អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

កង្វះ​មោទនភាព​ជាតិ​ធ្វើ​ឲ្យ​ខ្មែរ​ខ្សោយ!

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់​ពី​ប្រទេសជាតិ​ធ្លាក់​ក្នុង​ភ្លើងសង្គ្រាម​វិនាសកម្ម​អស់​ជាច្រើន​ទសវត្សរ៍​ ពលរដ្ឋ​ខ្មែរ​ជាច្រើន​បាន​ឆ្លងកាត់​ការឈឺចាប់​ អំពើ​អយុត្តិធម៌ ​និង​អំពើហិង្សា​គួរ​ឲ្យ​តក់ស្លុត។​ ស្ថានភាព​នេះ​បានធ្វើ​ឲ្យ​ពួកគេ​ឆ្អែតឆ្អន់​និង​បាត់បង់​ទាំងស្រុង​នូវ​មោទនភាព​ជាតិ។ ​បច្ចុប្បន្ន​ ប្រទេស​ជាតិ​មាន​សន្តិភាព​និង​កំពុង​ឈានចូល​ក្នុង​យុគសម័យ​នៃ​ការអភិវឌ្ឍ។ ​ប៉ុន្តែ វប្បធម៌​លាប​ពណ៌​និង​ទម្លាប់​មិន​ទទួល​ខុសត្រូវ​របស់​អ្នកនយោបាយ​នៅតែ​បន្តធ្វើ​ឲ្យ​ខ្មែរ​រក​ឯកភាព​ជាតិ​មិនទាន់​ឃើញ ។ នេះ​ជា​ដើមចម​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ជាច្រើន​បាត់បង់​មោទនភាព​ជាតិ ​និង​ធ្វើ​ឲ្យ​ខ្មែរ​ខ្សោយ។

សង្គមខ្មែរ​ជួប​អស្ថេរភាព​ដែល​បង្ក​អោយមាន​បាតុកម្ម​ជា​ហូរ​ហែរ​ នា​ពេល​កន្លងមក​។
សង្គមខ្មែរ​ជួប​អស្ថេរភាព​ដែល​បង្ក​អោយមាន​បាតុកម្ម​ជា​ហូរ​ហែរ​ នា​ពេល​កន្លងមក​។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ស្ថិរភាព​នយោបាយ​ដ៏​ផុយស្រួយ ជួន​តឹង​ជួន​ធូរ ជួន​ស្ងប់ស្ងាត់ ជួន​​ពុះកញ្ជ្រោល ជួន​ចាប់ដៃ​រលាក់​និង​ជួន​ពាក់មុខយក្ស​ដាក់គ្នា... នៅតែ​ជា​អធិករណ៍​ដែល​ធ្វើ​ឲ្យ​ស្នាមរបួស​ចាស់​រើ​ឡើង​វិញ​ពិបាក​ព្យាបាល។ វប្បធម៌​លាប​ពណ៌ ជេរប្រមាថ​គ្នា​ប្រកបដោយ​គំនុំសងសឹក​នៅតែ​បន្តធ្វើ​ឲ្យ​ខ្មែរ​ជាច្រើន​មើលមុខ​គ្នា​មិន​ត្រង់​និង​បាត់បង់​មោទនភាព​ជាតិ​កាន់តែខ្លាំង។

ជាក់ស្តែង ពលរដ្ឋ​ខ្មែរ​ខ្លះ​ដែល​ចាក​ចេញពី​ប្រទេស​ទៅ​រស់នៅ​ស្រុក​គេ​មិន​ចង់​វិល​មក​ស្រុក​វិញ​សូម្បីតែ​មកលេង​ពីព្រោះ​តែ​ពួកគេ​ដក់​ជាប់​ការឈឺចាប់​ខ្លាំងពេក។ ខ្មែរ​ខ្លះ​ពេលធ្វើ​ដំណើរ​ទៅ​បរទេស​មិន​ហ៊ាន​ទាំង​ប្រាប់​គេ​ថា​ខ្លួន​ជា​ខ្មែរ​ផង។ អ្នកខ្លះ​អស់សង្ឃឹម​ចំពោះ​អនាគត​ប្រទេស​ជាតិ​រីឯ​ខ្មែរ​ខ្លះទៀត​បាត់បង់​ជំនឿ​ទាំងស្រុង​លើ​ខ្មែរ​គ្នាឯង​ហើយ​មើលឃើញ​បរទេស​ថា​ជាទី​ពឹង​ទៅវិញ។ កុំថាឡើយ​តែ​រឿង​នយោបាយ សូម្បីតែ​ផ្នត់គំនិត​សង្គម​ទូទៅ​ក៏​ខ្មែរ​តែង​តែ​ផ្តល់​តម្លៃ​ដល់​អ្វី​ដែលជា​បរទេស​ច្រើនជាង​អ្វី​ដែលជា​ខ្មែរ​ដែរ រាប់​ចាប់តាំងពី​សម្ភារៈ​ប្រើ​ប្រាស់​ឡើងទៅ។

គេ​ប្រហែលជា​មិនអាច​បន្ទោស​ខ្មែរ​ទាំង​នោះបានទេ​ពីព្រោះថា ពួកគេ​មួយចំនួន​បាន​ទទួលរង​ផលប៉ះពាល់​ផ្លូវចិត្ត​ធ្ងន់ធ្ងរ​ខ្លាំងពេក​ដោយសារតែ​រប​ប​ដឹកនាំ​ប្រទេស​ជាពិសេស​របប​ខ្មែរ​ក្រហម​តែម្តង។ ប្រទេសមួយ​ដែល​ប្រជាជន​ជាច្រើន​បាត់បង់​មោទនភាព​ជាតិ​បែបនេះ ប្រទេស​នោះ​នឹង​ចុះខ្សោយ​ជា​ស្វ័យប្រវត្តិ។ មូលហេតុ​សំខាន់បំផុត​ដែល​នាំ​ឲ្យ​ខ្មែរ​បាត់បង់​មោទនភាព​ជាតិ​គឺ​ដោយសារតែ​កំហុស​អ្នកនយោបាយ​នេះឯង។ នៅពេលដែល​ស្នាមរបួស​ផ្លូវចិត្ត​យ៉ាងជ្រៅ​របស់​ពលរដ្ឋ​ខ្មែរ​មិនទាន់​អាច​ព្យ​បាល​បាន​ផង ម្តងម្កាល ជម្លោះ​នយោបាយ​ស្ទើរតែ​ភ្លាត់​ដើរ​តាម​គន្លង​ចាស់​ថែមទៀត។

មរតក​នយោបាយ​ដែល​ច្រើនតែ​យក​ប្រទេសជាតិ​និង​ប្រជាជន​ជា​ចំណាប់ខ្មាំង​នៅតែ​បន្ត​មាន​អត្ថិភាព ពោលគឺ​នៅពេលដែល​អ្នកនយោបាយ​ធ្លាក់ទឹក ប្រទេស​ទាំងមូល​ក៏​ធ្លាក់ទឹក​ជាមួយ​ដែរ។ តើ​គេ​គួរ​បន្ត​លេងល្បែង​នយោបាយ​ដែលមាន​ហា​នី​ភ័យ​ខ្ពស់​ដល់​ប្រទេសជាតិ​បែបនេះ​ទៀត​ដែរឬទេ? នេះ​ជា​សំណួរ​ដែល​អ្នកនយោបាយ​ត្រូវ​ផ្តល់​ចម្លើយ។

ជាការ​ពិតណាស់ បើទោះបីជា​ខ្មែរ​មួយចំនួន​បាត់បង់​មោទនភាព​ជាតិ​បែបនេះ​ក៏ដោយ ក៏​នៅមាន​ពលរដ្ឋ​ខ្មែរ​ជាច្រើន​ទៀត​នៅតែ​ខិតខំ​រក្សា​មោទនភាព​ជាតិ​របស់ខ្លួន​ជានិច្ច។ មោទនភាព​ក្នុងនាម​ខ្មែរ​ពូជ​អ្នក​សាង​អង្គរ និង​ខ្មែរ​ជា​ជាតិ​សាសន៍​ដែលមាន​អារ្យធម៌​ដ៏​ខ្ពង់ខ្ពស់​មួយ​នៅ​អាស៊ី។ ដូច្នេះ ក្នុង​កាលៈទេសៈ​ដែល​ប្រទេសជាតិ​កំពុងមាន​សន្តិភាព និង​កំពុង​កសាង​ប្រជាធិបតេយ្យ វា​គួរតែ​ដល់ពេល​ហើយ​ដែល​ខ្មែរ​ត្រូវ​រក​ឲ្យ​ឃើញ​ឯកភាព​ជាតិ​ដែលជា​គ្រឹះ​កសាង​មោទនភាព​ជាតិ​របស់ខ្លួន។

បទពិសោធ​ជូ​ចត់​ពី​អតីត​កាលដែល​កម្ពុជា​បាន​ហែល​ឆ្លងកាត់​យ៉ាង​ឆ្អែតឆ្អន់​គឺជា​មេរៀន​ដ៏​ល្អ​សម្រាប់​កសាង​អនាគតកាល។ ក្នុងន័យនេះ អ្នកនយោបាយ​សម័យ​ទំនើប​គួរតែ​ផ្លាស់ប្តូរ​យុទ្ធសាស្ត្រ​ថ្មី​ពោលគឺ​ត្រូវធ្វើ​នយោបាយ​ដោយ​ផ្សារភ្ជាប់​មិនអាច​កាត់ផ្តាច់​បាន​ពី​ទស្សនៈ​មោទនភាព​ជាតិ។ មោទនភាព​ជាតិ​មានន័យថា បើទោះជា​ស្ថិតក្នុង​បក្ស​កាន់អំណាច​ឬ​បក្សប្រឆាំង​ក្តី អ្នកនយោបាយ​គួរតែ​នាំគ្នា​លើកស្ទួយ​កិត្យានុភាព​ជាតិ​ដោយ​សប្បាយ​នឹង​ឃើញ​ប្រទេស​និង​ប្រជាជន​របស់ខ្លួន​ស្គាល់​ការអភិវឌ្ឍ ហើយ​ចេះ​ឈឺចាប់​នៅពេលដែល​បរទេស​និយាយ​អាក្រក់​ពី​ប្រទេស​របស់ខ្លួន។

ការបណ្តុះ​មោទនភាព​ជាតិ​ត្រូវ​ផ្តើមឡើង​ជាបឋម​ក្នុងចំណោម​អ្នកនយោបាយ​ពីព្រោះ​នៅពេលដែល​អ្នកនយោបាយ​មាន​មោទនភាព​ជាតិ​រឹងមាំ​ហើយ​នោះ ពួកគេ​នឹង​ផ្តើម​យល់ថា ការលះបង់​ដើម្បី​ប្រយោជន៍​ជាតិ​និង​ការទទួលខុសត្រូវ​ចំពោះ​មុខ​ប្រជាជន គឺជា​បេសកកម្ម​សំខាន់​ជាងគេ​បង្អស់​របស់ខ្លួន។ នៅពេលដែល​អ្នកនយោបាយ​អាច​បណ្តុះ​ទស្សនៈ​មោទនភាព​ជាតិ​បាន​ហើយ ពួកគេ​នឹង​ចេះ​របៀប​ធ្វើ​នយោបាយ​ដែល​អាច​បញ្ចៀស​គ្រោះ​មហន្តរាយ​ដល់​ប្រជាពលរដ្ឋ។

ពេលនោះ ស្ថិរភាព​នយោបាយ និង​និរន្តរភាព​នៃ​ការអភិវឌ្ឍ​ប្រទេស​នឹងត្រូវ​បាន​ធានា​បើទោះ​ជា​អ្នកណា​ឡើង​ដឹកនាំ​ប្រទេស​ក៏ដោយ។ បរាជ័យ​នៃ​ការប្រកួតប្រជែង​នយោបាយ សូម​ចាត់​ទុក​វា​ត្រឹម​ជា​បរាជ័យ​របស់​គណបក្ស​នយោបាយ​បាន​ហើយ តែ​សូមកុំ​អូសទាញ​ប្រទេសជាតិ​និង​ប្រជាជន​ឲ្យ​បរាជ័យ​ជាមួយ។ ប្រសិនបើ​ធ្វើបែបនេះ​បាន ប្រជាពលរដ្ឋ​ខ្មែរ​នឹងមាន​ទំនុក​ចិត្ត​ឡើងវិញ​ទៅលើ​អ្នកនយោបាយ ហើយ​ពួកគេ​ក៏​ផ្តើមកសាង​ឡើងវិញ​បន្តិចម្តងៗនូវ​មោទនភាព​ជាតិ​ឲ្យ​ខ្លួនឯង​ដ៏​ដូចជា​ឲ្យ​ប្រទេសជាតិ​របស់ខ្លួន។ នោះ​ហើយ​ជា​ចំណុចខ្លាំង​របស់​ជាតិ​សាសន៍​ខ្មែរ​ដែល​ត្រូវ​រក​ឲ្យ​ឃើញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ