធាន​គណបក្ស។ ហើយ​ក្នុង​ករណី​អវត្តមាន​ប្រធាន​ និង​អនុប្រធាន​ទាំង​អស់ អ្នក​ទទួល​សិទ្ធិ​ជា​ប្រធាន​គណបក្ស​ស្តី​ទី​ ត្រូវ​ជ្រើស​រើស​តាម​ឋានានុក្រម​ពី​លើ​ចុះ​ក្រោម ដោយ​ក្នុង​នោះ​រួម​មាន ប្រធាន-អនុប្រធាន​គណៈកម្មាធិការ​នាយក ទី២.ប្រធាន-អនុប្រធាន​គណៈកម្មការ​វិន័យ និង​ទី​៣.ប្រធាន-អនុប្រធានគណៈកម្មការ​ប្រតិបត្តិ។ ចំណែក​ប្រការ ៤៧​ថ្មី បាន​ចែង​ថា ក្នុង​ករណី​ដែល​ប្រធាន​គណបក្ស​ទទួល​មរណភាព លា​ឈប់ បាត់​បង់​សមាជិក​ភាព ឬ​បាត់​បង់​សមត្ថភាព​ដឹក​នាំ​គណបក្ស​ដែល​បញ្ជាក់​ដោយ​គណៈកម្មាធិការ​នាយក បើ​អាណត្តិ​នៅ​តិច​ជាង ១៨​ខែ អនុ​ប្រធាន​គណបក្ស​មួយ​រូប​ដែល​មាន​អាយុ​ច្រើន​ជាង​គេ ត្រូវ​ទទួល​នាទី​ជា​ប្រធាន​គណបក្ស ហើយ​បើ​គ្មាន​អនុប្រធាន​គណបក្ស គណៈកម្មាធិការ​នាយក​ត្រូវ​ជ្រើស​រើស​អនុប្រធាន​គណបក្ស​ថ្មី​មួយ​រូប ក្នុង​រយៈ​ពេល ៣០​ថ្ងៃ​យ៉ាង​តិច ពី​ក្នុង​ចំណោម​សមាជិក​គណៈកម្មាធិការ​នាយក​របស់​ខ្លួន ដោយ​សំឡេង​ដាច់​ខាត ៥០+១។

សូម​បញ្ជាក់​ថា នៅ​មុន​ពេល​បិទ​បញ្ចប់​សមាជ​វិសាមញ្ញ​គណបក្ស​នៅ​ថ្ងៃ​នេះ លោក កឹម សុខា ដែល​ទើប​ត្រូវ​បាន​ជ្រើស​តាំង​ជា​ប្រធាន​គណបក្ស​សង្រ្គោះជាតិ​ថ្មី បាន​ថ្លែង​ថា លទ្ធផល​នៃ​សមាជ​វិសាមញ្ញ​របស់​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ថ្ងៃ​នេះ គឺ​ជា​ការ​សម្រប​ទៅ​តាម​កាលៈទេសៈ និង​ស្ថានភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក កឹម សុខា បាន​ថ្លែង​ថា ចាប់​ពី​ពេល​នេះ​ត​ទៅ គណបក្ស​សង្រ្គោះ​ជាតិ នឹង​សម្លឹង ហើយ​បោះ​ជំហាន​ទៅ​មុខ​ជានិច្ច មិន​ថា ជួប​ព្យុះ​ព្យោមារ​សាហាវ​យ៉ាង​ណា​នោះ​ទេ​ ក៏​គណបក្ស​សង្រ្គោះ​ជាតិ​នឹង​មិន​បក​ក្រោយ​នោះ​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ