អានតួអត្ថបទ
កម្ពុជា

ក្រសួង​មហា​ផ្ទៃ​បញ្ចប់​ការ​ស៊ើប​អង្កេត​ករណី​ផ្ទុះ​អាវុធ​នៅ​ក្នុង​ខេត្ត​ក្រចេះ​ថា "គ្មាន​មនុស្ស​ស្លាប់​ទេ”

ក្រសួង​មហា​ផ្ទៃ​បាន​អះអាង​ថា ខ្លួន​បាន​បិទ​បញ្ចប់​ការ​ស៊ើប​អង្កេត​ទាំង​ស្រុង​ហើយ លើ​ករណី​ផ្ទុះ​អាវុធ​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា នៅ​ក្នុង​ជម្លោះ​ដី​ធ្លី នៅ​ឃុំ​២​ធ្នូ ស្រុក​ស្នួល​ខេត្ត​ក្រចេះ ដោយ​បាន​បញ្ជាក់​ជា​ថ្មី​ថា “គ្មាន​នរណា​ម្នាក់​បាន​ស្លាប់” នៅ​ក្នុង​ហេតុការណ៍​ដោយ​ហិង្សា​នោះ​ទេ។ របាយការណ៍​នេះ គឺ​ផ្ទុយ​ពី​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​មួយ​ចំនួន​ថា មាន​អ្នក​ស្លាប់​៦​នាក់ និង​រាប់​សិប​នាក់​បាន​រង​របួស។ មន្រ្តី​សិទ្ធិ​មនុស្ស​លីកាដូ បាន​យល់​ស្រប​នឹង​របាយការណ៍​របស់​ក្រសួង​មហា​ផ្ទៃ​ដែល​ថា​ មិន​មាន​មនុស្ស​ស្លាប់។

​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ នៅ​ក្នុង​ជម្លោះ​ដី​ធ្លី ស្ថិត​នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះនា​ពេល​កន្លង​មក
​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ នៅ​ក្នុង​ជម្លោះ​ដី​ធ្លី ស្ថិត​នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះនា​ពេល​កន្លង​មក @សហការី
ផ្សាយពាណិជ្ជកម្ម

របាយការណ៍​នៃ​ការ​បិទ​បញ្ចប់​ការ​ស៊ើប​អង្កេត​នេះ ត្រូវ​បាន​ផ្ញើ​ទៅ​កាន់​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ លោក​ឧបនាយក​រដ្ឋមន្រ្តី ស ខេង កាល​ពី​ថ្ងៃ​ទី ១៩ មីនា ដោយ​បាន​គូស​បញ្ជាក់​ជា​ថ្មី​ថា “គ្មាន​នរណា​ម្នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​ដោយ​ហិង្សា​នោះ​ទេ”។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​នាយ​ឧត្តមសេនីយ៍ លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ។

បើ​តាម​មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​មហា​ផ្ទៃ​រូប​នេះ គណៈប្រតិភូ​ក្រសួង​មហា​ផ្ទៃ​មួយ​ក្រុម ដឹក​នាំ​ដោយ​អគារធិការដ្ឋាន​ខាង​កិច្ចការ​នយោបាយ​នៃ​ក្រសួង​មហា​ផ្ទៃ បាន​ចុះ​ទៅ​ស៊ើប​អង្កេត​ដល់​ទី​កន្លែង កាល​ពី​សប្តាហ៍​មុន និង​បាន​បញ្ចប់​របាយការណ៍​របស់​ខ្លួន កាល​ពី​ថ្ងៃ​ទី ១៥ មីនា។ របាយការណ៍​ស៊ើប​អង្កេត​ថ្មី​នេះ​បាន​គូស​បញ្ជាក់​ថា មាន​តែ​ប្រជាពលរដ្ឋ​២​នាក់​ប៉ុណ្ណោះ ដែល​បាន​រង​របួស​ធ្ងន់ នៅ​ក្នុង​ហេតុការណ៍​បង្រ្កាប​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ នៅ​ក្នុង​ជម្លោះ​ដី​ធ្លី ស្ថិត​នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​ទី ៨ មីនា។ របាយការណ៍​ស៊ើប​អង្កេត​របស់​ក្រសួង​មហា​ផ្ទៃ​នេះ គឺ​ស្រប​គ្នា​នឹង​របាយការណ៍​តាំង​ពី​ដើម​ទី​មក របស់​អាជ្ញាធរ​ខេត្ត​ក្រចេះ និង​ស្ថាប័ន​នានា។

គូរ​រំលឹក​ឡើង​វិញ​ថា កាល​ពី​ថ្ងៃ​ទី ៨ មីនា អាជ្ញាធរ​ខេត្ត​ក្រចេះ បាន​ផ្ទុះ​អាវុធ​ជា​ច្រើន​គ្រាប់ បន្ទាប់​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ ជើងឃ្លេ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ បាន​លើក​គ្នា​បិទ​ផ្លូវ​ជាតិ​លេខ​៧៦ ដើម្បី​ដាក់​សម្ពាធ​ឲ្យ​អាជ្ញាធរ​ខេត្ត ដោះ​ស្រាយ​ជម្លោះ​ដី​ធ្លី​របស់​ពួក​គេ​ជាមួយ​ក្រុមហ៊ុន​មេមត់ ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​កម្ពុជា។ ​ជា​លទ្ធផល​នៃ​ការ​បង្រ្កាប​ដោយ​ហិង្សា​កាល​ណោះ មាន​សេចក្តី​រាយការណ៍​ថា មាន​ប្រជាពលរដ្ឋ​យ៉ាង​តិច​៦​នាក់​បាន​ស្លាប់ និង​៤០​នាក់​បាន​រង​របួស។ ប៉ុន្តែ​ភ្លាមៗ​នោះ អាជ្ញាធរ​ខេត្ត​ក្រចេះ បាន​ចេញ​មុខ​មក​បដិសេធ​​ថា មិន​មាន​អ្នក​ស្លាប់​នោះ​ទេ ផ្ទុយ​ទៅ​វិញ សមត្ថកិច្ច​ប្រមាណ​ជា​៧​នាក់ បាន​រង​របួស ដោយ​សារ​តែ​ដុំ​ថ្ម ជំពាម​កៅស៊ូ និង​កាំភ្លើង​កែ​ច្នៃ របស់​ប្រជាពលរដ្ឋ​ទៅ​វិញ។

ជុំវិញ​របាយការណ៍​ចុង​ក្រោយ​នេះ លោក អុំ សំអាត មន្រ្តី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ បាន​យល់​ស្រប​ដែល​ថា មិន​មាន​អ្នក​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​នេះ។ ប៉ុន្តែ​​មន្រ្តី​សិទ្ធិ​មនុស្ស​រូប​នេះ​បាន​ជំរុញឲ្យ​អាជ្ញាធរ​ក្រសួង​មហា​ផ្ទៃ វែក​មុខ​របស់​ជន​ដៃ​ដល់ ដែល​បាន​ប្រើ​កាំភ្លើង​បាញ់​រះ​ទៅ​លើ​ប្រជាពលរដ្ឋ យក​មក​ផ្តន្ទា​ទោស​តាម​ច្បាប់។ បើ​យោង​តាម​របាយការណ៍​របស់​លីកាដូ បាន​រក​ឃើញ​ថា មាន​ប្រជាពលរដ្ឋ​៣​នាក់​បាន​រង​របួស​ដោយ​សារ​តែ​គ្រាប់​កាំភ្លើង​របស់​អាជ្ញាធរ ប៉ុន្តែ​មិន​មាន​អ្នក​ស្លាប់​នោះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ